យោងតាមសន្ទស្សន៍ស្វែងយល់ពីអំពើពុករលួយឆ្នាំ២០១៣របស់អង្គការតម្លាភាពអន្តរជាតិដែលត្រូវបានផ្សព្វផ្សាយកាលពីម្សិលមិញបង្ហាញថា ប្រទេសកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានអំពើពុករលួយច្រើនបំផុតនៅលើពិភពលោក និងត្រូវបានចាត់ទុកថា ជាប្រទេសមានអំពើពុករលួយច្រើនបំផុតក្នុងវិស័យសាធារណៈក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន។
ប្រទេសកម្ពុជា ក៏ដូចជាប្រទេសអេរីត្រេ និងប្រទេសវ៉េណេស៊ុយអេឡា ទទួលបានចំណាត់ថ្នាក់ទី១៦០ ក្នុងចំណោមប្រទេស និងទឹកដីចំនួន១៧៧ដែលមានអំពើពុករលួយនៅក្នុងវិស័យសាធារណៈ ដោយទទួលបានពិន្ទុតែ២០ប៉ុណ្ណោះ។ ពិន្ទុ១០០បង្ហាញពីប្រទេសស្អាតស្អំបំផុតផ្នែកអំពើពុករលួយ។
ការចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ជាប្រទេសមានអំពើពុករលួយច្រើនបំផុតទី១៧នៅលើពិភពលោកនេះបានទម្លាក់ចំណាត់ថ្នាក់ចំនួនបីលេខ ពីទី១៥៧ ក្នុងឆ្នាំ២០១២ដែលនៅពេលនោះទទួលបាន២២ពិន្ទុ គឺប្រសើរជាងបន្តិចពីពិន្ទុរបស់ខ្លួនចំនួន១៩ក្នុងឆ្នាំ២០១១។ អង្គការតម្លាភាពកម្ពុជាបានលើកឡើងនៅឯពិធីផ្សព្វផ្សាយរបាយការណ៍នេះនៅក្នុងរាជធានីភ្នំពេញថា “ចំណាត់ថ្នាក់នៅឆ្នាំ២០១៣នេះ បញ្ជាក់ថា វិស័យសាធារណៈនៅក្នុងប្រទេសកម្ពុជានៅតែមានអំពើពុករលួយច្រើន”។
បើនិយាយពីនៅក្នុងតំបន់វិញ ប្រទេសកម្ពុជាបានធ្លាក់ចុះពីរលេខ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន គឺស្ថិតក្នុងចំណាត់ថ្នាក់ទាបជាងគេបំផុត រីឯប្រទេសភូមាវិញ ទទួលបានពិន្ទុកើនឡើងពី១៥ពិន្ទុកាលពីឆ្នាំមុនដល់២១ពិន្ទុនៅឆ្នាំនេះ។ ប្រទេសឡាវក៏ទទួលបានពិន្ទុខ្ពស់ជាងមុនបន្តិចដែរ គឺពី២១ ដល់២៦។ ប្រទេសវៀតណាមស្ថិតនៅក្នុងចំណាត់ថា្នក់ទី១១៦ មានពិន្ទុចំនួន៣១ រីឯប្រទេសសិង្ហបុរីទទួលបានចំណាត់ថ្នាក់ល្អជាងគេទី៥ មានពិន្ទុ៨៦។
លោក រ័ត្ន សុភ័ណ ប្រធានក្រុមប្រឹក្សានាយកនៃអង្គការតម្លាភាពកម្ពុជាបានចាត់ទុកបញ្ហាអំពើពុករលួយនៅកម្ពុជា ជាបទល្មើសធ្ងន់ធ្ងរ ដែលត្រូវដោះស្រាយដោយការចាត់វិធានការ មិនមែនគ្រាន់តែនិយាយនោះទេ។
លោក សុភ័ណ បានមានប្រសាសន៍ថា “លទ្ធផលនៅឆ្នាំនេះបង្ហាញថា អំពើពុករលួយគឺជាបញ្ហាចម្បងមួយដែលធ្វើឲ្យប៉ះពាល់ជាអវិជ្ជមានដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ និងមានផលវិបាកធ្ងន់ធ្ងរដល់កំណើនសេដ្ឋកិច្ចកម្ពុជា”។ លោកបានមានប្រសាសន៍ថា ទោះបីជាមានសង្ឃឹមពេលបានឮពីការប្តេជ្ញាខ្ពស់របស់រដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយក៏ដោយ ក៏អំពើពុករលួយនឹងនៅតែមាន ហើយមានកាន់តែច្រើនទៀតផង លុះត្រាមានការចាត់វិធានការដូចដែលរដ្ឋាភិបាលបានប្តេជ្ញា។ ការទទួលស្គាល់ និងការប្តេជ្ញាមិនគ្រប់គ្រាន់ទេ គឺត្រូវតែចាត់វិធានការឲ្យបានច្រើន ដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសដ៏ធ្ងន់ធ្ងរនេះ”។
អង្គការតម្លាភាពកម្ពុជាបានទទួលស្គាល់ថា “រដ្ឋាភិបាលបានបង្ហាញពីការប្តេជ្ញាដើម្បីឆ្លើយតបទៅនឹងតម្រូវការកាន់តែច្រើនឡើងរបស់ប្រជាពលរដ្ឋខ្មែរ ហើយយើងនៅតែមានសុទិដ្ឋិនិយមថា ប្រទេសកម្ពុជានឹងមានតម្លាភាព និងមានការទទួលខុសត្រូវកាន់តែច្រើននៅពេលអនាគត”។ អង្គការនេះបានបង្ហាញពីការប្រឹងប្រែងជាច្រើនរបស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់អំពើពុករលួយ រួមទាំងកិច្ចការរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងការដាក់បង្ហាញតម្លៃសេវាសាធារណៈជាផ្លូវការនៅតាមក្រសួងនានាផងដែរ។ ចំណាត់ថ្នាក់របស់កម្ពុជា នៅក្នុងសន្ទស្សន៍ស្វែងយល់ពីអំពើពុករលួយនេះ គឺផ្អែកតាមប្រភពទិន្នន័យស្ថិតិចំនួនប្រាំពីរ រួមទាំងរបាយការណ៍របស់វេទិកាសេដ្ឋកិច្ចពិភពលោក ធនាគារពិភពលោក និងអង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច។
ប្រទេស ដាណឺម៉ាក គឺជាប្រទេសស្អាតស្អំជាងគេបំផុតនៅឆ្នាំនេះ ដែលទទួលបានពិន្ទុ៩១ បន្ទាប់មកមានប្រទេសនូវែលសេឡង់ប្រទេសហ្វាំងឡង់ និងប្រទេសស៊ុយអែត។ ប្រទេសសូម៉ាលី កូរ៉េខាងជើង និងអាហ្វហ្គានីស្ថាន មានចំណាត់ថ្នាក់ចុងក្រោយគេ និងមានពិន្ទុចំនួន៨ រីឯប្រទេសកម្ពុជាស្ថិតនៅពីក្រោយជាប់ប្រទេសភូមា ព្រុយណេ និងស៊ីមបាវ៉េ ដែលទទួលបានចំណាត់ថ្នាក់ទី១៥៧ ជាមួយពិន្ទុ២១។
សមាជិកក្រុមប្រឹក្សានាយកនៃអង្គការតម្លាភាពកម្ពុជាបានលើកឡើងថា វិធីមួយក្នុងចំណោមវិធីដែលកម្ពុជាអាចធ្វើឲ្យកេរ្តិ៍ឈ្មោះអាក្រក់របស់ខ្លួនប្រសើរឡើងវិញនោះ គឺត្រូវអនុម័តច្បាប់ស្តីពីសេរីភាពទទួលព័ត៌មាន ដែលគេរង់ចាំ និងចង់បានជាយូរមកហើយ។ សេចក្តីព្រាងច្បាប់នេះត្រូវបានរដ្ឋសភាច្រានចោល កាលពីខែមករា។
អង្គការតម្លាភាពកម្ពុជាបានឲ្យដឹងថា “វិធានការនេះនឹងផ្តល់សិទ្ធិនិងយន្តការដល់សាធារណជន ឲ្យចូលរួមកាន់តែសកម្មនៅក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ហើយអាចជួយឲ្យរដ្ឋាភិបាលទទួលបានលទ្ធផលកាន់តែល្អប្រសើរ”។ នៅពេលជាមួយគ្នានេះដែរ ក្រុមប្រឹក្សានាយកអង្គការតម្លាភាពកម្ពុជាបានធ្វើការកត់សម្គាល់អំពីច្បាប់ស្តីពីអីុនធើណិត ដែលអង្គការសិទ្ធិមនុស្សនានានិយាយថា អាចរារាំងសេរីភាពនៃការបញ្ចេញមតិ ជាពិសេសស្តីអំពីបណ្តាញទំនាក់ទំនងសង្គម ហើយផ្ទុយទៅវិញ បានជំរុញឲ្យរដ្ឋាភិបាលផ្តោតលើការការពារផ្លូវច្បាប់សម្រាប់អ្នកផ្តល់ព័ត៌មានដែលលាតត្រដាងពីអំពើពុករលួយ។
លោក ឆាយ សាវុធ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលបានបដិសេធចំពោះការដែលថា មិនមានការប្រឹងប្រែងទប់ស្កាត់បញ្ហានេះ។
លោក សាវុធ មានប្រសាសន៍ថា “វាជាសិទ្ធិរបស់ពួកគេក្នុងការនិយាយថា កម្ពុជាមានអំពើពុករលួយច្រើន ប៉ុន្តែ កម្ពុជាកំពុងតែអភិវឌ្ឍ ដូចជា ការកសាងសាលារៀន និងស្ពាន”។
លោកបន្ថែមមុនពេលបដិសេធមិនធ្វើអត្ថាធិប្បាយបន្តថា “ប្រសិនបើយើងមានអំពើពុករលួយមែន តើការងារទាំងអស់នេះនឹងកើតឡើងដោយរបៀបណា? យើងអាចមើលឃើញដោយផ្ទាល់ភ្នែកយើងទាំងអស់គ្នា”។ កាលពីខែមុន មន្ត្រីសុខាភិបាលមួយចំនួនត្រូវបានមូលនិធិពិភពលោកដើម្បីប្រយុទ្ធប្រឆាំងជំងឺអេដស៍ ជំងឺរបេងនិងគ្រុនចាញ់ បង្ហាញថា បានទទួលប្រាក់សគុណរាប់សែនដុល្លារ ជាគំរូថ្មីមួយដែលបង្ហាញថា មានអំពើពុករលួយច្រើន។
កាលពីសប្តាហ៍មុន អង្គភាពប្រឆាំងអំពើពុករលួយក៏បានចាប់ខ្លួនមន្ត្រីអគ្គិសនី និងមន្ត្រីពន្ធដារបីនាក់ផងដែរនៅក្នុងករណីដាច់ដោយឡែកពីគ្នាចំនួនពីរ ពីបទក្លែងបន្លំឯកសារ និងទទួលសំណូក៕
No comments:
Post a Comment
yes