សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 16, 2013

ធម្មិកោ៖ហ៊ុនសែនសាង​ព្រះបរម​រូប​សម្តេច​ឪដើម្បី​ឲ្យ​រាស្រ្ត​«ដឹង​គុណ»​បក្ស​ប្រជាជន

«ព្រះវិមានព្រះបរមរូប» នៅខាងកើតវិមានឯករាជ្យ ជិតនាគបាញ់ទឹក។
 (រូបថត MONOROOM.info/ O. Vary)

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែលជាអតីតព្រះរាជលេខាផ្ទាល់ នៃអតីតព្រះហាវីរក្សត្រព្រះបាទ នរោត្តម សីហនុ នៅ​ថ្ងៃ​នេះ បានលើកឡើងថា ការកសាងព្រះបរមរូបព្រះបរមរតនកោដិ ដោយរដ្ឋាភិបាលរបស់លោក ហ៊ុន សែន នៅពេលនេះ គឺ​ធ្វើឡើងក្នុងគោលបំណង ដើម្បីឲ្យប្រជាជនខ្មែរដឹងគុណចំពោះគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ហ៊ុន សែន បានអះអាងថា ព្រះបរមរូបនេះ ធ្វើឡើងដើម្បីដឹងគុណព្រះមហាវីរក្សត្រ។

កាលពីថ្ងៃទី ១១ ខែតុលាកន្លងទៅ រដ្ឋាភិបាលលោក ហ៊ុន សែន បានប្រារព្ធពិធីសម្ពោធជាផ្លូវការ​នូវ​ព្រះបរមរូបសម្តេចឪ នរោត្តម សីហនុ ដែលកសាងអស់រយៈពេលជាងមួយឆ្នាំ និងចំណាយទឹក​ប្រាក់​ប្រមាណជាង ១លាន ២ សែន ដុលា្លរសហរដ្ឋអាមេរិក។ ការកសាងព្រះបរមរូបសំណាក់នេះ បានធ្វើឲ្យមានការបកផ្សាយផ្សេងៗគ្នា ជុំវិញគោល​បំណងកេញចំណេញរបស់រដ្ឋាភិបាល និងភាព​ខុស​គ្នា​ទៅនឹងរូបពិតរបស់ ព្រះបាទ សីហនុ ។


ថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី១៥ខែតុលានេះ ខ្សែរាជវង្សមួយអង្គព្រះនាម ស៊ីសុវត្ថិ ធម្មិកោ បានធ្វើ​ការអត្ថាធិប្បាយថា ធាតុពិតទៅ រដ្ឋាភិបាលលោកនាយក ហ៊ុន សែន កសាង​ព្រះបរមរូបនេះឡើយ មិនមែនមានចេតនា​ពិតប្រាកដ ដើម្បីរម្លឹកនូវគុណូបការៈរបស់ ព្រះ​មហា​វីរក្សត្រនោះទេ តែអ្វីដែល លោក ហ៊ុន សែន ចង់បានធំបំផុតនោះ គឺ​ចង់ឲ្យប្រជាជនខ្មែ​រគោរព​ដឹងគុណ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានកសាងនូវព្រះបរមរូបនេះ។ ពីព្រោះថា ព្រះ​បាទ​នរោត្ត សីហនុ ជាស្តេចដ៏អស្ចារ្យ ដែលប្រជាពលរដ្ឋខ្មែរភាគច្រើន គោរព និងជឿជាក់ដឹងគុណ​ជាទីបំផុត។

ខ្សែរាជវង្សអង្គនេះ បានមានបន្ទូលទៀតថា ព្រះអង្គមានការសោកស្តាយណាស់ ចំពោះព្រះបរម​រូប​នេះ ដោយសារថា ធ្វើ​ឡើងមិនមានលក្ខណៈដូចទាល់តែសោះ ទៅនឹងរូបពិតរបស់ព្រះមហាវីរក្សត្រ ទាំងព្រះភក្រ្ត និងព្រះកាយរបស់ព្រះអង្គ។ ព្រះអង្គធម្មិកោ មិនអាចបញ្ជាក់ថា តើរដ្ឋាភិបាលមាន​ចេត​នាធ្វើឲ្យខុស ឬមកពីបច្ចេកទេស របស់ក្រុមជាងចម្លាក់នោះទេ?ទស្សនាវដ្តីមនោ​​រម្យ​​ព័ង​អាំង​
ហ្វូ  បានសុំការអត្ថាធិប្បាយតប ពីមន្រ្តីគណបក្សប្រជាជនកម្ពុជាមានលោក ជាម យៀប និង​ពីមន្ត្រី​រដ្ឋាភិបាលលោក ផៃ ស៊ីផាន នៅថ្ងៃនេះដែរ តែមិនអាចធ្វើការទំនាក់ទំនងបាន។ តែលោក ហ៊ុន សែន នាយករដ្ឋមន្រ្តី​កម្ពុជា បានថ្លែងកាលពីថ្ងៃទី១១ ខែតុលា កន្លងទៅ នៅពេលដែលលោកទៅ​ចូលរួមក្នុងពិធីសម្ពោធព្រះបរមរូបថា ការសង់​ព្រះបរមរូបនេះ ធ្វើឡើងដើម្បីជាការគោរពដឹងគុណ ចំពោះព្របរមរតនកោដិ ដែលោក ហ៊ុន សែន អះអាងថា ព្រះអង្គគឺ​ជា​ស្តេចដែលបានសាង​ផលប្រ​យោជន៍ ជូនប្រជាជនខ្មែររាប់មិនអស់ ដែលប្រជាពលរដ្ឋខ្មែរត្រូវតែនាំគ្នា​គោរពដឹងគុណជានិច្ច​ចំពោះ​ព្រះអង្គ។ 

លោក ហ៊ុន សែន បាននិយាយចំពោះមុខព្រះបរមរូបទៀតថា គណបក្សប្រជាជនកម្ពុជាការពាររបប​រាជនិយមជានិច្ច។

សូមបញ្ជាក់ថា ព្រះបរមរូបព្រះបរមរតនកោដិ ព្រះបាទ នរោត្តម សីហនុ ត្រូវបានកសាងឡើងពី​ស្ពាន់ ស្ថិតនៅលើសួនច្បារ​ខាងកើតវិមានឯករាជ្យ ក្នុងរាជធានីភ្នំពេញ ដោយចំណាយទឹកប្រាក់​សរុប​ប្រមាណ ១លាន ២ សែន ដុលា្លរអាមេរិក។ ព្រះ​បរមរូបនេះ ស្ថិតនៅក្នុងសម្លៀកបំពាក់ខោ​អាវធំ អបដៃសំយ៉ុងមកមុខ បែព្រះភក្រ្តទៅទិសខាងកើត មានកម្ពស់ ៤ ម៉ែត្រ ៥ តឹក ហើយត្រូវ​បាន​តម្កល់នៅលើទម្រកម្ពស់ ២ ម៉ែត្រ ៧ តឹក៕
----------------------------------------------
ដោយ៖ ជា ធីរិទ្ធ - ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

No comments:

Post a Comment

yes