តុលាការកំពូល នៅម៉ោងជាង១២ថ្ងៃត្រង់នេះ ប្រកាសសម្រេចដោះលែងសកម្មកជនដីធ្លីនៅតំបន់បឹងកក់ អ្នកស្រី យ៉ោម បុប្ផា តែបញ្ជូនសំណុំរឿងទៅសាលាឧទ្ធរណ៍ ដើម្បីពិនិត្យសើរើឡើងវិញ។
ការប្រកាសបែបនេះ ធ្វើឡើងបន្ទាប់ពីតុលាការ បានបើកសវនាការរយៈពេលជិត៤ម៉ោង ដោយស្តាប់ការលើកឡើងដាក់បន្ទុក និងដោះបន្ទុករបស់ភាគីពាក់ព័ន្ធ។
ចៅក្រមប្រកាសថា តុលាការកំពូល សម្រេចឲ្យអ្នកស្រីយ៉ោម បុប្ផានៅក្រៅឃុំ ហើយបញ្ជូនសំណុំរឿងទៅសាលាឧទ្ធរណ៍វិញ ដោយសារសាលាដីការបស់សាលាឧទ្ធរណ៍កាលពីកន្លងទៅ មិនមានសំអាងគ្រប់គ្រាន់ក្នុងការកាត់ក្តី។ អ្នកស្រី យ៉ោម បុប្ផា ត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃសវិញ ក្រោយពីបញ្ចប់សវនាការ ដោយរង់ចាំការដោះលែងនៅថ្ងៃបន្ទាប់។
មុនចូលបន្ទប់សវនាការ សកម្មជនដីធ្លីនៅតំបន់បឹងកក់ អ្នកស្រី យ៉ោម បុប្ផា បង្ហាញជំនឿចិត្ត១០០ភាគរយថា អ្នកស្រី នឹងត្រូវបានតុលាការកំពូលដោះលែងឲ្យមានសេរីភាពវិញ បន្ទាប់ពីអ្នកស្រី បានជាប់ពន្ធនាគារជាងមួយឆ្នាំមកហើយ។អ្នកស្រីបញ្ជាក់ថា តុលាការកំពូល មិនមានភ័ស្តុតាងណា ដាក់បន្ទុកលើអ្នកស្រីទេ។
នៅខាងក្រៅតុលាការកំពូល ពលរដ្ឋប្រមាណជា៣០០នាក់ រួមមានសហគមន៍ដីធ្លី និងព្រះសង្ឃផងបាន បានប្រមូលផ្តុំគ្នា ដើម្បីជំរុញឲ្យតុលាការកាត់ក្តីដោយយុត្តិធម៌ ដោះលែងអ្នកស្រីយ៉ោម បុប្ផា។
យ៉ោម បុប្ផា ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១២ ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៣ឆ្នាំ និងពិន័យជាប្រាក់សរុប៦០លានរៀល ចោទពីបទប្រើហិង្សាដោយចេតនា វាយអ្នករត់ម៉ូតូឌុបពីរនាក់ឲ្យរងរបួស។ ក្រោយមកសាលាឧទ្ទណ៍ប្តូរបទចោទអ្នកស្រីទៅជាបទផ្តួចផ្តើមឲ្យមាន ហិង្សាវិញ ក្រោយពីរកមិនឃើញកំហុស និងសម្រេចឲ្យទទួលទោស២ឆ្នាំ ដោយព្យួរទោសមួយឆ្នាំ និងពិន័យជាប្រាក់ ២០លានរៀល៕
No comments:
Post a Comment
yes