សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 28, 2013

បក្ស​សង្គ្រោះ​ជាតិ​គ្រោង​ធ្វើ​មហា​បាតុកម្ម​បន្ទាប់​ពី​ភ្ជុំបិណ្ឌ

បាតុករ សង្គ្រោះ​ជាតិ ៦១០
ក្រុម​បាតុករ​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ប្រជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ
 រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា ឆ្នាំ​២០១៣

បន្ទាប់​ពី​បាន​ផ្អាក​ធ្វើ​មហា​បាតុកម្ម​មួយ​រយៈ​មក គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ធ្វើ​មហា​បាតុកម្ម​ដ៏​ធំ​មួយ​ទៀត បន្ទាប់​ពី​បុណ្យ​ភ្ជុំបិណ្ឌ​ចប់ ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ពិនិត្យ​មើល​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត​ឡើង​វិញ។ បក្ស​សង្គ្រោះ​ជាតិ មាន​ផែន​ការ​យុទ្ធសាស្ត្រ​បី​ចំណុច​សំខាន់ គឺ​គ្រោង​ធ្វើ​មហា​បាតុកម្ម​ផង ប្ដឹង​ទៅ​អង្គការ​សហប្រជាជាតិ ឲ្យ​ជួយ​អន្តរាគមន៍​ផង និង​ធ្វើ​សមាជ​មហាជន​ផង។
សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៧ កញ្ញា បាន​បង្ហាញ​ផែន​ការ​បី​ចំណុច ដើម្បី​ទាមទារ​ឲ្យ​ពិនិត្យ​សើរើ​ភាព​មិន​ប្រក្រតី​នៃ​លទ្ធផល​បោះ​ឆ្នោត​ឡើង​វិញ។
លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​បន្ថែម​នៅ​ថ្ងៃ​ទី​២៨ កញ្ញា ថា ផែន​ការ​សកម្មភាព​ទាមទារ​នេះ នឹង​ចាប់​ផ្ដើម​ធ្វើ​ឡើង​ជា​បន្តបន្ទាប់ នៅ​ខែ​តុលា ខាង​មុខ​នេះ៖ «ខ្ញុំ​សុំ​បញ្ជាក់​ជូន​ថា គណបក្ស​សង្គ្រោះ​ជាតិ យើង​មិន​ចង់​ធ្វើ​ពេល​នេះ ដោយសារ​បុណ្យ​ប្រពៃណី​ជាតិ​បុណ្យ​ភ្ជុំបិណ្ឌ។ យើង​អត់​ចង់​រំខាន​ប្រជាពលរដ្ឋ។ សកម្មភាព​យើង​ចង់​ធ្វើ​ក្រោយ​ភ្ជុំបិណ្ឌ ភ្ជុំបិណ្ឌ​ចប់​ថ្ងៃ​៤ (ខែ​តុលា) អីចឹង​បាន​ជា​យើង​ធ្វើ​ថ្ងៃ​៦ (ខែ​តុលា)»។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​កំណត់​ពេល​ធ្វើ​សកម្មភាព​ទាមទារ​នេះ គឺ​ទី​១ នៅ​ថ្ងៃ​ទី​៦ ខែ​តុលា ឆ្នាំ​២០១៣ វេលា​ម៉ោង ៣ ដល់ ៦​ល្ងាច ធ្វើ​សមាជ​មហាជន​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​សម្រេច​លើ​គោល​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។ ទី២ ធ្វើ​ញត្តិ​ជូន​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ និង​ចំណុច​ចុង​ក្រោយ គឺ​ធ្វើ​មហា​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​២៣ តុលា ដើម្បី​យក​ញត្តិ​ជូន​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ តាម​រយៈ​តំណាង​ឧត្តម​ស្នងការ​សហប្រជាជាតិ ប្រចាំ​កម្ពុជា។
លោក កឹម សុខា បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​ប្រកាន់​ជំហរ​យ៉ាង​ដាច់​ខាត ទាមទារ​ឲ្យ​មាន​ការ​ពិនិត្យ​ឡើង​វិញ​អំពី​លទ្ធផល​បោះ​ឆ្នោត​មិន​ប្រក្រតី លុះត្រា​តែ​ការ​ទាមទារ​នេះ​បាន​សម្រេច ទោះ​បី​នៅ​ពេល​នេះ​បក្ស​ប្រជាជន បាន​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​រួច​ហើយ​ក៏ដោយ ក៏​មិន​ទាន់​ហួស​ពេល​ទាមទារ​ដែរ៖ «វា​អត់​ហួស​ពេល​ទេ។ រដ្ឋាភិបាល​សព្វថ្ងៃ​នេះ​ដើរ​អត់​រួច​ទេ ពីព្រោះ​គ្មាន​អ្នក​ណា​ទទួល​ស្គាល់ មក​រក​ស៊ី​ជាមួយ​ទេ បើ​រដ្ឋាភិបាល​របស់​មួយ​ចំហៀង​សភា កន្លះ​អីចឹង មិន​ដូច​អាណត្តិ​មុនៗ​ណា។ មិន​ដូច​អាណត្តិ​មុនៗ​ទេ កុំ​យក​ទៅ​ប្រៀបធៀប​អាណត្តិ​មុនៗ ខុស។ អាណត្តិ​នេះ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន​សំឡេង​ប្រជាពលរដ្ឋ​មួយ​ចំហៀង​ប្រទេស»។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​គណបក្ស​ប្រជាជន បាន​ទេ នៅ​ថ្ងៃ​ទី២៨ កញ្ញា ដើម្បី​សុំ​ការ​អធិប្បាយ​តប​ទៅ​នឹង​គម្រោង​ធ្វើ​មហា​បាតុកម្ម​របស់​បក្ស​សង្គ្រោះ​ជាតិ នៅ​ខែ​ក្រោយ​នេះ។
ប៉ុន្តែ លោក ជាម យៀប មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រជាជន កាល​ពី​ថ្ងៃ​ទី​២៧ កញ្ញា បញ្ជាក់​ថា ការ​តវ៉ា​មិន​ទទួល​ស្គាល់​លទ្ធផល​បោះ​ឆ្នោត​របស់​បក្ស​សង្គ្រោះ​ជាតិ ប្រៀប​បាន​មិន​ទទួល​ស្គាល់​ព្រះមហាក្សត្រ។
គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត បាន​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​អាណត្តិ​ទី៥ នេះ​ថា បក្ស​ប្រជាជន ឈ្នះ ៦៨​កៅអី ចំណែក​បក្ស​សង្គ្រោះ​ជាតិ បាន ៥៥​កៅអី។ តែ​បក្ស​សង្គ្រោះ​ជាតិ តវ៉ា​ថា លទ្ធផល​នេះ​មិន​ត្រឹមត្រូវ ព្រោះ​មាន​ការ​បន្លំ​សន្លឹក​ឆ្នោត ហើយ​បាន​ទាមទារ​ឲ្យ​មាន​ការ​សើរើ​ពិនិត្យ​មើល​លទ្ធផល​បោះ​ឆ្នោត​ឡើង​វិញ ដោយ​សុំ​ឲ្យ​បង្កើត​គណៈកម្មការ​ឯករាជ្យ​មួយ និង​អំពាវ​ឲ្យ​អង្គការ​អន្តរជាតិ និង​អង្គការ​សហប្រជាជាតិ ចូល​រួម​ដោះស្រាយ តែ​បក្ស​ប្រជាជន មិន​ព្រម។
មក​ដល់​ពេល​នេះ បក្ស​ប្រជាជន​កម្ពុជា បាន​បង្កើត​រដ្ឋសភា និង​រដ្ឋាភិបាល​តែ​ឯកឯង​រួច​ហើយ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ រដ្ឋាភិបាល​ដែល​មាន​តែ​មន្ត្រី​ខាង​បក្ស​ប្រជាជន នោះ ថែម​ទាំង​គំរាម​បង្ក្រាប​មហា​បាតុកម្ម​ដែល​បក្ស​សង្គ្រោះ​ជាតិ គ្រោង​ធ្វើ​នៅ​ពេល​ខាង​មុខ​នេះ​ទៀត​ផង៕

No comments:

Post a Comment

yes