សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, November 20, 2013

គណបក្ស​ជាតិ​និយម​ចង់​ផ្តាច់​ពី​ហ៊្វុន​ស៊ិន​ប៉ិច​ដើម្បី​ឯករាជភាព​បក្ស

មន្រ្តី​របស់​គណបក្ស​ជាតិ​និយម (NP) ដែល​បាន​ច្របាច់​បញ្ចូល​ជាមួយ​គណបក្ស​រាជានិយម ហ៊្វុន​ស៊ិន​ប៉ិច បាន​និយាយ​ថា សមាជិក​បក្ស​ភាគ​ច្រើន​បាន​ជំរុញ​ឲ្យ​ក្រុម​មេ​ដឹក​នាំ​របស់​ពួក​គេ​ផ្តាច់​ខ្លួន​ពី ហ៊្វុន​ស៊ិន​ប៉ិច ហើយ​ត្រឡប់​មក​ដឹក​នាំ​គណបក្ស​នេះ​ដើម្បី​ធានា​ឯករាជភាព​របស់​ខ្លួន។
អតីត​អ្នក​នាំ​ពាក្យ​គណបក្ស នរោត្តម រណឫទ្ធិ (NRP) ពី​ចន្លោះ​ឆ្នាំ ២០០៦ ដល់ ២០០៨ លោក មុត ចន្ថា ដែល​ពេល​នេះ​ត្រូវ​បាន​តែង​តាំង​ជា​អគ្គលេខា​គណបក្ស​ជាតិ​និយម បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា បើ​ទោះ​បី​សមាជ​គណបក្ស​កាល​ពី​សប្តាហ៍​មុន មាន​ការ​ចូល​រួម​ពី​អ្នក​តំណាង និង​សមាជិក​ក្រុម​ប្រឹក្សា​ទាំង ២២ ខេត្ត-ក្រុង និង​ស្រុក​ក៏​ដោយ ក៏​ពួក​គេ​នូវ​បាន​ជំរុញ​ឲ្យ​ក្រុម​មេ​ដឹក​នាំ​គណបក្ស​ជាតិ​និយម ត្រឡប់​មក​ដឹក​នាំ​គណបក្ស​នេះ​វិញ ដោយ​បាន​ធ្វើ​ការ​កត់​សម្គាល់​ឃើញ​ថា សមាជិក​ទាំង​នោះ មិន​ចង់​ឲ្យ​គណបក្ស​ជាតិ​និយម ស្ថិត​នៅ​ក្រោម​គណបក្ស​រាជា​និយម ហ៊្វុន​ស៊ិន​ប៉ិច ទេ។
លោក មុត ចន្ថា បាន​មាន​ប្រសាសន៍​ថា៖ «សមាជិក សមាជិកា​គណបក្ស ៩០ ភាគរយ បាន​ទាមទារ​ឲ្យ​ក្រុម​មេ​ដឹក​នាំ​គណបក្ស​ជាតិ​និយម​ពិចារណា​ឡើង​វិញ អំពី​ការ​ចង​សម្ព័ន្ធភាព​ជាមួយ​និង ហ៊្វុន​ស៊ិន​ប៉ិច។ ពួក​គេ​ចង់​បាន​គណបក្ស​មួយ​ដែល​មាន​ឯករាជភាព​និង​ហ៊ាន​និយាយ​អ្វី ដែល​ជា​ការ​ពិត​។ ខ្ញុំ យល់​ឃើញ​ថា ការ​បង្កើត​គណបក្ស​នយោបាយ គឺ​ត្រូវ​តែ​ឯករាជ្យ ហើយ​ក៏​មិន​អាច​ស្ថិត​នៅ​ក្រោម​នរណា​ម្នាក់​បាន​ដែរ»។

លោក ផេង ហេង ជា​អតីត​អគ្គ​លេខាធិការ​រង​គណបក្ស​ជាតិ​និយម ត្រូវ​បាន​តែង​តាំង​ជា​សមាជិក​គណៈកម្មាធិការ​អចិន្រៃ្តយ៍​របស់ គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច និង​ជា​ទីប្រឹក្សា​រាជ​រដ្ឋាភិបាល បន្ទាប់​ពី​គណបក្ស​ជាតិ​និយម បាន​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច ហើយ​នៅ​ពេល​នេះ​បាន​ផ្តាច់​ខ្លួន​ពី ហ៊្វុន​ស៊ិន​ប៉ិច ដើម្បី​ក្លាយ​ជា​មេ​គណបក្ស ជាតិ​និយម​វិញ​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ម្សិលមិញ អំពី​មូលហេតុ​ដែល​លោក​ផ្តាច់​ខ្លួន​ពី ហ៊្វុន​ស៊ិន​ប៉ិច ដើម្បី​មក​ដឹកនាំ​គណបក្ស​ជាតិ​និយម​ថា គឺ​ដោយ​សារ​តែ​មាន​សំណើ​ពី​សមាជិក​ជាច្រើន​នៅ​តាម​ខេត្ត ក្រុង និង ស្រុក។
លោក​អះអាង​បន្ថែម​ថា សមាជិក​ជាច្រើន​របស់ NP នៅ​មូលដ្ឋាន មាន​ការ​លំបាក​ច្រើន​នៅ​ក្នុង​ការ​បំពេញ​កិច្ចការ​នយោបាយ​ជាមួយ ហ៊្វុន​ស៊ិន​ប៉ិច ព្រោះ​សមាជិក​របស់​បក្ស​ទាំង​ពីរ ទំនង​ជា​មិន​យល់​គ្នា។
នៅ​ពេល​គេ​សួរ​ថា តើ​គោល​ជំហរ​របស់​គណបក្ស​ជាតិ​និយម នឹង​រួម​កម្លាំង​ជាមួយ​បក្ស​ប្រឆាំង​សង្គ្រោះ​ជាតិ​ឬ​អត់? លោក ផេង ហេង បាន​ឆ្លើយ​ថា៖ «ខ្ញុំ ជា​កូន​របស់​ប្រជា​ពលរដ្ឋ។ ខ្ញុំ​ដឹក​នាំ​ទាល់​តែ​មាន​ខ្នង គឺ​ប្រជា​ពលរដ្ឋ ដូច្នេះ​ខ្ញុំ ត្រូវ​ការ​គំនិត​របស់​ប្រជា​ពលរដ្ឋ គំនិត​របស់​សកម្មជន។ ប្រសិន​បើ​មតិ​ភាគ​ច្រើន​តម្រូវ​ឲ្យ​ធ្វើ​អ្វី​នោះ​ខ្ញុំ​នឹង​ធ្វើ​តាម»។
ទាក់​ទិន​និង​ការ​ចង់​បំបែក​បក្ស​វិញ​នេះ​លោក ទុំ សម្បុរ អ្នក​នាំ​ពាក្យ​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច បាន​បញ្ជាក់​ថា ហ៊្វុន​ស៊ិន​ប៉ិច មិន​មាន​ការ​បែក​បាក់​ទេ ហើយ​ថា ការ​ផ្តាច់​ខ្លួន​នេះ គឺជា​បញ្ហា​របស់​បុគ្គល វា​មិន​មែន​ជា​បញ្ហា​របស់​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច ទេ។
លោក សម្បុរ បាន​បញ្ជាក់​ថា៖ «នេះ​ជា​សំឡេង​ភាគ​ច្រើន​តែ​ម្ខាង​ដែល​ពួក​គេ​ចង់​ទៅ​។ ខ្ញុំ ធានា​ថា ហ៊្វុន​ស៊ិន​ប៉ិច មិន​មាន​បញ្ហា​ទេ​។ ហ៊្វុន​ស៊ិន​ប៉ិច នៅ​តែ​ជា ហ៊្វុន​ស៊ិន​ប៉ិច»៕ 

No comments:

Post a Comment

yes