អង្គការឃ្លាំមើលសិទ្ធិមនុស្ស ជាអង្គការតស៊ូមតិអាមេរិក កំពុងជំរុញឲ្យរដ្ឋាភិបាលធ្វើការស៊ើបអង្កេតឲ្យបានហ្មត់ចត់លើលោក ជាម យៀប តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា និងការជាប់ពាក់ព័ន្ធរបស់លោកនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយកាលពីខែមុន។
លោក ជាម យៀប កំពុងធ្វើដំណើរតាមរថយន្តលុចស៊ិស ស្រាប់តែនៅពេលនោះបានបុកគ្នាចំពីមុខជាមួយម៉ូតូមួយគ្រឿងជិះពីរនាក់ប្តីប្រពន្ធនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី២២ ខែវិច្ឆិកា។ នគរបាល និងសាក្សីនិយាយថា ប្តីប្រពន្ធនេះជិះបញ្ច្រាសទិសនៅពេលគ្រោះថ្នាក់ចរាចរណ៍នោះកើតឡើង។ ទោះជាយ៉ាងណា រថយន្តរបស់លោក ជាម យៀប មិនបានឈប់នៅកន្លែងកើតហេតុនោះទេ ដែលនេះជាការបំពានច្បាប់ចរាចរណ៍ ។
យោងតាមសាច់ញាតិម្នាក់បានឲ្យដឹងថា ប្តីប្រពន្ធនោះបានដេកដួលនៅលើចិញ្ចើមផ្លូវអស់រយៈពេលកន្លះម៉ោង មុនពេលត្រូវបានគេនាំទៅគ្លីនិកមួយនៅទីនោះ។ អ្នកស្រី ពិន សុភា បានស្លាប់នៅពេលរសៀលថ្ងៃនោះ រីឯប្តីរបស់គាត់ឈ្មោះ មឿន ថា បានទៅព្យាបាលការបែកប្លោកនោម ប៉ុន្តែបានចេញពីមន្ទីរពេទ្យវិញហើយ។
កាលពីសប្តាហ៍មុន នគរបាលខេត្តកណ្តាលនិយាយថា ខ្លួននឹងស៊ិបអង្កេតករណីនេះ។ ប៉ុន្តែ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទ អង្គការឃ្លាំមើលសិទ្ធិមនុស្សបានលើកឡើងថា មន្ត្រីតុលាការម្នាក់បានប្រាប់ខ្លួនដោយសម្ងាត់ថា តុលាការខេត្តនឹងមិនបន្តស៊ើបអង្កេតឲ្យបានហ្មត់ចត់លើគ្រោះថ្នាក់ចរាចរណ៍នេះ ឬលើការជាប់ពាក់ព័ន្ធរបស់លោក ជាម យៀប ទេ។ សេចក្តីថ្លែងការណ៍នោះបានដកស្រង់សម្តីមន្ត្រីរូបនោះថា នគរបាលគ្រាន់តែធ្វើឲ្យតែហើយៗប៉ុណ្ណោះដើម្បីបំពេញចិត្តមតិសាធារណៈ”។ អង្គការឃ្លាំមើលសិទ្ធិមនុស្សនិយាយថា លោក ជាម យៀប ទំនងជារួចផុតពីការស៊ើបអង្កេត ឬការកាត់ទោស ដោយសារគណបក្សប្រជាជនកម្ពុជាគ្រប់គ្រងប្រព័ន្ធតុលាការ និងនគរបាលខេត្តកណ្តាល។
អង្គការនេះក៏បានជំរុញដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលចង់បានសុវត្ថិភាពចរាចរណ៍ផ្លូវគោកនោះ កុំធ្វើឲ្យរឿងបែបនេះកើតឡើង។ លោក ប្រេដ អាដាម នាយកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សបានមានប្រសាសន៍ថា ប្រសិនបើ ហ៊ុន សែន ចង់ដោះស្រាយសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបង្ហាញថា លោកពិតជាចង់បញ្ចប់និទណ្ឌភាពសម្រាប់មន្ត្រីមានអំណាចមែននោះ លោកត្រូវធានាថា មានការស៊ើបអង្កេតឲ្យបានហ្មត់ចត់លើការបុកហើយរត់បណ្តាលឲ្យមនុស្សស្លាប់នេះ”។
កាលពីម្សិលមិញគេមិនអាចទាក់ទងលោក ជាម យៀប ដើម្បីសុំអត្ថាធិប្បាយបានទេ។ ទោះជាយ៉ាងណា ប៉ុន្មានថ្ងៃបន្ទាប់ពីឧបទ្ទវហេតុនេះ លោក ជាម យៀប បានបដិសេធថា លោកមិនខុសទេ ពីព្រោះទោះបីជាលោកគេចចេញពីកន្លែងកើតហេតុក៏ដោយ ក៏លោកបានទូរស័ព្ទហៅមេធាវីរបស់លោកភ្លាមៗឲ្យដោះស្រាយបញ្ហានេះឲ្យលោកដែរ។
លោក វ៉ែន សុវិន ស្នងការរងនគរបាលខេត្តកណ្តាលបានមានប្រសាសន៍កាលពីម្សិលមិញថា លោកបានបញ្ជូនសំណុំរឿងនេះទៅតុលាការខេត្តកាលពីថ្ងៃព្រហស្បតិ៍រួចហើយ ហើយបានច្រានចោលការអះអាងរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស ដែលថា មិនមានការស៊ើបអង្កេត។ លោកបានសួរថា “ប្រសិនបើខ្ញុំមិនដោះស្រាយបញ្ហានេះទេ ហេតុអ្វីបានជារឿងនេះបានទៅដល់តុលាការនៅពេលនេះ?”។
លោក អ៊ុក គឹមសិទ្ធ អគ្គ ព្រះរាជអាជ្ញាសាលាដំបូងខេត្តកណ្តាលបានមានប្រសាសន៍ ថា លោកបានទទួលសំណុំរឿងនេះហើយ ប៉ុន្តែ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមឡើយ ហើយបានបង្វែរសំណួរទៅព្រះរាជ អាជ្ញា លោក សំ រិទ្ធីវាសនា ដែលមិនអាចទាក់ទងបាន៕
No comments:
Post a Comment
yes