សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 16, 2013

យ៉ង់គឹមអេង៖រដ្ឋាភិបាល​ពុំ​ទាន់​មាន​សមត្ថភាព​​ពេញ​ដើម្បី​សង្គ្រោះ​ពលរដ្ឋ​ពី​ទឹក​ជំនន់

ទឹកជំនន់ឡើងពេញផ្សារក្រាម ខេត្តកំពង់ឆ្នាំង។ (រូបថត pkaysour កាលពីឆ្នាំ២០១១)

ខណៈស្ថានភាពទឹកជំនន់ ដែលបានជនលិចបណ្តាខេត្តមួយចំនួន របស់កម្ពុជាកំពុងស្រកចុះទៅវិញបណ្តើរៗ ហើយនោះ តុល្យការចុងក្រោយដែលបញ្ចេញឲ្យដឹង ដោយមន្រ្តីជាន់ខ្ពស់របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាន​បង្ហាញថា ទឹកជំនន់ឆ្នាំ២០១៣នេះមានលក្ខណៈប្រហាក់ប្រហែលឆ្នាំ២០១១ ហើយយ៉ាងហោចណាស់ក៏មាន​មនុស្ស១២២នាក់បានស្លាប់ និងទឹកប្រាក់ច្រើនជាង៥០០លានដុល្លារសហរដ្ឋអាមេរិក អាចត្រូវខាតបង់ ពីគ្រោះទឹកជំនន់ ក្នុងឆ្នាំ២០១៣​នេះ។

 អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ញឹម វណ្ណដា ក្នុងកិច្ចសម្ភាស​ជា​មួយ​វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៥ ខែតុលាឆ្នាំ២០១៣ បានឲ្យដឹងថាស្ថានភាពទឹកជំនន់នៅ​ឆ្នាំ២០១៣​នេះ ដែលភាគច្រើនបណ្តាល​មកពីជំនន់ទឹកភ្លៀងនោះ មានលក្ខណៈស្ទើរតែប្រហាក់ប្រហែល ទៅ​នឹង​ស្ថានភាពទឹកជំនន់ក្នុងឆ្នាំ២០១១ តែចំនួន​មនុស្ស​ស្លាប់មានចំនួនតិចជាងឆ្នាំ២០១១។

ជនរងគ្រោះចំនួន ១២២នាក់ បានស្លាប់ និងខាងបង់ទឹកប្រាក់ច្រើនជាង ៥០០លាន​ដុល្លារអា​មេរិក
អនុប្រធានគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយរូបនេះ បន្តថា យោងតាម​តុល្យការចុង​ក្រោយបានបង្ហាញថា មានជនរងគ្រោះចំនួន១២២នាក់ និងការខាតបង់គិតជា​ទឹកប្រាក់យ៉ាងតិច​៥០០លាន​ដុល្លារអាមេរិក ប៉ុន្តែចំនួននេះ វាគ្រាន់​តែជាការព្យាករណ៍បណ្តោះអាសន្នប៉ុណ្ណោះ។
ចំពោះវិធានការជួយសង្រ្គោះលោក ញឹម វណ្ណដា បានធ្វើអះអាង ដោយយោងទៅលើ​អនុសាសន៍​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានយន្តការជួយសង្រ្គោះផ្សេងៗ ក្នុងនោះរួមមាន ការ​ជម្លៀស​ប្រជាពលរដ្ឋតាមរយៈ មធ្យោបាយធនធាន​មនុស្ស ទូកចម្លង កាណូត ទៅកាន់ទីសុវត្ថិភាព ឲ្យអស់ពីលទ្ធភាព ជៀសវាងការបាត់បង់ជីវិតប្រជាពលរដ្ឋ។

ទាក់បញ្ហានេះ លោក យ៉ង់ គឹមអេង នាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បានថ្លែងថា ស្រប​ពេល​ប្រទេសកម្ពុជាកំពុងរងការលិចលង់ ដោយទឹកជំនន់ធ្ងន់ធ្ងរនោះ គេក៏ឃើញ​មានសកម្មភាពជួយសង្រោះ និងការផ្តល់ជំនួយ​ច្រើន ពីគ្រប់មជ្ឈដ្ឋាន រាប់ទាំង រដ្ឋាភិបាល សង្គម​ស៊ី​វិល គណបក្សនយោបាយ ប្រជាពលរដ្ឋដែលមានលទ្ធភាព និងដៃគូរ​ផ្សេងៗទៀត ដែលវាជាការ​បង្ហាញថា សង្គមកម្ពុជាមានសាមគ្គីភាពជាមួយគ្នាបានល្អ ក្នុងគ្រាមានអាសន្ន។

តែនាយកមជ្ឈមណ្ឌលប្រជាពលរដ្ឋរូបនេះ អះអាងថា រដ្ឋាភិបាលកម្ពុជាគួរពង្រឹង និងធ្វើឲ្យប្រសើរ​ឡើង ចំពោះវិធានការ​ជួយសង្រ្គោះ ប្រកបដោយប្រសិទ្ធិភាព ព្រោះក្នុងពេលបច្ចុប្បន្ននេះ រដ្ឋាភិ​បាល​កម្ពុជា ពុំទាន់មានសមត្ថភាព​ពេញ​លេញ​ក្នុងការជួយសង្រ្គោះ និងផ្តល់ជំនួយគ្រប់គ្រាន់​ដល់​ប្រជាពលរដ្ឋនៅឡើយទេ។

គួរម្លឹកថាគ្រោះទឹកជំនន់នៅកម្ពុជា កាលពីឆ្នាំ២០១១កន្លងទៅ បានបណ្តាលឲ្យស្លាប់​បាត់បង់ជីវិត​ប្រ​ជាពលរដ្ឋ២៤៧នាក់ មានប្រជាពលរដ្ឋច្រើនជាង១លាន៥សែននាក់រងផលប៉ះពាល់ និងដីស្រែ​ជាង១​លានហិកតាត្រូវបានលិចលង់ ខណៈ​ទឹក​ប្រាក់៥២២លានដុលា្លរអាមេរិកត្រូវបានខាតបង់ ពីគ្រោះទឹកជំនន់។

លោក យ៉ង់ គឹមអេង បានលើកឡើងថា មូលហេតុដែលនាំឲ្យមានគ្រោះទឹកជំនន់ គឺដោយសារការ​គ្រប់គ្រងធនធាន​ធម្មជាតិ​មិនបានល្អ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធមិនបានត្រឹមត្រូវ រួមទាំង​ប្រព័ន្ធបង្ហូរទឹកទាំងនៅក្នុងទីក្រុង និងជនបទ។ ទន្ទឹមនឹងនេះលោក សម រង្ស៊ី ប្រធានគណបក្ស​សង្រ្គោះ​ជាតិ ជាគណបក្សជំទាស់ ធ្លាប់អះអាងថា បញ្ហាទាំងនេះគឺជាកំហុស​របស់រដ្ឋាភិបាល ដែល​បណ្តោយឲ្យមានការកាប់ព្រៃឈើ និងបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរ ដែលជាមូលហេតុ​ដែល​នាំឲ្យមានគ្រោះទឹកជំនន់។ តែមូលហេតុនេះ បានត្រូវលោក ញឹម វណ្ណដា បានធ្វើការច្រានចោល និងថាគឺជារឿងមិន​គួរឲ្យ​ជឿ៕
---------------------------------------------
ដោយ៖ អ៊ុំ បូរី - ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

No comments:

Post a Comment

yes