ពលរដ្ឋខ្មែរនិងក្រុមសិទ្ធិមនុស្សដង្ហែកម្រងផ្កាគោរពវិញ្ញាណក្ខន្ធ លោក ជា វិជ្ជា
អតីតប្រធានសហជីពសេរីកម្មករកម្ពុជា នៅក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃ២២ មករា ២០០៩
អស់រយៈពេលជិត ១០ឆ្នាំមកហើយ តុលាការមិនទាន់រកឃើញឃាតកពិតដែលបាញ់សម្លាប់លោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ឃើញនៅឡើយ។
ក៏ប៉ុន្តែលោក ប៊ន សំណាង និង សុខ សំអឿន ដែលក្រុមមន្ត្រីអង្គការសិទ្ធិមនុស្សអះអាងថា ជាឃាតកសិប្បនិម្មិតកំពុងតែនៅក្នុងមន្ទីរឃុំឃាំងជាលើកទីពីរនោះ ត្រូវតុលាការកំពូលនឹងបើកសវនាការជំនុំជម្រះនៅចុងខែកញ្ញា ខាងមុខនេះ។
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា និងជាប្អូនប្រុសបង្កើតរបស់លោក ជា វិជ្ជា បានឲ្យដឹងថា លោកនឹងដាក់ពាក្យប្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិលើករណីលោក ជា វិជ្ជា ពីព្រោះលោកគ្មានជំនឿលើតុលាការកម្ពុជា។
លោក ជា មុនី ជាប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោកមានប្រសាសន៍ថា លោកកំពុងតែពិភាក្សាជាមួយមេធាវីរបស់លោកក្នុងការដាក់ពាក្យបណ្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ដើម្បីឲ្យជួយរកយុត្តិធម៌ជូនលោក ជា វិជ្ជា និងករណីឃាតកម្មលើសមាជិកសហជីពរបស់លោក គឺលោក ហ៊ី វុទ្ធី ជាដើម។
លោក ជា មុនី អះអាងថា ប៊ន សំណាង និង សុខ សំអឿន អ្នកទាំងពីរមិនមែនជាឃាតកបាញ់សម្លាប់លោក ជា វិជ្ជា កាលពីឆ្នាំ២០០៤ នោះឡើយ។ លោកបញ្ជាក់ថា លោកក៏នឹងដកពាក្យបណ្ដឹងពីតុលាការកម្ពុជា ចំពោះករណីឲ្យជួយរកយុត្តិធម៌ជូនលោក ជា វិជ្ជា ពីព្រោះថា តុលាការគ្មានរកចាប់បានឃាតកពិតទៅតាមការចង្អុលបង្ហាញពីស្ត្រីលក់កាសែតនោះទេ។ ទីបំផុតសាលាឧទ្ធរណ៍មានតែចាប់ខ្លួន ប៊ន សំណាង និង សុខ សំអឿន ដើម្បីបិទបាំងឃាតកពិតដដែល។
តុលាការព្រហ្មទណ្ឌអន្តរជាតិជាស្ថាប័នអចិន្ត្រៃយ៍ ហើយត្រូវមានអំណាចអនុវត្តយុត្តាធិការរបស់ខ្លួនលើជនទាំងឡាយដែលបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរបំផុត ដែលជាការព្រួយបារម្ភរបស់អន្តរជាតិ។ មាត្រា ៨ នៃច្បាប់លក្ខន្តិកៈទីក្រុងរ៉ូម ស្ដីពីតុលាការព្រហ្មទណ្ឌអន្តរជាតិ ចែងថា ការប្រើប្រាស់អាវុធ កាំភ្លើងផ្លោង ព្រមទាំងឧបករណ៍ និងវិធីសាស្ត្រធ្វើសង្គ្រាមសឹក ដែលមានលក្ខណៈបណ្ដាលឲ្យរងគ្រោះដ៏លើសលប់ ឬគ្រោះថ្នាក់ដែលមិនចាំបាច់ ឬដែលមិនរើសមុខជាប់នៅក្នុងច្បាប់អន្តរជាតិស្ដីពីជម្លោះប្រដាប់អាវុធដោយលក្ខខណ្ឌថា អាវុធកាំភ្លើងផ្លោង ព្រមទាំងឧបករណ៍ និងវិធីសាស្ត្រធ្វើសង្គ្រាមសឹកនោះ គឺជាកម្មវត្ថុនៃការហាមឃាត់ដ៏ទូលំទូលាយដែលបានបញ្ចូលទៅក្នុងឧបសម្ពន្ធនៃច្បាប់លក្ខន្តិកៈទីក្រុងរ៉ូម។
ការគ្រោងដាក់ពាក្យបណ្ដឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិរបស់លោក ជា មុនី នេះ បន្ទាប់ពីតុលាការកំពូលបានចេញសេចក្ដីជូនដំណឹងដល់ក្រុមគ្រួសារ និងមេធាវីរបស់លោក ប៊ុន សំណាង និង សុខ សំអឿន ថាតុលាការកំពូលនឹងបើកសវនាការនៅថ្ងៃទី២៥ កញ្ញា ខាងមុខ។
កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ សាលាឧទ្ធរណ៍បានប្រកាសសាលដីកាផ្ដន្ទាទោសជាថ្មីឲ្យលោក សុខ សំអឿន និង លោក ប៊ន សំណាង ជាប់គុកម្នាក់ៗ ចំនួន ២០ឆ្នាំ ក្រោមបទចោទថា បានបាញ់សម្លាប់ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា លោក ជា វិជ្ជា។
មេធាវីលោក សុខ សំអឿន គឺ លោក ហុង គឹមសួន មានប្រសាសន៍ថា លោកសង្ឃឹមថា តុលាការកំពូលនឹងផ្ដល់យុត្តិធម៌ជូន ប៊ន សំណាង និង សុខ សំអឿន ជាថ្មីម្ដងទៀត ពីព្រោះថា ការសម្រេចរបស់សាលាឧទ្ធរណ៍កន្លងមកនេះ ហាក់មានរឿងអ្វីនៅពីក្រោយខ្នងរឿងនេះ។
លោកបញ្ជាក់ថា ការសម្រេចរបស់សាលាឧទ្ធរណ៍នោះ ធ្វើឡើងដោយខុសច្បាប់ ដោយសារថា ការសម្រេចផ្ដន្ទាទោសអ្នកទាំងពីរនេះគឺពុំធ្វើឡើងដោយព្រះរាជអាជ្ញាជាអ្នកចោទប្រកាន់ទេ។
ក្រោយពី សុខ សំអឿន និង ប៊ន សំណាង ជាប់ពន្ធនាគារលើកទីពីរ បានជិតមួយឆ្នាំមកហើយនេះ ក្រុមគ្រួសាររបស់ពួកគាត់កំពុងប្រឈមនឹងបញ្ហាលំបាកផ្នែកជីវភាព ដោយសារថាពួកគាត់បាត់បង់អ្នករកប្រភពចំណូលដ៏ធំមួយសម្រាប់ផ្គត់ផ្គង់គ្រួសារ។
ភរិយារបស់ សុខ សំអឿន អ្នកស្រី នាង ថេន បានរៀបរាប់ថា សព្វថ្ងៃនេះគាត់ទៅកាប់អុសលក់ដើម្បីយកលុយទិញអង្ករហូប ពីព្រោះថា គាត់មានកូននៅក្នុងបន្ទុក និងគ្មានដីធ្វើស្រែចម្ការទេ។ អ្នកស្រីបញ្ជាក់ថា នៅមុនពេលលោក សុខ សំអឿន ត្រូវបានគេចាប់ខ្លួននោះ ស្វាមីរបស់គាត់បានបង្រៀនភាសាអង់គ្លេស ដើម្បីរកលុយផ្គត់ផ្គង់គ្រួសារ។
លោក ជា មុនី ជាប្អូនប្រុសបង្កើតលោក ជា វិជ្ជា និងជាដើមបណ្ដឹងក្នុងករណីឃាតកម្មលើរូបលោក ជា វិជ្ជា នេះ លោកបានអំពាវនាវឲ្យតុលាការដោះលែងលោក ប៊ន សំណាង និង សុខ សំអឿន តាំងពីអាជ្ញាធរចាប់ខ្លួនអ្នកទាំងពីរលើកដំបូង បន្ទាប់ពីឃាតកបាញ់សម្លាប់លោក ជា វិជ្ជា កាលពីឆ្នាំ២០០៤ មកម្ល៉េះ ពីព្រោះលោកដឹងថា ការចាប់ខ្លួន ប៊ន សំណាង និង សុខ សំអឿន នេះ គ្រាន់តែជាល្បែងនយោបាយដើម្បីលាក់មុខឃាតកពិតតែប៉ុណ្ណោះ។
រីឯមន្រ្តីឃ្លាំមើលសិទ្ធិមនុស្សជាតិនិងអន្តរជាតិ កន្លងមកបានលើកឡើងប្រហាក់ប្រហែលលោក ជា មុនី ដែរថា ប៊ន សំណាង និង សុខ សំអឿន គឺជាឃាតកសិប្បនិម្មិតដែលពួកគាត់ទាមទារឲ្យតុលាការនិងរដ្ឋាភិបាលដោះលែងអ្នកទាំងពីរ និងស្វែងចាប់ខ្លួនឃាតកពិតយកមកផ្ដន្ទាទោសតាមច្បាប់។
លោក ជា វិជ្ជា ត្រូវបានឃាតកបាញ់សម្លាប់នៅក្នុងខែមករា ឆ្នាំ២០០៤។ គិតមកទល់ពេលនេះអស់រយៈពេលជិត ១០ឆ្នាំមកហើយ ដែលតុលាការមិនទាន់ស្វែងរកចាប់ខ្លួនឃាតកពិតឃើញនៅឡើយ។
មន្រ្តីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការចាប់ឃាតកពិតមិនបាននេះ មិនមែនមានន័យថា មន្ត្រីនគរបាលគ្មានសមត្ថភាពនោះឡើយ ប៉ុន្តែករណីនេះជាប់ពាក់ព័ន្ធនឹងរឿងអាថ៌កំបាំងនយោបាយដ៏ធំមួយនៅពីក្រោយខ្នងករណីនេះ។ លោកបញ្ជាក់ថា មន្ត្រីនគរបាលមួយចំនួននៅសម័យនោះ ទីបំផុតក៏ត្រូវជាប់គុកដោយខ្លួនឯងមកដល់បច្ចុប្បន្ននេះដែរ។
លោក ប៊ន សំណាង មកទល់ពេលនេះមានអាយុ ៣២ឆ្នាំ និង សុខ សំអឿន មានអាយុ ៤៤ឆ្នាំ។ អ្នកទាំងពីរត្រូវតុលាការកំពូលនឹងបើកសវនាការនៅថ្ងៃទី២៥ កញ្ញា ខាងមុខទៅតាមបណ្ដឹងសាទុក្ខរបស់អ្នកទាំងពីរ។ នេះជាលើកទីពីរហើយដែលសំណុំរឿងដ៏ចម្រូងចម្រាសមួយនេះត្រូវបានតុលាការកំពូលយកមកជំនុំជម្រះ។
តុលាការកំពូលធ្លាប់បានសម្រេចដោះលែងលោក សុខ សំអឿន និង ប៊ន សំណាង នៅក្រៅឃុំបណ្ដោះអាសន្នរួចហើយ កាលពីចុងឆ្នាំ២០០៨ បន្ទាប់ពីអ្នកទាំងពីរជាប់គុកចំនួន ៥ឆ្នាំ។ ក៏ប៉ុន្តែវាសនារបស់អ្នកទាំងពីរនឹងបន្តរស់នៅក្នុងពន្ធនាគារទៅតាមការសម្រេចរបស់សាលាឧទ្ធរណ៍ ឬតុលាការកំពូលត្រូវដោះលែងវិញ ឬយ៉ាងណានោះ អាស្រ័យលើការជំនុំជម្រះនិងការសម្រេចចុងក្រោយរបស់តុលាការកំពូលនៅចុងខែកញ្ញានេះ៕
No comments:
Post a Comment
yes