សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 10, 2013

ឧទ្យាន​ជាតិ​គិរីរម្យ​ត្រូវ​រដ្ឋាភិបាល​ពុះ​ច្រៀក​ឲ្យ​ក្រុមហ៊ុន​ឯកជន​វិនិយោគ

ភ្នំ​គិរីរម្យ កំពង់ស្ពឺ ៦១០
១-វិច្ឆិកា-២០១៣៖ ផ្លូវ​ក្រាល​គ្រួស​ក្រហម ដែល​ក្រុមហ៊ុន អេធូអេ (Asia To Asia ) 
របស់​ជប៉ុន ឈូស​ឆាយ​ចាប់​ពី​ចំណុច​ឃ្លាំងប្រាក់ រហូត​ដល់​ចំណុច​អូរត្រសេក
 នៅ​ភ្នំ​គិរីរម្យ ខេត្ត​កំពង់ស្ពឺ

រាជ​រដ្ឋាភិបាល​កម្ពុជា បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ទទួល​បាន​សិទ្ធិ​វិនិយោគ​លើ​សម្បទាន​ដី​សេដ្ឋកិច្ច​ឡើង​វិញ ក្នុង​ចន្លោះ​រវាង​ខែ​កញ្ញា និង​ខែ​តុលា ឆ្នាំ​២០១៣។ ការ​ចេញ​បទ​បញ្ជា​ឲ្យ​អនុវត្ត​នេះ បន្ទាប់​ពី​ចុង​ឆ្នាំ​២០១២ កន្លង​ទៅ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រឹត​បន្តឹង​ដោយ​ផ្អាក​បណ្ដោះ​អាសន្ន​ការ​ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច។

ជាក់​ស្ដែង​ថ្មីៗ​នេះ ក្រុមហ៊ុន​ចំនួន​២ ក្នុង​ចំណោម​ក្រុមហ៊ុន​៣ ត្រូវ​បាន​រដ្ឋាភិបាល​ផ្តល់​ការ​វិនិយោគ​ឲ្យ​ក្រុមហ៊ុន​ទាំង​នោះ​ទទួល​បាន​សម្បទាន​ដី​សេដ្ឋកិច្ច​ជិត​ពាក់​កណ្ដាល​ផ្ទៃ​ដី​ដែល​មាន​នៅ​ឧទ្យាន​ជាតិ​គិរីរម្យ។
សំឡេង​ពលរដ្ឋ៖ «ខ្ញុំ​ធ្លាប់​រស់​នៅ​នេះ​ដែរ ប៉ុន្តែ​ខ្ញុំ​ទើប​តែ​បាន​ទៅ​ថ្ងៃ​នេះ ជាពិសេស​គឺ​សម្បត្តិ​ជាតិ ជាពិសេស គឺ​តែ​ហៅ​ថា​ចម្ការ​តែ​មួយ ដែល​ធ្វើ​បាត់​បង់​ឈូស​ឆាយ​អស់​រលីង»
អស់​រយៈពេល​ជាង ២​ទសវត្សរ៍​កន្លង​ទៅ​នេះ ឧទ្យាន​ជាតិ​គិរីរម្យ គឺ​ជា​ជម្រក​សត្វ​ព្រៃ​ដ៏​សុខសាន្ត និង​ជា​ទីតាំង​សម្រាប់​ការ​ប្រមូល​អនុផល​ព្រៃ​ឈើ​តាម​បែប​លក្ខណៈ​គ្រួសារ​ក្នុង​តំបន់ ប៉ុន្តែ​ស្ថានភាព​បច្ចុប្បន្ន​នៅ​ទី​នោះ​មិន​ដូច្នេះ​ឡើយ ជាង​ពាក់​កណ្ដាល​នៃ​ផ្ទៃ​ដី​សរុប​របស់​ឧទ្យាន​ជាតិ​មួយ​នេះ ត្រូវ​បាន​រដ្ឋាភិបាល​ពុះ​ច្រៀក​ជា​ផ្នែកៗ ហើយ​បាន​ដាក់​ជួល​រយៈពេល​យូរ​ឆ្នាំ​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​វិនិយោគ​វិញ។

អ្នក​ភូមិ​ម្នាក់​ដែល​ជា​អតីត​មន្ត្រី​យោធា​ប្រចាំ​នៅ​តំបន់​ភ្នំ​គិរីរម្យ ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ថា គួរ​ឲ្យ​សោកស្ដាយ​ដែល​រដ្ឋាភិបាល​សម្រេច​ផ្ដល់​ការ​វិនិយោគ​ភ្នំ​នេះ​ឲ្យ​ទៅ​ក្រុមហ៊ុន​ឯកជន។ លោក​គិត​ថា ភ្នំ​គិរីរម្យ នេះ ត្រូវ​បាន​អតីត​ព្រះមហាក្សត្រ ព្រះ​បាទ សម្ដេច ព្រះ​នរោត្តម សីហនុ ព្រះអង្គ​បាន​ចាត់​ទុក​ជា​តំបន់​ត្រូវ​ការពារ​ដោយ​ព្រះរាជក្រឹត្យ​រួច​ហើយ៖ «គួរ​ណាស់​តែ​គិត​ឃើញ​ថា កន្លែង​ណា​មួយ​ជា​របស់​រដ្ឋ ហើយ​ព្រះបិតា​យើង​ស្ដេច​ហ្នឹង សម្ដេច សីហនុ ហ្នឹង គឺ​គាត់​ទទួល​ស្គាល់​ថា តំបន់​នេះ​គឺ​ជា​តំបន់​ឧទ្យាន​ជាតិ​ណា។ មិន​មែន​ទៅ​ឲ្យ​ក្រុមហ៊ុន​ចូល​ឡើង​មក​ឈូស​ឆាយ​វិនិយោគ​នៅ​កន្លែង​នេះ​ទេ»
កាល​ពី​ឆ្នាំ​១៩៩៣ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហនុ ព្រះអង្គ​បាន​កំណត់​តំបន់​គិរីរម្យ​ដែល​មាន​ផ្ទៃ​ដី​ជាង ៣​ម៉ឺន​ហិកតារ ជា​តំបន់​ឧទ្យាន​ជាតិ ដើម្បី​ថែ​រក្សា​ធនធាន​ធម្មជាតិ និង​ដើម្បី​បម្រើ​ឲ្យ​វិស័យ​ទេសចរណ៍ ដោយ​មិន​ឲ្យ​ខូចខាត​ដល់​បរិស្ថាន​ឡើយ។ ភ្នំ​គិរីរម្យ ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ នេះ ត្រូវ​បាន​សម្ពោធ​ដាក់​ទៅ​ជា​ឧទ្យាន​ជាតិ​ព្រះសុរាម្រិត កុសមៈ កាល​ពី​ខែ​មិថុនា ឆ្នាំ​១៩៩៥ ដើម្បី​រក្សា​ទុក​ជា​តំបន់​អភិរក្ស។
ប៉ុន្តែ​ថ្មីៗ​នេះ រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​អាណត្តិ​នៃ​ការ​គ្រប់គ្រង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កាត់​ទីតាំង​ឧទ្យាន​ជាតិ​នេះ​ជួល​ឲ្យ​ក្រុមហ៊ុន​ឯកជន​យ៉ាង​ហោច​ណាស់​ចំនួន​៣ វិនិយោគ​រយៈពេល​យូរ​ឆ្នាំ ដែល​ពុះ​ច្រៀក​ជា​កង់ៗ។ ក្នុង​នោះ​មាន​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា សុខ គង់ ម្ចាស់​ក្រុមហ៊ុន​វិនិយោគ​ភ្នំ​បូកគោ អង្គរវត្ត និង​សាំង ស៊ូគីម៉ិច ក្រុមហ៊ុន អេធូអេ (Asia To Asia) របស់​ជប៉ុន និង​គម្រោង​ផ្នែក​សាសនា​របស់​មហា​ឧបាសិកា ញ៉ឹក ប៊ុនថា។
ជាប់​ទាក់ទិន​បញ្ហា​នេះ ក្នុង​អំឡុង​ឆ្នាំ​២០០៩ ក្រុមហ៊ុន​របស់ លោក សុខ គង់ បាន​ឈូស​ឆាយ​ចម្ការ​តែ​ដែល​មាន​ផ្ទៃ​ដី​ជាច្រើន​ហិកតារ​គ្មាន​សេសសល់ និង​ក្រោយ​មក ផ្ទៃ​ដី​នៅ​ក្បែរ​នោះ​បាន​បង្កើត​ជា​សួន​បន្លែ ហើយ​បង្ហូរ​ទឹក​ដែល​មាន​ជាតិ​គីមី​ចូល​ទៅ​ក្នុង​ទំនប់​ធម្មជាតិ ដែល​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​ប្រភព​ទឹក​នៅ​ផ្នែក​ខាង​ក្រោម​ថែម​ទៀត។
ចម្ការ​តែ ភ្នំ​គិរីរម្យ កំពង់ស្ពឺ ៦១០
១-វិច្ឆិកា-២០១៣៖ តំបន់​អតីត​ចម្ការ​តែ នៅ​ភ្នំ​គិរីរម្យ ខេត្ត​កំពង់ស្ពឺ ជា​ទីតាំង​ដែល​ក្រុមហ៊ុន​របស់ លោក​ឧកញ៉ា សុខ គង់ ឈូស​ឆាយ​អស់​កាល​ពី​ជាង ៤​ឆ្នាំ​មុន។ RFA/Morm Moniroth
ចំណែក​ក្រុមហ៊ុន អេធូអេ របស់​ជប៉ុន វិញ ដែល​ទទួល​សិទ្ធិ​វិនិយោគ​លើ​ផ្ទៃ​ដី​ជាង ២​ពាន់​ហិកតារ កំពុង​ផ្ដើម​ឈូស​ឆាយ​ផ្លូវ​កាត់​ពី​ឃ្លាំងប្រាក់ ទម្លាយ​មក​ដល់​អូរត្រសេក។ ទន្ទឹម​នឹង​នេះ គម្រោង​ផ្នែក​សាសនា​របស់​មហា​ឧបាសិកា ញ៉ឹក ប៊ុនថា ត្រូវ​គេ​ទម្លាយ​ឲ្យ​ដឹង​ថា នឹង​ប្រើប្រាស់​ផ្ទៃ​ដី​ដែល​មាន​ព្រៃ​ចំនួន ១២៦​ហិកតារ ដើម្បី​ធ្វើ​សក្ការបូជា​តាម​បែប​ព្រះពុទ្ធ​សាសនា។
បើ​ទោះ​ជា​ក្រុមហ៊ុន​ទាំង​នេះ​អះអាង​ថា ការ​វិនិយោគ​នឹង​មិន​ប៉ះពាល់​ដល់​ព្រៃ​ធម្មជាតិ​នេះ​ក្ដី តែ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​បរិស្ថាន​ចាត់​ទុក​ថា នឹង​មិន​អាច​ទៅ​រួច​ឡើយ។
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំ​មើល​បរិស្ថាន​ប្រចាំ​តំបន់ ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ គិត​ថា គេ​មិន​អាច​ជឿ​បាន​ទេ​ថា ការ​វិនិយោគ​នេះ​នឹង​មិន​ប៉ះពាល់​ចំពោះ​ព្រៃ​ធម្មជាតិ។ លើស​ពី​នេះ ការ​ដាក់​ទុន​វិនិយោគ​នេះ ទំនង​ជា​សម្លឹង​ឃើញ​ផល​ប្រយោជន៍​ព្រៃ​ឈើ​ជា​ជាង​ការ​រក្សា​លំនឹង​ព្រៃ​ធម្មជាតិ​ទាំង​នេះ​ឲ្យ​នៅ​ដូច​ដើម​ថែម​ទៀត​ផង៖ «នៅ​ក្នុង​ទាំងអស់​នេះ វា​សុទ្ធ​តែ​ជីវចម្រុះ។ តើ​យើង​គិត​ថា គេ​ធ្វើ​យ៉ាង​ម៉េច​មិន​ឲ្យ​ប៉ះពាល់ បើ​កន្លែង​សុទ្ធ​តែ​ប្រភព​ធនធាន​ទាំងអស់​ហ្នឹង? អ៊ីចឹង​អា​នេះ គឺ​សម្រាប់​ខ្លួន​ខ្ញុំ ខ្ញុំ​គិត​ថា​ពិបាក​ណាស់ យើង​ឲ្យ​តម្លៃ​ថា វា​មិន​ប៉ះពាល់ ព្រោះ​ធម្មតា សូម្បី​តែ​យើង​ធ្វើ​ដំណើរ​ផ្លូវ​តូច​មួយ ម៉េច​វា​មាន​ការ​ប៉ះពាល់ ចុះ​ទម្រាំ​ការ​អភិវឌ្ឍ​ដែល​មាន​វិសាលភាព​ដ៏​ធំ»
វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើសុំ​ការ​ប្រតិកម្ម​ពី​ក្រុមហ៊ុន​របស់ លោក សុខ គង់ និង​គម្រោង​ផ្នែក​សាសនា​របស់​មហា​ឧបាសិកា ញ៉ឹក ប៊ុនថា បាន​ទេ។
ប៉ុន្តែ ប្រធាន​ចាត់​ការ​ទូទៅ​នៃ​ក្រុមហ៊ុន អេធូអេ របស់​ជប៉ុន ដែល​ទទួល​សិទ្ធិ​វិនិយោគ​ភ្នំ​គិរីរម្យ នេះ​ផង លោក ឪម វ៉ាន់ដាវុន អះអាង​ថា ការ​ដាក់​ទុន​វិនិយោគ​នៃ​ក្រុមហ៊ុន​របស់​លោក គឺ​មិន​ប្រាថ្នា​ការ​ទាញ​យក​អនុផល​ព្រៃ​ឈើ​ពី​តំបន់​វិនិយោគ​នេះ​ឡើយ។ លោក​បញ្ជាក់​ថា ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ អ្វី​ដែល​ក្រុមហ៊ុន​នេះ​មើល​ឃើញ គឺ​សក្ដានុពល​ព្រៃ​ឈើ​ដែល​អាច​បង្កើត​ឲ្យ​ទៅ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ៖ «ក្រុមហ៊ុន គឺ​ឥត​បាន​គិតគូរ​ព្រៃ​ឈើ ឬ​ក៏​បំផ្លាញ​អី​ទេ​កន្លែង​នេះ គឺ​គិតគូរ​តែ​រក្សា​ទុក និង​ដាំ​បន្ថែម​នៅ​ពេល​ណា​ដែល​ឈើ​ណា​មាន​តម្លៃ»
យ៉ាង​ណា​ក៏ដោយ​ចុះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​លើ​បទ​បញ្ជា​លេខ​០១ ម្ដង​រួច​មក​ហើយ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១២ កន្លង​ទៅ។ បទ​បញ្ជា​ដែល​មាន​ខ្លឹមសារ ៤​ចំណុច​សំខាន់ៗ​មាន​ជា​អាទិ៍ ត្រូវ​ផ្អាក​បណ្ដោះ​អាសន្ន​នូវ​រាល់​ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច។ ក្រសួង ស្ថាប័ន និង​អាជ្ញាធរ ដែល​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ​គោល​នយោបាយ និង​លក្ខខណ្ឌ​ទាំង​ឡាយ​ណា​នៃ​សេចក្ដី​សម្រេច​របស់​រាជ​រដ្ឋាភិបាល។ ក្រុមហ៊ុន​ដែល​បាន​គោលការណ៍ តែ​មិន​បាន​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន និង​តាម​កិច្ចសន្យា ដូច​ជា កាប់​ព្រៃ​ឈើ ទន្ទ្រាន​ដី​បន្ថែម ឬ​ទុក​ដី​ទំនេរ​សម្រាប់​លក់​ជាដើម ត្រូវ​ដក​ហូត​សម្បទាន​ដី​សេដ្ឋកិច្ច​នោះ​មក​វិញ ហើយ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ។ ជាង​នេះ​ទៀត ចំពោះ​សម្បទាន​ដី​សេដ្ឋកិច្ច​ដែល​អនុញ្ញាត​រួច​ហើយ​ពី​រដ្ឋាភិបាល​មុន​ចេញ​បទ​បញ្ជា​នេះ ត្រូវ​បន្ត​អនុវត្ត​តាម​គោលការណ៍​ច្បាប់ និង​នីតិវិធី​ដែល​មាន​ស្រាប់។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីត​ទីប្រឹក្សា​ផ្ទាល់​របស់​ព្រះ​មហា​វីរក្សត្រ ព្រះបាទ​សម្ដេច​ព្រះ នរោត្តម ស៊ីហនុ ព្រះអង្គ​ហាក់​មាន​ភាព​ស្ទាក់ស្ទើរ​ក្នុង​ការ​អត្ថាធិប្បាយ ជុំវិញ​ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច​លើ​តំបន់​ដែល​មាន​ព្រះរាជក្រឹត្យ​នេះ។ ទោះ​ជា​បែប​ណា ការ​កាត់​តំបន់​មួយ​ដែល​មាន​ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ គួរ​គេ​ធ្វើ​ឡើង​តាម​នីតិវិធី​នៃ​ព្រះរាជក្រឹត្យ​វិញ​ដែរ៖ «ជា​គោលការណ៍ អ្វី​ដែល​កើត​ឡើង​ដោយ​ព្រះរាជ្យក្រឹត្យ ត្រូវ​តែ​មាន​ការ​កែ​តាម​ព្រះរាជ្យក្រឹត្យ​ដែរ អា​ហ្នឹង​គឺ​ជា​គោលការណ៍​វា​អ៊ីចឹង។ ដូច​តែង​តាំង​មន្ត្រី​រាជការ​តាម​ព្រះរាជ្យក្រឹត្យ ដើម្បី​ដក​ត្រូវ​តែ​តាម​ព្រះរាជ្យក្រឹត្យ​ដែរ។ ដូច្នេះ ខ្ញុំ​ស្រពិចស្រពិល​ដែរ​កន្លែង​ហ្នឹង ហេតុ​អី​បាន​អ្វី​ដែល​ព្រះករុណា​លោក​បាន​ឡាយព្រះហស្ត​ទៅ​លើ​ព្រះរាជ្យក្រឹត្យ​មួយ ទៅ​ជា​រាជ​រដ្ឋាភិបាល​សម្រេច​ធ្វើ​អនុក្រឹត្យ ដើម្បី​កាត់​ជា​ដី​សម្បទាន អា​ហ្នឹង​ខ្ញុំ​វា​ស្រពិចស្រពិល​ដែរ រឿង​ហ្នឹង»
នាយក​គ្រប់គ្រង​ប្រចាំ​តំបន់​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ លោក ជា ទិត្យ អះអាង​ថា ក្រុមហ៊ុន​ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​នៅ​ភ្នំ​គិរីរម្យ ទាំង​នេះ មាន​ច្បាប់​អនុញ្ញាត និង​គោលការណ៍​ត្រឹមត្រូវ​ពី​រាជ​រដ្ឋាភិបាល។ លោក ជា ទិត្យ ច្រាន​ចោល​សេចក្ដី​រាយការណ៍​ថា មាន​ការ​កាប់​ព្រៃ​ឈើ​នៅ​លើ​ឧទ្យាន​ជាតិ​គិរីរម្យ នេះ ដោយ​ចាត់​ទុក​ថា បច្ចុប្បន្ន ជំនាញ​របស់​លោក​ទប់ស្កាត់ ពុំ​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ទេ៖ «ក្រុមហ៊ុន​គេ​ធ្វើ​នេះ​ហើយ គេ​មាន​ច្បាប់​មាន​ទម្លាប់​របស់​គេ បាន​គេ​ធ្វើ»
ផ្ទុយ​ពី​ការ​លើក​ឡើង​នេះ សកម្មភាព​នៃ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ប្រណីត​ដែល​នៅ​សេសសល់​ចុង​ក្រោយ​នៅ​ក្នុង​តំបន់ កំពុង​មាន​សកម្មភាព​យ៉ាង​សកម្ម​ទៅ​វិញ។ ចំណែក​ប្រភេទ​ឈើ​ធ្នង់ និង​ឈើ​ប្រណីត​ដទៃ​ទៀត ដូច​ជា ឈើ​គ្រញូង ផង នៅ​អម​សង្ខាង​ផ្លូវ​ឡើង​ទៅ​ភ្នំ​គិរីរម្យ ត្រូវ​គេ​កាប់​ផ្ដួល​នៅ​សល់​តែ​គល់ ហើយ​និង​ចុង​ប៉ុណ្ណោះ។ នេះ​មិន​ទាន់​រាប់​ពី​ឈើ​ដែល​នៅ​ឆ្ងាយ​ផ្លូវ​នៅ​ឡើយ​ផង។
ពលរដ្ឋ​នៅ​ក្នុង​តំបន់​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​នេះ​ថា គឺ​ជា​បន្ទុក​របស់​ជំនាញ​បរិស្ថាន។ ពេល​ខ្លះ មន្ត្រី​បរិស្ថាន​ក៏​ជា​អ្នក​អនុវត្ត​ធ្វើ​អាជីវកម្ម​ព្រៃ​ឈើ​ដោយ​ផ្ទាល់​ដែរ។
បញ្ហា​ដាច់​ដោយ​ឡែក​មួយ​ទៀត ក្រៅ​ពី​ការ​ប្រឈម​ទាំង​នេះ ប្រជាពលរដ្ឋ​ឃុំ​ចំបក់ ដែល​រស់​នៅ​ក្រោម​ប្រភព​ទឹក​ពី​ភ្នំ​គិរីរម្យ ចម្ការ​តែ ព្រួយ​បារម្ភ​ថា ពួក​គាត់​នឹង​ត្រូវ​ប៉ះពាល់​សុខភាព បើ​ក្រុមហ៊ុន​របស់ លោក សុខ គង់ វិនិយោគ​ពិត​មែន។
ពលរដ្ឋ​នៅ​ឃុំ​ចំបក់ ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ លោក នុត ចាម និយាយ​ថា ប្រសិន​បើ​ក្រុមហ៊ុន លោក​ឧកញ៉ា សុខ គង់ ដំណើរ​ការ​អាជីវកម្ម​ក្នុង​ពេល​ខាង​មុខ​នេះ ប្រជាពលរដ្ឋ​ជាង ៧០០​គ្រួសារ រស់​នៅ​ផ្នែក​ខាង​ក្រោម ដែល​ប្រើប្រាស់​ទឹក​ពី​ភ្នំ​គិរីរម្យ នឹង​ប៉ះពាល់​សុខភាព​ទាំង​មនុស្ស សត្វ និង​ដំណាំ​ដាំ​ដុះ។ ជាង​នេះ​ទៀត ចំណូល​ដែល​បាន​មក​ពី​វិស័យ​ទេសចរណ៍​ធម្មជាតិ​ចំបក់​ទឹក​ធ្លាក់​នៅ​ផ្នែក​ខាង​ក្រោម នឹង​ត្រូវ​បាត់​បង់៖ «នៅ​ពេល​ខ្ញុំ​ឮ​ថា​ខែ​មួយ គេ​ចាប់​ផ្ដើម​ម្ដង​ទៀត ខ្ញុំ​បារម្ភ​នៅ​ប្រជាពលរដ្ឋ​ភូមិ​ឃុំ​របស់​ខ្ញុំ ដោយសារ​ពួក​ខ្ញុំ​ហ្នឹង គឺ​ប្រើប្រាស់​ទឹក​ហ្នឹង​មក​ពី​ចម្ការ​តែ។ អ៊ីចឹង​បើ​គេ​មក​ធ្វើ​ម្ដង​ទៀត ប្រហែល​ជា​អាច​ប៉ះពាល់​ដល់​ប្រជាជន​របស់​ខ្ញុំ»
ទន្ទឹង​នឹង​បញ្ហា​ផ្ទុះ​ឡើង​ស្ទើរ​គ្រប់​រឿង និង​គ្រប់​ច្រកល្ហក​ក្នុង​អាណត្តិ​ទី​បួន ជា​ពិសេស​រឿង​វិវាទ​ដីធ្លី ភ្លាមៗ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជ្រើស​រើស​ការ​ធ្វើ​កំណែ​ទម្រង់​ដីធ្លី ជា​យុទ្ធសាស្ត្រ​នៃ​កម្មវិធី​នយោបាយ​របស់​លោក​ដែរ។ នេះ​ប្រហែល​ជា​លោក​នាយក​រដ្ឋមន្ត្រី​មើល​ឃើញ​ថា ហិង្សា​ដីធ្លី​ជា​ចំណុច​រសើប​សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ​ហើយ​មើល​ទៅ។ គោល​នយោបាយ​ថ្មី​នេះ បាន​ធ្វើ​ឲ្យ លោក ហ៊ុន សែន សម្រេច​ផ្អាក​បណ្ដោះ​អាសន្ន​រឿង​សម្បទាន​ដី​សេដ្ឋកិច្ច​តែ​ម្តង។
បញ្ហា​នេះ ត្រូវ​បាន​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ការ​វិវាទ​ដីធ្លី​នៅ​កម្ពុជា គិត​ថា គោល​នយោបាយ​កំណែ​ទម្រង់​រឿង​ដីធ្លី​នេះ ទំនង​ជា​ពុំ​មាន​ប្រសិទ្ធភាព ហើយ​អាច​កាត់​បន្ថយ​ជម្លោះ​បាន​ឡើយ៕

No comments:

Post a Comment

yes