ទាក់ទឹងនឹងបញ្ជីតំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា គេសង្កេតឃើញថា មានតំណាងរាស្ត្ររបស់គណបក្សនេះជាច្រើននាក់ បានលាលែងតំណែងទៅវិញ ដើម្បីអនុញ្ញាតអោយមានការដាក់បញ្ចូលបេក្ខជននៅលេខរៀងខាងក្រោម ក្នុងបញ្ជីបេក្ខជននោះ ចូលជាតំណាងរាស្ត្រជាប់ឆ្នោតវិញ។ តំណាងរាស្ត្រភាគច្រើនដែលបានលាងលែង សុទ្ធតែរដ្ឋមន្ត្រីបច្ចុប្បន្ន។
យោងតាមបញ្ជីឈ្មោះបេក្ខជនដែលជាប់ឆ្នោតជាតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា មានតំណាងរាស្ត្រជាច្រើនរូប ដែលកាន់តំណែងជារដ្ឋមន្ត្រីបច្ចុប្បន្ន បានលាលែងពីតួនាទីតំណាងរាស្ត្រ។
បេក្ខជនជាប់ឆ្នោតដែលបានលាលែងតំណែងវិញនោះរួមមាន លោក វង សូត លោក ខៀវ កាញារីទ្ធ លោកជា សុផារា លោក លឹម គានហោ លោក ម៉ម ប៊ុន និងលោក អ៊ិត សំហេងជាដើម។ លោកជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាក៏បានលាលែងដែរ។
តំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាដែលលាលែងសុទ្ធតែរដ្ឋមន្ត្រីមែន ប៉ុន្តែ គេក៏នៅមិនទាន់មានដំណឹងថា ពួកគេនឹងនៅកាន់តំណែងរដ្ឋមន្ត្រីបន្តទៀត ឬយ៉ាងណានោះដែរ។
មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា គឺលោក ឈាង វុន ដែលជាប់ជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង ដោយសារការលាលែងនៃបេក្ខជនផ្សេងនោះ បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាកំពុងធ្វើកំណែទម្រង់ស៊ីជម្រៅ ដើម្បីឆ្លើយតបទៅនឹងការចង់បានរបស់អ្នកបោះឆ្នោត។ ការចង់បានរបស់អ្នកបោះឆ្នោតដែលបានសំដែងចេញ តាមរយៈការបោះឆ្នោតថ្ងៃទី២៨ កក្កដាកន្លងទៅនេះ។ លោក ឈាង វុនក៏បានបញ្ជាក់ផងដែរអំពីការដាក់បញ្ចូលកំលាំងយុវជនទៅក្នុងម៉ាស៊ីនការងាររបស់គណបក្សនេះ។
តាមពិត ដោយសារការលាលែងរបស់តំណាងរាស្ត្រមួយចំនួននេះហើយ បានជាគេឃើញ បេក្ខភាពលោកហ៊ុន ម៉ានី និងលោកស សុខា ដែលមិនបានជាប់ឆ្នោតដោយផ្ទាល់ក្នុងបញ្ជីបេក្ខជនឈរឈ្មោះនោះ នៅពេលនេះបានជាប់ជាតំណាងរាស្ត្រ។ ទោះយ៉ាងណាក៏ដោយ គេមិនបានឃើញកូនរបស់ថ្នាក់ដឹកនាំផ្សេងទៀតដែលបានឈឈ្មោះជាបេក្ខជនតំណាងរាស្ត្រដែរ ដូចជា លោក សាយ សំអាល់ កូនប្រុសលោកសាយ ឈុំ លោកសុខ សូកាន កូនប្រុសលោក សុខ អាន ត្រូវបានដាក់បញ្ចូលជាបេក្ខជនជាប់ឆ្នោតនោះទេ។
លោកកែវ ផល្លា ប្រធាននាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្មនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអះអាងថា មានការលាលែងច្រើននៃបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាមែន។ លោកបន្តថា ការលាលែងនេះមិនមាននៅក្នុងគណបក្សសង្គ្រោះជាតិនោះទេ។ បើយោងតាមការបញ្ជាក់របស់មន្ត្រី ច្បាប់គ.ជ.ប ដដែល ការលាលែងនេះត្រូវបានអនុញ្ញាតដោយនីតិវិធី ដែលគេអាចធ្វើបាន នៅមុនការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត៕
No comments:
Post a Comment
yes