សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 16, 2013

ព្រះសង្ឃ​គ្រោង​ធ្វើ​ញត្តិ​ដាក់​ជូន​ក្រសួង​មហាផ្ទៃ

ព្រះ​សង្ឃ ៦១០
ព្រះសង្ឃ​គង់​ធ្វើ​សមាធិ​បួង​សួង​សុំ​សន្តិភាព​នៅ​ខាង​មុខ​រនាំង​របស់​សមត្ថកិច្ច
 ក្រោយ​ពី​សមត្ថកិច្ច​រារាំង​មិន​ឲ្យ​និមន្ត​ទៅ​ខាង​មុខ​ព្រះបរមរាជវាំង នៅ​ថ្ងៃ​ទី​១៩ កញ្ញា ឆ្នាំ​២០១៣

បច្ចុប្បន្ន​ក្នុង​ពេល​មាន​ការ​ជួបជុំ​មហាជន និង​បាតុកម្ម​នៅ​ទីលាន​សាធារណៈ គេ​សង្កេត​ឃើញ​មាន​ព្រះសង្ឃ​ចូល​រួម​ជាមួយ​គ្រហស្ថ ដើម្បី​គាំទ្រ​ការ​តវ៉ា​ចំពោះ​រឿងរ៉ាវ​អយុត្តិធម៌​ក្នុង​សង្គម​ផ្សេងៗ។ ការ​ចូល​រួម​របស់​ព្រះសង្ឃ​នេះ អាច​ធ្វើ​ឲ្យ​មាន​ការ​ដាក់​ទោស​តប​ត​វិញ ដូចជា​ការ​បណ្តេញ​ចេញ​ពី​វត្ត​ជាដើម។

ព្រះសង្ឃ​ដែល​គាំទ្រ​យុត្តិធម៌ និង​ចូល​រួម​បាតុកម្ម​សាធារណៈ​នានា បាន​ប្រកាស​ថា នឹង​ប្រមូល​ព្រះសង្ឃ​ទូទាំង​ប្រទេស​ធ្វើ​ញត្តិ​ទៅ​ក្រសួង​មហាផ្ទៃ និង​ធ្វើ​សកម្មភាព​តវ៉ា បើ​សិន​ជា​អាជ្ញាធរ​និង​មន្រ្តី​ជាន់​ខ្ពស់​សង្ឃ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​បំភិត​បំភ័យ​ចំពោះ​ព្រះសង្ឃ​ដែល​ចូល​រួម​សម្តែង​ការ​គាំទ្រ​ចំពោះ​ការ​ជួបជុំ​គ្នា​នៅ​តាម​ទីសាធារណៈ​នានា។
ប្រធាន​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះសង្ឃ ប៊ុត ប៊ុនតិញ មាន​ថេរដីកា​នៅ​ថ្ងៃ​ទី​១៦ ខែ​តុលា ថា កន្លង​មក​មាន​ការ​រារាំង​ព្រះសង្ឃ​កុំ​ឲ្យ​ចូល​រួម​បាតុកម្ម ឬ​ការ​តវ៉ា​នានា នៅ​តាម​ទី​សាធារណៈ មាន​ការ​ឆែកឆេរ​កុដិ​នៅ​តាម​វត្ត​រក​ព្រះសង្ឃ​ដែល​ចូល​រួម​បាតុកម្ម និង​មាន​ការ​បណ្តេញ​ចេញ​ពី​វត្ត​ទៀត​ផង។

ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរដីកា​បន្ត​ឲ្យ​ដឹង​ថា ការ​ចូល​រួម​របស់​ព្រះសង្ឃ​មួយ​ចំនួន​ដើម្បី​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​ទីសាធារណៈ​នោះ គឺ​ដើម្បី​ចូល​រួម​ស្រាយ​បញ្ហា និង​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការ​លំបាក​ដោយសារ​អ្នក​នយោបាយ​មាន​ការ​ខ្វែង​យោបល់​គ្នា ហើយ​ការ​ចូល​រួម​នេះ មិន​មាន​ខុស​អ្វី​ទៅ​នឹង​ពុទ្ធ​បញ្ញតិ្ត​ឡើយ។
ពន្យល់​តប​ចំពោះ​ការ​លើក​ឡើង​របស់​ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ព្រះតេជព្រះគុណ ឃឹម សន ជា​ព្រះមេគណ​សង្ឃ​រាជធានី​ភ្នំពេញ មាន​ថេរដីកា​ឲ្យ​ដឹង​ថា គណៈសង្ឃ​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​ចូល​រួម​បោះ​ឆ្នោត​មែន​តែ​មិន​បាន​អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​ចូល​រួម​បាតុកម្ម ឬ​ការ​តវ៉ា​នានា នៅ​តាម​ទី​សាធារណៈ​ឡើយ។
ចំពោះ​ការ​ចូលរួម​របស់​ព្រះសង្ឃ​ក្នុង​បាតុកម្ម ឬ​ការ​តវ៉ា​នានា​នោះ តើ​មាន​ទោស ឬ​អត់​នោះ? ព្រះតេជព្រះគុណ ឃឹម សន មាន​ថេរដីកា​ថា ព្រះសង្ឃ​មាន​សភា​សង្ឃ​ជា​អ្នក​កាត់​សេចក្តី។ ដូច្នេះ​កាលណា​ព្រះសង្ឃ​អង្គ​ណា​បាន​ធ្វើ​កំហុស​អ្វី​មួយ​នោះ ទាល់តែ​មាន​ការ​សាកសួរ និង​ដេញដោល កាត់​សេចក្តី​ពី​សភា​សង្ឃ បាន​អាច​កំណត់​បាន​ថា មាន​កំហុស​ឬ​អត់។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មិន​យល់​ស្រប​តាម​ការ​លើក​ឡើង​របស់​មេ​គណ​ព្រះសង្ឃ​រាជធានី​ភ្នំពេញ ឡើយ។ លោក​មាន​ថេរដីកា​ថា បើ​សិន​ជា​ព្រះសង្ឃ​មាន​សិទ្ធិ​បោះ​ឆ្នោត​ហើយ​នោះ ព្រះសង្ឃ​ក៏​ត្រូវ​មាន​សិទ្ធិ​ការពារ​សំឡេង​ឆ្នោត​ដែល​ខ្លួន​បោះ​នោះ​ដែរ។
គេហទំព័រ​របស់​ក្រសួង​ធម្មការ និង​សាសនា បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា មាន​វត្ត​សរុប​ចំនួន ៤.៥៥៣​វត្ត និង​មាន​ព្រះសង្ឃ​ទាំង ២ គណៈ ចំនួន​ជាង ៥.៣​ម៉ឺន​អង្គ៕

No comments:

Post a Comment

yes