សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 8, 2013

បទ​វិភាគ៖តើ​ហេតុ​អ្វី​បាន​ជា​ពលរដ្ឋ​ត្រូវ​ការ​យុត្តិធម៌?

បាតុកម្ម តុលាការ ៦១០
ក្បួន​ដង្ហែ​របស់​បណ្ដាញ​សហគមន៍​ទូទាំង​ប្រទេស ជិត ១​ពាន់​នាក់ ទាមទារ​
ឲ្យ​តុលាការ​កាត់​ក្ដី​ដោយ​យុត្តិធម៌ នៅ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១២ 
ខែ​មិថុនា ឆ្នាំ​២០១៣

អ្នក​ទន់​ខ្សោយ​គ្មាន​អំណាច​និង​គ្មាន​ទ្រព្យ​សម្បត្តិ ច្រើន​តែ​ស្រែក​ទាមទារ​រក​យុត្តិធម៌។ ប៉ុន្តែ​ពាក្យ "យុត្តិធម៌" នេះ គេ​មិន​សូវ​ឃើញ​អ្នក​មាន​អំណាច ឬ​អ្នក​មាន​ធនធាន​ហូរហៀរ​ស្រែក​ទាមទារ​នោះ​ទេ ជាង​នេះ​ទៅ​ទៀត ពួកគេ​មួយ​ចំនួន​ថែម​ទាំង​ប្រព្រឹត្ត​អំពើ​អយុត្តិធម៌​ទៅ​លើ​ជន​ស្លូត​ត្រង់។ ផ្ទុយ​ទៅ​វិញ ពេល​ដែល​ពួក​គេ​អស់​អំណាច ពួកគេ​ក៏​ចេះ​ស្រែក​ទាមទារ​រក​យុត្តិធម៌​ដែរ។

តើ​យុត្តិធម៌​នៅ​ឯ​ណា ហើយ​ថា តើ​យុត្តិធម៌​ជា​អ្វី​បាន​ជា​មនុស្ស​ត្រូវ​ការ​ខ្លាំង​ម្ល៉េះ?
មាន​ករណី​ច្រើន​ណាស់​ដែល​ក្រុម​អ្នក​មាន​អំណាច និង​ក្រុម​មេដឹកនាំ​លើ​ពិភពលោក បាន​ប្រព្រឹត្ត​អំពើ​អមនុស្សធម៌ និង​អំពើ​អយុត្តិធម៌​ទៅ​លើ​ពលរដ្ឋ​ស្លូត​ត្រង់​ទៅ​លើ​ក្រុម​ដែល​មាន​ទស្សនៈ​ផ្ទុយ​ពី​ខ្លួន ទៅ​លើ​ក្រុម​ដែល​ហ៊ាន​តវ៉ា ហើយ​ក្រោយ​មក​ត្រូវ​បាន​តុលាការ​កាត់​ទោស​វិញ​ម្ដង។
ជាក់ស្ដែង​ដូចជា​លោក សាដាម ហ៊ូសេន (Saddam Hussein) អតីត​ប្រធានាធិបតី​ប្រទេស​អ៊ីរ៉ាក់ (Iraq) កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០០៦ ត្រូវ​បាន​តុលាការ​នៃ​ប្រទេស​នេះ​កាត់​ទោស​ប្រហារ​ជីវិត​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ពេល​នោះ​លោក សាដាម ហ៊ូសេន និយាយ​ថា ការ​កាត់​ទោស​របស់​លោក​ជា​ការ​កាត់​ទោស​ដោយ​អយុត្តិធម៌ ហើយ​បាន​ប្ដឹង​សាលាឧទ្ធរណ៍​លើ​ករណី​នេះ ប៉ុន្តែ​ត្រូវ​បាន​តុលាការ​បដិសេធ។

ចំណែក​មេដឹកនាំ​ផ្ដាច់ការ​របស់​ប្រទេស​លីប៊ី (Libya) ដ៏​ល្បីល្បាញ​ដែល​គេ​ស្គាល់​ថា ជា​ស្ដេច​លើ​ស្ដេច​នៃ​តំបន់​អាហ្វ្រិក លោក ម៊ូម៉ា ហ្កាដាហ្វី (Muammar Gaddafi) បាន​និយាយ​ពាក្យ​ចុង​ក្រោយ​មុន​ពេល​គេ​បាញ់​សម្លាប់​ក្នុង​ឆ្នាំ​២០១១ ថា សូម​ទុក​ជីវិត​ឲ្យ​ខ្ញុំ​ផង ហើយ​ថា តើ​ខ្ញុំ​បាន​ធ្វើ​អី​ខុស?
លោក ហ្កាដាហ្វី ឡើង​ក្ដោបក្ដាប់​អំណាច​តាម​រយៈ​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៦៩។ លោក​បាន​សម្លាប់​ជីវិត​មនុស្ស​ដែល​ហ៊ាន​រិះគន់​និង​ប្រឆាំង​នឹង​លោក​តាម​រយៈ​ការ​ព្យួរ​ក​នៅ​ទី​សាធារណៈ ឬ​បាញ់​ចោល​តែម្តង។ ក្នុង​របប​ដឹកនាំ​របស់​លោក លោក​បាន​សម្លាប់​អ្នក​ទោស​នយោបាយ​ចំនួន ១.២០០​នាក់។
ងាក​មក​ប្រទេស​កម្ពុជា​វិញ ជាក់ស្ដែង​គឺ​ករណី​លោក ហេង ពៅ អតីត​ស្នងការ​ក្រុង​ភ្នំពេញ ដែល​ល្បីល្បាញ​ខាង​សម្ដី​ផ្អែម សម្លាប់​មនុស្ស​ឆៅ​នោះ បាន​ស្រែក​តវ៉ា​ថា ការ​កាត់​ក្តី​លើ​រូប​លោក​ដោយ​តុលាការ​ក្រុង​ភ្នំពេញ កាល​ពី​ឆ្នាំ​២០០៦ ពី​បទ​ចាប់​ជំរិត​និង​សម្លាប់​មនុស្ស​នោះ ថា​ជា​ការ​កាត់​ក្ដី​ដោយ​អយុត្តិធម៌។
ជាង​នេះ​ទៅ​ទៀត មាន​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ជា​ច្រើន​ក្នុង​ពេល​ថ្មីៗ​នេះ ក៏​ចេះ​ប្រើ​ពាក្យ​ថា "អយុត្តិធម៌" ដែរ ពេល​មាន​ការ​ដោះដូរ​តំណែង​ដែល​អាច​ប្រព្រឹត្ត​អំពើ​ពុករលួយ​បាន ដែល​ភាសា​សាមញ្ញ​ហៅ​ថា «កន្លែង​ខ្លាញ់» នោះ មក​កាន់​តំណែង​ដែល​មិន​អាច​រក​ចំណូល​បាន​ដោយ​អំពើ​សូក​ប៉ាន់។ នៅ​ពេល​នេះ​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​ទាំង​នោះ ក៏​ចេះ​នឹក​ឃើញ និង​ទាមទារ​រក​ពាក្យ​ថា​យុត្តិធម៌​ដែរ។
អ្នក​ឃ្លាំមើល​ជា​ច្រើន​សង្កេត​ឃើញ​ថា ពាក្យ​យុត្តិធម៌​ហាក់​លែង​សូវ​មាន​ន័យ​ទៀត​ហើយ នៅ​ពេល​មេដឹកនាំ​នៃ​ប្រទេស​មួយ ឬ​ក្រុម​មួយ​ដែល​មាន​អំណាច​ហួស​ព្រំដែន អម​ដោយ​ការ​ត្រេកត្រអាល ស្រមៃ​ហួស​ថា ប្រទេស ឬ​ក្រុម​នោះ ឬ​តួនាទី​នោះ​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​របស់​ខ្លួន។ ម្យ៉ាង​ទៀត​ពាក្យ​ថា "យុត្តិធម៌" ហាក់​មិន​មាន​ប្រជាប្រិយភាព​ទេ​ក្នុង​ប្រទេស​ដែល​មាន​មេដឹកនាំ​ត្រួតត្រា​លើ​បណ្ដុំ​អំណាច​ធំ​របស់​រដ្ឋ​ទាំង​អស់ ដូចជា​រដ្ឋ​សភា ព្រឹទ្ធ​សភា តុលាការ យោធា និង​នគរបាល។
មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា ក៏​ធ្លាប់​បាន​និយាយ​នៅ​តាម​ទី​សាធារណៈ​ថា យុត្តិធម៌​ក្នុង​សង្គម​អាច​មាន​ទៅ​បាន​លុះ​ត្រា​តែ​មាន​លុយ ពីព្រោះ​កាល​ណា​មាន​លុយ គេ​អាច​ជួល​មេធាវី​ពូកែៗ​ឲ្យ​ជួយ​ការពារ​ក្ដី​ដើម្បី​រក​យុត្តិធម៌។
អ្នក​វិភាគ​ជា​ច្រើន​ដែល​មាន​និន្នាការ​ទៅ​រក​លោក​សេរី ចាត់​ទុក​ទស្សនៈ​របស់​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា រូប​នោះ ថា​ជា​ទស្សនៈ​មួយ​ដែល​អន់ថយ ហើយ​កំពុង​ពុល​វក់វី​ក្នុង​សង្គម​មួយ​ដែល​គ្មាន​ច្បាប់ ក្នុង​សង្គម​មួយ​ដែល​ញាំញី​ទៅ​ដោយ​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ តាំង​ពី​ថ្នាក់​លើ​ដល់​ថ្នាក់​ក្រោម និង​ក្នុង​សង្គម​មួយ​ដែល​តុលាការ​គ្រាន់តែ​ជា​កូន​អុក​របស់​មេដឹកនាំ ទុក​គ្រាន់​តែ​គំរាម​ជន​ស្លូត​ត្រង់​ប៉ុណ្ណោះ។
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លុយ​មិន​ប្រាកដ​ថា​រក​យុត្តិធម៌​បាន​នោះ​ទេ ប្រសិន​បើ​តុលាការ​នៃ​ប្រទេស​មួយ​មាន​ឯករាជភាព​ច្បាស់លាស់។
បើ​ក្រឡេក​មក​មើល​ការ​ដឹកនាំ​បែប​ប្រជាធិបតេយ្យ​នៅ​សហរដ្ឋអាមេរិក​វិញ រហូត​មក​ទល់​ពេល​នេះ​មាន​មេ​ប៉ូលិស អភិបាលរដ្ឋ អភិបាល​ក្រុង​ក្នុង​ប្រទេស​មហា​អំណាច​មួយ​នេះ បាន​ធ្លាក់​ពី​តំណែង​ច្រើន​សឹង​រាប់​មិន​អស់​ទៅ​ហើយ ដោយសារ​តែ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​អំណាច អំពើ​ពុករលួយ ការ​បើក​បរ​ដែល​មាន​ជាតិ​ស្រវឹង និង​រឿង​អាស្រូវ​ខាង​ផ្លូវ​ភេទ​ជាដើម។
ជាក់ស្ដែង​ដូច​ជា​ករណី​អភិបាល​ក្រុង​ញីវយ៉ក (New York) លោក អេលីយើ ស្ពីហ្សឺរ៍ (Eliot Spitzer) បាន​លា​ចេញ​ពី​តំណែង​ភ្លាមៗ​ក្នុង​ឆ្នាំ​២០០៨ ក្រោយ​ពី​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ខាង​ផ្លូវ​ភេទ។ ចំណែក​លោក ដេវីដ ផាត្រើស (David Patraeus) ឧត្ដមសេនីយ៍​ផ្កាយ​បួន​ខាង​ផ្នែក​ចារកម្ម​យោធា​របស់​អាមេរិក កាល​ពី​ឆ្នាំ​២០១២ បាន​លា​ឈប់​ពី​តំណែង​របស់​លោក​ក្នុង​ករណី​ស្រដៀង​គ្នា​នេះ​ដែរ។
ដូច្នេះ​ពាក្យ​ថា "យុត្តិធម៌" គឺ​អាស្រ័យ​ទៅ​លើ​ច្បាប់ និង​កាតព្វកិច្ច​នយោបាយ​របស់​មេដឹកនាំ​ដែល​ខំ​ប្រឹង​ស្វែង​រក​សច្ចភាព ការពិត និង​ភាព​ត្រឹមត្រូវ​ជូន​សង្គម។
ប្រសិន​បើ​មេដឹកនាំ​នៃ​ប្រទេស​មួយ​គ្រាន់​តែ​បង្កើត​ច្បាប់​ទុក​គ្រាន់​តែ​បំពេញ​អំណាច​ផ្ទាល់​ខ្លួន​ដើម្បី​ធ្វើ​ជា​ឧបករណ៍ បំបាក់​ស្មារតី​ក្រុម​អ្នក​រិះគន់ នោះ​ពាក្យ​ថា "យុត្តិធម៌" ក្នុង​បរិបទ​បែប​នេះ ទំនង​ជា​ខ្លាច​លែង​ហ៊ាន​អើត​មុខ​ក្នុង​សង្គម ដោយសារ​និទណ្ឌភាព​ជា​អ្នក​រុញ​ច្រាន​យុត្តិធម៌​ចូល​ទៅ​ក្នុង​ជ្រោះ​នៃ​ការ​រំលោភ​អំណាច​ដ៏​សែន​ជ្រៅ។
ការ​រក​យុត្តិធម៌​គឺ​ជា​ការ​រក​ការ​ពិត គឺ​ជា​បែង​ចែក​រវាង​ខុស​និង​ត្រូវ រវាង​ស​និង​ខ្មៅ រវាង​អាក្រក់ ឬ​ល្អ។ ដូច្នេះ​យុត្តិធម៌​និង​ការ​ពិត គឺ​ត្រូវ​ធ្វើ​ដំណើរ​ជាមួយ​គ្នា​ដែល​មិន​អាច​ខ្វះ​បាន។ ប៉ុន្តែ​ពាក្យ​ថា​ការ​ពិត​នេះ គឺ​ជា​សត្រូវ​ដ៏​ធំ​បំផុត​របស់​រដ្ឋាភិបាល។
អ្នក​ប្រាជ្ញ​ជា​ច្រើន​និយាយ​ថា ដើម្បី​ឲ្យ​សង្គម​មួយ​រស់​នៅ​ប្រកប​ដោយ​សុខដុមរមនា មាន​យុត្តិធម៌ និង​ការ​គោរព​សិទ្ធិ​គ្នា​ទៅ​វិញ និង​ទៅ​បាន​លុះ​ត្រា​សង្គម​នោះ​មាន​ច្បាប់​ទម្លាប់​ត្រឹមត្រូវ មាន​ប្រព័ន្ធ​យុត្តិធម៌​ដ៏​ឯករាជ្យ និង​មាន​តុល្យភាព​អំណាច​ច្បាស់លាស់ គឺ​អំណាច​ទាំង​បី ដូចជា​អំណាច​នីតិប្បញ្ញត្តិ ប្រតិបត្តិ និង​តុលាការ​ត្រូវ​នៅ​ដាច់​ពី​គ្នា។ ជាង​នេះ​ទៅ​ទៀត ត្រូវ​មាន​ការ​កំណត់​អាណត្តិ​របស់​មេដឹកនាំ​ឲ្យ​បាន​ជាក់លាក់ ដើម្បី​ទប់ស្កាត់​ការ​កាន់​អំណាច​ប្រកប​ដោយ​ភាព​ផ្តាច់ការ។
ប្រសិន​បើ​យើង​ងាក​ទៅ​ក្រោយ​មើល​ប្រវត្តិសាស្ត្រ​វិញ​បន្តិច ក្រុម​មេដឹកនាំ​មួយ​ចំនួន​ក្នុង​ទ្វីប​អឺរ៉ុប ក្រោយ​ពី​សង្គ្រាម​បញ្ចប់​ទៅ អ្វី​ដែល​សំខាន់​ចំពោះ​ការ​បង្កើត​ច្បាប់ ហើយ​បន្ទាប់​បង្កើត​ប្រព័ន្ធ​តុលាការ​ឯករាជ្យ​សម្រាប់​ជា​ក្តី​រំពឹង​របស់​ពលរដ្ឋ។
ចំណែក​បរិបទ​កម្ពុជា​វិញ អស់​រយៈ​ពេល​ជាង ២០​ឆ្នាំ​មក​ហើយ ច្បាប់​សំខាន់ៗ ដើម្បី​ដំណើរការ​ប្រព័ន្ធ​តុលាការ​ប្រកប​ដោយ​ភាពឯករាជ​ភាព ដូចជា​ច្បាប់​ស្ដីពី​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម ច្បាប់​ស្ដីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា និង​ច្បាប់​ស្ដីពី​ដំណើរការ​ប្រព្រឹត្ត​ទៅ​នៃ​អង្គ​តុលាការ នៅ​តែ​មិន​អាច​បង្កើត​ឡើង​បាន​នៅ​ឡើយ។
ក្រុម​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​វាយ​តម្លៃ​ថា ប្រសិន​បើ​ច្បាប់​ការពារ​អព្យាក្រឹតភាព និង​ឯករាជភាព​របស់​តុលាការ​នៅ​តែ​អវត្តមាន ហើយ​មន្ត្រី​តុលាការ​ភាគ​ច្រើន​សុទ្ធសឹងតែ​ជា​សមាជិក​របស់​បក្ស​កាន់​អំណាច នៅ​តែ​មាន​ឥទ្ធិពល​ក្នុង​កិច្ចការ​ខាង​ផ្នែក​យុត្តិធម៌​ដដែល នោះ​យុត្តិធម៌​ពិតប្រាកដ​នៅ​កម្ពុជា គ្រាន់​តែ​ជា​សុបិន​ប៉ុណ្ណោះ៕

No comments:

Post a Comment

yes