សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, November 10, 2013

ធម្មិកោ៖បក្ស​ប្រជាជន​យក​បុណ្យ​ឯករាជ្យ​ជាតិជា​បុណ្យ​បក្ស​របស់​ខ្លួន

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ក្នុងសមាជរបស់គណបក្សសង្គ្រោះជាតិ 
កាលពីថ្ងៃទី០៧ខែមេសា

ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ អតីតព្រះរាជលេខាផ្ទាល់ព្រះបាទ នរោត្តម សីហនុ បានបដិសេធមិនចូលរួមក្នុងពិធីរម្លឹកខួប​លើកទី ៦០ នៃទិវាឯករាជ្យជាតិ ៩ វិច្ឆិកា ដែលរដ្ឋាភិបាលកម្ពុជាបានប្រារព្ធធ្វើ យ៉ាងគគ្រឹកគគ្រេងនៅរាជធានីភ្នំពេញ​នេះ​ទេ។ មូលហេតុ​ដែលព្រះអង្គមិនចូលរួម ដោយសារថា ទ្រង់មិនពេញចិត្តចំពោះ​គណបក្សប្រជាជនកម្ពុជា ដែលចូលចិត្តយក​សមិទ្ធផលរបស់​ព្រះមហាវីរក្សត្រធ្វើជារបស់ខ្លួន។ ព្រះអង្គបានចាត់ទុកបុណ្យ​នេះថា ជាបុណ្យរបស់គណបក្ស​ប្រជាជន​កម្ពុជាតែប៉ុណ្ណោះ។

បើទោះបីជាមានលិខិតអញ្ជើញពីគណកម្មាធិការរៀបចំបុណ្យជាតិ ឲ្យចូលរួមប្រារព្ធពិធីរម្លឹក ៦០ ឆ្នាំ​នៃទិវា​ឯករាជ្យជាតិ ៩ វិច្ឆិកា នេះក៏ដោយ ក៏ខ្សែរាជវង្សមួយអង្គដែលតែងមាននិន្នាកាប្រឆាំ​ងនឹង​រដ្ឋា​ភិបាលលោក ហ៊ុន សែន គឺ​ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានបដិសេធមិនចូលរួមនៅក្នុងពិធីនេះ​ឡើយ។ ហេតុផលចម្បងដែលមិនចូលរួម ត្រូវបានទ្រង់ធម្មិកោ អះអាងប្រាប់ទស្សនាវដ្តី​មនោរម្យ​ព័ង​​អាំងហ្វូ ថា ព្រោះកន្លងមកទ្រង់តែងតែបដិសេធ និងប្រឆាំង​ជា​ដាច់ខាតចំពោះគណបក្ស​ប្រជា​ជន​កម្ពុជា ដែលតែងតែយកសមិទ្ធផលនិងស្នារព្រះហស្ថរបស់អង្គសម្តេចឪ យកមកក្លែង​ធ្វើជារបស់​ខ្លួនឯងជានិច្ច ដើម្បី​កេញចំណេញប្រជាប្រិយភាពសម្រាប់ក្រុមខ្លួន។


ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានបន្ទូលបន្តថា សកម្មភាពរបស់គណបក្សប្រជាជនកម្ពុ​ជា​បែប​នេះ ទ្រង់មិនអាច​ទទួលយក​បាននោះទេ។ ទ្រង់ថា ប្រសិនបើព្រះអង្គចូលរួមនៅក្នុងពិធីនេះ គឺ​មានន័យស្មើនឹងទ្រង់ចូលរួមជាមួយ​គណបក្ស​ប្រជាជនកម្ពុជា ដែលលោកមិនគំាទ្រនោះទេ។ ខ្សែរា​ជ​វង្សអង្គនេះ បានគួសបញ្ជាក់ទៀតថា «ពិធីបុណ្យឯករាជ្យជាតិនេះ មិនមែនជាពិធីបុណ្យជាតិ​ឡើយ តែពិធីបុណ្យរបស់គណបក្សប្រជាជនកម្ពុជាទៅវិញ»។

ជុំវិញបញ្ហានេះមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ មិនអាចទាក់ទង​សុំ​ការបក​ស្រាយបាន​នោះ​ទេនៅថ្ងៃនេះ។ ក៏ប៉ុន្តែនាពេលកន្លងមកមន្រ្តីគណបក្សប្រជាកម្ពុជា តែងតែ​អះអាងថា ខ្លួនធ្វើសកម្មភាពនិងរៀបចំពិធី​បុណ្យ​ជាតិនានា ជាពិសេសគឺកសាងរូបសំ​ណាក់សម្តេច​ឪនាពេលកន្លងមក គ្មានគោលបំណងចង់កេញ​ចំណេញ​នយោបាយ ឬ​ចាត់ទុកជាពិធីបុណ្យរបស់​គណបក្សប្រជាជនកម្ពុជានោះទេ គឺធ្វើឡើងដើម្បីជាការដឹងគុណ និងផលប្រយោជន៍​សម្រាប់​ប្រទេសជាតិតែប៉ុណ្ណោះ។

កាលពីពេលថ្មីៗនេះ ពោលគឺនៅថ្ងៃដែលសម្ពោធរូបសំណាករបស់ព្រះមហាវីរក្សត្រ នរោត្តម សីហ​នុ ព្រះអង្គម្ចាស់ធម្មិកោ ក៏បានរិះគន់ចំពោះគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ផងដែរ ដោយ​ព្រះអង្គបានចាត់ទុក​ការកសាងរូបសំណាកសម្តេចឪដោយ​រដ្ឋាភិបាល​កម្ពុជាថា គឺលោក ហ៊ុន សែន មានបំណងកេញចំណេញនយោបាយ​ឲ្យ​ប្រជាជនដឹងគុណគណ​បក្ស​ប្រជាជន តាមរយៈប្រជាប្រិយភាពរបស់អតីតព្រះមហាក្សត្រកម្ពុជា។

សូមអានអត្ថបទដែលទាក់ទងនឹងប្រធានបទខាងលើឡើងវិញ ដោយចុចនៅទីនេះនៅថ្ងៃ​ទី ០៩ 
ខែវិច្ឆិកា ឆ្នាំ ២០១៣ នេះ ប្រទេសកម្ពុជាបានរៀបចំពិធីរម្លឹកខួប ៦០ ឆ្នាំ នៃថ្ងៃទទួលបាន​ឯករាជ្យ​ជាតិ។ នៅ​ក្នុងទីក្រុងភ្នំពេញរដ្ឋាភិបាលកម្ពុជា បានរៀបចំនូវទិវានេះ យ៉ាងឱឡារិក ក្រោមអធិបតី​ភាព​​រ​បស់ព្រះមហាក្សត្រនៃ​ប្រទេស​កម្ពុជា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និង​មានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ថ្នាក់ដឹកនាំកំពូលៗ នៃគណបក្សប្រជាជនកម្ពុជា រួមមានលោក ហ៊ុន សែន ជាដើម។

ដោយឡែកនៅក្នុងពិធីបុណ្យជាតិដ៏គគ្រឹកគ្រេងនេះ អ្នកតំណាងរាស្រ្ត និងមន្រ្តីគណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ គ្មានមុខ​ចូលរួមនៅក្នុងពិធីនោះឡើយ។ គ្មានមុខត្រូវបានលោក យ៉ែម បុញ្ញរិទ្ធ អ្នក​នាំ​ពាក្យគណបក្សប្រឆាំងអះអាងថា ដោយសារ​គណកម្មការរៀបចំបុណ្យជាតិ មិនអញ្ជើញឲ្យចូលរួម។ ជាការកត់សម្គាល់ដែរថា ទិវាឯករាជ្យជាតិនៅឆ្នាំនេះ បានធ្វើឡើង​ជួនចំប្រទេសកម្ពុជា​កំពុងតែ​ជួប​ប្រទះនូវវិបត្តិនយោបាយ ដែលមិនទាន់អាចដោះស្រាយបាននោះទេ មកទល់ពេលនេះ៕
--------------------------------------------------------
ដោយ៖ ជា ធីរិទ្ធ - ភ្នំពេញថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

No comments:

Post a Comment

yes