សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, November 20, 2013

របាយ​ការណ៍​មួយ​ថាក្រុមហ៊ុនទ្រីភាពធ្វើ​ឲ្យ​អន្តរាយ​ព្រៃ​ឈើ​នៅ​កម្ពុជា

ELC1
ផ្នែកខ្លះនៃដីព្រៃសម្បទានដែលត្រូវបានកាប់ ឈូសឆាយ 
ដោយក្រុមហ៊ុន ទ្រី ភាព នៅក្នុងខេត្តកំពង់ធំ។ រូបថត សហការី
អង្គការ​ក្រុម​កិច្ចការ​ពិសេស សិទ្ធិ​មនុស្ស​កម្ពុជា បាន​ចេញ​របាយ​ការណ៍​មួយ ដោយ​អះអាង​ថា ក្រុមហ៊ុន​របស់​លោក ឧកញ៉ា ទ្រី ភាព ជា​ក្រុមហ៊ុន ដែល​មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​រដ្ឋាភិបាល ដែល​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច ជិត ៧ ម៉ឺន​ហិកតា តាម​រយៈ​ការ​បំបែក​ក្រុមហ៊ុន​តូចៗ​ចំនួន ១៥ គឺជា​ក្រុមហ៊ុន ដែល​រក​ស៊ី​នាំ​ឈើ​ទៅ​ក្រៅ​ប្រទេស​ជា​ជាង​ការ​វិនិយោគ​នៅ​លើ​ដី​សម្បទាន ដែល​ទទួល​បាន​ពី​រដ្ឋាភិបាល។
នៅ​ក្នុង​របាយ​ការណ៍​កម្រាស់ ៥២ ទំព័រ ដែល​នឹង​ត្រូវ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ ហើយ​ភ្នំពេញ ប៉ុស្តិ៍ ទទួល​បាន​កាល​ពី​ម្សិលមិញ មាន​ទាំង​រូបភាព​បញ្ជាក់​អំពី​សកម្មភាព​ប្រមូល​ទិញ​ឈើ និង​ដឹក​ជញ្ជូន​ឈើ​របស់​ក្រុមហ៊ុន លោក ឧកញ៉ា ទ្រី ភាព ដោយ​ភ្ជាប់​ស្លាក​សញ្ញា​របស់​ក្រុមហ៊ុន និង​លេខ​សំគាល់​នៅ​ក្បាល​រថយន្ត​ផ្នែក​ខាង​លើ ១១៦៨។ របាយ​ការណ៍​នេះ អះអាង​ថា ក្រុមហ៊ុន លោក ទ្រី ភាព បាន​ធ្វើ​អាជីវកម្ម​កាប់​ឈើ និង​ដឹក​ជញ្ជូន​ឈើ​ប្រណីត​នៅ​គ្រប់​តំបន់​ព្រៃ​ឈើ​ទូទាំង​ប្រទេស​ដោយសារ​ក្រុមហ៊ុន​នេះ មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ ជាមួយ​រដ្ឋាភិបាល និង​មាន​សម័្ពន្ធ​មេត្រីភាព ជាមួយ​កម្លាំង​ប្រដាប់​អាវុធ មន្ត្រី​បរិស្ថាន មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ មន្ត្រី​អភិរក្ស ក្រសួង ឧស្សាហកម្ម ក្រសួង កសិកម្ម និង​ក្រុមហ៊ុន ភាពីម៉ិច តាម​រយៈ​កិច្ច​ព្រម​ព្រៀង ស្តី​ពី​ការ​ចង​សម័្ពន្ធ​មេត្រីភាព​រវាង​ក្រុមហ៊ុន​មន្ត្រី​រដ្ឋាភិបាល និង​កង​កម្លាំង​ប្រដាប់​អាវុធ​ចុះ​ថ្ងៃ ទី២២ ខែ កុម្ភៈ ឆ្នាំ ២០១០។

របាយ​ការណ៍​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ក្រុមហ៊ុន ទ្រី ភាព ត្រូវ​បាន​រដ្ឋាភិបាល ផ្តល់​អាជ្ញាប័ណ្ណ ប្រមូល​ទិញ​ឈើ​ពី​គ្រប់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​មាន ២៧ តំបន់​នៃ​ខេត្ត​ចំនួន ១២ ដែល​គ្រប​ដណ្តប់​ដោយ​ព្រៃ​ឈើ ក្នុង​នោះ មាន​គម្រោង​អភិវឌ្ឍន៍ និង​គម្រោង​សម្បទាន​សេដ្ឋកិច្ច។ គម្រោង​អភិវឌ្ឍន៍​ដូចជា ឧទ្យានជាតិ រាម ខេត្ត ព្រះ​សីហនុ ព្រៃ​ខៀវ ស្ថិត​នៅ​ក្នុង​ស្រុក បី នៃ​ខេត្ត ក្រចេះ រតនគិរី តំបន់ ឧទ្យាន​ជាតិ វីរជ័យ ស្ថិត​នៅ​ក្នុង​ស្រុក វ៉ឺនសៃ ស្រុក លំផាត់ ស្រុក អណ្តូងមាស និង​ស្រុក កូនមុំ​។ តំបន់ ច្រប ខេត្ត ស្ទឹងត្រែង មណ្ឌលគិរី នៅ​ស្រុក កែវសីមា និង​ស្រុក កោះញែក។ កំពង់ធំ ព្រៃឡង់ ព្រះវិហារ ស្រុក ឆែប ស្រុក ជ័យ​សែន ស្រុក រវៀង និង​ដែន​ជម្រក​សត្វ​ព្រៃ បឹង​ពែរ។ ខេត្ត កោះកុង​តំបន់​ភ្នំ សំកុស ក្នុង​ស្រុក បុទុម​សាគរ​។ ខេត្ត ពោធិ៍សាត់ ស្រុក ភ្នំក្រវាញ ស្រុក វាលវែង និង​ស្រុក ថ្មដា។ ខេត្ត សៀមរាប ឧទ្យានជាតិ​ភ្នំ គូលែន ខេត្ត ឧត្តរ​មាន​ជ័យ ស្រុក អន្លង់វែង ព្រៃ ស្អាក តំបន់​សង្ឃរុក្ខាវ័ន្ត ត្រពាំង​ប្រាសាទ និង​តំបន់​ភ្នំ ដងរ៉ែក។ ខេត្ត កំពង់ស្ពឺ ឧទ្យាន​ជាតិ ភ្នំ​ឱរ៉ាល់ និង​ខេត្ត កំពត ឧទ្យាន​ជាតិ​ភ្នំ បូកគោ។ ក្រៅ​អំពី​តំបន់​ផ្តាច់​មុខ​ទាំង​នេះ គឺ​មាន​ឃ្លាំង​ស្តុក​ឈើ​ធំៗ​ចំនួន ១៤ កន្លែង​ផ្សេង​ទៀត។
នៅ​ក្នុង​របាយ​ការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន ទ្រី ភាព បាន​ទទួល​ដី​សម្បាទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ចំនួន ៦៨ ០៨៨ ហិកតា​នៅ​ក្នុង​ខេត្ត​ចំនួន ១២ តាម​រយៈ​ការ​បំបែក​ឈ្មោះ​ជា​ក្រុមហ៊ុន តូចៗ ដោយ​ក្រុមហ៊ុន​ខ្លះ បាន​យក​ឈ្មោះ​អ្នក​ស្រី ម៉ៅ ម៉ុម ដែល​ជា​ភរិយា​របស់​លោក ទី្រ ភាព មក​ឈរ​ឈ្មោះ។ ដី​ទាំង​នោះ មាន​ដូចជា​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស អូរយ៉ាដាវ ខេត្ត រតនគិរី ចំនួន ១៣៦ ហិកតា ស្រុក វាលវែង ខេត្ត ពោធិ៍សាត់​ចំនួន ៦៤៣៦ ហិកតា ឧទ្យាន​ជាតិ វីរជ័យ ស្ថិត​ក្នុង​ខេត្ត រតនគិរី ១៨ ៨៥៥ ហិកតា ដែន​ជម្រក​សត្វ​ព្រៃ បឹង​ពែរ ខេត្ត ព្រះវិហារ ៩ ៩១៦ ហិកតា ភ្នំ សំកុស ខេត្ត ពោធិ៍សាត់ ១០ ៧៧៤ ហិកតា សិទ្ធ​សំអាត តំបន់​អាង​ទឹក​ទំនប់​វារី​អគ្គិសនី​ស្ទឹង តាតៃ ខេត្ត កោះកុង ៦ ៧៧១ ហិកតា សម្បទាន​រ៉ែ ស្ទឹងត្រែង ១៥ ០០០ ហិកតា​ដី​កោះ ទន្សាយ ខេត្ត កំពត ២០០ ហិកតា។
របាយ​ការណ៍​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «មូល​ហេតុ​ដែល​យើង​ធ្វើ​របាយ​ការណ៍​ផ្តោត​ទៅ​លើ​ក្រុមហ៊ុន ទ្រី ភាព តែ​មួយ គឺ​ដើម្បី​ធ្វើ​សេចក្តី​រាយការណ៍ ទៅ​រដ្ឋាភិបាល​ឲ្យ​ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់ និង​បង្ហាញ​ការ​ពិត ទៅ​ដល់​ប្រជាជន​កម្ពុជា​ឲ្យ​ដឹង​ថា តើ​ព្រៃឈើ​បាត់បង់​ដោយ​សារ​អ្នក​ណា? តើ​ការ​បាត់បង់​ព្រៃ​ឈើ​បណ្តាល​ឲ្យ​មាន​បម្រែ​បម្រួល​អាកាសធាតុ​យ៉ាង​ណា​ខ្លះ»។
លោក អ៊ូច ឡេង ប្រធាន​អង្គការ​ក្រុម​កិច្ចការ​ពិសេស សិទ្ធិ​មនុស្ស​កម្ពុជា​បាន​ថ្លែង​ថា ក្រុមហ៊ុន ទ្រី ភាព ពុំ​បាន​ប្រើ​ប្រាស់​ដី​សម្បទាន​សេដ្ឋកិច្ច​អភិវឌ្ឍន៍​ដំណាំ​កសិ-ឧស្សាហកម្ម ដូចជា​ដាំ​កៅស៊ូ និង​ដំណាំ​ម្រេច​ទៅ​តាម​គម្រោង​ផែនការ​របស់​ខ្លួន​នោះ​ទេ ដោយ​គ្រាន់​តែ​ដាំ​តិច​តួច​បំផុត ហើយ​ក្រុមហ៊ុន​បាន​យក​ដី ដែល​បាន​ផ្តល់​ដោយ​អនុក្រឹត្យ​ពី​រដ្ឋាភិបាល និង​រឹប​អូស​យក​ដី​ពី​ប្រជាជន ដើម្បី​ធ្វើ​ឃ្លាំង​ស្តុក​ឈើ​សម្រាប់​នាំ​ចេញ​ទៅ​ប្រទេស វៀតណាម តែ ប៉ុណ្ណោះ។
លោក​បាន​ថ្លែង​ទៀត​ថា៖ «មុខ​របរ​ចម្បង​បំផុត និង​ជា​នយោបាយ​របស់​ឧកញ៉ា ទ្រី ភាព គឺ​រក​ស៊ី​ឈើ ដោយ​ប្រើ​រូបភាព​ជ្រក​ក្រោម​ស្លាក​ដី​សម្បទាន​សេដ្ឋកិច្ច គឺ​ប្រើ​រូបភាព​គ្រប់​បែប​យ៉ាង ដើម្បី​ប្រមូល​ដឹក​ឈើ​ដោយ​ចំហ​ពី​កម្ពុជា ទៅ​ប្រទេស វៀតណាម»។
លោក​ឲ្យ​ដឹង​ទៀត​ថា សកម្មភាព​របស់​ក្រុមហ៊ុន ទ្រី ភាព បន្ទាប់​ពី​កាប់​ដើម​ឈើ​អស់ ក្រុមហ៊ុន​នេះ បាន​ជីក​កកាយ​យក​ឫស​ឈើ​មាន​តម្លៃ​ពី​តំបន់​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​ខ្លួន​កាន់​កាប់ និង​តំបន់​ដែល​ក្រុមហ៊ុន​នេះ ទិញ​ផ្តាច់​មុខ។ លើស​ពី​នេះ ក្រុមហ៊ុន ទ្រី ភាព បាន​ឈ្លាន​ពាន​ចូល​តំបន់​ព្រៃ​ការពារ និង​ព្រៃ​សហគមន៍ និង​បាន​ដើរ​ប្រមូល​ទិញ​ឈើ​ពី​ប្រជា​ពលរដ្ឋ នៅ​តាម​បណ្តា​ខេត្ត​ទាំង ១២ ដែល​ដឹក​តាម​រទេះ​គោ និង​ទិញ​ឈើ​ពី​ប្រជា​ពលរដ្ឋ ដែល​ឆ្លង​ដែន​ចូល​ទៅ​កាប់​គ្រញូង​តាម​ព្រំដែន ថៃ។ ក្រុមហ៊ុន​នេះ បាន​ចាត់​តាំង​មេការ​តាម​ទិស​ដៅ រង់ចាំ​ទិញ​និង​ប្រមូល​ដឹក​យក​ឈើ​ទៅ​ស្តុក​ទុក នៅ​ក្នុង​ឃ្លាំង​តាម​ទិស​ដៅ​នីមួយៗ បន្ទាប់​មក​ដឹក​ទៅ​ប្រទេស វៀតណាម ដែល​ភាគ​ច្រើន​ដឹក​ចេញ​តាម​ច្រក​សំខាន់ៗ​មួយ​ចំនួន ដូចជា តាម​ខេត្ត មណ្ឌលគិរី ច្រក អូយ៉ាដាវ រតនគិរី ច្រក ស្នួល ខេត្ត ក្រចេះ ច្រក អន្លង់​ជ្រៃ ខេត្ត ព្រៃវែង ច្រក កំពង់​ផែ ព្រះ​សីហនុ ច្រក កំពង់ផែ រាម ច្រក​សមុទ្រ​ខេត្ត កំពត ច្រក ដូង ៧ ដើម ច្រក របៀង​លេខ ១៩ ខាង​ក្រោយ​កាស៊ីណូ​ឧកញ៉ា ទ្រី ភាព។
លោក អ៊ូច ឡេង បាន​គូស​បញ្ជាក់​ថា៖ «ក្រុមហ៊ុន​នេះ បាន​ចិញ្ចឹម និង​ជួយ​ឧបត្ថម្ភ​កម្លាំង​ប្រដាប់​អាវុធ​មន្ត្រី​រាជការ នៅ​ក្នុង​តំបន់​ដី​សម្បទាន​របស់​ខ្លួន ដោយ​ជួយ​ឧត្ថម្ភ​សាងសង់​អគារ​រដ្ឋបាល មន្ទីរ ការិយាល័យ​គណបក្ស​ប្រជាជន ប៉ុន្តែ​ពុំ​បាន​ជួយ​ធ្វើការ​អភិវឌ្ឍ​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​ទាល់​តែ​សោះ»។
នៅ​ក្នុង​របាយ​ការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន ទី្រ ភាព មិន​បាន​អនុវត្ត​តាម​ខ្លឹមសារ​របស់​អនុក្រឹត្យ ស្តី​ពី​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស អនុក្រឹត្យ​ស្តី​ពី​ដីសម្បទាន​សេដ្ឋកិច្ច​នោះ​ទេ ទើប​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​កម្មសិទ្ធិ​ឯកជន​របស់​ប្រជា​ពលរដ្ឋ ដែល​យ៉ាង​ហោច​ណាស់​មាន​ប្រជា​ពលរដ្ឋ ១៤៤៥ គ្រួសារ​បាន​ទទួល​រង​ផល​ប៉ះពាល់​ពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ដោយ​គ្មាន​សំណង​ទាល់​តែ​សោះ។
របាយ​ការណ៍​បន្ត​ថា៖ «ដោយ​សារ​តែ​ក្រុមហ៊ុន ទ្រី ភាព បាន​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​ច្រើន គណៈកម្មាធិការ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ថា ដោយ​សារ​តែ​មាន​ការ​ប្រែ​ប្រួល​អាកាសធាតុ​បាន​ធ្វើ​ឲ្យ​មាន​នូវ​គ្រោះ​មហន្តរាយ​បង្ក​ឲ្យ​ខាត​បង់​ទ្រព្យ​សម្បត្តិ​ប្រមាណ​ជា ៨០០ លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ និង​បណ្តាល​ឲ្យ​ប្រជាជន​ប្រមាណ ១៦៨ នាក់​បាន​ស្លាប់​និង​ប្រជា​ពលរដ្ឋ ១,៨ លាន​នាក់ បាន​រង​នូវ​ផល​ប៉ះពាល់​។ ដូច្នេះ​ក្រុមហ៊ុន​នេះ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ ចំពោះ​គ្រោះ​មហន្តរាយ ពីព្រោះ​ក្រុមហ៊ុន​នេះ ជា​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ»។
លោក ឧកញ៉ា ទ្រី ភាព ពុំ​អាច​ទំនាក់​ទំនង ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​បាន​ទេ កាល​ពី​ថ្ងៃ​ម្សិលមិញ។ ប៉ុន្តែ​តំណាង​របស់​លោក ឧកញ៉ា ទ្រី ភាព ប្រចាំ​នៅ​ខេត្ត ព្រះ​វិហារ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​របស់​លោក​បាន​ទទួល​សិទ្ធិ​ប្រមូល​ទិញ​ឈើ តែ​នៅ​ក្នុង​ខេត្ត​ចំនួន ៨ ប៉ុណ្ណោះ មិន​មែន​នៅ​ក្នុង​ខេត្ត​ចំនួន ១២ ដូច​ដែល​របាយ​ការណ៍​បាន​លើក​ឡើង​នោះ​ទេ ។
លោក​ថ្លែង​ថា៖ «ខាង​ក្រុមហ៊ុន​យើង ពុំ​បាន​កាប់​ឈើ​នោះ​ទេ គឺ​យើង​ប្រមូល​ទិញ​តែ​ឈើ​ដែល​អាជ្ញាធរ​ចាប់​បាន​ប៉ុណ្ណោះ ហើយ​យើង​បាន​ដេញ​ថ្លៃ​បង់​ពន្ធ​ជូន​រដ្ឋ​រួច​ហើយ។ ឈើ​ទាំង​នោះ យើង​ពុំ​បាន​នាំ​យក​ទៅ​ក្រៅ​ប្រទេស​នោះ​ទេ គឺ​យើង​ដឹក​មក​កែច្នៃ​នៅ​ទីក្រុង ភ្នំពេញ ដូចជា​គ្រឿង​សង្ហារិម​ជាដើម»។
លោក​បាន​បន្ត​ថា លើស​ពី​នេះ ក្រុមហ៊ុន​ពុំ​បាន​ទៅ​យក​ដី​ពី​ប្រជា​ពលរដ្ឋ​នោះ​ទេ ពីព្រោះ​មុន​នឹង​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល គឺ​ក្រសួង កសិកម្ម បាន​ចុះ​ទៅ​ធ្វើ​ការ​វាយតម្លៃ​អំពី​ផល​ប៉ះពាល់ ហើយ​បាន​កាត់​ដី​ទុក​ឲ្យ​ប្រជា​ពលរដ្ឋ​។ លោក​គូស​បញ្ជាក់​ថា៖ «សូម​កុំ​ជឿ​តែ​តាម​អង្គការ ដែល​គេ​ចេះ​តែ​ចោទ​ប្រកាន់​យើង​នោះ»។
លោក ថន សារ៉ាត ប្រធាន​នាយកដ្ឋាន​រដ្ឋបាល នៃ​ក្រសួង កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ ច្បាប់​បាន​កំណត់​ឲ្យ​ក្រុមហ៊ុន ឯកជន​មួយ អាច​ទទួល​បាន​ដី​ធ្វើ​ការ​វិនិយោគ​ក្រោម ១ ម៉ឺន​ហិកតា ប៉ុន្តែ​លោក​ពុំ​ដឹង​ថា ក្រុមហ៊ុន​មេ​មួយ អាច​បំបែក​ជា​ក្រុមហ៊ុន​តូចៗ​ទៀត ដើម្បី​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​បន្ថែម​នោះ ជា​រឿង​ខុស​ច្បាប់​ឬ​ក៏​ត្រូវ​ច្បាប់​នោះ​ទេ ដោយ​ត្រូវ​ពិនិត្យ​ទៅ​លើ​ច្បាប់​បន្ថែម​ទៀត។
លោក​បាន​ថ្លែង​ថា៖ «កន្លង​មក​នៅ​ពេល​ក្រុមហ៊ុន​ចុះ​ទៅ​អនុវត្ត​ទៅ​តាម​ដី​ដែល​ទទួល​បាន​នោះ គឺ​តែង​តែ​មាន​បញ្ហា​ជាមួយ​ប្រជា​ពលរដ្ឋ ដូច្នេះ​យើង​ត្រូវ​ចុះ​មើល​បន្ថែម​ទៀត ដោយ​សារ​ការ​ចុះ​សិក្សា អំពី​ផល​ប៉ះពាល់​ពី​មុន​មាន​រយៈ​ពេល​ខ្លី»។
យោង​តាម​ច្បាប់ ភូមិបាល ត្រង់​មាត្រា ៥៩ បាន​ចែង​ថា សម្បទាន​ដី​សេដ្ឋកិច្ច សម្រាប់​ក្រុមហ៊ុន​មួយ មាន​ទំហំ​ច្រើន​បំផុត​ត្រឹម​តែ មួយ​ម៉ឺន​ហិកតា ប៉ុណ្ណោះ។ សម្បទាន​ដី​ដែល​សំរេច​ផ្តល់​ឲ្យ​រួច​ហើយ​ហើយ​មាន​ទំហំ​លើស​ពី​ទំហំ កំណត់​ខាង​លើ​ជា​កម្មវត្ថុ​នៃ​ការ​កាត់​បន្ថយ។ ប៉ុន្តែ​ប្រសិន​បើ​ការ​កាត់​បន្ថយ​នេះ មាន​ឥទ្ធិពល ធ្វើ​ឱ្យ​ខូច​ប្រយោជន៍ អាជីវកម្ម ដែល​កំពុង​មាន​ដំណើរការ សម្បទានិក អាច​នឹង​ទទួល​បាន​ការ​លើក​លែង​ជា​ពិសេស។
ច្បាប់​នេះ បាន​គូស​បញ្ជាក់​ទៀត​ថា ត្រូវ​បាន​ហាម​ឃាត់ ការ​ចេញ​លិខិត​សម្បទាន​ដី​ច្រើន​កន្លែង​ឱ្យ​បុគ្គល​តែ​ម្នាក់ ឬ​ឱ្យ​នីតិបុគ្គល​ច្រើន តែ​គ្រប់​គ្រង​ដោយ​រូបវន្ត​បុគ្គល ឬ​នីតិបុគ្គល​ដដែលៗ ដែល​មាន​ទំហំ​សរុប​ធំ​ជាង​ទំហំ​ដែល​បាន​កំណត់​នៅ​វាក្យខ័ណ្ឌ​ខាង​លើ៕

No comments:

Post a Comment

yes