សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, December 4, 2013

សួន​ច្បារ​ឬ​សួន​ស្មៅគឺ​វា​អាស្រ័យ​លើ​យើង

131204_2a
អ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលកើតទុក្ខមិនសុខចិត្តនឹង
លទ្ធផលបោះឆ្នោតថ្ងៃ ២៨កក្កដា។ រូបថត ហេង ជីវ័ន
យើង​អាច​បន្ទោស​អ្នក​ធំ​យ៉ាង​នេះ អ្នក​មាន​អំណាច​យ៉ាង​នោះ! អាង​តែ​មាន​អំណាច ធ្វើ​អ្វី​ស្រេច​តែ​នឹង​ចិត្ត! ជា​ការ​ពិត  ដែល​អ្នក​រងគ្រោះ​ក្នុង​សង្គមទូទៅ​ តែង​យល់​ថា ខ្លួន​គ្មាន​កំហុស  ឬ​គ្មាន​ចំណែក​នៅ​ក្នុង​ភាព​អកុស​ល​ទាំង​​នោះ​ទេ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ការ​​ទទួល​​ស្គាល់ឬ​មិន​ទទួ​ល​​​ស្គាល់​ក្ដី អ្នក​រង​គ្រោះ​ក្នុង​សង្គម​ទាំង​នោះ ក៏​មាន​ចំណែក​ទទួល​ខុស​​ត្រូវ នៅ​ក្នុង​​ភាព​អកុសល​ទាំង​នោះ​ដែរ។
ចូរ​យើង​យក​រឿង​ដ៏​តូច ហើយ​ងាយ​ស្រួល​​បំផុត មក​ធ្វើ​ការ​ប្រៀប​ធៀប​ថា ​យើង​​មាន​សួន​ច្បារ​មួយ ហើយ​​យើង​ពុំ​ដែល​ជីក​ស្មៅ​​ជម្រះ  ថែទាំ​ ដាំ​ផ្កា ឬ​ដាំ​ដំណាំ​អ្វី​ឡើយ។ សួន​ច្បារ​ដែល​គួរ​មាន​​សណ្ដាប់​ធ្នាប់ និង​ភាព​ស្រស់​បំព្រង​នៃ​ផ្កា​ចម្រុះ ឬ​ដំណាំ​បន្លែ​ទាំង​ឡាយ ក៏​ក្លាយ​ទៅ​ជា​សួន​ស្​មៅ​ស៊ុប​​ទ្រុប​ទៅ​វិញ។ តើ​យើង​អ​ាច​បន្ទោស​ស្មៅ​ទាំង​នោះ ដែល​​ដុះ​ស៊ុប​ទ្រុបដែរ​​ឬ​ទេ? បើ​យើង​មិន​បោស​សម្អាត បន្ទប់​ដេក​​របស់​ខ្លួន​ទេ តើ​យើង​ត្រូវ​បន្ទោស​ធូលី ដែល​ចេះ​តែ​មក​ធ្វើ​ឲ្យ​​ប្រឡាក់​យើង​ឬ​ទេ?
បើ​និយាយ​អំពី​មនុស្ស ក៏​មិន​ខុស​គ្នា​ពី​ស្មៅ​ និង​​ធូលី​នោះ​ដែរ។ សភាវៈល្អ និង​សភាវៈ​អាក្រក់​ជា​គូ​នឹង​គ្នា ហើយ​កាល​ណា​ភាគី​ណាមួយ​ធ្វេស​ប្រហែស ភាគី​ម្ខាង​ទៀត​ នឹង​គ្រប​​ដណ្ដប់។ កំហុស​ទូទៅ​របស់​ជន​រង​គ្រោះ​នៅ​ក្នុង​សង្គម គឺ​​ដោយ​សារ​ភាព​​តោះ​តើយ ដំណើរ​​ខ្ជិល​ច្រអូស ភាព​យក​រួច​ខ្លួន ហើយ​នាំ​គ្នា​និយាយ​យក​តែ​​ខា​ង​​ត្រូវ ដើម្បី​កុហក​​លួង​ចិត្ត​ខ្លួន​ឯង​ថា [ទោះ​ជា​មិន​​បាន​​ធ្វើ​បុណ្យ ឬ​ធ្វើ​ល្អ​ក៏​ដោយ​] "ដរាបណា​ខ្លួន​មិន​បាន ​ធ្វើ​បាប​​អ្នកណា ខ្លួន​ជា​មនុស្ស​ល្អ" ហើយ​​វិល​វល់​តែ​នឹង​ខ្លួន​ឯង ឥត​បើក​​ភ្នែក​មើល​រឿង​អកុសល​នៅ​ជុំ​វិញ​ខ្លួន​ឡើយ​។

ភាព​អព្យាក្រឹត ពុំ​បាន​ធ្វើ​ឲ្យ​យើង ទៅ​ជា​មនុស្ស​​ល្អ​នោះ​ទេ​សូម​​កុំ​កុហកខ្លួន​ឯង! សូម​កុំ​កុហក​គេ​តទៅ​ទៀត! ភាព​អព្យា​ក្រឹត គឺ​​គ្រាន់​តែ​មានន័យ​ថា ការ​យក​រួច​ខ្លួន​តែ​ប៉ុណ្ណោះ។ ដើម្បី​ឲ្យ​ម​នុស្ស​ម្នាក់ ទៅ​ជា​មនុស្ស​ល្អ គេ​ត្រូវ​​ធ្វើ​អំពើ​​ដែល​​ប្រកប​ដោយ​ឆន្ទៈ​​មោះមុត ប្រឆាំង​នឹង​​សភាវៈ​អាក្រក់។ មនុស្ស​ទុច្ចរិត ធ្វើ​អំពើ​ទុច្ចរិត តំណាង​​សភាវៈ​អាក្រក់ ហើយ​អ្វី​ដែល​ពួក​ទុច្ចរិត​ចូល​ចិត្​ត​បំផុត គឺ​​ភាព​តោះ​តើយ​​ពី​សំណាក់​​មហាជន​នោះ​ឯង។ ដូច្នោះ​ហើយ បាន​ជា​គេ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង ដើម្បី​បំពុល បំបែក​បំបាក់ សម្លុត​គំរាម​អ្នក​ស្លូត​ត្រង់ ដើម្បី​គេអាច​​សាប​ព្រោះគ្រាប់​ពូជ​នៃ​សភាវៈ​អាក្រក់​បាន​តាម​ចិត្ត។ បើ​យើង​​គ្រាន់​តែ​ឈរ​ឱប​ដៃ​​យក​​រួច​ខ្លួន ហើយ​នាំ​គ្នា​ទៅ​វត្ត​ធ្វើ​បុណ្យ ដើម្បី​លួង​លោម​ចិត្ត​ខ្លួន​ឯង​នោះ យើង​គ្រាន់​តែ​ជា​អ្នក​ស្មោះ​ត្រង់ ដែល​យូរ​ឬ​ឆាប់ គង់​នឹង​ក្លាយ​ទៅ​ជា​ជន​រងគ្រោះ​ប៉ុណ្ណោះ។
ដូច្នេះ សរុប​​សេចក្ដី​ទៅ​ តាំង​ពី​ដើម​​រៀង​មក ទុក្ខ​វេទនា​របស់​ខ្មែរ កើត​ចេញ​ពី​ភាព​តោះ​តើយ​​ដ៏​អវិជ្​ជា​របស់​ខ្លួន។ សូម​សួរ​ថា តើ​ភាព​តោះ​តើយ​នោះ ​ចេញ​មក​ពីណា? ចូរ​យើង​គិត​សាឡើង​វិញ​ទៅ​មើលថា ភាព​តោះ​តើយ ភាព​យក​រួច​ខ្លួន​ ការ​សន្សំ​​សុខ ដំណើរ​គិត​ខ្លី ទាំង​អស់​នេះ មាន​ជាប់​ទាក់​ទង​នឹង​ប្រព័ន្ធ​អប់​រំ ដែល​ផ្អែក​ខ្លាំង​ទៅ​លើ​សាសនា​ដែរ​ឬទេ?
សំខាន់​ជាង​​នេះ​ទៅ​ទៀត​នោះ ចូរ​គិត​ឡើង​វិញ​ទៅ​មើលថា បើ​ខ្លួន​មាន​​អំណាច មាន​ប្រាក់​ដូច​គេ តើ​ខ្លួន​ច្បាស់​ក្នុង​ចិត្ត​ទេថា ខ្លួន​នឹង​មិន​​ប្រព្រឹត្តដូច​ជនដែល​ឃោរ​ឃៅ​ទាំង​នោះ​ឬទេ? តើ​ខ្លួន​​ចង់​ផ្លាស់​ប្ដូរ ដើម្បី​គ្រាន់​តែ​ដើម្បី​សង​គំនុំ ឬ​ចង់​បាន​ការ​ផ្លាស់​​ប្ដូរ​មួយ ដែល​ឈរ​នៅ​លើ​គោល​​ការណ៍​ធម្មជាតិ ដើម្បី​រក្សា​លំនឹង​សង្គម សម្រាប់​ឲ្យ​​មនុស្ស​ម្នាទាំង​ឡាយ​​មាន​​ឱកាស​រស់​នៅ​​ដោយ​សុខដុម​រមនា​នឹង​គ្នា?
ប្រសិន​​បើ​ការ​ផ្លាស់​ប្ដូរ​របស់​យើង ជំរុញ​ដោយ​​គំនុំ ដោយចិត្ត​​ច្រណែន និង​ដោយ​​កំហឹង​​ស្អប់​ខ្ពើុមនោះ តើ​មាន​អ្វី​ប្លែក​គ្នា​ពីការ​យក​ខ្លា​ទៅ​​ជំនួស​ក្រពើ?
មាន​​អស់​លោក​ខ្លះ អស់​ផ្លូវ​ដើរ​នៅ​​ប្រទេសក្រៅ បាន​លោត​ចូល​ឆាក​​នយោបាយ ដើម្បី​សង្គ្រោះ​ជាតិ។ សង្ឃឹម​ថា​ អ្វី​ដែល​អស់​លោក​ធ្វើ គឺ​កំពុង​​ធ្វើឡើង​ដោយ​សារ​ការ​ភ្ញាក់​រំឭក មិន​មែន​ជា​ការឆ្លៀត​​ពេល​កេង​ប្រវ័ញ្ចពី​ទុក្ខ​សោក​ និង​​កំហឹង​របស់​ប្រជា​រាស្ត្រ ដែល​​ស្ថិត​នៅ​ក្រោម​នឹម​នៃ​អយុត្តិ​ធម៌​សង្គម​ឡើយ​។ សូម​សង្ឃឹម ហើយ​​ឧបមា​ថា​អ៊ីចឹង​ទៅ​ចុះ ដើម្បី​កុំ​ឲ្យ​គេថា យើង​ចេះ​តែ​ថា ហើយ​អត់​ធើ​អី៕

No comments:

Post a Comment

yes