![]() |
| ព្រះតេជគុណ ហុក សាវណ្ណ ព្រះគ្រូចៅអធិការវត្តខ្មែរ កាណាដា ក្នុងទីក្រុងម៉ុងរ៉េអាល់។ Provided Photo |
ព្រះតេជគុណ ហុក សាវណ្ណ ដែលជាព្រះគ្រូចៅអធិការវត្តខ្មែរកាណាដា មានថេរៈដីកា កាលពីថ្ងៃអាទិត្យថា ថវិកា ដែលពុទ្ធបរិស័ទ ខ្មែរបានបរិច្ចាគនោះ នឹងជួយទៅដល់វត្តអារាមមួយកន្លែង ដែលកំពុងរងគ្រោះធ្ងន់ធ្ងរ ហើយជាពិសេសទៅទៀតនឹងជួយដល់ពលរដ្ឋខ្មែរទូទៅ ដែលកំពុងខ្វះស្បៀងអាហារដោយសារទឹកជំនន់៖ «អាត្មាបានអំពាវនាវដល់ពុទ្ធបរិស័ទចំណុះជើងវត្ត ក្នុងទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា បានពន្យល់ទៅឃើញគេចូលបច្ច័យចាប់កុសល ដើម្បីជួយសង្គ្រោះជាបន្ទាន់ដល់ខ្មែរយើង ដែលកំពុងរងទុក្ខវេទនា គ្មានទីជម្រក ខ្វះស្បៀងអាហារ ធ្វើម៉េចឲ្យតែរស់បានមួយពេលហ្នឹង បានជាងមួយម៉ឺនដុល្លារ។ »
រហូតមកទល់ពេលនេះ មានមនុស្សជាង១រយនាក់ បានបាត់បង់ជីវិត ក្នុងនោះមានកុមារ ៥៥នាក់។ ចំណែកវត្តអារាមជាង៣រយកន្លែង និងស្រែស្រូវរបស់ពលរដ្ឋចំនួន ២សែន ៥ម៉ឺន ហិចតា ក្នុងខេត្តក្រុងចំនួន ២០ បានជន់លិចដោយសារគ្រោះទឹកជំនន់។
ព្រះតេជគុណ ហុក សាវណ្ណ មានថេរៈដីកាបន្តថា ថវិកាជាង១ម៉ឺនដុល្លារ ដែលព្រះអង្គប្រមូលបាននឹងចាត់ចែងប្រគេនដល់ព្រះសង្ឃខ្មែរមួយចំនួន គង់នៅវត្តឧណ្ណាលោម និងវត្តស្ទឹងមានជ័យ រាជធានីភ្នំពេញ ដើម្បីនិមន្តចុះជួយសត្វលោកដែលកំពុងលង់ទឹកដោយគ្មានរើសអើង និន្នាការនយោបាយអ្វីឡើយ៖ «ជំនួយសង្គ្រោះនឹងគួរខ្មែរទាំងអស់ ដែលជាអ្នកកាន់ព្រះពុទ្ធសាសនា ជាពិសេសអ្នកមានធនធានគ្រាន់បើ នៅក្នុងស្រុកក្តីនៅក្រៅស្រុកក្តី គួរបញ្ចេញជួយមួយពេល។ ហើយបើតាមសង្គហទានព្រះពុទ្ធលោក មិនឲ្យគិតថា អ្នកហ្នឹងជាបែបម៉េច គឺអត់ទេ គឺគិតតែសង្គ្រោះឲ្យរស់។ សង្គហធម៌គេអត់គិតថាអ្នកហ្នឹងមានសីលធម៌ ឬ អត់សីលធម៌ គណបក្សណា ឬ សាសនាណាទេ គេអត់ទេ គឺគិតថាធ្វើម៉េចឲ្យតែមនុស្សរស់ប៉ុណ្ណឹង។ អាហ្នឹងគេហៅថាជំនួយសង្គ្រោះ។»
ព្រះតេជគុណបានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់មេត្តាបង្កើនការជួយឧត្ថម្ភជាសំភារៈ ថវិកា និងថ្នាំសង្កូវផ្សេងៗ ដល់ពលរដ្ឋក្នុងប្រទេសកម្ពុជា ដែលកំពុងជួបគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ។ លើសពីនេះទៅទៀត ព្រះតេជគុណ ហុក សាវណ្ណ ក៏បានក្រើនរំលឹកដល់ពលរដ្ឋទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសត្វមានពិស និងភ្លើងអគ្គីសនី ដែលអាចបំពារបំពានដល់អាយុជីវិតមនុស្ស ក្នុងពេលមានគ្រោះទឹកជំនន់នេះ៕
![]() |
| ២២-កញ្ញា-២០១៣៖ ប្រជាពលរដ្ឋនៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ធ្វើដំណើរ តាមទូកចូលគេហដ្ឋានវិញ បន្ទាប់ពីទឹកជំនន់ជន់លិចផ្លូវ។ RFA |


No comments:
Post a Comment
yes