សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, December 8, 2013

អង្គការ​តម្លាភាព​កម្ពុ​ជានិង​ដៃគូរ​ពាក់ព័ន្ធនឹង​រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​ប្រឆាំង​អំពើពុករលួយនៅ​ថ្ងៃស្អែក​នេះ​​


អង្គការ​តម្លាភាព​កម្ពុ​ជា និង​ដៃគូរ​ពាក់ព័ន្ធ នឹង​រៀបចំ​វេទិកា​ផ្សព្វផ្សាយ រួម​និង​សិក្ខាសាលា​អប់រំ​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ក្នុង​ខេត្ត​ចំនួន​បី ក្នុង​ទិវា​ប្រឆាំង​អំពើពុករលួយ​អន្តរ​ជាតិ ៩​ធ្នូ ថ្ងៃស្អែក​នេះ​។​
​នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ព្រាប កុល ឲ្យដឹងថា វេទិកា​ផ្សព្វផ្សាយ​នេះ ធ្វើឡើង​ក្នុង​គោលបំណង លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ដើម្បី​ចូលរួម​ទប់ស្កាត់ និង​ប្រឆាំង​អំពើពុករលួយ​នៅ​កម្ពុជា​។ លោក​បន្តថា វេទិកា និង​សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ នឹង​ធ្វើឡើង​ក្នុង​ខេត្ត​ចំនួន​បី គឺ​ខេត្ត​កំពង់ចាម ខេត្តសៀមរាប និង​ខេត្ត​បាត់ដំបង ដោយ​មាន​អ្នកចូលរួម​ប្រមាណ ២០០ ទៅ​៥០០​នាក់ ក្នុង​ខេត្ត​និមួយៗ​។​
​ប្រធាន​គណៈកម្មាធិការ​កម្ពុជា​ឯករាជ្យ​ប្រឆាំង​អំពើពុករលួយ លោកស្រី ម៉ម ស៊ីថា មានប្រសាសន៍ថា អំពើពុករលួយ ជា​បញ្ហា​ចម្បង​មួយ​ដែល​បង្ក​នូវ​ភាពអយុត្តិធម៌ ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅលើ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ និង​ការប្រកួតប្រជែង​ក្នុង​វិស័យសេដ្ឋកិច្ច​ទីផ្សារសេរី​។ លោកស្រី​យល់ថា កត្តា​ទាំង​នេះ រាជរដ្ឋាភិបាល​កម្ពុជា ត្រូវអនុវត្ត និង​ចាត់វិ​ធាន​ការ​ឲ្យបាន​ម៉ឺងម៉ាត់ ដើម្បី​ប្រឆាំង​អំពើពុករលួយ និង​ធានា​ថា​វឌ្ឍនភាព​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ មិន​ដើរ​ថយក្រោយ​។​

​កន្លងមក មន្ត្រី​អង្គការ​តម្លាភាព បាន​ដាក់​ជា​អនុសាសន៍ ដោយ​ជំរុញ​រាជរដ្ឋាភិបាល​កម្ពុជា ពន្លឿន​ការអនុម័ត​ច្បាប់ សិទ្ធិ​ទទួលបាន​ព័ត៌មាន ដើម្បី​ធ្វើឲ្យ​មាន​តម្លាភាព និង​គណ​នេ​យ្យ​ភាព​នៅ​តាម​ស្ថាប័នរដ្ឋ​នានា​។ អង្គការ ក៏​បាន​ជំរុញ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ អនុវត្ត​ច្បាប់​ឲ្យបាន​តឹងរឹង និង​មាន​ប្រសិទ្ធភាព​បន្ថែមទៀត​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​៨ ខែវិច្ឆិកា បាន​ជំរុញ​ចេញ​ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន បន្ទាប់ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល ទទូច​ចង់បាន​ច្បាប់​នេះ ជាច្រើន​ឆ្នាំ​មក​នោះ​។​
​អង្គការ​តម្លាភាព​អន្តរជាតិ​(Trasparency International) កាលពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ​នេះ បានដាក់​បង្ហាញ​សន្ទទ​ស្សន៍​នៃ​អំពើ​ពុករលួយ​ឆ្នាំ​២០១៣ ឲ្យដឹងថា ប្រទេស​កម្ពុជា ត្រូវបាន​ចាត់ថ្នាក់​១៦០ ក្នុងចំណោម​ប្រទេស​ចំនួន​១៧៧ ដែល​បញ្ជាក់ថា អំពើពុករលួយ​ក្នុង​វិស័យ​សាធារណៈ​របស់​កម្ពុជា នៅតែ​មាន​កម្រិត​ខ្ពស់​។ កាលពី​ឆ្នាំ​២០១២ កម្ពុជា​មាន​ចំណាត់ថ្នាក់​លេខ​១៥៧ ក្នុងចំណោម​ប្រទេស​ចំនួន​១៧៦ ដែល​មាន​អំពើ​ពុករលួយ​ធ្ងន់ធ្ងរ​៕

No comments:

Post a Comment

yes