លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ថ្លែងទៅកាន់អ្នកគាំទ្រក្នុងពេលធ្វើ
មហាបាតុកម្មអហិង្សា នាទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៣
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃច័ន្ទ ទី៩ ខែកញ្ញា នៅតែរក្សាជំហរមិនចូលរួមកិច្ចប្រជុំរដ្ឋសភាលើកដំបូង ប្រសិនបើគ្មានការបង្កើតគណៈកម្មការឯករាជ្យមួយ ដើម្បីដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត។
គម្រោងធ្វើពហិការកិច្ចប្រជុំរដ្ឋសភានេះ ធ្វើឡើងក្រោយពេលព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី គ្រោងអញ្ជើញបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រនីតិកាលទី៥ ប្រជុំដំបូងនៅថ្ងៃទី២៣ ខែកញ្ញា ក្នុងវិមានរដ្ឋសភា។
ព្រះរាជសារព្រះមហាក្សត្រ គឺជាការឆ្លើយតបទៅនឹង លោក អ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានថ្វាយព្រះមហាក្សត្រនូវលទ្ធផលបោះឆ្នោតផ្លូវការ។
លោក សម រង្ស៊ី មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី ថា គណបក្សសង្គ្រោះជាតិ បានយាងព្រះមហាក្សត្រ ដើម្បីចូលរួមដោះស្រាយវិបត្តិនយោបាយ។ លោកបន្តថា ព្រះមហាក្សត្របានទទួលយកលិខិតគណបក្សសង្គ្រោះជាតិ ហើយ កាលពីថ្ងៃទី៨ ខែកញ្ញា ប៉ុន្តែមិនទាន់បានឆ្លើយតបវិញ។
លទ្ធផលបោះឆ្នោតផ្លូវការ ផ្សាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបាន ៦៨អាសនៈ ចំណែកគណបក្សសង្គ្រោះជាតិ ទទួលបាន ៥៥អាសនៈ។
គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃអាទិត្យ ទី៨ ខែកញ្ញា បដិសេធមិនទទួលយកលទ្ធផលបោះឆ្នោត ដោយសារភាពមិនប្រក្រតីជាច្រើននៅមិនទាន់បានដោះស្រាយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
គណបក្សនេះគ្រោងធ្វើមហាបាតុកម្មអហិង្សារយៈពេល ៣ថ្ងៃជាប់ៗគ្នា ចាប់ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ដើម្បីទាមទារឲ្យបង្កើតគណៈកម្មការឯករាជ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត៕
No comments:
Post a Comment
yes