សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 16, 2013

ប្រតិកម្ម​ជុំ​វិញ​ការ​តែង​តាំងញឹកប៊ុនឆៃជាទីប្រឹក្សា​ថ្មី​របស់​រដ្ឋាភិបាល

លោក ញឹក ប៊ុនឆៃ នៅក្នុងវេទិកាមួយ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស 
កាលពីថ្ងៃទី២២ខែកក្កដាឆ្នាំ២០១០ ក្នុងខេត្តបន្ទាយមានជ័យ។ (រូបថត CCHR)

អគ្គលេខាធិការគណបក្សហ្វ៊ុន ស៊ិនប៉ិនលោក ញឹកប៊ុនឆៃ ត្រូវបានព្រះមហាក្សត្រនៃប្រទេសកកម្ពុជា បានតែងតាំង​ជា​ទីប្រឹក្សារាជរដ្ឋាភិបាល ដែលមានឋានៈស្មើនឹងឧបនាយករដ្ឋមន្រ្តី។ ភ្លាមៗបន្ទាប់មានការតែងតាំងបែបនេះ អ្នកវិភាគ សង្គម​ស៊ីវិល និងមន្រ្តីបក្សប្រឆំាងបានបញ្ចេញទស្សនៈផ្សេងៗគ្នា អំពីមូលហេតុដែលនាំឲ្យរដ្ឋាភិបាលតែងតាំងលោក ញឹក ប៊ុនឆៃ ក្នុងជួរដ្ឋាភិបាលនេះ។

ដំបូងឡើយគ្រប់គ្នាគិតថា មន្រ្តីកំពូលៗគណបក្សហ្វុន ស៊ិនប៉ិច នៅក្នុងអាណត្តិថ្មីនេះ ទំនងជាបាន​បង់​​ដំណែងអស់ហើយ ជាមួយរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បន្ទាប់ពីគណបក្សរាជានិយម ហ្វុន ស៊ិនប៉ិច មួយនេះ​បាន​ទទួលបរាជ័យ​យ៉ាង​ជូចត់ជាប្រវត្តិសាស្រ្ត ដោយមិនទទួលបានមួយ​កៅ​អី​ទាល់តែសោះ នៅក្នុងការបោះឆ្នោតជ្រើសតាំង​តំណាងរាស្រ្តនីតិកាល​ទី ៥ នេះ។ 


មន្រ្តីកំពូលៗនៅក្នុងគណបក្សនេះ មានជាអាទិ៍លោក ញឹម ប៊ុនឆៃ អគ្គលេខាធិការ​គណបក្ស លោក កែវ ពុទ្ធរស្មី ត្រូវជាស្វាមីសម្ដេចព្រះអនុជ នរោត្តម អារុណរស្មី និងលោក សៅ រ៉ានី អតីតមន្រ្តីគណ​បក្ស​នរោត្តម ឬណរិទ្ធ ដែលបានចុះ​ចូលជាមួយគណបក្សហ្វុន ស៊ិន ប៉ិច សុទ្ធតែត្រូវបានរដ្ឋាភិបាល​លោក ហ៊ុន សែន តែងតាំង​ឲ្យមានតួនាទីខ្ពស់ៗនៅក្នុងអណត្តិថ្មីនេះ។

នៅក្នុងចំណោមមន្រ្តីកំពូលៗបក្សរាជានិយមទាំងនោះ តួអង្គសំខាន់បំផុត ដែលគេចាប់អារម្មណ៍​ជាង​គេនោះគឺ លោក ញឹក ប៊ុនឆៃ អតីតឧបនាយករដ្ឋមន្រ្តី ដែលជាអ្នកមានមុខម៉ាត់​គ្រាន់បើដែរ​នោះ នៅក្នុងរដ្ឋាភិបាល លោក ហ៊ុន សែន កាលពី​អាណត្តិមុនៗ។ លោក ញឹក ប៊ុនឆៃ ដែលកាលពី​ពេល​ថ្មីៗនេះ ត្រូវបានព្រះមហាក្សត្រ បានចេញព្រះរាជសារតែងតាំង​ឲ្យ​ក្លាយជាទីប្រឹក្សារបស់​លោក ហ៊ុន សែន ដែលមានឋានៈស្មើនឹងឧបនាយករដ្ឋមន្រ្តី នៅក្នុងអាណត្តិទី ៥ នេះ។ ជុំវិញការ​តែង​តាំងលោក ញឹក ប៊ុនឆៃ នេះ បានធ្វើឲ្យមានការបកស្រាយខុសៗគ្នា ថាតើមានមូលហេតុអ្វី​បាន​ជារដ្ឋាភិបាលកម្ពុជា នៅតែតែងតាំងលោក ញឹម ប៊ុនឆៃ ឲ្យមានដំណែងខ្ពស់បែបនេះ ខណៈពេល​ដែលមន្រ្តីគណបក្សហ្វ៊ុន ស៊ិនប៉ិចមួយ​ចំនួន​ទៀត ដែលធ្លាប់មានតួនាទីខ្ពស់ៗដែរនោះ ទំនងជាត្រូវ​បាត់​បង់ដំណែងអស់ ដោយសារតែគណបក្សនេះចាញ់ឆ្នោត?

អ្នកវិភាគព្រឹត្តិការណ៍សង្គមនៅកម្ពុជា លោក បណ្ឌិត កែម ឡី បានធ្វើអត្ថាធិប្បាយប្រាប់​ទស្សនាវដ្ដី​មនោរម្យព័ងអាំងហ្វូនៅថ្ងៃនេះថា មូលហេតុដែលលោក ហ៊ុន សែន នៅតែឲ្យលោក ញឹក ប៊ុនឆៃ មានតួនាទីជាន់ខ្ពស់ ដោយសារតែលោក ញឹក ប៊ុនឆៃ មានថវិកាច្រើន ពីព្រោះលោកមានដំ​ណែង​

ជា​អគ្គលេខាធិការបក្ស ដែលក្តោបក្តាប់ថវិកា និងអាចជួយ​ដល់គណបក្ស​ប្រជាជនកម្ពុជាផងដែរ។ អ្នកវិភាគរូបនេះ បានមើលឃើញសេនារីយោមួយផ្សេងទៀត គឺលោក ញឹក ប៊ុនឆៃ ក៏មាន​ប្រជា​ប្រិយភាពច្រើនទៅលើកងទាហាន ជាពិសេសនៅខេត្តបន្ទាយមានជ័យ ដែលមានទាហានមួយ​ចំនួន​​លោកធ្លាប់​ថែរក្សា ធ្លាប់តស៊ូជាមួយ ធ្លាប់ដឹកនាំ ដែលជាហេតុធ្វើឲ្យក្រុមទាហានទាំងនោះ នៅតែគោរពស្ម័គ្រស្មោះនឹងលោក ញឹក ប៊ុន ឆៃ និងធ្វើឲ្យរដ្ឋាភិបាលមិនអាចដោះដៃចោលលោក ញឹម ប៊ុនឆៃ និងគណបក្សហ្វ៊ុន ស៊ិនប៉ិច បាននោះទេ។

រីឯលោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល បានយល់ឃើញថា មូលហេតុដែលលោក ហ៊ុន សែន យកលោក ញឹក ប៊ុនឆៃ ជាទីប្រក្សានេះ គឺចង់បង្ហាញថា គណបក្សប្រជាជនកម្ពុជា នៅ​តែបន្តសហប្រតិបត្តិការជាមួយគណបក្ស ហ្វ៊ុន ស៊ិនប៉ិច ជាពិសេសជាមួយរូបលោក ញឹក ប៊ុនឆៃ តែម្តង ដែលលោក គល់ បញ្ញា អះអាងថា មានរឿងស៊ីជម្រៅនៅក្នុងហ្នឹង ដែលគេមិនបានដឹង។ 

លោក បញ្ញា បន្តថា តាមផ្លូវច្បាប់ បើទោះបីជាលោក ញឹក ប៊ុនឆៃ មានតួនាទីជាទីប្រឹក្សា ដែលមាន​ឋានៈស្មើឧបនាយករដ្ឋមន្រ្តីក៏ដោយ ក៏លោក ញឹក ប៊ុនឆៃ មិនអាចមានសមាសភាពជាសមាជិក​រដ្ឋាភិ​បាលឡើយ ពីព្រោះ​តែគណបក្សហ្វ៊ុន ស៊ិនប៉ិច មិនទទួលបានអាសនៈនៅក្នុងសភា។

ចំណែកលោក  អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានហៅការតែងតាំងនេះថា ជាការអត់ប្រយោ​ជន៍​​នោះ​ទេ ដែលធ្វើឲ្យចំណាយថវិកាជាតិច្រើនមិនចំទិសដៅ។ លោក បុញ្ញាឫទ្ធិ បានហៅរដ្ឋាភិ​បាលបច្ចុប្បន្ននេះថា ជារដ្ឋាភិបាល​«ក្បាលធំខ្លួនតូច» ដោយលោកទទូចឲ្យមានការកំណែទម្រង់ ដូចជាការអះអាងរបស់លោក ហ៊ុន សែន កាលពីពេល​កន្លង​ទៅ។

មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលមិនអាចសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃនេះ។ តែលោក ញឹក ប៊ុនឆៃ ដែល​ជា​តួ​អង្គ ត្រូវបាន​ព្រះមហាក្សត្រតែងតាំងនោះបានអះអា​ងថា លោកមានការ​សប្បាយចិត្ត​ណាស់ ដែលរដ្ឋាភិបាលសម្រេចយក​លោក​ឲ្យធ្វើ​ជាទីប្រឹក្សា ដើម្បីមានឧិកាសរួមចំណែក នៅក្នុង​ការ​កសាងប្រទេសជាតិជាមួយរដ្ឋាភិបាលជាថ្មីទៀត។

លោក ញឹក ប៊ុនឆៃ ដំបូងឡើយត្រូវបានគេស្គាល់ថា ធ្លាប់ជាមនុស្សជំនិតសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតប្រធាន​គណបក្សហ្វ៊ុនស៊ិនប៉ិច។ នៅក្នុងព្រឹត្តិការណ៍ឆ្នាំ ៥-៦កក្កដា ឆ្នាំ១៩៩៧ នៅ​ពេលដែលការផ្ទះអាវុធ ដាក់គ្នា​រវាង​ខ្មែរនឹង​ខ្មែរ​គ្នាឯង ឬអ្នកខ្លះហៅថា ជារដ្ឋប្របហារទម្លាក់ទ្រង់​រណរិទ្ធ ពីដំណែងជានាយករដ្ឋមន្រ្តីទី ១ នោះ លោក ញឹក ប៊ុនឆៃ នេះ​ហើយ ជាអ្នកកាន់កងទ័ព​ខាង​សម្តេចក្រុមព្រះ ប្រយុទ្ធជាមួយនឹងកងទ័ពលោក ហ៊ុន សែន។ តែក្រោយៗមកលោក ញឹក ប៊ុនឆៃ បានបែកបាក់គ្នាជាមួយទ្រង់ រណរិទ្ធ  និងបានចុះចូលជាមួយលោក ហ៊ុន សែន ព្រមទាំ​ង​ត្រូវ​បានរដ្ឋាភិបាលលោក ហ៊ុន សែន តែងតាំងជាឧបកនាយករដ្ឋមន្រ្តីចាប់តាំពីឆ្នាំ ២០០៤ មក។ ទើបតែ២០១៣ នេះទេ ដែលលោក ញឹក ប៊ុនឆៃ ត្រូវបានលោក ហ៊ុន សែន យកមកធ្វើជាទីប្រឹក្សា ដែលគ្រាន់តែមានឋានៈស្មើឧបនាយករដ្ឋមន្រ្តី។

គួរកត់សម្គាល់ថា លោក ញឹក ប៊ុនឆៃ ធ្លាប់បានក្លាយជាប្រមុខរដ្ឋស្តីទីម្តង កាលពីថ្ងៃទី ១៣ ខែកក្ក​ដា ឆ្នាំ ២០០៤ ដោយ​បាន​ចុះហត្ថលេខាលើច្បាប់រដ្ឋធម្មនុញ្ញបន្ថែម ដែលមាន៧ មាត្រា ដើម្បីធានា​នូវដំណើរការ ជាប្រក្រតីនៃស្ថាប័នជាតិ ហើយ​បញ្ហាជាប់គាំងខាង នយោបាយត្រូវបានដោះ​ស្រាយ​ជា​ប្រក្រតីឡើងវិញ។ ការចុះហត្ថលេខាលើច្បាប់​រដ្ឋធម្មនុញ្ញ​បន្ថែម ក្នុងនាមជាប្រមុខរដ្ឋស្តីទីនេះ ត្រូវគេដឹងថា គឺដោយសារតែអតីតព្រះមហាវីរៈក្សត្រ នរោត្ដម សីហនុ ទ្រង់មិនចង់​ឡាយ​ព្រះហស្ថ ពីព្រោះច្បាប់នោះបង្កភាពចំណេញ ឲ្យលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា៕
---------------------------------------
ដោយ៖ ជា ធីរិទ្ធ - ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

No comments:

Post a Comment

yes