អាជីវករផ្សារអូរឫស្សី រាជធានីភ្នំពេញ ដែលគាំទ្រគណបក្សសង្គ្រោះជាតិ
កាន់ផ្កាដើម្បីជូនលោក សម រង្ស៊ី នៅពេលដែលលោកចុះសួរសុខទុក្ខពលរដ្ឋ
កាលពីព្រឹកថ្ងៃ១០ កញ្ញា ឆ្នាំ២០១៣
គណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ជំហរថា នឹងមិនចូលរួមបង្កើតរដ្ឋាភិបាលជាមួយគណបក្សប្រជាជនកម្ពុជាឡើយ។
ថ្លែងទៅកាន់អ្នកគាំទ្ររាប់ពាន់នាក់នៅផ្សារអូរឫស្ស៊ី រាជធានីភ្នំពេញ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ អះអាងថា ប្រសិនបើគណបក្សកាន់អំណាចនៅតែមិនព្រមបង្កើតគណៈកម្មការចម្រុះដើម្បីស៊ើបអង្កេតលើភាពមិនប្រក្រតីនៃការបោះឆ្នោតទេនោះ ការទាល់ច្រកនយោបាយមិនអាចដោះស្រាយបានឡើយ។
ជាថ្មីម្ដងទៀត មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ឲ្យដឹងថា គណបក្សជំទាស់មួយនេះនឹងមិនព្រមចូលរួមបង្កើតរដ្ឋាភិបាលក្នុងអាណត្តិទីប្រាំ ជាមួយគណបក្សគ្រប់គ្រងអំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើយ ដរាបណាគណៈកម្មការចម្រុះឯករាជ្យមួយដើម្បីស៊ើបអង្កេតលើលទ្ធផលឆ្នោតនៅតែមិនអាចកើតឡើងបាននោះទេ។
ការថ្លែងដូចនេះ របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ កញ្ញា នៅក្នុងពិធីជួបជុំជាមួយអ្នកគាំទ្ររាប់ពាន់នាក់នៅផ្សារអូរឫស្ស៊ី រាជធានីភ្នំពេញ។
លោក សម រង្ស៊ី អំពាវនាវដល់អ្នកគាំទ្ររបស់លោកឲ្យចូលរួមមហាបាតុកម្មនៅថ្ងៃទី១៥ កញ្ញា ខាងមុខនេះ។ ការធ្វើបាតុកម្មអហិង្សាជាប់ៗគ្នារយៈពេល ៣ថ្ងៃជាលើកទីពីរទៀតនេះ គឺជាអ្វីដែលលោក សម រង្ស៊ី ហៅថា ការឈ្នះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា គឺដោយសារមាន គ.ជ.ប ជាអ្នកជួយទំនុកបម្រុងនិងលួចបន្លំ៖ «សន្លឹកឆ្នោតគេម្ខាងទៀត គឺបានមកពីការលួច បានមកពីការសម្លុត បានមកពីកាទិញ»។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បដិសេធក្នុងការអត្ថាធិប្បាយដោយលោកគិតថា កិច្ចការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានបិទបញ្ចប់រួចរាល់ហើយ៖ «ដូចខ្ញុំជម្រាបលើកមុនអ៊ីចឹងថា គ.ជ.ប បានបញ្ចប់ការងាររបស់ខ្លួនហើយ ហើយក្រុមប្រឹក្សាធម្មនុញ្ញក៏បានសម្រេចក្តីអស់ហើយ។ គ.ជ.ប បានប្រកាសជាផ្លូវការលទ្ធផលផ្លូវការនេះហើយ អ្វីៗតាមរដ្ឋធម្មនុញ្ញ គឺព្រះករុណានឹងកោះប្រជុំសភាដំបូង»។
ចំណែកប្រជាពលរដ្ឋដែលបានចូលរួមកាលពីព្រឹកថ្ងៃទី១០ កញ្ញា នៅផ្សារអូរឫស្ស៊ី បញ្ជាក់ជំហរដូចៗគ្នាថា ពួកគេនឹងបោះបង់ការគាំទ្រមកលើគណបក្សសង្គ្រោះជាតិ ប្រសិនបើគណបក្សមួយនេះបន្តគោលនយោបាយរួមគ្នាជាមួយគណបក្សប្រជាជនកម្ពុជា មែននោះ៖ «ចូលគ្នាជារដ្ឋាភិបាលពីរ ខ្ញុំឥតពេញចិត្ត។ ខ្ញុំខ្លាចអាណត្តិដូចកាល ៩៣ ដូចមុន ដូចគណបក្សហ៊្វុនស៊ិនប៉ិច អ៊ីចឹង។ បើសិនក្នុងលក្ខខណ្ឌដែលគាត់ចូលរួមក្នុងគណបក្ស បង្កើតរដ្ឋាភិបាលជាមួយគណបក្សប្រជាជន បើសិនជាចូលទៅធ្វើឲ្យប្រជាជនមានភាពរីកចំរើនគាត់នឹងអាចកើនឡើងសំឡេងឆ្នោតថែមទៀត។ ប៉ុន្តែបើសិនធ្វើឲ្យប្រជាជននៅដដែល ប្រហែលជាអាចបាត់ហើយ»។
ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គគ្រោងនឹងកោះអញ្ជើញតំណាងរាស្ត្រចំនួន ១២៣រូបនៅក្នុងអាណត្តិទីប្រាំនេះ ចូលរួមប្រជុំសភាជាលើកដំបូងរបស់ខ្លួននៅថ្ងៃទី២៣ កញ្ញា ខាងមុខនេះ។ ព្រះរាជសាររបស់ព្រះអង្គអំពីការប្រជុំនេះ គឺជាការឆ្លើយតបទៅ គ.ជ.ប ជាលើកដំបូង ក្រោយពីចេញលទ្ធផលឆ្នោតរួចកាលពីថ្ងៃទី៨ កញ្ញា។
យ៉ាងណាក៏ដោយប្រធានគណបក្សសង្គ្រោះជាតិ និយាយថា គណបក្សជំទាស់មួយនេះនឹងមិនចូលរួមប្រជុំសភាជាលើកដំបូងឡើយ ប្រសិនបើដំណោះស្រាយនេះមិនបានឆ្លើយតបទៅនឹងឆន្ទៈរបស់ម្ចាស់ឆ្នោតទេ៖ «ព្រះមហាក្សត្រឥតទាន់កោះហៅទេ បើលោកកោះហៅ គឺលោកនឹងសរសេរព្រះរាជសារប្រទានដល់អ្នកតំណាងរាស្ត្រ មិនមែនសរសេរតាមរយៈចោរ អ៊ឹម សួស្តី នោះទេ។ ទាល់តែមានការផ្ដល់យុត្តិធម៌ជូនប្រជារាស្ត្រ រកដំណោះស្រាយសមស្របបានយើងចូលរួមប្រជុំ»។
វត្តមានលោក សម រង្ស៊ី លើកទីមួយក្នុងបំណងថ្លែងអំណរគុណដល់អ្នកគាំទ្រនៅផ្សារអូរឫស្ស៊ី ក្រោយពីការបោះឆ្នោត គឺមិនត្រូវបានសន្តិសុខផ្សារអនុញ្ញាតឲ្យលោកចូលទៅក្នុងផ្សារឡើយ។ ពោលគឺលោក សម រង្ស៊ី បានត្រឹមហែជុំវិញផ្សារប៉ុណ្ណោះ ដែលអមដោយអ្នកគាំទ្ររាប់ពាន់នាក់។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក ប៊ូ ពៅ ដែលបានចុះអង្កេតការជួបជុំនេះគិតថា ប្រទេសកម្ពុជានៅតែពុំមានធានាពីសិទ្ធិបញ្ចេញមតិឲ្យបានទូលំទូលាយនៅឡើយទេ។
លោកបញ្ជាក់ថា មន្ត្រីសន្តិសុខផ្សារហាមឃាត់លោក សម រង្ស៊ី មិនឲ្យចូលផ្សារនេះមិនត្រឹមត្រូវឡើយ៖ «ព្រោះថាថ្ងៃក្រោយទៅប្រសិនបើជាលោកប្រធាន សម រង្ស៊ី គាត់ឡើងកាន់តំណែង គាត់ក៏ជាមនុស្សមួយដែលធ្វើការបម្រើរាស្ត្រ ហើយគាត់រស់ក្រោមការគ្រប់គ្រងរបស់លោកប្រធាន សម រង្ស៊ី។ ហេតុអីបានជាគាត់មានការត្បិតត្បៀតសិទ្ធិសេរីភាព វាហាក់បីដូចជាកំពុងតែដុតឆ្នាំងបាយខ្លួនឯង បំផ្លាញចោលបាទ!»។
គណបក្សសង្គ្រោះជាតិ ប្រកាសជំហរថា ការជាប់គាំងផ្នែកនយោបាយលើកនេះ បើបក្សកាន់អំណាចនៅតែពុំមានឆន្ទៈដោះស្រាយដោយសន្តិវិធីទេ នោះមហាបាតុកម្មប្រឆាំងលទ្ធផលឆ្នោតនឹងបន្តកើតឡើងក្នុងទ្រង់ទ្រាយធំ និងរយៈពេលយូរថ្ងៃបន្តទៀត៕
No comments:
Post a Comment
yes