សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, October 8, 2013

សមាគម​គ្រូ​គ្រោង​ដាក់​ញត្តិ​ស្នើ​ដំឡើង​ប្រាក់​បៀវត្ស​១​លាន​រៀល

រ៉ុង ឈុន ៦១០
ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ផ្ដល់​បទ​សម្ភាសន៍​
ដល់​វិទ្យុ​អាស៊ីសេរី នា​ទីស្នាក់ការ​សមាគម រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី២ ខែ​សីហា ឆ្នាំ​២០១៣

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ គ្រោង​រៀប​ចំ​អបអរ​ទិវា​គ្រូ​បង្រៀន​ពិភពលោក នៅ​ចុង​សប្ដាហ៍​នេះ នា​ទីលាន​ប្រជាធិបតេយ្យ ក្រោម​ប្រធានបទ "អំពាវនាវ​ចំពោះ​គ្រូ​បង្រៀន​ទាំងអស់​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ជា​គំរូ សម្រាប់​គុណភាព​អប់រំ"។

គ្រូ​បង្រៀន អះអាង​ថា តាម​រយៈ​ទិវា​គ្រូ​បង្រៀន​ពិភពលោក នឹង​ថ្លែង​សារ​អំពាវនាវ​ដល់​រាជ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​បៀវត្ស​ឲ្យ​បាន ១​លាន​រៀល​ក្នុង​១​ខែ ជូន​គ្រូ​បង្រៀន​ម្នាក់ៗ។
សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ បាន​ផ្ញើ​លិខិត​ជូន លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​ទី៧ ខែ​តុលា ស្នើ​យក​ទីលាន​ប្រជាធិបតេយ្យ​នៅ​ព្រឹក​ថ្ងៃ​ទី១៣ ខែ​តុលា រៀប​ចំ​ទិវា​គ្រូ​បង្រៀន​ពិភពលោក ដោយ​សមាជិក​សមាគម​កម្មករ និង​សិស្ស​និស្សិត​យ៉ាង​តិច ៦០០​នាក់ ចូល​រួម។
សមាគម​គ្រូ​ឲ្យ​ដឹង​ថា ទិវា​គ្រូ​បង្រៀន​ពិភពលោក​ឆ្នាំ​នេះ ក្រោម​ប្រធាន​បទ "អំពាវនាវ​ចំពោះ​គ្រូ​បង្រៀន​ទាំងអស់ ឲ្យ​យក​ចិត្ត​ទុក​ដាក់​ជា​គំរូ សម្រាប់​គុណភាព​អប់រំ"។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​ជា​ប្រធាន​សហភាព​សហជីព​កម្ពុជា។ លោក​ឲ្យ​ដឹង​ថា ទិវា​គ្រូ​បង្រៀន​ឆ្នាំ​នេះ​នឹង​មាន​ហែ​ក្បួន​ចេញ​ពី​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ដាក់​ញត្តិ​ជូន​ក្រសួង​អប់រំ យុវជន និង​កីឡា ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី និង​រដ្ឋសភា​ជាតិ។
លោក រ៉ុង ឈុន បន្ថែម​ថា ខ្លឹមសារ​ក្នុង​ញត្តិ ក្រុម​គ្រូ​បង្រៀន​បាន​ទាមទារ​ឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា ជួយ​ដំឡើង​ប្រាក់​បៀវត្ស​អប្បបរមា ១​លាន​រៀល​ក្នុង​១​ខែ ផ្តល់​សិទ្ធិ​សេរីភាព​ជូន​គ្រូ​បង្រៀន និង​បញ្ឈប់​ការ​រើសអើង​គ្រូ​បង្រៀន​នៅ​កន្លែង​ធ្វើ​ការ និង​ត្រូវ​វិនិយោគ​លើ​គ្រូ​បង្រៀន​ពី​ពេល​នេះ​ត​ទៅ ដើម្បី​លើក​កម្ពស់​គុណភាព​អប់រំ​ចំណេះ​ទូទៅ និង​ឧត្តម​សិក្សា៖ «បើ​សិន​ជា​ប្រាក់​ខែ​គ្រូ​បង្រៀន​មិន​បាន​ដោះស្រាយ​ទេ ការ​អប់រំ​របស់​យើង​ក៏​មិន​អាច​ទទួល​បាន​គុណភាព ក៏​ដូច​ជា​ការ​អប់រំ​មិន​បាន​ប្រសើរ​សម្រាប់​កូន​ខ្មែរ​យើង​ផង​ដែរ។ អ៊ីចឹង​ហើយ ប្រាក់​ខែ​នេះ​ជា​គន្លឹះ​សម្រាប់​ជំរុញ​ឲ្យ​ការ​អប់រំ​ល្អ​ប្រសើរ ក៏​ដូច​ជា​ជំរុញ​ឲ្យ​ស្ថាប័ន​រដ្ឋ​និមួយៗ​គ្រប់​លំដាប់​ថ្នាក់​ហ្នឹង មាន​អភិបាលកិច្ច​ល្អ»។
បញ្ហា​នេះ​ដែរ ក្រុម​គ្រូ​បង្រៀន​តាម​ខេត្ត​មួយ​ចំនួន ក៏​បាន​ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​គិតគូរ​ពី​ជីវភាព​គ្រូ​បង្រៀន​ឲ្យ​បាន​ប្រសើរ​ជាង​បច្ចុប្បន្ន ព្រោះ​សព្វថ្ងៃ​នេះ ប្រាក់​បៀវត្ស​គ្រូ​បង្រៀន​នៅ​មាន​ចំនួន​តិច បើ​ធៀប​ជាមួយ​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​បាន​កើន​តម្លៃ​ខ្ពស់​ពី ១​ថ្ងៃ​ទៅ ១​ថ្ងៃ៖ «គ្រូ​បង្រៀន​ជួប​ឧបសគ្គ ដូច្នេះ​ការ​បង្រៀន​របស់​គាត់ គឺ​មាន​ការ​យ៉ាប់យ៉ឺន​មែន​ទែន ដោយ​សិស្សានុសិស្ស​ទទួល​ពី​គាត់​មិន​បាន​ជោគជ័យ។ យើង​ឃើញ​កន្លង​មក ការ​ប្រឡង​ជាដើម គឺ​សុទ្ធតែ​បើក​ចម្លង​វិញ្ញាសា​ចម្លើយ​ទាំងអស់។ គាត់​គ្មាន​ទឹក​ចិត្ត​បង្រៀន។ សំណូម​ពរ​ឲ្យ​ដំឡើង​ប្រាក់​ខែ​ឲ្យ​បើក​ទៀត​ទាត់។ ប្រាក់​ខែ​ហ្នឹង ត្រូវ​ដំឡើង​ឲ្យ​បាន ១​លាន​រៀល​ក្នុង​១​ខែ សម្រាប់​គ្រូ​បង្រៀន​ម្នាក់»។
គ្រូ​បង្រៀន ឲ្យ​ដឹង​ថា ពួក​គេ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​បៀវត្ស​ឲ្យ​បាន ១​លាន​រៀល​ក្នុង ១​ខែ សម្រាប់​គ្រូ​បង្រៀន​ម្នាក់ៗ។ ក្រុម​គ្រូ​បង្រៀន អះអាង​ថា សព្វថ្ងៃ​នេះ​កិត្តិយស​របស់​គ្រូ​បង្រៀន​បាន​ធ្លាក់​ចុះ ដោយសារ​ប្រាក់​បៀវត្ស​តិចតួច និង​បង្ខំ​ចិត្ត​រក​របរ​ផ្សេង ដែល​ផ្ទុយ​ពី​ឆន្ទៈ​គ្រូ​បង្រៀន៖«ពីព្រោះ​យើង​គិត​មើល​ទំនិញ​ទីផ្សារ​បច្ចុប្បន្ន វា​អត់​តុល្យភាព​ជាមួយ​ទំនិញ​ទីផ្សារ បើ​ធៀប​ប្រាក់​បៀវត្ស ឬ​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ។ អ៊ីចឹង​ហើយ បាន​ជា​ធ្វើ​ឲ្យ​វិស័យ​អប់រំ​កាន់​តែ​ធ្លាក់​ដុនដាប​ទៅៗ ពី​១​ឆ្នាំ​ទៅ​១​ឆ្នាំ ចេះ​តែ​ធ្លាក់​កម្រិត។ សូម​កុំ​ឲ្យ​មាន​ការ​រើសអើង កុំ​ឲ្យ​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​លោកគ្រូ​អ្នកគ្រូ ឬ​មន្ត្រី​រាជការ​ផ្សេង​ទៀត។ បើ​កាល​ណា​មាន​ការ​រើសអើង ប្រទេស​យើង​នៅ​ក្នុង​ប្រព័ន្ធ​ការងារ​មួយ ឬ​កន្លែង​មួយ គឺ​អត់​មាន​ការ​រីក​ចម្រើន​នោះ​ទេ»។
វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី លោក ឡុង ឌីម៉ង់ មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ និង​មន្ត្រី​ក្រសួង​អប់រំ ជុំវិញ​សំណើ​យក​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​ពិភពលោក​របស់​សមាគម​គ្រូ​បាន​ទេ​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ច័ន្ទ ទី៧ ខែ​តុលា។
សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ឲ្យ​ដឹង​ថា គ្រូ​បង្រៀន​នៅ​ទូទាំង​ប្រទេស​ចាប់​ពី​ថ្នាក់​បឋម ដល់​ថ្នាក់​វិទ្យាល័យ សរុប​មាន​ចំនួន​ប្រមាណ ១០​ម៉ឺន ៥​ពាន់​នាក់។ ហើយ​ប្រាក់​បៀវត្ស​ជា​មធ្យម​ដែល​គ្រូ​បង្រៀន​ទទួល​បាន គឺ​សម្រាប់​គ្រូ​បឋម ទទួល​បាន​ប្រមាណ ៦០​ដុល្លារ​ក្នុង​១​ខែ។ គ្រូ​អនុវិទ្យាល័យ​ជា​មធ្យម ទទួល​បាន ៨០​ដុល្លារ និង​គ្រូ​វិទ្យាល័យ ទទួល​បាន​ប្រាក់​ខែ​ជា​មធ្យម​ជាង ១០០​ដុល្លារ​ក្នុង​១​ខែ៕

No comments:

Post a Comment

yes