សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, December 3, 2013

អាជ្ញាធរ​ស្រុកអូរជុំឲ្យ​អ្នក​ភូមិ១០២គ្រួសារ​រុះរើ​ផ្ទះ​ចេញយក​ដី​ឲ្យ​ក្រុមហ៊ុន

131203_09b
ក្រុម​ហ៊ុន​សម្បទាន​ដី​​មួយ ឈូស​​បំផ្លាញ​ព្រៃ​ឈើ​​ធំៗ​ យក​ដី​ដាំកៅស៊ូ​​​
រូប ជីវ័ន​
អាជ្ញាធរ​ស្រុក អូរជុំ ខេត្ត រតនគិរី បាន​ចេញ​លិខិត​ជូន​ដំណឹង​ទៅ​អ្នក​ភូមិ ១០២ គ្រួសារ​ដែល​រស់​នៅ​ក្នុង​ឃុំ អូរជុំ ឲ្យ​រុះរើ​លំនៅឋាន​ចាក​ចេញ ដោយ​សំអាង​ថា ពួក​គាត់​កំពុង​រស់​នៅ​លើ​ដី​ក្រុមហ៊ុន ស្វីហ្វ រ៉ាប់ប៊ើ ដែល​ទទួល​បាន​សិទ្ធិ​ពី​រដ្ឋ​ក្នុង​ការ​អភិវឌ្ឍ​ចម្ការ​កៅស៊ូ។
ក៏​ប៉ុន្តែ​កាល​ពី​ម្សិលមិញ​ក្រុម​អ្នក​ភូមិ​បាន​នាំ​គ្នា​មក​សុំ​កិច្ច​អន្តរាគមន៍​ពី​សមាគម​សិទិ្ធ​មនុស្ស អាដហុក ហើយ​អ្នក​ភូមិ ៥នាក់ ក្នុង​ចំណោម ១០២ គ្រួសារ ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ចូល​ជួប​មន្រ្តី​សាលា​ខេត្ត​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ជូន​បន្ទាប់​ពី​បាន​ទទួល​លិខិត​ជូន​ដំណឹង​ស្តី​ពី​ការ​បណ្តេញ​ចេញ​នេះ។
យោង​តាម​លិខិត​ជូន​ដំណឹង​របស់​សាលា​ស្រុក អូរជុំ បាន​ជម្រាប​ថា អាជ្ញាធរ​អំពាវនាវ​ឲ្យ​អ្នក​ស្រុក​ធ្វើ​ការ​រុះរើ​លំនៅឋាន​ចាក​ចេញ​មុន​ពេល​ដែល​ក្រុមហ៊ុន ស្វីហ្វ រ៉ាប់ប៊ើ ចាប់​ផ្តើម​ធ្វើ​ការ​សកម្មភាព​ណាមួយ​បើ​មិន​ដូច្នោះ​ទេ អាជ្ញាធរ​នឹង​ចាត់​វិធានការ​តាម​ច្បាប់។
ក្រុមហ៊ុន ស្វីហ្វ រ៉ាប់ប៊ើ នេះ មាន​ផ្ទៃ​ដី​អភិ​វឌ្ឍន៍​ជាង ៣ ពាន់​ហិកតា​ជា​ដី​ចម្ការ​កៅស៊ូ​ចាស់​សល់​ពី​សម័យ​មុន ដោយ​ផ្ទេរ​ពី​ក្រុមហ៊ុន តាយសេង។
អ្នក​ភូមិ​ម្នាក់​ឈ្មោះ ឈុំ សុខជា អាយុ ៤៧ឆ្នាំ និយាយ​ថា អ្នក​ភូមិ​បាន​ឃើញ​លិខិត​ជូន​ដំណឹង​រុះរើ​នេះ​នៅ​តាម​ដើម​កៅស៊ូ​ដោយ​គ្មាន​ប្រាក់​សំណង​ណា​មួយ​ឡើយ​ខណៈ​ដែល​អ្នក​ភូមិ​ភាគ​ច្រើន​មក​រស់​នៅ​តាំង​ពី​ឆ្នាំ ១៩៩៣ ធ្វើ​ជា​កម្មករ​ក្រុមហ៊ុន ៤ ជំនាន់​មក​ហើយ។

លោក​បន្ត​ថា៖ «ពួក​យើង​បាន​ឃើញ​លិខិត​នៅ​តាម​ដើម​កៅស៊ូ​គួរ​ឲ្យ​តក់​ស្លុត​ត្រង់​ថា ការ​រុះរើ​គ្មាន​ប្រាក់​សំណង​ទេ»។
លោក ង៉ែត បូរិន តំណាង​ឲ្យ​ក្រុមហ៊ុន ស្វីហ្វ រ៉ាប់ប៊ើ បាន​ឲ្យ​ដឹង​ថា ខាង​ក្រុមហ៊ុន​គ្មាន​សមត្ថកិច្ច​ដោះស្រាយ​ទេ រឿង​នេះ​ជា​ភារកិច្ច​របស់​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន។
លោក​បន្ត​ថា៖ «ខ្ញុំ​មិន​ដឹង​ពី​ការ​តវ៉ា​របស់​អ្នក​ភូមិ​នោះ​ទេ ខាង​ក្រុមហ៊ុន​គ្មាន​សមត្ថកិច្ច​ទៅ​ដោះស្រាយ​ដីធ្លី​ទេ នេះ​ជា​សមត្ថកិច្ច​របស់​អាជ្ញាធរ​នៅ​មូលដ្ឋាន»។
លោក សាក់ សុន អភិបាល​ស្រុក អូរជុំ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​បញ្ហា​នេះ​ទេ ប៉ុន្តែ​លោក​ធ្លាប់​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា អ្នក​ភូមិ​បាន​រស់​នៅ​លើ​ដី​រដ្ឋ​ដែល​រដ្ឋ​ប្រគល់​ឲ្យ​ក្រុមហ៊ុន​សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ។
លោក ឆាយ ធី អ្នក​សម្រប​សម្រួល​សមាគម​សិទ្ធិ​មនុស្ស អាដហុក ថ្លែង​ថា បើ​អាជ្ញាធរ​មិន​ចង់​ឲ្យ​ពួក​គាត់​រស់​នៅ​ដី​នោះ​ដូច្នេះ​អាជ្ញាធរ​គួរ​តែ​ស្នើ​សុំ​រដ្ឋ​ក្នុង​ការ​ផ្តល់​ដី​សង្គមកិច្ច​កន្លែង​ណា​មួយ​ផ្សេង​ទៀត ដល់​ពួក​គាត់​ឲ្យ​ដើម្បី​តាំង​លំនៅ​ផង។
លោក​បន្ត​ថា៖ «ពួក​គាត់​សុទ្ធ​តែ​ជា​ពលរដ្ឋ​ខ្មែរ ដែល​ទទួល​ស្គាល់​ពី​ភូមិ ឃុំ ហើយ​សុទ្ធ​តែ​ក្រីក្រ​និង​រស់​នៅ​ធ្វើ​កម្មករ​យូរ​ឆ្នាំ​ហើយ អ៊ីចឹង​ដំណោះស្រាយ​គឺ​រដ្ឋ​គួរ​តែ​ផ្តល់​ដី​សង្គមកិច្ច​ជូន​ពួក​គាត់​នោះ​ជម្លោះ​នឹង​បញ្ចប់»៕

No comments:

Post a Comment

yes