យុវជនស្ម័គ្រចិត្តមួយក្រុមប្រមាណជា២០នាក់ នៅថ្ងៃចន្ទនេះ ប្រកាសថា ខ្លួនគ្រោងដង្ហែញ្ញត្តិទៅតុលាការដើម្បីទាមទារយុត្តិធម៌ជូនជនរងគ្រោះនៅស្ពានក្បាលថ្នល់ ដែលបានស្លាប់ និងរងរបួស កាលពីខែកញ្ញា ដោយសារការប៉ះទង្គិចជាមួយកម្លាំងសមត្ថកិច្ច។
កាលពីថ្ងៃទី១៥ខែតុលាកន្លងទៅ ប្រជាពលរដ្ឋ និង កម្លាំងប្រដាប់អាវុធរួមមានកងរាជអាវុធហត្ថ និងនគរបាល បានប៉ះទង្គិចគ្នារួមតាំងមានផ្ទុះអាវុធទៀតផង ។ក្នុងការប៉ះទង្គិចនោះ បណ្តាលឲ្យប្រជាពលរដ្ឋមួយរូបឈ្មោះ ម៉ៅ សុខចាន់ បានស្លាប់ រួមនឹងប្រជាពលរដ្ឋ និង កងកម្លាំងប្រដាប់អាវុធមួយចំនួនបានរងរបួស ហើយសមត្ថកិច្ចបានចាប់មនុស្ស ៦នាក់ឃុំខ្លួន។ការប៉ះទង្គិចនេះ បានកើតឡើងចំថ្ងៃទីមួយដែលគណបក្សសង្គ្រោះជាតិ បានធ្វើមហាបាតុកម្ម ប្រឆាំងនឹងលទ្ធផលបោះឆ្នោតនីតិកាលទី៥។
ក្នុងសន្និសីទសារព័ត៌មាន ព្រឹកថ្ងៃចន្ទទី១៤ខែតុលា នៅភោជនីដ្ឋានបៃតង យុវជនស្ម័គ្រចិត្តមួយរូបលោក មួង សូនី ថ្លែងថា ជនរងគ្រោះដែលស្លាប់ និងរបួស មិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ។ លោកបន្តថា ក្រុមយុវជនដែលមកពីគ្រប់មជ្ឈដ្ឋាន គ្រោងនឹងជួបជុំគ្នានៅរមណីយដ្ឋានវត្តភ្នំ នៅថ្ងៃទី១៨ខែតុលា ដោយទាមទារឲ្យគោរពសិទ្ធិមនុស្ស និងដង្ហែញត្តិដែលមានស្នាមមេដៃប្រមាណជា៣០០ ទៅដាក់សាលារាជធានីភ្នំពេញ។
លោក មួង សូនី បន្តថា មុននឹងសម្រេចធ្វើញត្តិដាក់ទៅសាលារាជធានីភ្នំពេញនេះ ក្រុមយុវជន បានស្រាវជ្រាវ និងចុះទៅសួរសាច់ញាតិជនរងគ្រោះ ដោយក្រុមគ្រួសារជនរងគ្រោះ បានទទូចរកយុត្តិធម៌អ្នក ដែលបានស្លាប់ និងរងរបួស។
សាលារាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែតុលា បានដោះលែងជនជាប់ចំនួន៦រូបក្នុង ឲ្យនៅក្រៅឃុំ ដោយយោងតាមលិខិតសុំធានានៅក្រៅឃុំរបស់មេធាវី និងគ្រួសារជនជាប់ចោទ។
ក្រុមយុវជនស្ម័គ្រចិត្ត បានស្នើសុំទៅអាជ្ញាធររាជធានីភ្នំពេញលើការប្រមូលផ្តុំនៅវត្តភ្នំ ប៉ុន្តែរហូតមកដល់ពេលនេះមិនទាន់មានការឆ្លើយតបនៅឡើយទេ។
VOD មិនទាន់អាចទាក់ទងអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកឡុង ឌីម៉ង់ បាននៅឡើយទេ៕
No comments:
Post a Comment
yes