សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 20, 2013

អ្នក​វិនិយោគទុន​វៀតណាម​ព្រមាន​ឲ្យ​ប្រុង​ប្រយ័ត្ន​មុន​មក​ដាក់​ទុន​នៅ​កម្ពុជា

ក្រុមហ៊ុន​វៀតណាម ៦១០
ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ដើម ដាយ ដុង យឿង (Dai Dong Duong) 
លោក ហ្វាម ទៀងយ៉ុង (Pham Tien Dung) ក្នុង​សន្និសីទ​កាសែត
 កាល​ពី​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៣

អ្នក​វិនិយោគ​វៀតណាម នៅ​កម្ពុជា បាន​អំពាវនាវ​អោយ​អ្នក​វិនិយោគ​បរទេស​ផ្សេង​ទៀត​មាន​ការ​ប្រុង​ប្រយ័ត្ន មុន​មក​ធ្វើ​វិនិយោគ​នៅ​កម្ពុជា ប្រសិន​បើ​តុលាការ​មិន​អាច​រក​យុត្តិធម៌​អោយ​ក្រុមហ៊ុន​របស់​គេ​បាន ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​ទាក់ទង​នឹង​ករណី​ក្លែង​បន្លំ​ឯកសារ លួច​យក​ក្រុមហ៊ុន​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ដោយ​ជនជាតិ​វៀតណាម ដូច​គ្នា។

អ្នក​វិនិយោគ​វៀតណាម ម្នាក់​ឈ្មោះ ហ្វាម ទៀងយ៉ុង (Pham Tien Dung) ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ដើម ដាយ ដុង យឿង (Dai Dong Duong) ដែល​អះអាង​ថា ក្រុមហ៊ុន​លោក​រង​អំពើ​អយុត្តិធម៌​ក្នុង​សំណុំ​រឿង​ក្លែង​បន្លំ​ឯកសារ​ដោយ​ជនជាតិ​វៀតណាម ឈ្មោះ ដាវ វ៉ាន់ទាន់ បាន​សំណូម​ពរ​អោយ​រដ្ឋាភិបាល និង​សាលា​ជម្រះ​ក្តី​កម្ពុជា ស្វែង​រក​យុត្តិធម៌​អោយ​ក្រុមហ៊ុន​លោក​ឡើង​វិញ។ លោក​ថា ភាព​អយុត្តិធម៌​អាច​បង្កើត​អោយ​មាន​ការរិះគន់​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ មក​លើ​គ្រប់​ស្ថាប័ន​នៃ​ប្រទេស​កម្ពុជា ថា​គ្មាន​ការ​ការពារ​ដល់​អ្នក​វិនិយោគ​ស្លូត​ត្រង់។
លោក ហ្វាម ទៀងយ៉ុង បាន​អោយ​ដឹង​នៅ​ក្នុង​សន្និសីទ​កាសែត នា​ថ្ងៃ​ទី​១៨ ខែ​តុលា ឆ្នាំ​២០១៣ ថា ក្រុមហ៊ុន​របស់​លោក​ត្រូវ​បាន​បង្កើត​ឡើង​នៅ​វៀតណាម នៅ​ឆ្នាំ​២០០៨ និង​បាន​បង្កើត​សាខា​ក្រុមហ៊ុន​មួយ​នៅ​កម្ពុជា នៅ​ឆ្នាំ​២០០៩ ដែល​មាន​ឈ្មោះ​ថា ក្រុមហ៊ុន បុត្រ សម្ព័ន្ធ ដាយ ដុង យឿង ដើម្បី​ធ្វើ​វិនិយោគ​លើ​ដំណាំ​កសិឧស្សាហកម្ម តាម​រយៈ​ការ​សុំ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​កម្ពុជា ប្រមាណ​ជា ៥.០០០​ហិកតារ នៅ​ខេត្ត​រតនគិរី។ លោក​ថា ក្រុមហ៊ុន​លោក​បាន​បោះ​ទុន​វិនិយោគ​សរុប ៥​លាន ៥​សែន​ដុល្លារ​អាមេរិក លើ​អាជីវកម្ម​នេះ ដែល​ក្នុង​នោះ ប្រាក់​ចំនួន ២​លាន ៧​សែន​ដុល្លារ ជា​ដើម​ទុន​ក្រុមហ៊ុន និង ២​លាន ៨​សែន​ដុល្លារ​ផ្សេង​ទៀត ជា​ប្រាក់​ដែល​ខ្ចី​ពី​សមាជិក​ភាគ​ហ៊ុន។

លោក​បន្ត​ថា បន្ទាប់​ពី​បាន​បើក​ក្រុមហ៊ុន បុត្រ សម្ព័ន្ធ ដាយ ដុង យឿង នៅ​កម្ពុជា ក្រុមហ៊ុន​បាន​សម្រេច​តែង​តាំង​ឈ្មោះ ដាវ វ៉ាន់ទាន់ ជនជាតិ​វៀតណាម អោយ​ឈរ​ឈ្មោះ​ជា​នាយក​សាខា​ក្រុមហ៊ុន​នៅ​កម្ពុជា ដោយសារ​បុគ្គល​ឈ្មោះ ដាវ វ៉ាន់ទាន់ នេះ ស្គាល់​ស្ថានភាព​រក​ស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា ច្បាស់​លាស់។ លោក​បន្ថែម​ថា ក្រោយ​មក ស្រាប់​តែ​បុគ្គល ដាវ វ៉ាន់ទាន់ បាន​ធ្វើ​សកម្មភាព​ក្លែង​ហត្ថលេខា​របស់​លោក ធ្វើ​ជា​លិខិត​ក្លែង​បន្លំ​ថា ប្រធាន​ក្រុមហ៊ុន​ដើម​នៅ​ប្រទេស​វៀតណាម យល់ព្រម​ផ្ទេរ​ភាគ​ហ៊ុន​ទាំងអស់ ទៅ​ក្នុង​ក្រុមហ៊ុន បុត្រ សម្ព័ន្ធ នៅ​កម្ពុជា ព្រម​ទាំង​ផ្ទេរ​រាល់​សិទ្ធិ​សម្រេច​ផ្សេងៗ​នៃ​ក្រុមហ៊ុន បុត្រ សម្ព័ន្ធ នៅ​កម្ពុជា អោយ​ទៅ​ឈ្មោះ ដាវ វ៉ាន់ទាន់ ទាំង​ស្រុង។
បន្ទាប់​ពី​បាន​ដឹង​អំពី​ល្បិចកល​របស់​បុគ្គល ដាវ វ៉ាន់ទាន់ ក្រុមហ៊ុន​ដើម ដាយ ដុង យឿង នៅ​វៀតណាម បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ខែ​មីនា ឆ្នាំ​២០១៣។ បន្ទាប់​ពី​ការ​ជំនុំ​ជម្រះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ដាក់​គុក​ឈ្មោះ ដាវ វ៉ាន់ទាន់ ចំនួន ២​ឆ្នាំ ៦​ខែ និង​បង្គាប់​អោយ​ចាប់​ខ្លួន​ជន​ជាប់​ចោទ ព្រម​ទាំង​បង្គាប់​អោយ​ប្រគល់​ដី​សម្បទាន​សេដ្ឋកិច្ច​អោយ​ក្រុមហ៊ុន​គ្រប់គ្រង​វិញ និង​បង្គាប់​អោយ​សង​ជំងឺ​ចិត្ត ៨​សែន​ដុល្លារ​អាមេរិក អោយ​ក្រុមហ៊ុន​ដើម។
ក្រុមហ៊ុន ដាយ ដុង យឿង នៅ​ប្រទេស​វៀតណាម បាន​យល់​ស្រប​ចំពោះ​ការ​សម្រេច​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ប៉ុន្តែ​ដោយសារ​រឿង​ក្តី​ទាក់ទង​នឹង​ការ​ឃុំ​ខ្លួន​កន្លង​មក ត្រូវ​បាន​សាលា​ឧទ្ធរណ៍​បាន​សម្រេច​ធ្វើ​ការ​ដោះ​លែង ឈ្មោះ ដាវ វ៉ាន់ទាន់ ទើប​ធ្វើ​អោយ​ក្រុមហ៊ុន​ដើម ដាយ ដុង យឿង មាន​ក្តី​បារម្ភ​ចំពោះ​បញ្ហា​នេះ។
លោក ហ្វាម ទៀងយ៉ុង ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ដើម ដាយ ដុង យឿង បាន​និយាយ​ថា ការ​សម្រេច​ដោយ​អយុត្តិធម៌​នេះ អាច​បង្កើត​អោយ​មាន​ភាព​ច្របូកច្របល់ អស្ថិរភាព​ផ្នែក​សេដ្ឋកិច្ច និង​នាំ​អោយ​មាន​ការ​បាត់​បង់​ទំនុក​ចិត្ត​ពី​អ្នក​វិនិយោគ​ក្រៅ​ប្រទេស ហើយ​ជា​ចុង​ក្រោយ ចោរ​ក្លាយ​ទៅ​ជា​ម្ចាស់​ភាគ​ហ៊ុន ចោរ​ក្លាយ​ជា​អ្នក​វិនិយោគ តាម​រយៈ​ទំនាក់ទំនង​ល្អ​រវាង​ចោរ និង​អ្នក​ការពារ​ចោរ។ លោក​ថា លោក​នៅ​តែ​មាន​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ប៉ុន្តែ​លោក​អាច​នឹង​ទៅ​ប្រាប់​អ្នក​វិនិយោគ​បរទេស​ផ្សេង​ទៀត អោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ពេល​ចង់​មក​ធ្វើ​ការ​វិនិយោគ​នៅ​កម្ពុជា។
លោក ហ្វាម ទៀងយ៉ុង៖ «ប្រសិន​បើ​ក្រុមហ៊ុន​យើង​ខ្ញុំ​មិន​ទទួល​បាន​យុត្តិធម៌​ទេ ប្រសិន​ជា​ប្រព័ន្ធ​តុលាការ​មិន​ផ្ដន្ទាទោស ដាវ វ៉ាន់ទាន់ ជា​ជន​ជាប់​ចោទ​នោះ​អោយ​បាន​ត្រឹមត្រូវ​ទេ មិន​ធ្វើ​អោយ​យើង​ខ្ញុំ​មាន​ការ​រារែក​ចិត្ត​នៅ​ស្រុក​ខ្មែរ​ដែរ មិន​តែ​ប៉ុណ្ណោះ យើង​ខ្ញុំ​អាច​និយាយ​ជាមួយ​មិត្តភក្ដិ​អ្នក​វិនិយោគ​ក្នុង និង​ក្រៅ​ប្រទេស អោយ​មាន​ការ​ប្រយ័ត្នប្រយែង​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា ប្រសិន​បើ​អ្នក​វិនិយោគ​សុចរិត​មិន​ទទួល​បាន​ការ​ការពារ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា»
លោក ហ្វាម ទៀងយ៉ុង សង្ឃឹម​ថា រាជ​រដ្ឋាភិបាល​កម្ពុជា​ថ្មី​នឹង​មាន​ការ​កែ​ទម្រង់​តាម​អ្វី​ដែល​រដ្ឋាភិបាល​សន្យា។ លោក​ក៏​មាន​ជំនឿ​ផង​ដែរ​ថា នឹង​មាន​ការ​កែប្រែ​អោយ​បាន​ល្អ​នូវ​ប្រព័ន្ធ​យុត្តិធម៌​ល្អ​ជាង​មុន ដើម្បី​ធ្វើ​អោយ​អ្នក​វិនិយោគ​ស្មោះត្រង់​ដូច​ពួក​លោក មាន​ក្តី​សង្ឃឹម​ទៅ​ថ្ងៃ​អនាគត៕

No comments:

Post a Comment

yes