វិច្ឆិកា-២០១២៖ អគារការិយាល័យនាយករដ្ឋមន្ត្រីដែលមាន
ឈ្មោះថា "វិមានសន្តិភាព" ស្ថិតនៅក្នុងរាជធានីភ្នំពេញ
ទំហំនៃសមាជិករដ្ឋាភិបាលកម្ពុជា អាណត្តិទី៥ ដែលកើតចេញពីការបោះឆ្នោតដ៏ចម្រូងចម្រាសក្នុងឆ្នាំ២០១៣ នេះ កាន់តែរីកធំឡើងៗ។ បើប្រៀបធៀបទៅប្រទេសចិន និងប្រទេសថៃ ដែលមានប្រជាជនច្រើនជាងកម្ពុជា ឆ្ងាយនោះ គណៈរដ្ឋមន្ត្រីកម្ពុជា មានសមាជិកច្រើនជាងប្រទេសទាំងពីរនេះឆ្ងាយណាស់។
តើកម្ពុជាពិតជាត្រូវការគណៈរដ្ឋមន្ត្រីក្បាលធំហួសមាឌដូច្នេះមែនឬទេ?
បើប្រៀបធៀបទៅនឹងប្រទេសក្នុងតំបន់អាស៊ី កម្ពុជាជាប្រទេសមួយដែលដឹកនាំដោយរាជរដ្ឋាភិបាលក្បាលធំ ប៉ុន្តែមានមាឌតូច។ អាចនិយាយម៉្យាងទៀតថា កម្ពុជាតូចមែនពិតតែសម្បូរទៅដោយអ្នកដឹកនាំដែលមិនសូវឃើញចូលនិវត្តន៍សោះ បើទោះជាដល់អាយុហើយក្តី។ នេះគ្រាន់តែជាមូលហេតុមួយក្នុងចំណោមមូលហេតុដទៃទៀត ដែលធ្វើអោយសមាជិករាជរដ្ឋាភិបាលកម្ពុជា មានចំនួនច្រើនហួសរហូតលើសចំនួនសមាជិករដ្ឋាភិបាលនៃប្រទេសចិនទៅទៀត។
ទាំងទំហំ និងប្រជាជនកម្ពុជា ពិតជាតូចជាងប្រទេសចិន ឆ្ងាយណាស់។ យោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ គិតមកត្រឹមខែកក្កដា ឆ្នាំ២០១៣ ប្រទេសកម្ពុជា មានប្រជាជនជាង ១៥លាននាក់។ រីឯប្រទេសចិនវិញ គិតមកត្រឹមខែវិច្ឆិកា ឆ្នាំ២០១៣នេះ មានប្រជាជនជាង ១.៣៦១លាននាក់។
ច្បាប់កំពូលរបស់ប្រទេសកម្ពុជា និងប្រទេសចិន បានកំណត់មន្ត្រីរាជការប្រភេទណាដែលត្រូវចាត់ចូលជាសមាជិកគណៈរដ្ឋមន្ត្រី ឬសមាជិករដ្ឋាភិបាល។
សម្រាប់ប្រទេសកម្ពុជា សមាសភាពរបស់គណៈរដ្ឋមន្ត្រីមានចែងនៅក្នុងមាត្រា ១១៨ថ្មីនៃរដ្ឋធម្មនុញ្ញដែលកំណត់ថា៖ គណៈរដ្ឋមន្ត្រីជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។ គណៈរដ្ឋមន្ត្រី ត្រូវបានដឹកនាំដោយនាយករដ្ឋមន្ត្រីមួយរូប អមដោយឧបនាយករដ្ឋមន្ត្រី ព្រមទាំងមានទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងរដ្ឋលេខាធិការ។
សមាជិកគណៈរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយនាយករដ្ឋមន្ត្រីនៃអាណត្តិទី៥នេះ សរុបទាំងអស់មានជាង ២៣០រូប។ នេះបើរាប់បញ្ចូលទាំងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ចំនួន ១៣រូបដែលមិនមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។
ដូចប្រទេសចិនដែរ ប្រទេសកម្ពុជាមាននាយករដ្ឋមន្ត្រី ១រូប ដូចគ្នា។ ប៉ុន្តែ នៅខណៈប្រទេសចិន មានឧបនាយករដ្ឋមន្ត្រី ៥រូប កម្ពុជាមាន ៩រូប។ ប្រទេសចិន មានមន្ត្រីក្រុមប្រឹក្សារដ្ឋ ឬទេសរដ្ឋមន្ត្រីចំនួន ៥រូប កម្ពុជាមានទេសរដ្ឋមន្ត្រីចំនួន ១៥រូប។ ប្រទេសចិន មានក្រសួងចំនួន ២៥ ចំណែកប្រទេសកម្ពុជា មានក្រសួងចំនួន ២៩ ស្មើនឹងមានរដ្ឋមន្ត្រីចំនួន ២៩រូបដែរ។
តាមការជាក់ស្ដែង បើទោះជារដ្ឋាភិបាលចិន មានអនុរដ្ឋមន្ត្រី ឬរដ្ឋលេខាធិការក៏ដោយ ក៏រដ្ឋធម្មនុញ្ញចិន មាត្រា ៨៥ មិនបានចែងអំពីអនុរដ្ឋមន្ត្រីឡើយ។ នៅកម្ពុជាវិញ រដ្ឋធម្មនុញ្ញបានដាក់បញ្ចូលរដ្ឋលេខាធិការ ឬអនុរដ្ឋមន្ត្រី ទៅក្នុងបញ្ជីសមាជិកគណៈរដ្ឋមន្ត្រី។ សម្រាប់អាណត្តិទី៥នេះ សមាជិកគណៈរដ្ឋមន្ត្រីមានរដ្ឋលេខាធិការសរុបជាង ១៨០រូប។ ក្រសួងដែលមានចំនួនរដ្ឋលេខាធិការច្រើនជាងគេ គឺទីស្ដីការគណៈរដ្ឋមន្ត្រី គឺមានរហូតដល់ជិត ២០នាក់។ បន្ទាប់មក គឺក្រសួងមហាផ្ទៃ ដែលមានរដ្ឋលេខាធិការចំនួន ១០រូប និងបន្ទាប់មកទៀត គឺក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ដែលមានរដ្ឋលេខាធិការចំនួន ៨រូប។
បើប្រៀបធៀបទៅប្រទេសថៃវិញ សមាជិកគណៈរដ្ឋមន្ត្រីកម្ពុជា នៅតែមានច្រើនជាងគណៈរដ្ឋមន្ត្រីថៃ។ មកដល់ឆ្នាំ២០១៣នេះ ប្រទេសថៃ មានប្រជាជនចំនួនជាង ៦៧លាននាក់ និងមាន ៧៦ខេត្ត។ អំពីប្រព័ន្ធនយោបាយវិញ ដូចកម្ពុជាដែរ ប្រទេសថៃប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស និងមានព្រះមហាក្សត្រគ្រងរាជ។
រដ្ឋធម្មនុញ្ញថៃ ឆ្នាំ២០០៧ មាត្រា ១៧១ ចែងថា គណៈរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ដឹកនាំដោយនាយករដ្ឋមន្ត្រីថៃ ១រូប អមដោយរដ្ឋមន្ត្រី ដែលមិនអោយលើសពី ៣៥រូបឡើយ។ ប្រទេសថៃ មានក្រសួងចំនួន ២០ ស្មើនឹងមានរដ្ឋមន្ត្រីចំនួន ២០រូប។ ចំណែកសមាជិកគណៈរដ្ឋមន្ត្រី ដែលនៅសល់ចំនួន ១៥រូបទៀត ត្រូវបានតែងតាំងធ្វើជាឧបនាយករដ្ឋមន្ត្រី ឬជាអនុរដ្ឋមន្ត្រី ដែលនៅកម្ពុជា ស្មើនឹងរដ្ឋលេខាធិការ។
ចំពោះកម្ពុជា នៅឆ្នាំ២០១៣នេះ យោងតាមតារាងរាយនាមគណៈរដ្ឋមន្ត្រីថ្មីអាណត្តិទី៥ សមាសភាពគណៈរដ្ឋមន្ត្រីដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃគណបក្សប្រជាជនកម្ពុជា មានឧបនាយករដ្ឋមន្ត្រី ៩រូប មានទេសរដ្ឋមន្ត្រីចំនួន ១៥រូប មានរដ្ឋមន្ត្រីចំនួន ២៩រូប រួមបញ្ចូលទាំងក្រសួងថ្មីផង មានរដ្ឋលេខាធិការជាង ១៨០រូប ព្រមទាំងមានរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីចំនួន ១៣រូបផ្សេងទៀត។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យនិងជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី បានផ្តល់ហេតុផលថា កត្តាដែលធ្វើអោយគណៈរដ្ឋមន្ត្រីកម្ពុជា ក្បាលធំជាងមាឌនោះ គឺដោយសារតែរាជរដ្ឋាភិបាលត្រូវការពេលវេលា ហើយចង់រក្សាទុកអ្នកដែលដល់អាយុចូលនិវត្តន៍អោយនៅបន្តទៀត ដើម្បីប្រើប្រាស់បទពិសោធន៍របស់ពួកគេ។
លោក ផៃ ស៊ីផាន៖ «អ្វីៗដែលយើងបង្កើតមកហ្នឹង កាលមុនយើងចាប់ផ្ដើមពីក្បាលធំ គឺជំនាន់រដ្ឋាភិបាលចម្រុះ។ បន្តពីហ្នឹងមកយើងធ្វើកំណែទម្រង់ច្រើនណាស់។ អ្នកទាំងអស់ហ្នឹងដែរធ្លាប់មានការពិសោធ និងមានគុណទៅដល់ជាតិហ្នឹង ក៏គាត់ចេះតែបន្តទៀតទៅ នៅក្នុងលក្ខណៈអន្តរកាល មន្ត្រីថ្មីកំពុងតែបន្តទៅហ្នឹងបាទ! ពីព្រោះយើងនិងប្រទេសដទៃទៀតហ្នឹងខុសគ្នា។ យើងកំពុងរៀបចំ។ បន្ទាប់ពីចូលនិវត្តន៍ទៅត្រូវមានលុយចិញ្ចឹម ម្ល៉ោះហើយជាជាងយើងកំពុងខ្វះធនធានមនុស្ស ហើយកំពុងអន្តរកាល ពង្រឹងធនធានយុវជន..»។
តើអន្តរកាលយូរប៉ុណ្ណាទៀតដែលរាជរដ្ឋាភិបាលកម្ពុជា ត្រូវការរៀបចំខ្លួន?
ចាប់តាំងពីឆ្នាំ១៩៩៣ រហូតមកដល់ពេលនេះ កម្ពុជាបានឆ្លងកាត់ការបោះឆ្នោតសភាជាតិប្រាំដងហើយ ដែលមួយដងៗមានរយៈពេល ៥ឆ្នាំ។ បើគិតទាំងអាណត្តិថ្មីដែលទើបចាប់ផ្ដើមនេះផង គណបក្សប្រជាជនកម្ពុជា ដឹកនាំនិងរៀបចំគណៈរដ្ឋមន្ត្រីផ្ដាច់មុខដោយខ្លួនឯងបាន ៤អាណត្តិហើយ។
បញ្ហាត្រង់ថា តើរាជរដ្ឋាភិបាល ឬកម្ពុជា ពិតជាត្រូវការមន្ត្រីដឹកនាំដ៏ច្រើនសន្ធឹកសន្ធាប់រាប់ភ្លេចលើសប្រទេសចិន និងប្រទេសថៃ បែបនេះមែនឬ?
ក្រុមអ្នកវិភាគនយោបាយនៅកម្ពុជា អោយដឹងថា រដ្ឋាភិបាលក្បាលធំជាងមាឌដែលនៅតែបន្តមានមកទល់ពេលនេះ គឺដោយសារតែនយោបាយចែករំលែកអំណាចគ្នា ឬនយោបាយចែកគ្នាស៊ី មិនមែនបង្កើតឡើងដោយសារតែសេចក្ដីត្រូវការចាំបាច់របស់ជាតិនោះឡើយ។
លោក កែម ឡី អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគឯករាជ្យ គូសបញ្ជាក់ថា ស្ថាប័នសភាជាតិឯណោះទេដែលត្រូវការបង្កើនចំនួនតំណាងរាស្ត្រអោយស្របគ្នានឹងកំណើនប្រជាជន មិនមែនត្រូវបង្កើនចំនួនសមាជិករដ្ឋាភិបាលដើម្បីបង្កើនការហែហមច្រើន នាំអោយខាតបង់ថវិកាជាតិនោះឡើយ។
លោក កែម ឡី៖ «ក្បាលម៉ាស៊ីនអ្នកនយោបាយ ភាគច្រើនកើតចេញពីការសម្របសម្រួលផ្នែកនយោបាយ មិនមែនកើតចេញពីសេចក្ដីត្រូវការពិតនៅក្នុងក្របខ័ណ្ឌនយោបាយ ដើម្បីដឹកនាំប្រទេសទេ ទី១។ ទី២ បើខ្ញុំ ខ្ញុំគិតថា គណៈរដ្ឋមន្ត្រីមានត្រឹម ៥៦នាក់អីហ្នឹងគ្រប់គ្រាន់ហើយ ត្រឹមរដ្ឋមន្ត្រីម្នាក់ និងអនុរដ្ឋមន្ត្រីម្នាក់ជារួម ហើយយើងមានរហូតទៅដល់បួនប្រាំរយនាក់ នេះអត់ទាន់គិតទៅដល់យន្តការផ្សេងៗទៀត រហូតរាប់ពាន់នាក់។ អ៊ីចឹងបើយើងចង់អោយមានប្រសិទ្ធភាពខ្ពស់ យើងយកក្បាលម៉ាស៊ីននយោបាយតិចហើយរុញធនធានមនុស្សសំខាន់ៗហ្នឹងទៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលសាធារណៈ ត្រឹមអគ្គនាយកចុះ អគ្គលេខាធិការចុះ ដើម្បីអោយអ្នកទាំងអស់នោះ ប្រើសក្ដានុពលរបស់ខ្លួន ធ្វើការងារបច្ចេកទេសក្នុងការអភិវឌ្ឍប្រទេសជាតិ។ ប៉ុន្តែអ្នកសម្រេចខាងនយោបាយគេត្រូវការរដ្ឋសភាច្រើនទៅវិញ បើសិនជាសមាជិករដ្ឋសភាគេត្រូវឲ្យមានសមាមាត្រទៅនឹងចំនួនប្រជាជន...»។
ក្រោយការបោះឆ្នោតសភាជាតិឆ្នាំ២០១៣ រាជរដ្ឋាភិបាលដែលកើតចេញពីរដ្ឋសភា ដែលមានតែគណបក្សប្រជាជនកម្ពុជានោះ បានបង្កើតនិងបំបែកក្រសួង ៣ទៀត។ ក្រសួងទាំងនោះ មានក្រសួងកិច្ចការសាធារណៈ ក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងក្រសួងរ៉ែនិងថាមពល។
ក្រុមអ្នកឃ្លាំមើលនយោបាយកម្ពុជា អោយដឹងថា រដ្ឋាភិបាលគួរផ្ដោតលើការកែលំអប្រសិទ្ធភាព និងគុណភាពសេវាសាធារណៈ ប្រសើរជាងគិតតែពីការបង្កើនបរិមាណ។
វិបត្តិរដ្ឋាភិបាលក្បាលធំជាងមាឌនេះ ក៏បានបង្កអោយមានបញ្ហាការិយាធិបតេយ្យផងដែរ។ នៅពេលមានអ្នកធំច្រើនជាន់ច្រើនថ្នាក់ដូចសង្គមកម្ពុជាបច្ចុប្បន្ននេះ ការផ្ដល់សេវាបម្រើរបស់រដ្ឋជូនទៅសាធារណជន ក៏នឹងជួបការលំបាកច្រើនដែរ។ ចាប់ពីប្រជាពលរដ្ឋសាមញ្ញ រហូតដល់ក្រុមហ៊ុនរកស៊ីតែងរអ៊ូរទាំអំពីសេវារបស់រដ្ឋយឺតយ៉ាវ និងត្រូវឆ្លងកាត់ការសូកប៉ាន់ច្រើនទៀតផង។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគឯករាជ្យ លោក កែម ឡី អោយដឹងថា បញ្ហាការិយាធិបតេយ្យនិយមនេះ ត្រូវតែកាត់បន្ថយបើរដ្ឋាភិបាលចង់កែលំអសេវាសាធារណៈអោយមានប្រសិទ្ធភាពនោះ៖ «ទម្រាំឡើងពីអគ្គនាយកទៅដល់អនុរដ្ឋលេខាធិការ ជួនកាលឡើងរដ្ឋលេខាធិការ ឡើងទៅដល់រដ្ឋមន្ត្រី ហើយមានទេសរដ្ឋមន្ត្រីទទួលបន្ទុកទៀត។ ជួនកាលមានឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកទៀត ទម្រាំឡើងដល់នាយករដ្ឋមន្ត្រី។ គ្រាន់តែខ្សែសង្វាក់ហ្នឹងមិនតិចជាង ១០ថ្នាក់ទេ។ ត្រូវកាត់បន្ថយការិយាល័យនិយម»។
ស្របពេលមន្ត្រីធំៗដែលមានឱកាសប្រព្រឹត្តអំពើពុករលួយ ក៏ចេះតែប្រព្រឹត្តទៅ ដោយទុកអោយរដ្ឋនៅក្ររហេមរហាម។ ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលកម្ពុជា ត្រូវសុំលុយ ឬខ្ចីបុលពីសហគមន៍អន្តរជាតិ ដើម្បីយកមកចំណាយ និងបើកប្រាក់ខែអោយបុគ្គលិកមន្ត្រីរាជការ។ ការបង្កើតស្ថាប័នរដ្ឋបន្ថែម និងការរក្សាទុកសមាជិកគណៈរដ្ឋមន្ត្រីច្រើន អោយធំតែក្បាលតែមិនចាំបាច់នេះ វានឹងកាន់តែក្លាយជាបន្ទុកធ្ងន់ទៅលើខ្ទង់ចំណាយនៃថវិកាជាតិ ដូចសុភាសិតខ្មែរមួយពោលថា «សំពៅធំត្រូវការក្ដោងធំ»។
ទោះជាយ៉ាងណាក៏ដោយ បើប្រៀបធៀបទៅត្រឹមប្រទេសថៃ ដែលជាប្រទេសមានការរីកចំរើនមួយជាប់ព្រំដែនកម្ពុជា គេអាចមើលឃើញថា ទំហំគណៈរដ្ឋមន្ត្រីថៃ តូចជាងគណៈរដ្ឋមន្ត្រីកម្ពុជាឆ្ងាយណាស់។ គ្នាច្រើនមិនប្រាកដថា បានជោគជ័យគ្រប់ពេលនោះទេ។ ជួនកាលអាចដូចពាក្យស្លោកខ្មែរមួយឃ្លាពោលថា «គ្នាច្រើនអន្សមខ្លោច»៕
No comments:
Post a Comment
yes