ក្រុមធម្មយាត្រាទិសផ្លូវជាតិលេខ៥ ធ្វើបាតុកម្មបិទផ្លូវជាតិលេខ៥
នៅល្ងាចថ្ងៃទី៥ ធ្នូ នៅទីប្រជុំជនខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៥ ធ្នូ ឆ្នាំ២០១៣
ក្រុមធម្មយាត្រាទិសផ្លូវជាតិលេខ៥ ប្រមាណ ១០០នាក់ រួមទាំងព្រះសង្ឃផង បានប្ដូរជំហរឈប់ធ្វើធម្មយាត្រាបែរមកធ្វើបាតុកម្មវិញម្ដង ដោយបានបិទផ្លូវជាតិលេខ៥ នៅល្ងាចថ្ងៃទី៥ ធ្នូ នៅមុខវត្តអារញ្ញិករាម នាទីប្រជុំជនខេត្តកំពង់ឆ្នាំង។
ព្រះសង្ឃព្រះនាម ប៊ុន ប៊ុនធឿន តំណាងក្រុមធម្មយាត្រាមានថេរដីកានៅល្ងាចថ្ងៃទី៥ ធ្នូ ថា ការធ្វើបាតុកម្មបិទផ្លូវនេះ ដើម្បីឆ្លើយតបទៅនឹងអាជ្ញាធរខេត្តកំពង់ឆ្នាំង ដែលបានព្យាយាមបិទទ្វារវត្តទាំងអស់នៅក្នុងទីរួមខេត្ត មិនឲ្យក្រុមធម្មយាត្រាសម្រាកនៅយប់ថ្ងៃទី៥ ធ្នូ នេះ។
ព្រះអង្គមានថេរដីកាថា៖ ប៉ូលិសប៉េអឹមជិះម៉ូតូរារាំងមុខក្លោងទ្វារវត្ត ពីវត្តមួយទៅវត្តមួយ មិនអ្នកធ្វើអ្នកធម្មយាត្រាចូលវត្ត ដើម្បីសម្រាកយប់នេះបាន។ អ៊ីចឹងយើងមិនអាចរកកន្លែងសម្រាកយប់បានមានតែបិទផ្លូវ។ ព្រះអង្គបន្តថា អាជ្ញាធរហាមក្រុមធម្មយាត្រាសម្រាកក្នុងទីរួមខេត្តកំពង់ឆ្នាំង ហើយបានបង្ខំឲ្យចាកចេញឲ្យផុតទីរួមខេត្តទាំងយប់ដោយមិនមានមូលហេតុ តែក្រុមធម្មយាត្រាមិនព្រម។
ក្បួនធម្មយាត្រានេះបានចេញដំណើរពីខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១ ធ្នូ ក្នុងដំណើរឆ្ពោះទៅកាន់រាជធានីភ្នំពេញ ហើយបានមកដល់ទីរួមខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៥ ធ្នូ។ តែពេលមកដល់ខេត្តកំពង់ឆ្នាំង អាជ្ញាធរខេត្តបានព្យាយាមបិទទ្វារវត្តនៅតាមផ្លូវ មិនឲ្យក្រុមធម្មយាត្រាចូលសម្រាក។
វត្តជាច្រើនតាមផ្លូវជាតិដែលក្បួនធម្មយាត្រាសិទ្ធិយាត្រាធ្វើដំណើរមិនអនុញ្ញាតឲ្យអ្នកហែក្បួនស្នាក់នៅ
ដោយ ឡេង ម៉ាលី
ក្បួនធម្មយាត្រាសិទ្ធិយាត្រាតាមផ្លូវជាតិទាំង៥ ឆ្ពោះចូលរាជធានីភ្នំពេញ បានធ្វើដំណើរបានពាក់កណ្ដាលផ្លូវហើយនៅពេលនេះ។ ទោះជាដូច្នេះក្ដី ក្រុមអ្នកធ្វើធម្មយាត្រាសិទ្ធិយាត្រា ឱ្យដឹងថ្ងៃទី៥ ធ្នូ ថា មានវត្តជាច្រើននៅតាមដងផ្លូវ មិនអនុញ្ញាតឱ្យពួកគាត់ស្នាក់នៅបណ្ដោះអាសន្នទេ។
មានក្រុមអ្នកធ្វើធម្មយាត្រាសិទ្ធិយាត្រាចំនួន៤ ក្នុងចំណោម ៥ក្រុម រាយការណ៍ថា មានវត្តជាច្រើននៅតាមដងផ្លូវធ្វើដំណើរ មិនបានស្វាគមន៍ ឬអនុញ្ញាតឱ្យក្បួនទាំងនោះស្នាក់នៅទេ ទោះជាមានការចរចាក៏ដោយ។
អ្នករៀបចំក្បួនធម្មយាត្រាសិទ្ធិយាត្រាតាមផ្លូវជាតិលេខ៣ មួយរូប ដែលចេញពីខេត្តកំពត គឺអ្នកស្រី បូវ សោភា ថ្លែងថា ក្បួនធម្មយាត្រារបស់អ្នកស្រីបានមកដល់ឃុំឧត្ដមសុរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ហើយ ដែលមានចម្ងាយ ៧១គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ អ្នកស្រីមានប្រសាសន៍ថា វត្តអង្គឈូក នៅក្នុងឃុំនេះ ដូចគ្នានឹងវត្តផ្សេងទៀតនៅខេត្តកំពត ដែរ គឺមិនបានស្វាគមន៍ក្បួនធម្មយាត្រាទេ៖ «ថ្ងៃមិញហ្នឹង គាត់អត់ឱ្យយើងចូល តែយើងនៅតែចូល។ ចូលហើយចាក់សួរបន្ទប់ទឹកអត់ឱ្យបត់ជើងអី។ ព្រះសង្ឃឆាន់បាយក្រោមដើមពោធិ៍។ នៅតាមផ្លូវពីផ្លូវបំបែកគូសមកហ្នឹង គេដាក់ឡានទឹកមួយ មកដល់ផ្សារត្រាំកក់ ដាក់ឡានទឹកមួយទៀត»។
អ្នកស្រីបន្តថា ដោយសារតែមិនមានវត្តអនុញ្ញាតឱ្យស្នាក់នៅ ទើបក្បួនធម្មយាត្រានេះស្នាក់នៅក្នុងសាលាឆទានមួយដែលនៅមិនឆ្ងាយពីទីនោះ។
ដោយឡែកក្បួនធម្មយាត្រាសិទ្ធិយាត្រាពីស្រុកថ្ពង ខេត្តកំពង់ស្ពឺ វិញ ក៏បានមកដល់ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែរ ដែលនៅសល់ចម្ងាយផ្លូវ ៤៨គីឡូម៉ែត្រទៀតមកដល់ភ្នំពេញ។
ព្រះសង្ឃជាគណៈកម្មការរៀបចំក្បួនធម្មយាត្រាមួយអង្គ ព្រះនាម ព្រឹម ហួន មានថេរដីកាថា ក្រុមរបស់ព្រះអង្គក៏ជួបប្រទះការរើសអើងដូចគ្នានឹងក្រុមដទៃទៀតដែរ រហូតមកដល់ថ្ងៃទី៥ នេះ ដោយវត្តមួយឈ្មោះវត្តប្រាសាទ ចាក់សោទ្វារមិនឱ្យចូល៖ «កាលអាត្មាទៅហ្នឹង គឺខាងវត្តប្រាសាទ គឺមានកូននេនបិទទ្វារ។ រត់បិទទ្វារប្រផិតប្រភីងរកសោមិនឃើញ បានញោមមួយនោះគាត់ជួយយកសោម៉ូតូច្រវាក់នោះទៅចាក់។ អាត្មាគួរអស់សំណើចដែរ។ ការនិមន្តចូលនេះ យើងអត់បានថាទៅធ្វើអីទេ គឺយើងចូលទៅសំណេះសំណាលព្រះចៅអធិការវត្ត ហើយចូលទៅសាលា ព្រោះសាលានៅក្បែរហ្នឹង នៅជុំវិញវត្តតែម្ដង»។
ក្បួនធម្មយាត្រាខេត្តកំពង់ស្ពឺ នេះ សម្រេចស្នាក់នៅផ្ទះរបស់ពលរដ្ឋនៅក្នុងភូមិចម្ងាយប្រមាណ ១គីឡូម៉ែត្រពីវត្តប្រាសាទ។
ចំណែកអ្នកនាង ម៉ាលី ម៉ាលី តំណាងក្បួនធម្មយាត្រាខ្សែផ្លូវជាតិលេខ១ ឲ្យដឹងនៅថ្ងៃទី៥ ធ្នូ ថា ក្បួនធម្មយាត្រាខាងនោះត្រូវអាជ្ញាធរហាមមិនឲ្យសម្រាកក្នុងវត្ត ហើយយប់ថ្ងៃទី៥ ធ្នូ នេះ ក្រុមធម្មយាត្រាក៏នឹងសម្រាកផ្ទះអ្នកស្រុកជំនួសដែរ។ អ្នកនាងបញ្ជាក់ថា អាជ្ញាធរចេះតែមកឆាឆៅ តែមានប្រជាពលរដ្ឋខ្លះចិត្តល្អ ហើយបានចូលរួមដង្ហែធម្មយាត្រាទៀតផង។
ក្បួនដង្ហែនៅផ្លូវជាតិលេខ៥ មានបញ្ហាដូចគ្នានេះ ចាប់តាំងពីថ្ងៃទី១ មក។
រីឯក្បួនធម្មយាត្រាតាមផ្លូវជាតិលេខ៦ ពីខេត្តកំពង់ធំ បានរាយការណ៍មកថា មិនមានបញ្ហាអ្វីទេ នៅថ្ងៃទី៥ នេះ។
ក្បួនធម្មយាត្រាទាំងនេះ កំពុងធ្វើដំណើរឆ្ពោះមកជួបជុំគ្នានៅរាជធានីភ្នំពេញ ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៦៥ នៅថ្ងៃទី១០ ធ្នូ ខាងមុខ។
No comments:
Post a Comment
yes