សម្ទុះនៃការសាងសង់ទំនប់វារីអគ្គិសនី ធំៗកាត់ទន្លេមេគង្គប្រហែលជាមិនអាចបញ្ឈប់បានឡើយ ប៉ុន្តែរដ្ឋាភិបាលចាំបាច់ត្រូវតែចាត់វិធានការឲ្យបានឆាប់រហ័ស ដើម្បីកាត់បន្ថយផលប៉ះពាល់បង្កដោយទំនប់ទាំងនោះមកលើជលផលនិងជីវចម្រុះ ប្រសិនបើមិនដូច្នោះទេ នឹងបង្កឲ្យមានអសន្តិសុខស្បៀងរយៈពេលវែងសម្រាប់ប្រជាពលរដ្ឋរាប់លាននាក់ ដែលការរស់នៅរបស់ពួកគាត់អាស្រ័យលើទន្លេ និងដៃទន្លេ ដោយបណ្ដាលឲ្យក្រុមសាស្ត្រaចារ្យលើកឡើងពីក្ដីកង្វល់ទាំងនេះនៅឯសន្និសីទមួយក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ។
សន្និសីទរៀបចំឡើងដោយវិទ្យាស្ថានស្រាវ ជ្រាវអភិវឌ្ឍន៍កម្ពុជា CDRI កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP និងវិទ្យាស្ថាន Stock-holm International Water Institute នេះ មានការចូលរួមពីបណ្ដាសាស្ត្រាចារ្យ អង្គការក្រៅរដ្ឋាភិបាល និងមន្ត្រីរដ្ឋាភិបាល ដើម្បីឆ្លុះបញ្ចាំងពីឧបសគ្គផលនេសាទដែលប្រទេសកម្ពុជា និងប្រទេសវៀតណាមនឹងប្រឈម នៅពេលដែលទំនប់នៅខ្សែទឹកខាងលើបិទផ្លូវការធ្វើបម្លាស់ទីរបស់ត្រី ហើយវាធ្វើឲ្យបរិមាណត្រីថយចុះយ៉ាងច្រើន។
អ្នករៀបចំសន្និសីទរយៈពេលពីរថ្ងៃនេះបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា “ការស្រាវជ្រាវបឋមបង្ហាញថា ការគំរាមកំហែងចំពោះសន្ដិសុខស្បៀងនៅអាងទន្លេមេគង្គ គឺធ្ងន់ធ្ងរជាងអ្វីដែលគេបានគិតទុកពីមុនទៅទៀត ហើយសេនារីយោជាជម្រើស ដើម្បីការពារសន្ដិសុខស្បៀងមិនទាន់មាននៅឡើយទេ”។
បណ្ដារដ្ឋាភិបាលនៃបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ ដែលស្ថិតនៅតាមបណ្ដោយទន្លេមេគង្គបានសម្រេចជាយូរមកហើយថា ការសង់ទំនប់វារីអគ្គិសនីកាត់ទន្លេប្រវែង៤.៤០០គីឡូម៉ែត្រនេះ គឺជាវិធីល្អបំផុត ដើម្បីឆ្លើយតបនឹងការកើនឡើងតម្រូវការអគ្គិសនី ដោយគ្រាន់តែនៅទន្លេមេគង្គក្រោម ទំនប់ធំៗរហូតដល់ទៅ១១ត្រូវបានគ្រោងសាងសង់កាត់ទន្លេនេះ រួមទាំងទំនប់ចំនួនប្រាំពីរនៅក្នុងប្រទេសឡាវ និងពីរនៅក្នុងប្រទេសកម្ពុជាផងដែរ។
ប៉ុន្តែចាំបាច់ត្រូវមានការឆ្លើយតបភ្លាមៗនិងប្រកបដោយសុវត្ថិភាព ប្រសិនបើប្រទេសកម្ពុជានិងប្រទេសសង់ទំនប់ផ្សេងៗទៀតចង់ទប់ស្កាត់ហានិភ័យជិតកើតមានឡើងដែលបង្កដោយគម្រោងទាំងនោះ។
លោក ជេម ភីតថក់ (James Pittock) សាស្ត្រាចារ្យជាន់ខ្ពស់នៅសាលា Fenner School of Environment and Society នៃសាកលវិទ្យាល័យជាតិអូស្ត្រាលី (Australia National University) បានមានប្រសាសន៍ថា “ជាធម្មតាបណ្ដារដ្ឋាភិបាលតែងតែធ្វើការវាយតម្លៃពីផលប៉ះពាល់ផ្នែកបរិស្ថាន។ ទោះជាយ៉ាងណាពួកគេមិនបានគិតគូពីបរិក្ខាផ្គត់ផ្គង់ជាក់លាក់ ឬអាហាររូបត្ថម្ហ ដែលបានបាត់បង់នៅក្នុងការវិភាគរបស់ខ្លួនស្ដីពីការខាតបង់ និងអត្ថប្រយោជន៍”។
លោក ជេម ភីតថក់ ដែលការស្រាវជ្រាវរបស់លោកពិនិត្យលើការបាត់បង់ជាតិប្រូតេអ៊ីននៅក្នុងរបបអាហាររបស់កម្ពុជា ដែលធ្វើឲ្យបរិមាណត្រីធ្លាក់ចុះ ដោយសារតែប្រូតេអ៊ីនពិបាករកអ្វីមកជំនួសជាងកាឡូរី។ លោកបានចោទសួរថា “ប្រទេសកម្ពុជានឹងត្រូវការជំនួសប្រូតេអ៊ីនត្រីដែលបានបាត់បង់ចំនួន៣៤០.០០០តោន [ក្នុងមួយ ឆ្នាំៗ] ដោយសារតែគម្រោងទំនប់នៅខ្សែទឹកខាងលើ…។ ដូច្នេះតើមានការឆ្លើយតបយ៉ាងដូចម្ដេច?”។
ការបង្កើនការផលិតប្រូតេអ៊ីនពីប្រភពផ្សេងៗមានរួចទៅហើយនៅក្នុងប្រទេសកម្ពុជា ដូចជាសត្វពាហនៈជាដើមនោះភ្លាមៗទំនងជាមិនអាចសម្រេចបានឡើយពីព្រោះវាត្រូវការបង្កើនយ៉ាងច្រើននូវវាលស្មៅដល់ទៅ២៤.០០០គីឡូម៉ែត្រក្រឡាបន្ថែមទៀត ដែលមានទំហំប្រហែលនឹងប្រទេសព្រុយណេ ព្រមទាំងទឹក ជី ចំណីសត្វ ហើយបានបង្កើនសមត្ថភាពមនុស្ស ហើយនឹងបណ្ដាលឲ្យមានការឡើងថ្លៃចំណីអាហារនិងការបញ្ចេញឧស្ម័នផ្ទះកញ្ចក់កាន់តែច្រើន។
ការធ្វើវារីវប្បកម្មអាចនឹងជួយកាត់បន្ថយការខាតបង់ ប៉ុន្តែវានឹងប្រែក្លាយពីការមានកសិដ្ឋានជាលក្ខណៈគ្រួសារទៅជាកសិដ្ឋានសម្រាប់ទីផ្សារ ធ្វើឲ្យត្រីមានតម្លៃខ្លាំងពេកសម្រាប់តម្រូវការក្នុងស្រុក ហើយមានន័យថា បរិមាណត្រីនឹងត្រូវបាត់បង់ដោយសារការនាំចេញ។ លើសពីនេះទៅទៀតប្រទេសកម្ពុជាទំនងជាទទួលបានអត្ថប្រយោជន៍ពីទំនប់ទាំងនេះ តិចជាងបណ្ដាប្រទេសជាប់ទន្លេមេគង្គផ្សេងៗទៀត ដោយទំនប់របស់ខ្លួននឹងផលិតអគ្គិសនីបានតិចជាងគេ ដោយសារតែស្ថិតនៅខ្សែទឹកខាងក្រោម មានន័យថា ហានិភ័យសន្ដិសុខស្បៀងនៅតែខ្ពស់នៅឡើយ។
លោក ភីតថក់ បានមានប្រសាសន៍ថា “ការស្រាវជ្រាវរបស់យើងបង្ហាញថា ប្រទេសកម្ពុជានឹងជាប្រទេសខាតបង់ខ្លាំង ដោយសារគម្រោងទំនប់វារីអគ្គិសនីធំៗបែបនេះ។ លោកបានមានប្រសាសន៍ថា ទន្លេសាប ដែលជាទន្លេមានប្រភពត្រីច្រើនជាងគេបំផុតទី៤ នៅក្នុងពិភពលោក ដោយផលិតត្រីបានចំនួន៥០០.០០០តោនត្រីក្នុង មួយ ឆ្នាំៗ អាចនឹងជួបជោគវាសនាអាក្រក់បំផុត ដោយការកាត់បន្ថយ៥០ភាគរយនៅផ្នែកផលិតកម្មត្រីក្នុងរយៈពេល៣០ឆ្នាំបន្ទាប់។ លោកបានបន្ថែមថា “ខ្ញុំសូមលើកឡើងថា រដ្ឋាភិបាលមានការទទួលខុសត្រូវ ដើម្បីពន្យល់បកស្រាយថា តើការផ្គត់ផ្គង់ស្បៀងអាហារនឹងត្រូវរក្សាទុកដោយរបៀបណាព្រមទាំងការសម្រេចចិត្តសាងសង់ទំនប់វារីអគ្គិសនីផងដែរ។
ការងារកំពុងតែដំណើរការរួចទៅហើយលើការសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាប៊ូរី ដែលមានទំហំធំនៅក្នុងប្រទេសឡាវ ដោយរដ្ឋាភិបាលឡាវបានសម្រេចជាឯកច្ឆ័នឲ្យបន្តការសាងសង់ទំនប់ដនសាហុង ជាទំនប់វារីអគ្គិសនីកម្លាំង២៤០មេហ្គាវ៉ាត់ ដែលអ្នករិះគន់និយាយថា នឹងធ្វើឲ្យប៉ះពាល់ខ្លាំងដល់ជលផលនៅខ្សែទឹកខាងក្រោមនៅក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម ពីព្រោះវាបិទដៃទន្លេមួយក្នុងចំណោមដៃទន្លេសំខាន់ៗចំនួន១៧នៃទន្លេមេគង្គ។
គណៈកម្មការទន្លេមេគង្គជាទីភ្នាក់ងារដែលបង្កើតឡើងដោយប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម តាមរយៈកិច្ចព្រមព្រៀងទន្លេមេគង្គឆ្នាំ១៩៩៥ ដើម្បីធ្វើឲ្យប្រាកដថា មានការសិក្សាពីផលប៉ះពាល់ផ្នែកបរិស្ថានឆ្លងដែនជាមុនសិនមុនពេលគម្រោងទំនប់ធំៗត្រូវបានផ្ដល់ភ្លើងខៀវឲ្យនោះរហូតមកទល់ពេលនេះមិនទាន់មានការឯកភាពគ្នានៅឡើយទេ។
សាស្ត្រាចារ្យមួយរូបផ្នែកភូមិវិទ្យា ឈ្មោះ Nathanial Matthews នៅមហាវិទ្យាល័យ King’s College London បានមានប្រសាសន៍ថា “ស្ថានភាពនយោបាយ និងសេដ្ឋកិច្ចនៃទំនប់វារីអគ្គិសនីត្រូវបានរដ្ឋាភិបាលនិយាយសម្រាល ដោយកំណត់ការពិភាក្សាអំពីផលប៉ះពាល់និងជម្រើសផ្សេងៗក្នុងការគាំទ្រការផ្ដោតយកចិត្តទុកដាក់រយៈពេលខ្លី”។ លោកបានបន្ថែមថា ដំណោះស្រាយផ្នែកបច្ចេកទេសនិងវិទ្យាសាស្ត្រអាចទៅរួច ប៉ុន្តែត្រូវបានរារាំងដោយសារការពិចារណាអំពីសេដ្ឋកិច្ចនិងនយោបាយរយៈពេលខ្លី៕
No comments:
Post a Comment
yes