ក្រុមមិត្ត១០ធ្នូ រហូតមកទល់ថ្ងៃអាទិត្យនេះ នៅតែប្រឈមនឹងបញ្ហាការមិនអនុញ្ញាតឲ្យចូលសម្រាក និងអប់រំផ្សព្វផ្សាយពីសិទ្ធិមនុស្ស ដល់ប្រជាពលរដ្ឋ នៅទីវត្តអារាម និងសាលារៀន។
តំណាងក្រុមមិត្ត១០ធ្នូ ដើរក្បួនធម្មយាត្រាពីខេត្តស្វាយរៀង លោក សុទ ពិសិទ្ធិ ឲ្យដឹងថា រហូតមកទល់ពេលនេះ ក្បួនដង្ហែដែលមានព្រះសង្ឃ និងពលរដ្ឋចូលរួម ប្រមាណ១០០អង្គនាក់ តាមបណ្តោយផ្លូវជាតិលេខ១នេះ នៅថ្ងៃម្សិលមិញនេះ នៅតែមានផលវិបាក ក្នុងការរកទីស្នាក់អាស្រ័យ និងទីតាំងសម្រាប់រៀបចំផ្សព្វផ្សាយអប់រំ ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន។ លោកថា ចំណុចគោលដៅ រួមមានវត្តអារាម និងសាលារៀន ដែលបានកំណត់ និងព្រមព្រៀងហើយនោះ បែរជាត្រូវបានដាក់របងបាំង និងចាក់ សោរទ្វារទៅវិញ។ លោក យល់ថា ទង្វើនេះបណ្តាលមកពីអាជ្ញាធរមូលដ្ឋានដាក់សម្ពាធ ទៅលើព្រះចៅអធិការវត្ត ដូចករណីមុនៗដែរ។
លោក សុទ ពិសិទ្ធិ បញ្ជាក់ថា ក្បួនដង្ហែទាំង៥ របស់ក្រុមមិត្ត១០ធ្នូ គឺសុទ្ធតែប្រទះនឹងបញ្ហារកទីស្នាក់ដូចគ្នា ដែលពួកគេយល់ថា នេះជាចេតនារបស់អាជ្ញាធរ ដើម្បីដាក់សម្ពាធដល់ក្បួនធម្មយាត្រា។
តំណាងមិត្ត១០ធ្នូ ធម្មយាត្រាពីខេត្តកំពត ព្រះតេជគុណ កែវ សុម៉ាលី មានសង្ឃដីកាថា ក្បួនដង្ហែនេះ ក៏ប្រទះបញ្ហាប្រឈមដូចគ្នា ហើយកាលពីម្សិលមិញនេះ អាជ្ញាធរមូលដ្ឋាន បានទាស់ទែងពាក្យសម្តីខ្លះជាមួយប្រជាពលរដ្ឋ ដោយសារការមិនអនុញ្ញាតឲ្យពលរដ្ឋ និងព្រះសង្ឃ ចូលសម្រាកក្នុងវត្ត តែនេះ មិនចោទជាបញ្ហាឡើយ ដោយសារប្រជាពលរដ្ឋតាមមូលដ្ឋាននោះ បានជួយសម្រួលទីស្នាក់នៅ។
ទោះយ៉ាងណា លោក ផៃ ស៊ីផាន ទីស្តីការគណៈរដ្ឋមន្ត្រី បញ្ជាក់ថា រាជរដ្ឋាភិបាលមិនបានបញ្ជាឲ្យមន្ត្រីថ្នាក់ក្រោមរើសអើង ការធ្វើធម្មយាត្រា-សិទ្ធិយាត្រា លើក្រុមមិត្ត១០ធ្នូទេគឺមានតែជំរុញឲ្យមាន ការសហការគ្នារវាងអាជ្ញាធរ និងក្រុមមិត្ត១០ធ្នូ។
ក្រុមមិត្ត១០ធ្នូ បានដើរក្បួនចាប់តាំងពីថ្ងៃទី១ ខែធ្នូនេះ ដោយចេញដំណើរពីខេត្តចំនួន៥ គឺខេត្តស្វាយរៀង ហែតាមផ្លូវជាតិលេខ១ ខេត្តកំពត ហែតាមផ្លូវជាតិ៣ ខេត្តកំពង់ស្ពឺ ហែតាមផ្លូវជាតិ៤ ខេត្តពោធិ៍សាត់ ហែតាមផ្លូវជាតិ៥ និងខេត្តកំពង់ធំ ហែតាមផ្លូវជាតិ៦ ដើម្បីមកជុំគ្នាធំនៅរាជធានីភ្នំពេញអបអរទិវាសិទ្ធិមនុស្ស អន្តរជាតិលើក៦៥៕
No comments:
Post a Comment
yes