សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, November 28, 2013

អ្នក​ភូមិ​នៅ​រតនគិរី​អះអាង​ថា​ពលរដ្ឋ​វៀតណាម​បន្ត​ចូល​លួច​កាប់​ឈើ​ក្នុង​ទឹក​ដី​ខ្មែរ

ជនជាតិ​វៀតណាម​កាប់​ឈើ​នៅ​រតនគិរី ៦១០
ជនជាតិ​វៀតណាម ទាំង​ពីរ​នាក់​នេះ​បាន​ចូល​មក​កាប់​ឈើ​នៅ​ដី​ខ្មែរ 
ចំណុច​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​ច្រក​អូរថ្មដា ក្នុង​ស្រុក​អូរយ៉ាដាវ
 ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៣

ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច អ្នក​អភិរក្ស​ព្រៃ​ឈើ​នៅ​តំបន់​ជាប់​ព្រំដែន​ប្រទេស​វៀតណាម ក្នុង​ខេត្ត​រតនគិរី អះអាង​ថា ពលរដ្ឋ​វៀតណាម នៅ​តែ​បន្ត​ចូល​មក​លួច​អារ​រំលំ​ឈើ​មាន​តម្លៃ​ក្នុង​ព្រៃ​សហគមន៍ ហើយ​ដឹក​ជញ្ជូន​ឆ្លង​ដែន​ទៅ​កាន់​ប្រទេស​វៀតណាម។

ប្រជាពលរដ្ឋ​សហគមន៍​ជនជាតិ​ដើម​ចារ៉ាយ រស់​នៅ​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ចោទ​ប្រកាន់​តម្រួត​ព្រំដែន​ខ្មែរ​ថា ជា​អ្នក​បើក​ដៃ​ឲ្យ​ពលរដ្ឋ​វៀតណាម ចូល​មក​កាប់​ឈើ​ក្នុង​ដី​ខ្មែរ​បំពាន​ច្បាប់។
ការ​ចោទ​ប្រកាន់​នេះ ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ ទី​២៧ ខែ​វិច្ឆិកា បន្ទាប់​ពី​អ្នក​ល្បាត​ព្រៃ​សហគមន៍​មួយ​ក្រុម បាន​ប្រទះ​ឃើញ​ពលរដ្ឋ​វៀតណាម ២​នាក់ ប្រដាប់​ដោយ​ម៉ាស៊ីន​កាត់​ឈើ​មួយ​គ្រឿង កំពុង​អារ​រំលំ​ឈើ​ក្នុង​ព្រៃ​មួងតូម ជិត​ប៉ុស្តិ៍​ការពារ​ព្រំដែន​អូរថ្មដា កាល​ពី​រសៀល​ថ្ងៃ​ទី​២៥ កន្លង​ទៅ។
តំណាង​សហគមន៍ លោក រម៉ាស់ ស្វាន់ មាន​ប្រសាសន៍​បញ្ជាក់​ថា ជនជាតិ​វៀតណាម អ្នក​លួច​កាប់​ឈើ​ព្យាយាម​ប្រើ​កាំបិត​ត​ដៃ​ជាមួយ​សហគមន៍ ហេតុ​នេះ​ក្រុម​សហគមន៍​មិន​អាច​ឃាត់​ខ្លួន​ពួក​គេ​បាន​ទេ គឺ​រឹប​អូស​បាន​តែ​ម៉ាស៊ីន​កាត់​ឈើ​មួយ​គ្រឿង នាំ​មក​ប្រគល់​ជូន​មេ​ភូមិ។ លោក​បន្ត​ថា មួយ​ថ្ងៃ​បន្ទាប់​ពី​សហគមន៍​រឹប​អូស​ម៉ាស៊ីន​កាត់​ឈើ មន្ត្រី​ប៉ូលិស​ព្រំដែន​ប៉ុស្តិ៍​ថ្មដា ចំនួន បួន​នាក់ ដឹក​នាំ​ដោយ​ប៉ូលិស​ឈ្មោះ ពិត បាន​នាំ​ជនជាតិ​វៀតណាម ម្នាក់​មក​សម្រុះ​សម្រួល​សុំ​យក​ម៉ាស៊ីន​កាត់​ឈើ​ទៅ​វិញ ជា​ថ្នូរ​នឹង​បង់​ប្រាក់​ពិន័យ​ជូន​សហគមន៍ ប៉ុន្តែ​សហគមន៍​មិន​យល់​ព្រម៖ «អត់​ទេ អត់​មាន​ដី​វៀតណាម ទេ ដី​ខ្មែរ​យើង ៦​គីឡូម៉ែត្រ​ពី​ព្រំ​វៀតណាម មក។ គេ​ទៅ​ល្បាត​ព្រៃ​គេ ឃើញ​គេ​ចាប់​យក​មក។ គេ​ថា​អ្នក​ប៉ុស្តិ៍​ហ្នឹង​ហើយ គេ​ឲ្យ​ពួក​ខ្ញុំ​ចូល​មក​កាប់ សុំ​ពី​ប៉ុស្តិ៍​ហ្នឹង​ហើយ»។

ប្រធាន​ភូមិ​ឡំ លោក សេវ លីន មាន​ប្រសាសន៍​បញ្ជាក់​ថា សហគមន៍​បាន​រាយការណ៍​ជូន​លោក​ពី​ករណី​នេះ​ហើយ ប៉ុន្តែ​លោក​មិន​ទាន់​ស្វែង​រក​អត្តសញ្ញាណ​ពិត​ប្រាកដ​របស់​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍ ដែល​មក​សម្រប​សម្រួល​យក​ម៉ាស៊ីន​ពី​សហគមន៍​នៅ​ឡើយ៖ «គេ​ថា​មាន ប៉ុន្តែ​មិន​ដឹង​ឈ្មោះ​ពី​ណា​ទេ។ ខ្ញុំ​សួរ​វៀតណាម ហ្នឹង វៀតណាម គេ​ថា​ខ្ញុំ​អត់​ដឹង​ដែរ ព្រោះ​គេ​ទើប​ចូល​ថ្មី»។
នេះ គឺ​ជា​ករណី​ថ្មី​មួយ​ទៀត ដែល​សហគមន៍​បាន​រាយការណ៍ និង​ចាប់​បាន​វត្ថុ​តាង​ពី​ពលរដ្ឋ​វៀតណាម ចូល​មក​កាប់​ឈើ​លើ​ដី​ខ្មែរ។ ករណី​ដូច​គ្នា​នេះ បាន​កើត​មាន​ជា​បន្តបន្ទាប់​នៅ​ក្នុង​ឆ្នាំ​២០១៣។ ស្នងការ​ប៉ូលិស​ខេត្ត​រតនគិរី លោក រ៉ាយ រ៉ៃ មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​មិន​ទាន់​បាន​ទទួល​សេចក្តី​រាយការណ៍​ពី​ករណី​នេះ​ទេ៖ «ថ្មដា វា​មាន​ពីរ​បី​ថ្មដា មិន​ដឹង​ថ្មដា ចំណុច​ណា​ចាំ​មើល​ខ្ញុំ​សួរ​សិន ចាំ​មើល​ខ្ញុំ​ទាក់ទង​សិន អត់​ដឹង​ទេ​ខ្ញុំ»។
ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​សមាគម​អាដហុក (Adhoc) ខេត្ត​រតនគិរី លោក ឆាយ ធី ទទួល​ស្គាល់​ថា លោក​ក៏​បាន​ទទួល​ទូរស័ព្ទ​ពី​ប៉ូលិស​ការពារ​ព្រំដែន សុំ​សម្រប​សម្រួល​ករណី​នេះ។ លោក​បន្ត​ថា នេះ​ជា​ករណី​បំពាន​ច្បាប់ ហេតុ​នេះ​ស្ថាប័ន​លោក​បាន​អន្តរាគមន៍​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ ចាត់​វិធាន​ការ​ក្នុង​បញ្ហា​នេះ៖ «ម្សិលមិញ គ្នា​វា​ម្នាក់​អម​ដំណើរ​ដោយ​មន្ត្រី​វរ​ការពារ​ព្រំដែន ៤​នាក់ មក​សុំ​ធ្វើ​ការ​ដោះស្រាយ​ម៉ាស៊ីន ហើយ​ម៉ោង ២​រសៀល​ថ្ងៃ​នេះ គេ​ហ៊ាន​រហូត​គេ​ចូល​មក​ដី​ខ្មែរ ហើយ​សុំ​ម៉ាស៊ីន​មក​ដោយ​ខ្លួន​ឯង»។
កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា អ្នក​សារព័ត៌មាន​ប្រចាំ​ខេត្ត​រតនគិរី បី​រូប គឺ​អ្នក​កាសែត​កោះសន្តិភាព កាសែត​នគរធំ និង​កាសែត​កម្ពុជា​ថ្មី ត្រូវ​បាន​តម្រួត​ព្រំដែន​វៀតណាម ឃាត់​ខ្លួន​នៅ​ចំណុច​ក្បែរ​ប៉ុស្តិ៍​ប៉ូលិស​ការពារ​ព្រំដែន​ភូមិ​ឡំ ខណៈ​អ្នក​សារព័ត៌មាន​ទាំង​នោះ​ព្យាយាម​ទៅ​ថត​រូបភាព​ទីតាំង​ស្តុក​ឈើ​មួយ ដែល​វៀតណាម ប្រមូល​ឈើ​ពី​ដី​ខ្មែរ​ទៅ​ស្តុក​នៅ​ទី​នោះ។ អ្នក​កាសែត​ទាំង​នោះ​ត្រូវ​តម្រួត​វៀតណាម បង្ខំ​ឲ្យ​លុប​រូបភាព​ក្នុង​ម៉ាស៊ីន​ថត​រូប និង​រូប​វីដេអូ​ចោល​អស់ ទើប​ធ្វើ​កំណត់​ហេតុ​ប្រគល់​អ្នក​កាសែត​ទាំង​បី​មក​តម្រួត​ព្រំដែន​ខ្មែរ​វិញ។
នៅ​រសៀល​ថ្ងៃ​ដដែល​នេះ អាជ្ញាធរ​ខេត្ត​បាន​ចាត់​វិធាន​ការ​ភ្លាម ចាប់​ជនជាតិ​វៀតណាម ពីរ​នាក់ ដែល​បាន​ចូល​មក​ជួប​សហគមន៍ ដើម្បី​សុំ​ដោះស្រាយ​យក​ម៉ាស៊ីន​កាត់​ឈើ​វិញ បន្ទាប់​ពី​មន្ត្រី​សមាគម​អាដហុក សុំ​កិច្ច​អន្តរាគមន៍​ឲ្យ​ឃាត់​ខ្លួន​ពួក​គេ។ អធិការ​ប៉ូលិស​ស្រុក​អូរយ៉ាដាវ លោក ម៉ា វិចិត្រ មាន​ប្រសាសន៍​បញ្ជាក់​ថា ជនជាតិ​វៀតណាម ទាំង​ពីរ និង​វត្ថុ​តាង​ម៉ាស៊ីន​កាត់​ឈើ ត្រូវ​បញ្ជូន​មក​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត ដើម្បី​សាកសួរ និង​ដោះស្រាយ​តាម​ច្បាប់៕

No comments:

Post a Comment

yes