សមាជិក និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ជាច្រើននាក់នៅខេត្តប៉ែកនិរតី បានសម្រេចចិត្តថានឹងចូលរួមក្នុងមហាបាតុកម្មអហិង្សានៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៧ ខែកញ្ញា។ ប៉ុន្តែ អ្នកដែលរស់នៅតាមស្រុកឆ្ងាយៗក្នុងខេត្តតាកែវ គឺពុំមានលទ្ធភាពនឹងចូលរួមមហាបាតុកម្មអហិង្សានៅរាជធានីភ្នំពេញទេ។
អ្នកដែលមិនបានចូលរួមបាតុកម្មអហិង្សាទាំងនោះ បានជ្រើសរើសយកការជួបប្រជុំគ្នារៀបចំចង្ហាន់ប្រគេនព្រះសង្ឃ ហើយបួងសួងនៅតាមវត្តអារាម ក្នុងគោលបំណងរួមទាមទារបង្កើតគណៈកម្មការចម្រុះស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត។
ក្រុមប្រឹក្សាស្រុក និងឃុំមួយចំនួនក្នុងខេត្តតាកែវ អះអាងថា ពួកគេមិនបានទៅចូលរួមក្នុងមហាបាតុកម្មអហិង្សានៅថ្ងៃទី៧ កញ្ញា ទេ ព្រោះចំរដូវធ្វើស្រែ។ ទន្ទឹមនោះ ពួកគេបានទទួលព័ត៌មានថា មានសមត្ថកិច្ចរាយបណ្ដាក់គ្នាច្រើនកន្លែងនៅតាមផ្លូវស្ទើរគ្រប់ស្រុក ឃាត់អ្នកដំណើរដែលមានបំណងចូលទៅភ្នំពេញ។ ប៉ុន្តែ ពួកគេនឹងចូលរួមទាមទារយុត្តិធម៌ក្នុងការបោះឆ្នោត តាមការធ្វើពិធីតាមបែបសាសនាពីមូលដ្ឋានដែលពួកគេរស់នៅ។
ក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិ ស្រុកអង្គរបុរី លោក អ៊ុំ គាវ ថ្លែងថា មនុស្សប្រមាណ ២០០ ទៅ ៣០០នាក់ នឹងចូលរួមបួងសួងនៅវត្តភ្នំដា សុំសន្តិភាពផង សុំឲ្យសន្លឹកឆ្នោតគណបក្សសង្គ្រោះជាតិ មិនអាចគេបំបាត់បាន៖ «យើងចង់បួងសួងឲ្យបារមីអតីតព្រះមហាក្សត្រ ដែលកកើតទឹកដីនគរកម្ពុជា យើងនៅកន្លែងខ្ញុំហ្នឹង ដើម្បីសុំឲ្យមានសន្តិភាព ហើយសុំឲ្យមានភាពយុត្តិធម៌ចំពោះប្រជាពលរដ្ឋ យើងដែលបានបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ នេះទទួលបានជោគជ័យហ្នឹង ឲ្យវាពិតជាបានជោគជ័យ ព្រោះថា ប្រជាជនបានបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ បានឈ្នះ គ្រប់ទីកន្លែងទាំងអស់ ហើយបែរជា គ.ជ.ប នឹងប្រកាសលទ្ធផលមិនត្រឹមត្រូវ»។
ជំទប់ទី២ ឃុំគោកធ្លក ស្រុកអង្គរបុរី លោក ផែង សំអាត ថ្លែងបន្តថា ដើម្បីរួមចំណែកក្នុងការចូលរួមមហាបាតុកម្មដោយប្រយោលពីស្រុកអង្គរបុរី ក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ធ្វើចង្ហាន់ប្រគេនព្រះសង្ឃវត្តភ្នំដា ព្រោះគាត់ជឿថា គណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោតទូទាំងប្រទេស៖ «ក្រោយពីប្រគេនចង្ហាន់ព្រះសង្ឃហើយ ក៏ឡើងទៅលើប្រាសាទភ្នំដា ដើម្បីធ្វើពិធីបន់ស្រន់រកសន្តិភាព កុំឲ្យមានអំពើហិង្សាកើតឡើងចំពោះបញ្ហាខ្មែរ និងខ្មែរទៀត ហើយឲ្យមានដំណោះស្រាយសន្លឹកឆ្នោតហ្នឹង ឲ្យមានគណៈកម្មការឯករាជ្យមួយ»។
ក្រុមប្រឹក្សាស្រុកគិរីវង់ លោក ចក់ ហុន និងលោក គន់ សេង ក្រុមប្រឹក្សាស្រុកបូរីជលសារ ថ្លែងដូចគ្នាថា មិននាំគ្នាចូលរួមមហាបាតុកម្មនៅភ្នំពេញទេ តែនាំគ្នាធ្វើចង្ហាន់ប្រគេនព្រះសង្ឃ និងសមាធិសុំសន្តិភាពឲ្យគ្រប់គណបក្សនយោបាយរួបរួមគ្នា ដើម្បីប្រទេសកម្ពុជា គ្មានសង្គ្រាម។
ព្រះចៅអធិការវត្តភ្នំដា ព្រះនាម វ៉ែន រុន មានថេរដីកាថា ការយកចង្ហាន់មកប្រគេនព្រះសង្ឃ គឺជាសកម្មភាពល្អ ដើម្បីជម្រះចិត្តរើសអើងគ្នារវាងអ្នកកាន់គណបក្សនយោបាយខុសគ្នា ហើយក៏ដើម្បីសន្តិភាពសម្រាប់ប្រជាពលរដ្ឋទូទៅដែលមិនត្រូវការសង្គ្រាម ឬការគុំកួនឈ្នានីសកាប់សម្លាប់គ្នា៖ «ឲ្យតែមានសភាពមួយដែលធ្វើដោយសច្ចវាចា ហើយធ្វើដោយសេចក្តីគោរព នឹករលឹកដល់ពពួកទេវតា ដែលជាអ្នករក្សាស្រុកទេស និងបុព្វបុរសខ្មែរជំនាន់ដើម ដែលជាអ្នកថែរក្សាប្រទេសជាតិ ជាអ្នកស្មោះត្រង់ស្រឡាញ់ជាតិនោះ ទេវតាទាំងអស់នឹងជួយថែរក្សានូវប្រជាពលរដ្ឋណាដែលមានចិត្តស្មោះនឹងប្រទេសជាតិ។ ធ្វើអីចឹងជាការល្អមួយដែរ»។
គណបក្សសង្គ្រោះជាតិ បានត្រៀមធ្វើមហាបាតុកម្មអហិង្សាមួយព្រឹក នៅថ្ងៃទី៧ ខែកញ្ញា ចាប់ពីម៉ោង ៧ ដល់ម៉ោង ១២ថ្ងៃត្រង់ ដើម្បីទាមទារឲ្យ គ.ជ.ប ផ្តល់យុត្តិធម៌ដល់ម្ចាស់ឆ្នោត។ ចំណែកពលរដ្ឋនៅភាគនិរតីជាច្រើន ដែលមានលទ្ធភាពចូលរួមមហាបាតុកម្ម កំពុងធ្វើដំណើរ ខ្លះជាក្រុម ខ្លះជាឯកជន ចូលទៅកាន់រាជធានីភ្នំពេញ៕
No comments:
Post a Comment
yes