សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 3, 2013

អ្នកតាមដាន​សង្គម​៖ការប្តឹង​ចាងហ្វាង​កាសែត​មនសិការ​ខ្មែរ​ទៅ​តុលាការ​យោធា​គឺ​ខុសច្បាប់​​

131203_04b
លោក ដាំ សិទ្ធ ចាងហ្វាង​​កាសែត​មនសិការខ្មែរ​ ក្នុងយុទ្ធ​នា
ការ​ឃោ​ស​នា​បោះ​ឆ្នោត​​។ រូបថត ​ហេង ជីវ័​ន​

ក្រុមអ្នកតាមដាន​ព្រឹត្តិការណ៍​សង្គម​យល់ថា ការព្រមាន​ប្តឹងទៅ​តុលាការ​យោធា​របស់​មន្ត្រី​រដ្ឋាភិបាល​លើ​ចាងហ្វាង​កាសែត​មនសិការ​ខ្មែរ ដែល​រិះគន់​រដ្ឋាភិបាល​ពី​ការ​ចល័ត​ទ័ព​នៅ​ថ្ងៃ​បោះឆ្នោត​នោះ គឺ​ខុសច្បាប់។​
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា ការគ្រោង​ប្តឹងចាងហ្វាង​កាសែត​មនសិការ​ខ្មែរ​ទៅ​តុល​ការ​យោធា​នេះ គឺ​ផ្ទុយទៅនឹង​ច្បាប់​។ លោក​ថា ប្រសិនបើ​កាសែត​នេះ បាន​ដកស្រង់​ប្រសាសន៍​លោក កឹម សុខា មែន​នោះ គួរ​សិក្សា​ទៅលើ​សម្តីរបស់​ប្រភព​វិញ  ថា​តើជាម​រតិ​ផ្ទាល់ខ្លួន ភ្ជាប់​ជាមួយ​ទិដ្ឋភាព​ពិតឬ​យ៉ាងណា​? “​ប៉ុន្តែ​បើ​លោក កឹម សុខា និយាយ​អញ្ជឹង​មែន ករណី​នេះ​ត្រូវ​ទាក់ទង​ជាមួយ​ផ្ទេរ​ទៅ​លោក កឹម សុខា វិញ​ទេ មិនមែន​អ្នកកាសែត​នោះទេ មិនមែន​លោក ដាំ សិទ្ធិ​នោះ​ទេ ប៉ុន្តែ​ប្រសិនជា​ក្នុង​ករណី​លោក កឹម សុខា លោក​មានប្រសាសន៍​អញ្ជឹង​មែន គាត់​និយាយ​អញ្ជឹង​មែន ត្រូវ​មាន​កត្តា​ពីរ សំណួរ​សួរថា​តើ​លោក កឹម សុខា និយាយ​នេះ​ដឹង​ថា​រឿង​នេះ​មិន​ពិត​ឬក៏​យ៉ាងម៉េច​? ឬ​មួយ​ក៏​និយាយ​ជា​មតិ​ទេ​? និយាយ​ជា​រឿង​ពិត​ឬ​មួយ​មិន​ពិត​? អ្វីមួយ​ដែល​មិន​កើត​ឡើង​គ្រាន់តែ​បញ្ចេញ ឬ​យោបល់​មិនអាច​ជា​បទ​បរិហារកេរ្តិ៍​បានទេ​”​។​

ប្រធាន​វិទ្យាស្ថាន​សម្រាប់​ការសិក្សា​ផ្នែក​សារព័ត៌មាន លោក មឿន ឈាន​ណា​រិទ្ធិ  មានប្រសាសន៍ ថា ស្ថាប័ន​សារព័ត៌មាន​ស្វាគមន៍​ចំពោះ​ការទាមទារ​ឲ្យ​បកស្រាយការ​ផ្សាយ​ពី​ព័ត៌មាន​ណាមួយ តែ​លោក​មិន​គាំទ្រ​ឲ្យ​ប្តឹង​អ្នកសារព័ត៌មាន​នោះទេ​។ លោក​ថា បើ​កាសែត​មនសិការ​ខ្មែរ​ផ្ញើ​សំឡេង លោក កឹម សុខា ទៅ​រដ្ឋាភិបាល​ហើយ​នោះ គឺ​គ្រប់គ្រាន់​ហើយ​ ៖ “​ជាធម្មតា នៅក្នុង​សង្គម​ប្រជាធិបតេយ្យ យើង​ប្រើ​វេតិកា​សារព័ត៌មាន ដើម្បី​ធ្វើ​ការបកស្រាយ​និង​ដេញដោល​មតិ​ទៅវិញទៅមក ប្រសិន​ជា​ខាង​រដ្ឋាភិបាល​គាត់​យល់​ឃើញ​ថា អ្វី​ដែល​ចុះផ្សាយ​នោះ អ្វី​ដែល​នយោបាយ​ភាគី​ម្ខាង​ទៀត គាត់​និយាយ​ទៅ​ខុសឆ្គង ឬក៏​មាន​ការរំលោភបំពាន​ណាមួយ គឺ​យើង​មាន​មធ្យោបាយ​និង​ឱកាស​គ្រប់គ្រាន់ ដើម្បី​ធ្វើ​ការបកស្រាយ នោះ​វិញ តាមរយៈ​ការសរសេរ​ជា​លិខិត​មិន​ទៅកាន់​កាសែត​នោះ ដើម្បី​បំភ្លឺ ឬក៏​ប្រសិន​ករណីនេះ​ជា​ករណី​ដែល​ធំ ដែល​ធ្ងន់ធ្ងរ ខាង​រដ្ឋាភិបាល​ក៏​អាច​ធ្វើ​ជា​សន្និសីទកាសែត ដើម្បី​ធ្វើ​ការបកស្រាយ ឲ្យ​សាធារណៈជន​បាន​យល់​”​។​
​សមាជិក​ក្រុមប្រឹក្សា​អ្នកឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន មានប្រសាសន៍ថា ករណី​នេះ​ជា​រឿង​នយោបាយ មិនគួរ​ប្តឹង​លើ​អ្នក​សារព័ត៌​នោះទេ​។ លោក​ថា ការផ្សាយ​របស់​កាសែត​នេះ បាន​ដកស្រង់​សម្តី​ប្រភព ហើយ​វា​ជា​ការពិត​ដែល​នៅពេលនោះ រដ្ឋាភិបាល បាន​ចល័ត​ទ័ព​ពី​តាម​បណ្តា​ខេត្ត​ចូល​មក​រាជធានី​ភ្នំពេញ​ធ្វើឲ្យ​ប្រជាជន​ទូទៅ​ភ័យខ្លាច​។
​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផា​ន មានប្រសាសន៍ថា ការ​ដែល​រដ្ឋាភិបាល​គ្រោង​ប្តឹង​ចាងហ្វាង​កាសែត​មនសិការ​ខ្មែរ ​ទៅ​តុលាការ​យោធា​នោះ ដោយសារ ពាក់ព័ន្ធ​ការ​ចល័ត​ទ័ព តែ​លោក​ថា ករណីនេះ​ស្ថិត​ក្នុង​ការពិភាក្សា​ជាមួយ​មេធាវី​នៅ​ឡើយ​។ ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល នៅ​តែ​ប្រកាន់​ជំហរ​ឲ្យ កាសែត​នេះ បកស្រាយ​ជា​លាយលក្ខណ៍អក្សរ ចំពោះ​ចំណងជើង​អត្ថបទ​របស់​ខ្លួន ៖ “​ខ្ញុំ​មិន​ចាត់ទុក​នេះ​ជា​សេចក្តី​ឆ្លើយតប អ្វី​ដែល​ចង់​បាន​ទេ ខ្ញុំ​ចង់​បាន​ជា​សំបុត្រ​ជា​លាយលក្ខណ៍អក្សរ​មួយ ខ្ញុំ​យល់ព្រម ដូច​អ្វី​ដែល​បាន​ចែង​ក្នុង​របស់​ខ្ញុំ​ឲ្យ ដូច្នេះ​គេ​គួរតែ​គោរព​នូវ​អ្វី​ដែល​ខ្ញុំ​ចង់បាន ដែល​ជា​សិទ្ធិ​ត្រូវ​ដឹង ក៏ប៉ុន្តែ​កាលណា​ក៏​រំលោភ​លើ​សិទ្ធិ​ដែល​ត្រូវ​ដឹង ខ្ញុំ​ត្រូវ​ស្វែងរក​ក្រុមទី​៣ ដែល​ទទួល​ភារកិច្ច​ក្នុង​កិច្ចការ​ថែរក្សា​សិទ្ធិ​ត្រូវ​ដឹង​នេះ​”​។​
​អត្ថបទ​របស់​កាសែត​មនសិការ​ខ្មែរ ចេញផ្សាយ​ថ្ងៃ​ពុធ​ទី​១៣ ​ខែវិច្ឆិកា​ ឆ្នាំ​២០១៣ បាន​សរសេរចំណងជើង​ថា «​កឹម​សុខាៈ ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នៃ​ការបន្លំ​លទ្ធផល​បោះឆ្នោត និង​បញ្ជូន​កម្លាំង​ប្រដាប់អាវុធ​មក​ឡោមព័ទ្ធ​ភ្នំពេញ ប្លន់​យក​ជ័យជំនះ​ប្រជារាស្ត្រ​ខ្មែរ​»​។​    ​
រដ្ឋាភិបាល​បាន​ដាក់​កំណត់​ឲ្យ​កាសែត​នេះ ​ឆ្លើយបំភ្លឺ​ចំពោះ​អត្ថបទ​នោះ​អោយបាន​មុន​ថ្ងៃទី​៣០​វិច្ឆិកា​នេះ​។​ ប៉ុន្តែ​ចាងហ្វាង​កាសែត​មនសិកា​ខ្មែរ​លោក ដាំ សិទ្ធ ដែល​ជា​តំណាង​ជាប់ឆ្នោត​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ផង​នោះ អះអាងថា លោក​បាន​បំភ្លឺៗ​តាម​អ៊ី​ម៉ែ​ល ដោយ​មាន​ភ្ជាប់​វីដេអូ ដែល​លោក កឹម សុខា មានប្រសាសន៍ ទៅកាន់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​អូស្ត្រាលី ​នោះ​រួច​ហើយ​។​
​ទោះជា​យ៉ាងណា លោក កឹម សុខា បដិសេធថា លោក​មិន​បាន​និយាយ​ចំៗ ​ដូច​កាសែត​នោះ​ចុះផ្សាយ​ទេ​៕

No comments:

Post a Comment

yes