ប្រធានក្រុមប្រឹក្សាឃុំមួយរូបនៃគណបក្ស សម រង្ស៊ី ចោទប្រកាន់ប្រធានសមាគមក្រុមប្រឹក្សាឃុំសង្កាត់ខេត្តស្ទឹងត្រែង និងមន្ត្រីអាជ្ញាធរស្រុកនៃគណបក្សប្រជាជន ថារើសអើងនយោបាយប្រើវិធីគាបសង្កត់ទៅលើសេរីភាពចូលរួមរបស់មន្ត្រីមូលដ្ឋាននៃគណបក្សប្រឆាំងទៅក្នុងការងារសង្គម។
មន្ត្រីមូលដ្ឋាននៃគណបក្សប្រជាជនខេត្តស្ទឹងត្រែង ចំនួនពីររូប រងការចោទថា មានចេតនារារាំងសកម្មភាពចូលរួមការងារសង្គមនៃមន្ត្រីគណបក្ស សម រង្ស៊ី នៅមូលដ្ឋាន។
មន្ត្រីមូលដ្ឋានគណបក្សប្រជាជនទាំងពីររូប គឺមេឃុំព្រះបាទ និងជាប្រធានសមាគមក្រុមប្រឹក្សាឃុំសង្កាត់ខេត្តស្ទឹងត្រែង លោក សិត គឹមតេង និងអភិបាលស្ដីទីស្រុកសេសាន លោកស្រី យាង ស្រីធារី។
មេឃុំស្រែគរ លោក សៀក មេគង្គ បេក្ខភាពនៃគណបក្ស សម រង្ស៊ី នៅថ្ងៃពុធ ទី១១ ខែធ្នូ អះអាងថា មន្ត្រីទាំងពីរបានប្រើវិធីរារាំងមិនឲ្យលោកបានទៅចូលរួមសិក្ខាសាលាថ្នាក់ជាតិមួយ ដែលរៀបចំឡើងដោយក្រសួងផែនការនៅថ្ងៃទី១២ ខែធ្នូ ខាងមុខនេះ ដោយសារខ្លាចលោកទៅចូលរួមហែក្បួនជាមួយគណបក្សសង្គ្រោះជាតិ។
លោកបន្តថា ប្រធានសមាគមក្រុមប្រឹក្សាឃុំសង្កាត់មិនបានបញ្ជូនឯកសារអញ្ជើញចូលរួមសិក្ខាសាលាជូនដំណឹងទៅអាជ្ញាធរស្រុក។ ចំណែកអាជ្ញាធរស្រុកលើកហេតុផលថា លោកមិនបានបញ្ជូនឯកសារផ្ទេរសិទ្ធិ និងលិខិតអញ្ជើញ ទើបមិនអនុញ្ញាតឲ្យលោកធ្វើដំណើរទៅភ្នំពេញ ចូលរួមសិក្ខាសាលានេះវិញ។
លោកអះអាងថា បានជូនដំណឹងទៅមន្ត្រីអាជ្ញាធរស្រុកតាមទូរស័ព្ទរួចហើយ៖ «ក្រសួងផែនការគេអញ្ជើញសមាគមឃុំសង្កាត់ចូលរួមប្រជុំនៅទីក្រុងភ្នំពេញ សណ្ឋាគារភ្នំពេញ ថ្ងៃស្អែកនេះ។ អភិបាលរងស្រុកហ្នឹងឃាត់មិនឲ្យខ្ញុំទៅ គាត់មានប្រតិកម្មម៉េច មិនមានប្រតិកម្មតាំងពីខ្ញុំជូនដំណឹងពីដំបូងថ្ងៃទី៨នោះ»។
ឆ្លើយតបការចោទប្រកាន់នេះ អភិបាលស្ដីទីស្រុកសេសាន លោកស្រី យាង ស្រីធារី មានប្រសាសន៍បញ្ជាក់ថា នេះគឺជាបែបបទរដ្ឋបាលដែលតម្រូវឲ្យមេឃុំបំពេញបែបបទជូនអាជ្ញាធរស្រុក មុននឹងចេញទៅបំពេញភារកិច្ចផ្សេងក្រៅការងារប្រចាំថ្ងៃរបស់ក្រុមប្រឹក្សាឃុំ។
លោកស្រីទទួលស្គាល់ថា មេឃុំបានជូនដំណឹងនេះតាមទូរស័ព្ទ ក៏ប៉ុន្តែមិនបានបំពេញបែបបទរដ្ឋបាលត្រឹមត្រូវ៖ «ជម្រាបផ្ទាល់មាត់ ប៉ុន្តែត្រូវធ្វើលិខិតផ្ទេរសិទ្ធិឲ្យជំទប់មួយណា ហើយធ្វើលិខិតមកស្រុកមកភ្ជាប់ជាមួយលិខិតគេអញ្ជើញ...»។
ចំណែកប្រធានសមាគមក្រុមប្រឹក្សាឃុំសង្កាត់ លោក សិត គឹមតេង បដិសេធថា លោកមិនបានប្រើវិធីអាក្រក់ ឬរើសអើងគណបក្សអ្វីទេ ក៏ប៉ុន្តែជាកំហុសរបស់មន្ត្រីលេខារបស់លោកដែលមិនបានផ្ញើលិខិតអញ្ជើញទៅអាជ្ញាធរស្រុក។
លោកទទួលស្គាល់ថា បានពិភាក្សាជាមួយមេឃុំគណបក្ស សម រង្ស៊ី រួចហើយ ស្ដីពីកំហុសអចេតនានេះ៖ «បើនិយាយរួមកំហុសខ្ញុំ ព្រោះសមាគមខ្ញុំមានលេខាមួយ លេខាហ្នឹងវាអត់ធ្វើសកម្មភាព។សូម្បីខាងណាហៅក៏ដោយ យើងត្រូវតែសុំ បើយើងនៅចំណុះស្រុកណារាយការណ៍សុំច្បាប់ស្រុកនោះ។ គេមិនបិទសិទ្ធិទេ តែយើងអត់បានសុំគេ អ៊ីចឹងគេមានសិទ្ធិមិនអនុញ្ញាត»។
ទាក់ទិនករណីនេះដែរប្រធានផ្នែកអង្កេតគណៈកម្មការសង្កេតការណ៍ដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) កញ្ញា គង់ រ៉ាវីន កត់សម្គាល់ថា បញ្ហាដែលកើតឡើងនេះ គ្រាន់តែជាបញ្ហាធ្វើមានការស្មុគស្មាញ និងរំខានដល់ការចូលរួមរបស់ក្រុមប្រឹក្សាឃុំសង្កាត់ក្នុងការងារសាធារណៈ។
កញ្ញាបន្តថា អាជ្ញាធរថ្នាក់លើគួរបង្កការងាយស្រួលឲ្យមានការចូលរួមរបស់មន្ត្រីថ្នាក់ក្រោម ចំពោះការងារសង្គមបានច្រើនកាន់តែប្រសើរ៖ «នីតិវិធីទាំងអស់ហ្នឹង ពេលខ្លះធ្វើឲ្យរើសអើង ហើយអាចធ្វើឲ្យមានភាពស្មុគស្មាញចំពោះការចូលរួមរបស់ក្រុមប្រឹក្សាឃុំសង្កាត់។ មួយវិញទៀត បានធ្វើឲ្យសេរីភាពការចូលរួមមានលក្ខណៈស្មុគស្មាញទៅវិញ»។
ទោះជាយ៉ាងនេះក្តី មន្ត្រីគណបក្ស សម រង្ស៊ី ដដែលអះអាងថា ការរើសអើងគណបក្សនយោបាយនេះ មិនមែនមានតែករណីនេះទេ គឺមានច្រើនករណីទៀតដូចជាមន្ត្រីអាជ្ញាធរកាន់អំណាចនៃគណបក្សប្រជាជន មិនបានសហការផ្ដល់លទ្ធភាព ឬអាទិភាពដល់មន្ត្រីមូលដ្ឋាននៃគណបក្សប្រឆាំងក្នុងការដឹកនាំនៅមូលដ្ឋានជាដើម៕
No comments:
Post a Comment
yes