ធម្មយាត្រារបស់ក្រុមសង្គមស៊ីវិល ព្រះសង្ឃ ហែក្បួនចេញពីខេត្តកំពង់ធំ
កាលពីព្រឹកថ្ងៃទី១ ធ្នូ ឆ្នាំ២០១៣
សកម្មភាពហែក្បួនសិទ្ធិយាត្រា និងធម្មយាត្រារបស់ក្រុមបណ្ដាញសហគមន៍ សមាគម ព្រះសង្ឃ និងអង្គការសង្គមស៊ីវិល បានប៉ះទង្គិចគ្នាមួយប្រាវរយៈពេលខ្លី នៅស្រុកបារាយ ខេត្តកំពង់ធំ ដែលជាចំណុចផ្លូវជាតិលេខ៦។ ការឈានដល់ប្រើប្រាស់ហិង្សានេះ ត្រូវបានក្រុមហែក្បួនសិទ្ធិយាត្រា អះអាងថា ក្រុមប្រឹក្សាស្រុកមកពីគណបក្សប្រជាជនកម្ពុជា បញ្ជាមិនឲ្យក្រុមហែក្បួនចូលស្នាក់នៅក្នុងវត្តបារាយ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចោទប្រកាន់ក្រុមប្រឹក្សាស្រុកម្នាក់មកពីខាងគណបក្សប្រជាជនកម្ពុជា ដោយចាត់ទុកការព្យាយាមរារាំងក្បួនដង្ហែរបស់ពួកគេ ប្រឆាំងមិនអនុញ្ញាតឲ្យចូលស្នាក់នៅក្នុងវត្តនេះ ថានេះគឺជាផ្នែកមួយនៃការរើសអើងសកម្មភាពមនុស្សធម៌ និងបានរំលោភបំពានប្រឆាំងនឹងច្បាប់អន្តរជាតិធ្ងន់ធ្ងរ ដែលមានចែងជាសកលស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបានដឹកនាំការហែក្បួនសម្រាប់សិទ្ធិយាត្រា និងធម្មយាត្រា មានប្រសាសន៍នៅថ្ងៃទី៣ ខែធ្នូ ថានៅគ្រាក្បួនដង្ហែចូលក្នុងវត្តបារាយ ក្នុងឃុំកំពង់ថ្ម ភ្លាមៗក្រុមប្រឹក្សាស្រុករបស់គណបក្សប្រជាជនកម្ពុជា បានចុះរារាំងពុំអនុញ្ញាតឲ្យក្រុមអ្នកដង្ហែក្បួន បានចូលស្នាក់នៅក្នុងវត្តទេ។ លោកបន្តថា លើសពីនេះ ក្រុមប្រឹក្សាស្រុកបានបញ្ជាឲ្យព្រះសង្ឃបិទទ្វារកុដិ និងសាលាធម្មសភាថែមទៀត ប្រឆាំងមិនឲ្យអ្នកដង្ហែក្បួនបានចូលសម្រាកឡើយ៖ «គាត់បញ្ជាឲ្យមនុស្សស្រវឹងស្រាម្នាក់មកកញ្ឆក់ទូរស័ព្ទគ្នាប្រុងបោះចោល ប៉ុន្តែយើងដណ្ដើមទាន់ ហើយគាត់នៅតែមិនអនុញ្ញាត។ ប៉ុន្តែ ដោយសារគ្នាយើងជម្នះនៃការចូល គឺយើងបានបណ្ដើរម៉ូតូគាត់ទាំងជាប់សោក ចេញពីខ្លោងទ្វារ។ យើងក៏យករ៉ឺម៉ករបស់យើង និងក្បួនរបស់យើងចូលទៅក្នុងវត្តហើយ»។
ឆ្លើយតបបញ្ហានេះ ក្រុមប្រឹក្សាស្រុកបារាយ ខេត្តកំពង់ធំ មកពីគណបក្សប្រជាជនកម្ពុជា លោក ម៉ម សុខ អះអាងយ៉ាងខ្លីថា អ្វីដែលអាជ្ញាធរមិនអាចឲ្យស្នាក់នៅបាននេះ ព្រោះថា ក្រុមធម្មយាត្រា និងសិទ្ធិយាត្រាធ្វើឡើងដោយពុំមានលិខិតស្នាមត្រឹមត្រូវ បញ្ជាក់ពីភូមិឃុំ។ ហេតុនេះ ទើបលោកពុំអាចអនុញ្ញាតឲ្យព្រះសង្ឃ និងពលរដ្ឋដែលហែក្បួននេះបានស្នាក់នៅក្នុងវត្តឡើយ៖ «គឺថាគាត់ឥតមានច្បាប់សុំអនុញ្ញាតច្បាប់ពីម្ចាស់ទឹកម្ចាស់ដី»។
យ៉ាងណាក៏ដោយ ក្រុមអ្នកហែក្បួនបញ្ជាក់ថា បើទោះជាអាជ្ញាធរមូលដ្ឋានរារាំងមិនឲ្យពួកគេស្នាក់នៅក៏ដោយចុះ នេះគឺជាជម្រើសចុងក្រោយ ហើយពួកគេសម្រេចចិត្តបោះតង់នៅក្នុងបរិវេណវត្តតែម្ដង ប្រឆាំងនឹងការបណ្ដេញចេញនេះ។
ដោយឡែកផ្លូវជាតិបួនផ្សេងទៀត រួមមាន ផ្លូវជាតិលេខ៤ កំពង់ស្ពឺ លេខ៣ កំពត និងផ្លូវជាតិលេខ១ ស្វាយរៀង ក្រុមអ្នកដង្ហែក្បួន ឲ្យដឹងថា ពុំមានបញ្ហាអ្វីកើតឡើងទេ ក្រៅពីមន្ត្រីនគរបាល និងអាជ្ញាធរមូលដ្ឋាន សួររកលិខិតស្នាមប៉ុណ្ណោះ។ បន្ថែមពីលើនេះ ចំនួនអ្នកចូលរួមហែក្បួនបានកើនឡើងទ្វេដងចំពោះផ្លូវនីមួយៗបើប្រៀបធៀបរយៈពេល ២ថ្ងៃមកនេះ។
ក្បួនដង្ហែនឹងមកដល់រាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែធ្នូ គ្រប់ផ្លូវនីមួយៗ។ នៅនាទីចុងក្រោយ ក្បួននឹងដង្ហែទៅមន្ទីររដ្ឋសភា ដោយបង្ហាញសារទៅរដ្ឋាភិបាលថា ស្ថានភាពហិង្សា ការរំលោភសិទ្ធិមនុស្ស និងជម្លោះដីធ្លី កំពុងញាំញីធ្ងន់ធ្ងរក្នុងដំណាក់កាលចុងក្រោយនេះ។ ក្រុមសហគមន៍ បណ្ដាញព្រះសង្ឃ និងអង្គការសង្គមស៊ីវិល ប្រារព្ធទិវាសិទ្ធិមនុស្ស ១០ ធ្នូ ខួបលើកទី៦៥ ចាត់ទុកថា រដ្ឋាភិបាលគប្បីពិនិត្យនូវគោលនយោបាយអំពីបញ្ហាសិទ្ធិមនុស្ស និងច្បាប់គ្រប់គ្រងភូមិបាលឡើងវិញ៕
No comments:
Post a Comment
yes