សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 3, 2013

សិទ្ធិ​និង​សេរីភាព​កំពុង​ត្រូវ​គេ​បកស្រាយ​តាម​មនោគមន៍​វិជ្ជា​បក្ស

131203_02
កង​រាជ​អា​វុធ​ហត្ថ​រាជ​ធានី​តាម​សំពង​បុរស​ម្នាក់​ក្រោម​ហេតុ​ផល​
បង្ក្រាប​បាតុកម្ម​កម្មកររោង​ចក្រ​ SL។ រូបថត ម៉ៃ វីរៈ
កម្ពុជា ជា​ប្រទេស​ប្រកាន់​នូវ​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ហើយ​ប្រជា​ពលរដ្ឋ​ខ្មែរ មាន​សិទ្ធិ​សេរីភាព​ពេញ​លេញ ក្នុង​ការ​ធ្វើ​អ្វី​មួយ ដោយ​សេរី​ក្រោម​កិច្ច​ការពារ​ពី​ច្បាប់​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ប្រទេស។ ក៏​ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្តាយ ពាក្យ​ថា សិទ្ធិ​និង​សេរីភាព​នេះ ត្រូវ​បាន​គេ​បកស្រាយ​ទៅ​តាម​មនោគមន៍​វិជ្ជា​បក្ស​រៀងៗ​ខ្លួន​ទៅ​វិញ។ សូម្បី​តែ​ទង្វើ​មួយ​ខុស​ច្បាប់​ឬ​ត្រូវ​ច្បាប់ យុត្តិធម៌ ឬ​អយុត្តិធម៌ ក៏​ត្រូវ​បាន​ក្រុម​មនុស្ស​ខ្មែរ​បកស្រាយ​ដោយ​ផ្អែក​ទៅ​លើ​ទស្សនៈ និង​និន្នាការ​នយោបាយ​របស់​ខ្លួន​ដោយ​មិន​ឈរ​លើ​គុណតម្លៃ​ជា​សកល មួយ​ប្រកប​ដោយ​មនសិការ​ខ្ពស់​ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា​នោះ​ឡើយ។ អ្វី​ទាំង​អស់​នេះ វា​កំពុង​តែ​ធ្វើ​ឲ្យ​សង្គម​ខ្មែរ​បច្ចុប្បន្ន ស្ថិត​នៅ​ក្នុង​ភាព​មិន​ប្រាកដ​និយម​មួយ ដែល​អាច​ធ្វើ​ឲ្យ​សង្គម​នេះ កាន់​តែ​បែក​បាក់​ទៅៗ ហើយ​បើ​មិន​មាន​ការ​ផ្លាស់​ប្តូរ ប្រជារាស្រ្ត​ខ្មែរ គ្មាន​ថ្ងៃ​នឹង​បាន​សុខ បាន​សិទ្ធិ និង​បាន​សេរីភាព​ពិត​ប្រាកដ​នោះ​ឡើយ។
អារីស្តូត ជា​ទស្សនវិទូ​មួយ​រូប​ក្នុង​ចំណោម​ទស្សនវិទូ​ទាំង​ឡាយ ដែល​បាន​គាំទ្រ និង​លើក​ស្ទួយ​ឲ្យ​មាន​គោល​នយោបាយ​ធានា​ឲ្យ​មាន​សេរីភាព​ដល់​មនុស្ស​។ តាម​ទស្សនៈ​របស់ អារីស្តូត មនុស្ស​ត្រូវ​តែ​មាន​សេរីភាព​ក្នុង​ការ​រស់​នៅ​ជា​មនុស្ស​ហើយ​អាច​ធ្វើ​អ្វីៗ​ទៅ​តាម​អ្វី​ដែល​ខ្លួន​ចង់ ធ្វើ​ដោយ​គ្មាន​ការ​បង្ខិត​បង្ខំ ពី​បុគ្គល​ណា​ម្នាក់​ឡើយ​។ ក៏​ប៉ុន្តែ សិទ្ធិ​សេរីភាព​របស់​បុគ្គល​នេះ ក៏​ត្រូវ​តែ​មាន​ដែន​កំណត់​ផង​ដែរ។ បើ​គ្មាន​ដែន​កំណត់ នោះ​សេរីភាព​ក្នុង​ការ​ធ្វើ​អ្វី​មួយ​របស់​បុគ្គល​ម្នាក់ អាច​នឹង​រំលោភ​បំពាន​ទៅ​លើ​សេរីភាព​របស់​បុគ្គល​ម្នាក់​ផ្សេង​ទៀត។ ហេតុ​ដូចនេះ ដើម្បី​កំណត់​ដែន​សេរីភាព​របស់​បុគ្គល គេ​ចាំ​បាច់​ត្រូវ​តែ​បង្កើត​ឲ្យ​មាន​ច្បាប់​សម្រាប់​ជា​ការ​ធានា​ថា សិទ្ធិ​សេរីភាព​របស់​បុគ្គល​នីមួយៗ និង​មិន​ត្រូវ​បាន​គេ​រំលោភ​បំពាន​ជា​ដាច់​ខាត។

កម្ពុជា ជា​រដ្ឋ​ឯករាជ្យ ប៉ុន្តែ​ក៏​ជា​រដ្ឋ​ដែល​មិន​អាច​រស់​នៅ​ដោយ​ឯក​ឯង​នោះ​ឡើយ។ កម្ពុជា​មាន​កាតព្វកិច្ច​តាក់​តែង​ច្បាប់​ទាំង​ឡាយ​ជាច្រើន ឲ្យ​ស្រប​ទៅ​តាម​និយាម​អន្តរជាតិ​។ ទោះ​ចង់ ឬ​មិន​ចង់ ប្រទេស​កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា កតិកា​សញ្ញា និង​ច្បាប់​ដ៏​ច្រើន​សម្បូរ​បែប ដែល​ធានា​នូវ​សិទ្ធិ​សេរីភាព​របស់​បុគ្គល​កម្ពុជា​គ្រប់ៗ​រូប​។ បើ​ក្រឡេក​មើល​ទៅ​ច្បាប់​បច្ចុប្បន្ន ដែល​កម្ពុជា​មាន វា​សម​ល្មម​គ្រប់​គ្រាន់ សម្រាប់​ឲ្យ​រាស្រ្ត​មួយ​ប្រទេស​នេះ រស់​នៅ​ប្រកប​ដោយ​សេរីភាព​និង​ភាព​ថ្លៃ​ថ្នូរ​ជា​មនុស្ស ក្នុង​សង្គម​ស៊ីវិល័យ​មួយ។ ជា​អកុសល វា​មិន​ដូច​អ្វី​ដែល​បាន​គិត​នោះ​ទេ។ អ្វី​ដែល​ជា​បញ្ហា​ជាក់ស្តែង​នៅ​ក្នុង​សង្គម​កម្ពុជា​សព្វ​ថ្ងៃ គឺជា​ការ​អនុវត្ត​ច្បាប់ ដោយ​មិន​មាន​ភាព​យុត្តិធម៌ ឬ​ភាព​យុត្តិធម៌​នោះ មិន​មាន​តម្លៃ​ជា​សកល​ដែល​ទាំង​អស់​គ្នា អាច​ទទួល​យក​បាន។
ការ​បកស្រាយ​ច្បាប់​ដែល​មិន​ឈរ​លើ​គោល​ការណ៍​យុត្តិធម៌ គឺជា​វប្បធម៌​ថ្មី និង​ចាស់​គំរឹល​ដែល​អ្នក​មាន​អំណាច​នៅ​ស្រុក​ខ្មែរ​កំពុង​តែ​អនុវត្ត។ ជា​ឧទាហរណ៍ ច្បាប់​ធានា​ឲ្យ​ពលរដ្ឋ​មាន​សេរីភាព​បញ្ចេញ​មតិ ធ្វើ​បាតុកម្ម និង​ចូល​រួម​គ្រប់​សកម្មភាព​នយោបាយ​ក្នុង​សង្គម ក៏​ប៉ុន្តែ អ្នក​ទាំង​នោះ​ក៏​ត្រូវ​ប្រឈម​មុខ​ជាមួយ​នឹង​ច្បាប់​នានា ដែល​អាច​ចោទ​ពួក​គេ​ថា​ជា​អ្នក​បង្ក​អសន្តិសុខ​ក្នុង​សង្គម ជា​ពួកគេ​ញុះញង់​ឲ្យ​មាន​អំពើ​ហិង្សា ឬ​ក៏​ជា​ពួក​ដែល​បង្ក​ឲ្យ​ប៉ះ​ពាល់​ដល់​ស្ថិរភាព​ក្នុង​សង្គម ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ជាប់​ពន្ធនាគារ​យ៉ាង​ងាយ​ស្រួល​ជា​ទី​បំផុត​។ អ្វី​ដែល​កាន់​តែ​អាក្រក់​ជាង​នេះ​ទៅ​ទៀត ផល​ប៉ះពាល់​ពី​ការ​បង្ក្រាប ដែល​បណ្តាល​ឲ្យ​អាយុ​ជីវិត​រាស្រ្ត បាត់បង់ មិន​ដែល​មាន​ភាគី​ណា​មួយ​ចេញ​មុខ​មក​ទទួល​ខុស​ត្រូវ​ឬ​ប្រឈម​មុខ​ជាមួយ​នឹង​ច្បាប់​ឡើយ។
មន្ត្រី​ជាន់​ខ្ពស់​បក្ស​កាន់​អំណាច​មួយ​រូប បាន​ឲ្យ​តម្លៃ​យុត្តិធម៌​ទៅ​លើ​ទឹក​ប្រាក់។ លោក​បាន​និយាយ​នៅ​ទី​សាធារណៈ​ដោយ​មិន​ញញើត​ញញើម​ថា បើ​គ្មាន​លុយ កុំ​សង្ឃឹម​ថា មាន​យុត្តិធម៌ ទោះ​បី​ក្នុង​សង្គម​ណា​ក៏​ដោយ។ ជា​ការ​ពិត គាត់​និយាយ​ត្រូវ។ ជា​ពិសេស​ក្នុង​សង្គម​កម្ពុជា​ផ្ទាល់​តែ​ម្តង។ មាន​ឧទាហរណ៍​រាប់​មិន​អស់ ដែល​អាច​បញ្ជាក់​ថា អ្នក​មាន​លុយ និង​មាន​អំណាច មាន​វាសនា​ទទួល​បាន​យុត្តិធម៌​ខុស​ពី​អ្នក​មិន​មាន​លុយ​និង​មិន​មាន​អំណាច។ ករណី​អ្នក​ស្រី យ៉ោម បុប្ផា សកម្មជន​ដីធ្លី នៅ​តំបន់ បឹងកក់ និង​លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង បាវិត គឺជា​ឧទាហរណ៍​មួយ ដែល​មនុស្ស​ភាគ​ច្រើន កំពុង​យក​ចិត្ត​ទុក​ដាក់​និង​តាម​ដាន។ ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ តើ​មនុស្ស​ខ្មែរ​សព្វ​ថ្ងៃ​នេះ នៅ​តែ​ព្យាយាម​គិត និង​ឲ្យ​តម្លៃ លើ​ទស្សនៈ​ដ៏​អន់​ថយ របស់​បុគ្គល​ខាង​លើ តទៅ​ទៀត​ឬ​មួយ​យ៉ាង​ណា?
ច្បាប់​គឺ​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ ទៅ​នឹង​សេរីភាព។ គោល​បំណង​របស់​ច្បាប់ គឺ​ត្រូវ​ធានា​ឲ្យ​ប្រជារាស្រ្ត មាន​សេរីភាព ហើយ​សេរីភាព ក៏​ត្រូវ​តែ​ទទួល​បាន​ដោយ​ភាព​ស្មើ​គ្នា ចំពោះ​មុខ​ច្បាប់ ប្រកប​ដោយ​ភាព​សុខដុមរមនា ក៏​ប៉ុន្តែ នៅ​ក្នុង​សង្គម​មួយ ដែល​ការ​ដឹក​នាំ​និង​គ្រប់​គ្រង មិន​ឈរ​លើ​ភាព​ស្មោះត្រង់ និង​ការ​គោរព​ច្បាប់ គេ​ពិបាក​នឹង​ឃើញ​ថា ក្នុង​សង្គម​នោះ មាន​ភាព​យុត្តិធម៌ ដែល​មាន​តម្លៃ​ជា​សកល​មួយ ប្រកប​មនសិការ និង​ការ​ពិចារណា​ខ្ពស់​ណាស់។
ដូច​នេះ បើ​ចង់​បាន​យុត្តិធម៌​ពិត​ប្រាកដ​មួយ រាស្រ្ត​ខ្មែរ មិន​ត្រូវ​ដើរ​យំ​ស្រែក​ឲ្យ​គេ​អាណិត ឬ​ចាំ​ការ​ដាក់​ទាន​ពី​នរណា​ម្នាក់ ឬ​អ្នក​ដឹក​នាំ​ណា​មួយ ឬ​ក៏​ប្រទេស​ណា​មួយ ក្នុង​ការ​ធានា​ឲ្យ​មាន​ភាព​យុត្តិធម៌​ក្នុង​សង្គម​នេះ​ឡើយ។ យុត្តិធម៌ និង​សេរីភាព​ពេញ​លេញ ត្រូវ​បាន​ធានា​ដោយ​ច្បាប់ នៃ​ព្រះ​រាជាណាចក្រ​មួយ​នេះ​រួច​ទៅ​ហើយ វា​នៅ​ខ្វះ​តែ​សេចក្តី​ក្លាហាន របស់​រាស្រ្ត​តែ​ប៉ុណ្ណោះ ក្នុង​ការ​ទាមទារ​នូវ​អ្វី ដែល​ខ្លួន​ត្រូវ​តែ​បាន ដូច​ដែល​បាន​កំណត់​ក្នុង​ច្បាប់។ ឈប់​ដើរ​ស្រែក​រក​យុត្តិធម៌ ត្រូវ​ធ្វើ​សកម្មភាព​ដោយ​ស្រប​ច្បាប់ ដើម្បី​ទាមទារ​ឲ្យ​បាន​នូវ​ភាព​យុត្តិធម៌។ ទឹក​ភ្នែក​របស់​ជន​ស្លូត​ត្រង់ មិន​មាន​តម្លៃ​ក្នុង​កែវ​ភ្នែក របស់​បុគ្គល​យង់​ឃ្នង​និង​ផ្តាច់​ការ​នោះ​ឡើយ។ ការ​យំ​ស្រែក​រក​យុត្តិធម៌​របស់​អ្នក វា​គ្រាន់​តែ​បង្ហាញ ពី​ភាព​ទន់​ខ្សោយ​របស់​អ្នក​ចំពោះ​មុខ​បុគ្គល​សាហាវ និង​ឃោរឃៅ​តែ​ប៉ុណ្ណោះ។ លើស​ពី​នេះ​ទៅ​ទៀត នោះ​ការ​ឱប​ដៃ​ឈរ​មើល​ពី​ភាព​អយុត្តិធម៌ ដែល​មនុស្ស​អាក្រក់​កំពុង​តែ​ប្រព្រឹត្ត​ដោយ​ចាត់​ទុក​ខ្លួន​ថា​ជា​មនុស្ស​ល្អ និង​អ្នក​ឯករាជ្យ​នោះ គឺ​គ្រាន់​តែ​ជា​ការ​ចូល​ដៃ​ដោយ​ប្រយោល គាំទ្រ​ឲ្យ​មាន​អំពើ​អយុត្តិធម៌​ក្នុង​សង្គម​នេះ​តែ​ប៉ុណ្ណោះ៕

No comments:

Post a Comment

yes