លទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៥ ដែលចេញកាលពីថ្ងៃទី៨ កញ្ញា បង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនេះ។ ក្នុងនោះ កូនមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ខ្លះ ត្រូវបានប្រគល់កៅអីតំណាងរាស្ត្រអោយចូលប្រឡូកក្នុងនយោបាយបន្តវេនពីអ្នកជំនាន់មុន។
លោក ហ៊ុន ម៉ានី កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ស សុខា កូនប្រុសលោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ត្រូវបានប្រគល់តំណែងសមាជិករដ្ឋសភាសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥។
លោក ហ៊ុន ម៉ានី អាយុ ៣១ឆ្នាំ បេក្ខជនតំណាងរាស្ត្រលំដាប់លេខរៀងទី៤ មណ្ឌលកំពង់ស្ពឺ និងលោក ស សុខា អាយុ ៣២ឆ្នាំ បេក្ខជនតំណាងរាស្ត្រលេខរៀងទី៦ មណ្ឌលព្រៃវែង ត្រូវបានគណបក្សប្រជាជនកម្ពុជា ប្រគល់អាសនៈសមាជិកសភានីតិកាលទី៥ បើទោះជា ពួកគេមិនបានជាប់ឆ្នោតជាតំណាងរាស្ត្រក្តី។
ផ្អែកតាមលទ្ធផលបោះឆ្នោតផ្លូវការដែលប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣ សម្រាប់មណ្ឌលកំពង់ស្ពឺ ដែលលោក ហ៊ុន ម៉ានី បានឈរឈ្មោះ លោក សាយ ឈុំ និងលោក ឆាយ ថន បានបោះបង់អាសនៈរបស់ពួកគេប្រគល់អោយបេក្ខជនតំណាងរាស្ត្រផ្សេងទៀត ក្នុងនោះក៏មានលោក ហ៊ុន ម៉ានី ផងដែរ។
ចំណែកនៅមណ្ឌលព្រៃវែង ដែលលោក ស សុខា ឈរឈ្មោះវិញ លោក ព្រំ សុខា និងលោក ញឹម វណ្ណដា មិនទទួលយកអាសនៈរបស់ពួកគេដើម្បីបើកផ្លូវអោយលោក ស សុខា និងតំណាងរាស្ត្រមួយរូបផ្សេងទៀត។
ចំណែកលោក សាយ សំអាល កូនប្រុសលោក សាយ ឈុំ ប្រធានស្ដីទីព្រឹទ្ធសភា និងជាបេក្ខជនតំណាងរាស្ត្រលំដាប់លេខរៀងទី១០ មណ្ឌលកំពង់ចាម មិនបានជាប់ឆ្នោតជាតំណាងរាស្ត្រនោះទេ។ ប៉ុន្តែខុសពីលោក ហ៊ុន ម៉ានី និងលោក ស សុខា លោក សាយ សំអាល មិនបានទទួលអាសនៈសភានោះឡើយ។
ការប្រគល់តំណែងឲ្យកូនមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ត្រូវបានគេរិះគន់ថា ជាការប៉ុនប៉ងរបស់គណបក្សមួយនេះ ដើម្បីផ្ទេរការដឹកនាំអោយអ្នកជំនាន់ក្រោយរបស់ពួកគេបន្តការក្ដោបក្ដាប់អំណាចនៅកម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងថា ការផ្ដល់ឱកាសអោយកូនមន្ត្រីគណបក្សប្រជាជនកម្ពុជា ប្រឡូកចូលក្នុងនយោបាយគឺដើម្បីអនុញ្ញាតអោយពួកគេថែរក្សាស្នាដៃរបស់អ្នកជំនាន់មុន។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប ធ្លាប់បានអះអាងនៅក្រោយការបោះឆ្នោតថា អ្នកតំណាងរាស្ត្រ ១០រូប នឹងមិនទទួលយកអាសនៈរបស់ខ្លួនដើម្បីបើកផ្លូវអោយកូនប្រុសមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងអ្នកតំណាងរាស្ត្រវ័យក្មេងមួយចំនួនផ្សេងទៀត បានទទួលអាសនៈទាំងនោះ។
លោក ជាម យៀប ផ្ដល់ហេតុផលថា ការផ្លាស់ប្ដូរសមាសភាពអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ក្នុងអាណត្តិទី៥នេះ ដើម្បីផ្ដល់ឱកាសអោយយុវជនដែលមានសមត្ថភាព និងលេចធ្លោក្នុងបក្សបានបញ្ចេញស្នាដៃជំនួសអោយមន្ត្រីមានវ័យចំណាស់។
ទាក់ទងនឹងបញ្ហានេះ ច្បាប់បោះឆ្នោតនៃព្រះរាជាណាចក្រកម្ពុជា ចែងថា ប្រសិនបើក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតមានអ្នកជាប់ឆ្នោតទទួលមរណភាព ឬលាលែង ឬប្រាសចាកពីបេក្ខភាពតំណាងរាស្ត្របេក្ខជនដែលមានឈ្មោះបន្ទាប់នៅក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនោះ ត្រូវបានប្រកាសថា ជាប់ឆ្នោតជាតំណាងរាស្ត្ររបស់សាមីគណបក្សនយោបាយ។
លោក ធន សារាយ ប្រធានអង្គការសិទ្ធិមនុស្សអាដហុក (Adhoc) និយាយថា ការដោះដូរបេក្ខភាពតំណាងរាស្ត្រតាមមណ្ឌល គឺជារឿងធម្មតានៅប្រទេសកម្ពុជា និងជារឿងផ្ទៃក្នុងរបស់បក្សនយោបាយ៖ «អ៊ីចឹងជារឿងផ្ទៃក្នុងបក្សរបស់គេទេ បើសិនជាគេសម្របសម្រួលគ្នាឲ្យឈប់ ឲ្យចេញពីតំណែងអ៊ីចឹង គេតំណែងណាផ្សេងក្នុងរដ្ឋាភិបាលទៅ គេដំឡើងអ្នកបន្ទាប់ៗឲ្យទៅជាសមាជិកពេញសិទ្ធិអ៊ីចឹងទៅ។ ដូចជាករណីឯកឧត្ដម សម រង្ស៊ី អ៊ីចឹងដែរ ដូចជាលោកអត់បានឈរឈ្មោះ តែបើសិនជានៅក្នុងផ្ទៃក្នុងបក្សលោកអាចឲ្យអ្នកដែលដូចថា ឥឡូវគាត់ជាប់នៅខេត្តកណ្ដាល ៦នាក់ បើអ្នកទី៦ លាឈប់ទៅ ហើយអ្នកបម្រុងទៀតដែលលាឈប់ទៅ អ៊ីចឹងគេអាចដាក់លោក សម រង្ស៊ី ជំនួសវិញ បានហើយ»។
ទាក់ទងរឿងដោះដូរបេក្ខភាពអ្នកតំណាងរាស្ត្ររបស់បក្សនយោបាយតាមកំណត់ច្បាប់បោះឆ្នោតនេះ មានមន្ត្រីសង្គមស៊ីវិលមួយចំនួនក៏បានយល់ស្របដូចគ្នានេះដែរ។ ក៏ប៉ុន្តែបានចោទជាសំណួរថា តើការដោះដូរនេះមានតម្លាភាពដែរឬទេ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា លោក គល់ បញ្ញា បានសម្ដែងចម្ងល់នៃការដោះដូរអាចធ្វើឡើងដោយមិនឆ្លុះបញ្ចាំងឆន្ទៈរបស់បេក្ខជនតំណាងរាស្ត្រដែលមិនស្ម័គ្រចិត្តលាលែង និងមិនឆ្លុះបញ្ចាំងទៅនឹងគតិច្បាប់។
លោក គល់ បញ្ញា៖ «ទោះបីច្បាប់ឲ្យ គ.ជ.ប ធ្វើអ៊ីចឹងក៏ដោយ ប៉ុន្តែគណបក្សហ្នឹងក្ដី គ.ជ.ប ក្ដី បេក្ខជនខ្លួនឯងក្ដី ត្រូវមានតម្លាភាព។ បញ្ហាត្រង់ថា ឥទ្ធិពលនឹងវាខ្លាំងណាស់ មេបក្សវាធំណាស់ គាត់អាច រ៉ែកគ្លេ បេក្ខជនហ្នឹង។ អាហ្នឹងសេណារីយូទី១ សេណារីយូទី២ គាត់ចង់រៀបចំបញ្ជីដំបូងហ្នឹងធានាធ្វើម៉េចគាត់អាចមើលទៅមានស្ថិរភាពក្នុងបញ្ជីឈ្មោះបេក្ខជនជាប់ឆ្នោតហ្នឹង ព្រោះវាត្រូវបង្កើតសភាបង្កើតរដ្ឋាភិបាល ខ្លាចមានសមាជិកគាត់មិនសប្បាយចិត្ត វាមានបញ្ហាដែរ។ ព្រោះឥឡូវវាមានលក្ខណៈរសើបដែរ វាខ្វះតែ ៧ ឬ ៨កៅអី អីទៅ វាអាចលំបាកបង្កើតសភា បង្កើតរដ្ឋាភិបាលអ៊ីចឹងទៅ។ អ៊ីចឹងគាត់ត្រូវរៀបចំធ្វើម៉េចសមាជិកសភារបស់គាត់ជាសមាជិកដែលគាត់ទុកចិត្តបាន»។
ជាទូទៅអ្នកតំណាងរាស្ត្រគណបក្សប្រជាជន ដែលពុំទទួលយកអាសនៈភាគច្រើនបានទៅបំពេញតួនាទីក្នុងគណៈរដ្ឋមន្ត្រី៕
No comments:
Post a Comment
yes