សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, September 8, 2013

គ្រូសូត្រ​ស្ដាំ​វត្ត​សន្សំ​កុសល​វាយ​សាមណេរ​៣​អង្គ​ទាក់ទង​នឹង​រឿង​បាតុកម្ម

ព្រះសង្ឃ សន្សំ​កុសល ៦១០
ព្រះសង្ឃ ៣​អង្គ ដែល​ត្រូវ​គ្រូ​សូត្រ​ស្កាំ​វត្ត​សន្សំ​កុសល ​ប្រើ​អំពើ​ហិង្សា​លើ​ ទាក់ទិន​នឹង​
ការ​ចូល​រួម​របស់​ព្រះសង្ឃ​ទាំង​នោះ​ក្នុង​មហា​បាតុកម្ម​រៀបចំ​ដោយ​គណបក្ស​
សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៣

គ្រូ​សូត្រ​ស្ដាំ​ព្រះនាម យឹម ចំរើន គង់​នៅ​កុដិ​លេខ​៩ វត្ត​សន្សំកុសល រាជធានី​ភ្នំពេញ បាន​ប្រើ​អំពើ​ហិង្សា​លើ​ព្រះសង្ឃ​បី​អង្គ ដែល​ចូល​រួម​ក្នុង​មហា​បាតុកម្ម​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ។ ព្រះសង្ឃ​ទាំង​បី​អង្គ​ដែល​ត្រូវ​បាន​គ្រូ​សូត្រ​ស្តាំ​តាម​វាយ​នោះ រួម​មាន ព្រះតេជព្រះគុណ ហាយ ភក្ត្រា ព្រះតេជព្រះគុណ សម ចន និង​ព្រះតេជព្រះគុណ ង៉ែត វីសា។ ព្រះតេជព្រះគុណ​ទាំង​បី​អង្គ​សុទ្ធសឹងតែ​ជា​សាមណេរ។
ហេតុការណ៍​ហិង្សា​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ប្រមាណ​ជា ៧​ព្រឹក នៅ​ពេល​ដែល​ព្រះសង្ឃ​ទាំង​បី​អង្គ​កំពុង​រៀបចំ​ដើម្បី​ទៅ​ចូល​រួម​បាតុកម្ម។ ព្រះសង្ឃ​រង​គ្រោះ​បាន​អោយ​ដឹង​ថា នៅ​ពេល​ដែល​ព្រះអង្គ​ឡើង​ឡាន​រៀបចំ​ចេញ​ដំណើរ គ្រូ​សូត្រ​ស្ដាំ​បាន​ហៅ​ព្រះសង្ឃ​អោយ​ចុះ​ពី​លើ​ឡាន ហើយ​គំរាម​ថា បើ​ចង់​ទៅ​ធ្វើ​បាតុកម្ម​ត្រូវ​តែ​ចេញ​ពី​វត្ត ហើយ​ចាប់​ផ្ដើម​វាយ​តែម្ដង តែ​ព្រះសង្ឃ​រងគ្រោះ​មិន​បាន​តប​ត​ដៃ​នឹង​គ្រូ​សូត្រ​ស្តាំ​នោះ​ឡើយ។

ព្រះតេជព្រះគុណ ហាយ ភក្ត្រា ដែល​ត្រូវ​គ្រូ​សូត្រ​ស្តាំ​វាយ​អោយ​របួស​ធ្ងន់​ជាង​គេ (ហើម​មាត់) បាន​មាន​ថេរដីកា​ថា បើ​ទោះ​បី​ព្រះអង្គ​ត្រូវ​បាន​គ្រូ​សូត្រ​ស្តាំ យឹម ចំរើន វាយ​អោយ​របួស​ក៏ដោយ ក៏​ព្រះអង្គ​នៅ​តែ​ជម្នះ​ទៅ​ចូល​រួម​មហា​បាតុកម្ម​រហូត​ដល់​ចប់​សព្វគ្រប់​ទើប​ត្រឡប់​មក​វត្ត​វិញ។ ចំណែក​ព្រះសង្ឃ​ពីរ​អង្គ​ផ្សេង​ទៀត ក៏​បាន​ចូល​រួម​បាតុកម្ម​រហូត​ដល់​ចប់​ដូច​គ្នា។
ទោះ​បី​យ៉ាង​ណា​ក៏ដោយ ព្រះតេជព្រះគុណ ហាយ ភក្រ្តា ដែល​មើល​ទៅ​ហាក់​ពុំ​សូវ​ហ៊ាន​មាន​ថេរដីកា​ផង​ដែរ​នោះ ក៏​បាន​ព្រួយ​បារម្ភ​ខ្លាច​ព្រះ​គ្រូ​សូត្រ​ស្តាំ​បណ្ដេញ​ព្រះអង្គ​ចេញ​ពី​វត្ត នៅ​ពេល​ត្រឡប់​មក​ពី​ធ្វើ​បាតុកម្ម​វិញ។ តែ​ព្រះអង្គ​ថា ដោយសារ​តែ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ព្រះសង្ឃ​ដទៃ​ទៀត ព្រះអង្គ​ពុំ​សូវ​ខ្លាច​ទេ​នៅ​ពេល​នេះ។
ទោះ​យ៉ាង​ណា ព្រះអង្គ​ហាក់​នៅ​មាន​ព្រះទ័យ​រារែក​ថា តើ​ព្រះអង្គ​នឹង​ហ៊ាន​ចូល​រួម​បាតុកម្ម​នៅ​លើក​ក្រោយៗ​ទៀត ឬ​ក៏​យ៉ាង​ណា​នោះ​ទេ៖ «អាត្មា​ក៏​គិត​មួយ​ចំនួន​ដែរ​ថា ណា​មួយ​ខ្លាច​គេ​បណ្ដេញ​ចេញ​ពី​វត្ត​ផង ពីព្រោះ​រាល់​ថ្ងៃ​កំពុង​សិក្សា​រៀន​សូត្រ ហើយ​អារម្មណ៍​មួយ​ទៀត អារម្មណ៍​ពុះ​កញ្ជ្រោល... ដែល​ចង់​ទាមទារ​រក​យុត្តិធម៌​ដល់​ប្រជាជន​ផង។ មិន​ចង់​អោយ​លោក​មក​សុំ​ទោស​អ៊ី​ទេ ប៉ុន្តែ​កុំ​អោយ​លោក​មាន​ភាព​គាប​សង្កត់​ទៅ​លើ​អ្នក​ដែល​មាន​ឋានៈ​តូច​ជាង»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​គ្រូ​សូត្រ​ស្តាំ​វត្ត​សន្សំ​កុសល យឹម ចំរើន ដើម្បី​សុំ​ការ​បំភ្លឺ​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ ដោយ​អ្នក​ខ្លះ​និយាយ​ថា ព្រះអង្គ​បាន​និមន្ត​ទៅ​ស្រុក​កំណើត​របស់​ព្រះអង្គ​នៅ​ខេត្ត​កំពង់ស្ពឺ ដើម្បី​គេច​ខ្លួន​មួយ​រយៈ ហើយ​អ្នក​ខ្លះ​ទៀត​ថា ព្រះអង្គ​កំពុង​សម្ងំ​លាក់​ខ្លួន​នៅ​ក្នុង​វត្ត​នៅ​ឡើយ។ តែ​ទូរស័ព្ទ​របស់​ព្រះអង្គ​មិន​អាច​ទាក់ទង​បាន​ទេ​នៅ​ថ្ងៃ​ទី​៧ ខែ​កញ្ញា។
ព្រះតេជព្រះគុណ​ប្រធាន​បណ្ដាញ​សង្គម​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះនាម ប៊ុត ប៊ុនតេង ដែល​ព្រះអង្គ​បាន​ចូល​រួម​ជ្រោមជ្រែង​ក្នុង​ការ​ស្វែង​រក​យុត្តិធម៌​អោយ​ព្រះសង្ឃ​រង​គ្រោះ​ទាំង​បី ព្រះអង្គ​បាន​មាន​ថេរដីកា​ថា សកម្មភាព​នៃ​អំពើ​ហិង្សា​ដែល​គ្រូ​សូត្រ​ស្តាំ​បាន​ប្រព្រឹត្ត គឺ​ជា​គម្រោង​ដែល​បាន​ត្រៀម​ទុក​រួច​ជា​មុន​ដើម្បី​បង្ក្រាប និង​គំរាម​ព្រះសង្ឃ​ក្នុង​វត្ត​មិន​អោយ​ចូល​រួម​ធ្វើ​បាតុកម្ម។
ព្រះអង្គ​ថា នៅ​មួយ​យប់​មុន​ថ្ងៃ​កើត​ហេតុ មន្ត្រី​សង្ឃ​ក្នុង​វត្ត​បាន​ប្រជុំ​គ្នា​ពិភាក្សា​គ្នា ហើយ​ដែល​ព្រះអង្គ​គិត​ថា អ្វី​ដែល​គេ​ពិភាក្សា គឺ​អំពី​វិធានការ​រារាំង​មិន​អោយ​ព្រះសង្ឃ​ចូល​រួម​ធ្វើ​បាតុកម្ម​តាម​ព្រះរាជសង្ឃ​ប្រកាស​របស់​គណៈ​សង្ឃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។
ព្រះតេជគុណ ប៊ុត ប៊ុនតេង បាន​ព្រមាន​ថា នឹង​អាច​មាន​បាតុកម្ម​សង្ឃ​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ប្រសិន​បើ​គ្រូ​សូត្រ​ស្តាំ​មិន​ព្រម​ចូល​មក​ដោះស្រាយ​ទទួល​យក​កំហុស​របស់​ខ្លួន និង​ប្រសិន​បើ​មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​មិន​ព្រម​រក​យុត្តិធម៌​អោយ​សង្ឃ​រង​គ្រោះ​ទាំង​បី​ព្រះអង្គ។ ព្រះអង្គ​ក៏​បាន​អំពាវនាវ​អោយ​ព្រះសង្ឃ​ឈប់​ប្រើ​ហិង្សា​ត​ទៅ​ទៀត។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតេង៖ «ព្រះសង្ឃ​ខ្មែរ ញាតិញោម​ខ្មែរ ប្រជាជន​ខ្មែរ​ពេញ​មួយ​នគរ​ស្រឡាញ់​យុត្តិធម៌ ចង់​បាន​យុត្តិធម៌ ឥឡូវ​ខ្មែរ​លែង​ត្រូវ​ការ​ដុល្លារ​ទៀត​ហើយ ខ្មែរ​ត្រូវ​ការ​ចំណី​បី ចំណី​យុត្តិធម៌ ចំណី​សន្តិភាព ចំណី​សេរីភាព នេះ​ជា​ចំណី​ដ៏​ឆ្ងាញ់​សម្រាប់​ប្រជាជន​ខ្មែរ និង​ព្រះសង្ឃ​គ្រប់​អង្គ។ អាត្មា​ក៏​ត្រូវ​ការ​ចំណី​នេះ​ដែរ ហើយ​អាត្មា​សុំ​បិណ្ឌ​បាត្រ​ទៅ​ថ្នាក់​ដឹកនាំ​ដែល​មាន​ឈ្មោះ​ដ៏​ល្បី គឺ​អគ្គសេនាបតីតេជោ ហ៊ុន សែន ឈ្មោះ វែង ហើយ​ឈ្មោះ​អ្នក​ប្រាជ្ញ សូម​អោយ​ប្រើ​គតិយុត្តិ ប្រើ​គំនិត​ជា​អ្នក​ប្រាជ្ញ​មក​ដឹកនាំ​ប្រទេស កុំ​អោយ​កូន​ចៅ​របស់​សម្ដេច​ដើរ​វាយ​គេ​តាម​ចិត្ត នឹក​ឃើញ​អ៊ីចឹង»
ចំណែក​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ លោក វន់ ពៅ ដែល​បាន​ចុះ​ដល់​កន្លែង​កើត​ហេតុ​ដែរ​នោះ និយាយ​ថា ការ​ប្រើ​ហិង្សា​របស់​គ្រូ​សូត្រ​ស្តាំ​លើ​ព្រះសង្ឃ​ឯ​ទៀត គឺ​ជា​ការ​រំលោភ​សិទ្ធិ​សេរីភាព​របស់​ព្រះសង្ឃ​ក្នុង​ការ​ចូល​រួម​ក្នុង​បញ្ហា​សង្គម។ លោក​ក៏​បាន​ស្នើ​អោយ  គណៈ​សង្ឃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឈប់​ចេញ​សង្ឃ​ប្រកាស​ដែល​ធ្វើ​អោយ​ប៉ះពាល់ និង​បំបិទ​សិទ្ធិ​សេរីភាព​របស់​ព្រះសង្ឃ។
លោក វន់ ពៅ៖ «ក្នុង​កាលៈទេសៈ​នេះ គឺ​យើង​មិន​អនុញ្ញាត​អោយ​ធ្វើ​បែប​ហ្នឹង​ទេ វិធានការ​បន្ទាន់​នោះ គឺ​យើង​នឹង​ធ្វើ​បាតុកម្ម ឬ​ធ្វើ​តាម​នីតិវិធី​ច្បាប់​ទៅ សង្ឃ​នោះ​ថា ប្រសិន​បើ​គោរព​សាសនា​មែន​មិន​ត្រូវ​ធ្វើ​បែប​ហ្នឹង​ទេ ហើយ​យើង​នឹង​នាំ​មហា​ជន​បណ្ដេញ​សង្ឃ​នេះ​ចេញ​ពី​វត្ត ពីព្រោះ​យើង​គិត​ថា វត្ត​អារាម​មិន​មែន​ជា​វត្ត​សម្រាប់​តែ​ព្រះសង្ឃ​ឃោរឃៅ​បែប​នេះ​ទេ»
គណៈ​សង្ឃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទាំង​ពីរ​គណៈ បាន​ចេញ​ព្រះរាជសង្ឃ​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៥ កញ្ញា ២០១៣ ហាម​មិន​អោយ​ព្រះសង្ឃ​ទូទាំង​ប្រទេស​កម្ពុជា ចូល​រួម​ក្នុង​សកម្មភាព​បាតុកម្ម និង​បញ្ជា​អោយ​មន្ត្រី​សង្ឃ​គ្រប់​លំដាប់​ថ្នាក់ មាន​ព្រះចៅ​អធិការ​ជាដើម អោយ​គ្រប់គ្រង​វត្ត​អារាម​អោយ​ល្អ​ប្រសើរ និង​ទប់​ស្កាត់​សកម្មភាព​គ្រប់​រូបភាព​ដែល​ប្រឆាំង​នឹង​ច្បាប់​រដ្ឋ​និង​សាសនា។
តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ នៅ​ក្នុង​មហា​បាតុកម្ម​អហិង្សា​រៀបចំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ កញ្ញា គេ​សង្កេត​ឃើញ​ថា មាន​ព្រះសង្ឃ​ប្រមាណ​ជា ៣០០​អង្គ​និមន្ត​មក​ពី​វត្ត​ផ្សេងៗ ក្នុង​ទីក្រុង​ភ្នំពេញ និង​ពី​បណ្ដា​ខេត្ត​មួយ​ចំនួន​បាន​ចូល​រួម​ក្នុង​មហា​បាតុកម្ម​នោះ ហើយ​តំណាង​ព្រះសង្ឃ​មួយ​អង្គ​ក៏​ត្រូវ​បាន​និមន្ត​អោយ​មាន​ថេរដីកា​ទៅ​កាន់​អ្នក​ចូល​រួម​ថែម​ទៀត​ផង៕

No comments:

Post a Comment

yes