សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, November 11, 2013

វិភាគ​៖តើ​ក្រោយ​ការបកស្រាយ​សាលដីកា​របស់​តុលាការICJអាច​បញ្ចប់​ជម្លោះ​តំបន់​ព្រះវិហារ​បាន​ទេ​?​


តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូ​ឡង់ បកស្រាយ​ឡើងវិញ​នៅ​ថ្ងៃ​ចន្ទ​នេះ ចំពោះ​​សាលដីកា ឆ្នាំ​១៩៦២ ដែល​កាត់ក្តី​ឲ្យ​កម្ពុជា​ឈ្នះ និង​​បាន​ប្រគល់​ប្រាសាទ​ព្រះ​វិហារ ដែល​​កងទ័ព​ថៃ​បាន​ដណ្តើម​កាន់កាប់​ច្រើន​ឆ្នាំ​មក​នោះ មក​កម្ពុជា​វិញ​។​
ក្រោយពី​ការបកស្រាយ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅពេលនេះ តើ​អាច​​បញ្ចប់​ជម្លោះ​រវាង​កម្ពុជា​-​ថៃ នៅ​តំបន់​ប្រាសាទ​ព្រះវិហារ ពិសេស​លើ​ចំណុច​​វិវាទ​ដី​ទំហំ​៤,៦​គីឡូម៉ែត្រ​ក្រឡា​នោះបាន​ឬទេ​?
អ្នកវិភាគ​នយោបាយ ​លោកបណ្ឌិត សុខ ទូច គិតថា ជម្លោះ​​តំបន់​ប្រាសាទ​ព្រះវិហារ​អាច​​នឹង​បញ្ចប់​ក្រោយពី​តុលាការ​បកស្រាយ​ឡើងវិញ ​ចំពោះ​សាល​​ដីកា​​​ឆ្នាំ​​១៩៦២​​នោះ​ ៖ "ខ្ញុំជឿថា​ចប់ ព្រោះ​ថៃ​មិន​អាច​រុញ​បញ្ហា​ហ្នឹង​ទៅ​ណា​ទៀត​ទេ ប្រសិន​បើជា​ឡាអេ​ព្រម​ហើយ ពីព្រោះ​ថៃ​ក៏ជា​សមាជិក​នៃ​អង្គការ​សហប្រជា​ជាតិដែរ អញ្ចឹង​ថៃ​ត្រូវ​តែ​គោរព​​ស្មារតីអន្តរ​ជាតិ​ ហើយ​ឡា​អេ​កើត​ចេញ​ពី​ប្រ​ទេស​​អចិន្ត្រៃយ៍ទាំង​៥ បាន​បង្កើត​ ថៃ​នឹង​គាំ​ទ្រ​ ដូចនេះ​​បើ​ថៃជា​សមា​ជិក​នៃ​អង្គការ​សហ​ប្រជា​ជាតិ​ ទោះបីជា​ថៃ​​មិន​បាន​ចុះ​សន្ធិ​សញ្ញា​​នៅ​​ក្នុង​ឡា​អេ​ហ្នឹង​ក៏​ដោយ​ ក៏​ប៉ុន្តែ​ថៃ​ត្រូវ​តែ​គោរព​ ព្រោះថៃ​ឋិតនៅក្នុងសមាជិកនៃ​អង្គការ​សហ​ប្រជា​ជាតិ"។​

ប៉ុន្តែ​លោក សុខ ទូច លើកឡើងថា ដើម្បី​បញ្ចប់​ការបង្ក​រឿង​ម្តង​ទៀត​ពី​ភាគី​ថៃ​នោះ កម្ពុជា​ចាំបាច់​ត្រូវតែ​មាន​ការឯកភាព​ជាតិ និង​មាន​កងទ័ព​រឹង​មាំ​ ៖ "​កាលៈទេសៈនេះវា​អត់​រឹង​ម៉ាំ​ទេ ប៉ុន្តែ​រឿង​បញ្ហា​ជាតិ​វា​រឹង​ម៉ាំ​ ឬមិន​រឹង​ម៉ាំ យើង​ត្រូវ​តែ​ពង្រឹង​ ពី​ព្រោះ​យើង​ សេដ្ឋកិច្ច​ក៏យើង​​នៅ​ទាប​ជាង​គេ ហើយ​កម្លាំង​ទ័ព​ក៏​យើង​មិន​ទាន់​នេះ​ដែរ យើង​មាន​ជម្លោះ​​ផ្ទៃ​ក្នុង​ទៀត ហើយ​​​ឥឡូវ​ហ្នឹង​​វា​ទៅជា​ជម្លោះ​ផ្ទៃ​ក្នុង​ទាំង​សង​ខាង"។
លោក បញ្ជាក់ថា ដី​ទំហំ​៤,៦​គីឡូម៉ែត្រ​ក្រឡា​​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ​ ជា​ស្វ័យប្រវត្តិ ត្រូវ​ជា​របស់​កម្ពុជា ដែល​ជា​ម្ចាស់​ប្រាសាទ​។​
​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ បាន​សម្រេច​ឲ្យ​កម្ពុជា​ឈ្នះក្តី​លើ​សំណុំរឿង​ប្រាសាទ​​ព្រះវិហារ កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២​។ តុលាការ​កំពូល​នេះ បាន​បញ្ជា​ឲ្យ ថៃ​ដក​ទង់ជាតិ និង​កងទ័ព​របស់​ខ្លួន​ចេញពី​ប្រាសាទ​​ព្រះវិហារ និង​បរិវេណ​ជុំវិញ​ប្រាសាទ ព្រម​ទាំង​ប្រគល់​វត្ថុ​បុរាណ​ខ្មែរ​ដែល​ថៃ​យក​​ទៅ​នោះ​ប្រគល់​មក​កម្ពុជា​វិញ​។ តាំងពី​ពេលនោះ​មក ជម្លោះ​ត្រូវបាន​បញ្ចប់​ទាំងស្រុង ប៉ុន្តែ​កងទ័ព​ឈុតខ្មៅ​ថៃ ដែល​បាន​វាយ​ដណ្តើម​កាន់កាប់​ដី​ទំហំ​៤,៦​គីឡូម៉ែត្រ​ក្រឡា ជុំវិញ​ប្រាសាទ​ព្រះវិហារ គឺ​មួយ​សប្តាហ៍ បន្ទាប់​ពី​កម្ពុជា បាន​ចុះបញ្ជី​ប្រាសាទ​​ដ៏​ចំណាស់​នេះ ទៅ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក នៅ​ថ្ងៃ​​ទី​៧​​ខែ​កក្កដា​​ឆ្នាំ​២០០៨​។​
​សាស្ត្រាចារ្យ​ប្រវត្តិសាស្ត្រ​លោក សំបូរ ម៉ា​ណ្ណា​រ៉ា យល់ថា ការបញ្ចប់​ជម្លោះ​ក្រោយ​ពី​តុលាការ​បកស្រាយ​ឡើងវិញ ចំពោះ​សាល​ដីកា​​​ឆ្នាំ​១៩៦២ នៅ​ពេល​​នេះ អាស្រ័យ​​លើ​ភាគី​ទាំងសងខាង​ ៖ "​វា​ទាក់ទង​ទៅលើ​​​ការ​ទទួល​យក និង​ការ​សម្រេច​របស់​ភាគី​នៃ​សាម៉ី​ទំនាស់​ទាំង​ពីរ សម្រាប់​ប្រទេស​កម្ពុជា​​ភាព​ខ្លាំង​របស់​យើង​មាន​ស្រេច​ទៅ​ហើយ​​ គឺ​យើង​ប្រាកដ​ជា​ទទួល​យកពិត​ប្រាកដ​នូវ​អ្វី​ដែល​ជា​ការ​បកស្រាយ​ហើយ ​ប៉ុន្តែ​ចំពោះ​អតុល្យ​ភាព​នៅ​តាម​ព្រំ​ប្រ​ទល់​ដែន ដែល​កើត​ឡើ​ងនោះ បើ​ខ្ញុំ​និយាយ​មិន​ខុស​ទេ មិន​មែន​ទាក់ទង​តែ​រឿង​ប្រាសាទព្រះវិហារ​ទេ គឺ​វា​ទាក់​ទង​​​ជាមួយ​នឹង​អស្ថិរ​ភាព​នយោ​បាយ​​របស់​ប្រទេស​ក្បែរ​ខាង និយាយ​ចំ​គឺ​ប្រទេស​ថៃ​តែ​ម្តង"។
ប៉ុន្តែ​លោក​ទម្លាក់​ការទទួលខុសត្រូវ ទៅលើ​ភាគី​ថៃ ក្នុង​ការបញ្ចប់​ជម្លោះ​តាម​ព្រំដែន​នេះ​ ៖ "ចំពោះប្រាសាទ​ព្រះវិហារ វា​គ្រាន់​តែ​ជាលេស​ទេ យើង​បាន​ដឹង​គ្រប់​គ្នា​ទាំង​អស់ហ្នឹង ​គ្រាន់​ជា​លេស​មិន​មែនជា​រឿង​ធំ​ នាំ​​ទៅ​ដល់​​បញ្ហា​​ជន្ទល់​នយោបាយ​ថៃ​នោះ​ទេ តែវា​ជាលេស​មួយ​ដើម្បីគេ​បង្កើត​ប្រតិ​កម្ម ប្រឈម​គ្នា​រវាង​អ្នក​នយោ​បាយ​ថៃ​តែ​ប៉ុណ្ណឹង អញ្ចឹងខ្ញុំ​យល់​ឃើញ​​ថា​ គេ​មិន​អាចមាន​ស្ថិរ​ភាព​បាន​ល្អ​ទេ កាល​ណា​​អ្នកដឹក​នាំ​ទាំង​សង​ខាង​របស់​គេ​ទាំង​នោះ​ មិនបានយក​ចិត្ត​ទុកដាក់គិត​អំពី​ផល​ប្រយោជន៍​របស់​ខ្លួន​គេ​ ជាតិ​របស់​គេ ហើយ​និង​ផល​ប្រយោជន៍របស់​ការ​​បង្ហាញ​អំពី​​អរិយ​ធម៌​​​ប្រទេ​ស​របស់​គេ"។
​បើតាមលោក សំបូរ ម៉ា​ណ្ណា​រ៉ា ដើម្បី​កុំឲ្យ​ថៃ​យក​លេស​រឿង​ជម្លោះ​ផ្ទៃក្នុង​ខ្លួនឯង ជះ​កំហឹង​ដាក់​កម្ពុជា​ទៀត​នោះ កម្ពុជា​ត្រូវ​បន្ត​ស្វែងរក​ការគាំទ្រ ពី​បារាំង អាមេរិក និង​ជប៉ុន ដែល​មាន​ឥទ្ធិពល​លើ​ប្រទេស​ថៃ ដែល​បាន ទទួលស្គាល់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ អំពី​បូរណ​ភាព​ទឹកដី​ប្រទេស​ជិតខាង​។ ក្រៅពីនោះ ប្រទេស​ជា​សមាជិក​អាស៊ាន​ក៏​ជា​សាក្សី​ក្នុង​រឿងក្តី​នេះ​ដែរ​។​
អ្នកវិភាគ​ព្រឹត្តិការណ៍​សង្គម លោក អ៊ូ វីរៈ បាន​វិភាគ​ថា នៅពេល​ដែល​កម្ពុជា​ឈ្នះក្តី​លើ​ការបកស្រាយ​សាលដីកា​ម្តងទៀត​នេះ នឹង​មាន​ការ​តានតឹង​ផ្នែក​យោធា​រយៈពេល​ពី​៥​ទៅ​១០​ឆ្នាំ​ទៀត ដោយសារ​ថៃ​មិនទាន់​សុខចិត្ត​ ៖ "អញ្ចឹងបើសិនជា​កម្ពុជា​ឈ្នះ កម្ពុជា​ត្រូវ​តែ​ត្រៀម​ខ្លួន​ដើម្បី​ការ​ពារ​តំបន់​ហ្នឹង​ ឲ្យ​បាន​រយៈ​ពេល​៥​ឆ្នាំ ទៅ​១០​ឆ្នាំ​ ត្រៀម​ទ័ព ឬមួយ​ត្រៀម​ខ្លួន តាំង​ពី​កម្លាំង​យោ​ធា តាំងពីកម្លាំង​ការ​ទូត​អន្តរ​ជាតិ ខ្ញុំ​​មើល​ទៅ​ប្រ​ទេស​​កម្ពុជា ​ពឹង​ផ្អែក​ទៅ​​លើ​ការ​ទូត​អន្តរ​ជាតិ​​ខ្លាំង​ជា​ការ​ត្រៀម​ទាហាន​"។
ទោះជា​យ៉ាងណា ក្រុមអ្នកវិភាគ អះអាងថា ការផ្ទុះ​សង្គ្រាម​ក្រោយ​ពី​តុលាការ​ចេញ​សម្រេច​ឡើងវិញ​នេះ មិន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ទៀត​ទេ ព្រោះ​ទាំង​ភាគី​ថៃ​និង​កម្ពុជា​សុទ្ធតែ​ទទួល​តុលាការ​របស់​ពិភពលោក​មួយ​នេះ​៕

No comments:

Post a Comment

yes