ឈើដែលគេដឹកតាមទូកពេលយប់យកទៅលក់នៅថៃ
តាមសមុទ្រកោះកុង។ រូបថត សហការី
អង្គការសង្គមស៊ីវិលបានចុះអង្កេតករណីកាប់ឈើប្រណីតក្នុងខេត្តកោះ កុង រយៈពេលប្រាំថ្ងៃ ហើយបានរកឃើញថា ក្រុមយោធារួមនឹងប្រជាពលរដ្ឋ បាននិងកំពុងឃុបឃិតជាមួយនឹងមន្រ្តីជំនាញរកស៊ីកាប់ឈើដឹកចេញ ខុសច្បាប់ទៅលក់ក្នុងប្រទេសថៃ ដែលក្នុងមួយយប់ៗប្រមាណជា៣០០ម៉ែត្រគុប និងមានតម្លៃរាប់ម៉ឺនដុល្លារអាមេរិក។
លោក ជា ហ៊ាន ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធាន ធម្មជាតិ និងការពារសិទ្ធិមនុស្សបានឲ្យដឹងថា លោកបានចុះអង្កេតករណីកាប់ឈើខុសច្បាប់ ក្នុងស្រុកគិរីសាគរ មណ្ឌលសីមា កោះកុង ថ្មបាំង និងនៅឧទ្យានជាតិបទុមសាគរ ចាប់ពីថ្ងៃទី២៨ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ។
លោកបានអះអាង ថា៖ «ទាហាន និងពលរដ្ឋមានម៉ាស៊ីនរាប់រយគ្រឿងកំពុងកាប់ព្រៃឈើក្នុងតំបន់ ទាំងនោះ ហើយពេលដឹកចេញគេបង់លុយឲ្យខាងឧទ្យានុរក្ស បរិស្ថានព្រៃឈើ ប៉ូលិស ប៉េអឹម និងទាហានព្រំដែន ក្នុងមួយទូក១ម៉ឺនបាត(ប្រហែល៣១០ដុល្លារ)»។
លោកបន្តថា ឈើទាំងនោះត្រូវបានគេដឹកតាមទូកទៅលក់នៅប្រទេសវៀតណាម និងស្រុកខ្លងយ៉ៃ ខេត្តត្រាតប្រទេសថៃ។ នៅក្នុងស្រុកគិរីសាគរ គេដឹកចេញនៅចំណុចខ្លងពេង នៅស្រុកកោះកុង តាមឃុំជ្រោយប្រោះ និងនៅស្រុកថ្មបាំង តាមឃុំឫស្សី។
លោក ជា ហ៊ាន ស្រាវជ្រាវរកឃើញថា ឈើគ្រញូងភាគច្រើនត្រូវបានគេដឹកទៅលក់នៅប្រទេសវៀតណាមតាមទូកធំៗ ដែលក្នុងមួយទូកៗ ចន្លោះពី២០ទៅ៣០ម៉ែត្រគុប។ រីឯនៅប្រទេសថៃវិញ មានប្រភេទឈើ ម៉ៃសាក់ ឈើទាល ផ្តៀក...។ ឈើដឹកទៅលក់នៅថៃ តម្លៃចន្លោះពី៦ ៥០០បាត ទៅ៧ ៧០០បាត ក្នុងមួយម៉ែត្រគុប (២០១ទៅ ២៣៩ដុល្លារ)។
លោកបន្ថែមថា ក្នុងមួយទូកដឹកបាន១២ម៉ែត្រគុប ហើយក្នុងមួយយប់ៗគេដឹកចេញ២៥ទូក។ ដូច្នេះ ក្នុង១យប់ៗឈើដែលដឹកទៅថៃមានប្រមាណ៣០០ម៉ែត្រគុប ស្មើនឹង៧ម៉ឺនដុល្លារអាមេរិក។
លោក ជា ហ៊ាន ថ្លែងថា៖ «យើងកំពុងស្រាវជ្រាវបន្ត ហើយបើរកឃើញថាមេបញ្ជាការយោធាមានពាក់ព័ន្ធ យើងនឹងដាក់បណ្តឹងទៅតុលាការ ហើយនៅពេលចុះអង្កេតនៅខេត្តផ្សេងៗចប់ យើងនឹងដាក់លិខិតទៅរដ្ឋសភា សុំអន្តរាគមន៍ ហៅមន្រ្តីបរិស្ថាន និងព្រៃឈើទៅបំភ្លឺ»។
ទោះយ៉ាងណា មន្រ្តីពាក់ព័ន្ធនៅក្នុងខេត្តកោះកុង បានបដិសេធចំពោះការចោទប្រកាន់ពីការកាប់ឈើ ក្នុងតំបន់ឧទ្យានជាតិបទុមសាគរ។ លោក ម៉ន ផល្លា ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង អះអាងថា មិនមានបទល្មើសព្រៃឈើកើតមាននៅក្នុងឧទ្យានជាតិនោះទេ។
លោកបន្តថា៖«យើងមានមន្រ្តីជំនាញ និងមន្ត្រីជាប់កិច្ចសន្យាប្រចាំការទីនោះ។ គ្មានបទល្មើសទេនៅទីនោះ»។
លោក វរនាវីឯក ទេព វុទ្ធី មេបញ្ជាការកងការពារកោះកុងក្រៅលេខ២ ក៏បានអះអាងដែរថា កូនទាហានលោកមិនជាប់ពាក់ព័ន្ធនឹងបទល្មើសដឹកជញ្ជូនឈើទេ។
លោកអះអាងថា៖ «ខ្ញុំអត់ដឹងទេ។ ទាហានយើងរវល់ការងារណាស់។ អត់ដឹងរឿងដឹកឈើអីនោះទេ»។
កាល ពីខែតុលាកន្លងមក កម្លាំងអាវុធហត្ថដែលជាក្រុមល្បាតរបស់អង្គការសម្ព័ន្ធភាពសត្វ ព្រៃ(Wildlife Alliance)បានប៉ះទង្គិចអាវុធគ្នាជាមួយនឹងក្រុមអ្នក ដឹកឈើគ្រញូង១២តោនខុសច្បាប់។ អង្គការនេះថា ក្រុមអ្នកដឹកឈើទាំងនោះជាទាហានជើងទឹក។ ប៉ុន្តែមេបញ្ជាការទាហានជើងទឹកបានបដិសេធផងដែរ។
លោក ជា ហ៊ាន កត់សម្គាល់ថា មន្រ្តីពាក់ព័ន្ធ តែងបដិសេធរាល់បទល្មើសដែលសង្គមស៊ីវិលបានរកឃើញ។
លោក នាង បូរ៉ាទីណូ អ្នកសម្របសម្រួលអង្គការអាដហុកខេត្តកោះកុងក៏បានឲ្យដឹងដែរថា បទល្មើសព្រៃឈើបាននិងកំពុងកើតមានក្នុងខេត្តកោះកុង។ ប៉ុន្តែ អង្គការអាដហុកនៅមិនទាន់បានចុះអង្កេតទេ ព្រោះពុំមានពាក្យបណ្តឹង មួយវិញទៀត ការចុះអង្កេតត្រូវការចំណាយពេលនិងថវិកាច្រើន៕
No comments:
Post a Comment
yes