សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, December 6, 2013

ពលរដ្ឋ​ខ្មែរ​ក្រោម៖ការ​កសាង​វត្ត​ខ្មែរ​នៅ​ហាណូយ​គឺ​បំភ័ន្ត​ភ្នែក​អន្តរជាតិ

វត្ត​នៅ​កម្ពុជា​ក្រោម ៣០៥
ខ្លោង​ទ្វារ​ចូល​វត្ត​ខ្មែរ​មួយ នៅ​ក្នុង​ខែត្រ​ពល្លាវ ទឹក​ដី​កម្ពុជា​ក្រោម 
ក្នុង​ប្រទេស​វៀតណាម

រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម បាន​កសាង​វត្ត​ខ្មែរ​មួយ​នៅ​រដ្ឋធានី​ហាណូយ។ វត្ត​នេះ​មាន​ទីតាំង​នៅ​តំបន់​ភូមិ​ទេសចរណ៍​វប្បធម៌ ស្ថិត​ក្នុង​ចំណោម​វប្បធម៌​សហគមន៍​ជនជាតិ​ទាំង​៥៤ នៅ​ប្រទេស​វៀតណាម។

ការ​កសាង​វត្ត​ខ្មែរ​នេះ អាច​ចាត់​ទុក​ថា ជា​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋាភិបាល​កុម្មុយនីស្ត​មួយ​នេះ ចំពោះ​ការ​លើក​កម្ពស់​វប្បធម៌​ខ្មែរ​កម្ពុជា​ក្រោម។ តែ​អ្នក​ខ្លះ​យល់​ថា នេះ​គ្រាន់​តែ​ជា​យុទ្ធសាស្ត្រ​របស់​វៀតណាម ក្នុង​ការ​បំភ័ន្ត​ភ្នែក​សហគមន៍​អន្តរជាតិ អំពី​ការ​គាប​សង្កត់​របស់​អាជ្ញាធរ​វៀតណាម លើ​ពលរដ្ឋ​ខ្មែរ​ក្រោម​ប៉ុណ្ណោះ។
វត្ត​ខ្មែរ​មួយ​នៅ​ហាណូយ ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម សម្ពោធ​ឆ្លង​កាល​ពី​ថ្ងៃ​ទី​២៣ វិច្ឆិកា ឆ្នាំ​២០១៣ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​មន្ត្រី​សង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​មួយ​ចំនួន​ផង​ដែរ។
នេះ​ជា​វត្ត​ខ្មែរ​ដំបូង​បង្អស់ ដែល​ត្រូវ​បាន​កសាង​ឡើង​នៅ​ប៉ែក​ខាង​ជើង​ប្រទេស​វៀតណាម។ វត្ត​នេះ​កសាង​ឡើង​តាំង​ពី​ដើម​ឆ្នាំ​២០១០ នៅ​លើ​ផ្ទៃ​ដី​ប្រមាណ​ជា ១​ហិកតារ និង​ត្រូវ​បាន​សាងសង់​ដោយ​យក​គំរូ​តាម​វត្ត​ខ្មែរ​មួយ ស្ថិត​នៅ​ក្នុង​ខេត្ត​ឃ្លាំង ដែន​ដី​កម្ពុជា​ក្រោម។

បើ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​វៀតណាម មួយ ដែល​ផ្សាយ​ជា​ភាសា​បរទេស ណេសិនណល ថាម (National Times) បាន​អោយ​ដឹង​ថា ក្នុង​បរិវេណ​វត្ត​មាន​ខ្លោងទ្វារ​ព្រះវិហារ ស្រះ​ឈូក ចេតិយ បង្គោល​ទង់​ជាតិ និង​កន្លែង​រក្សា​ទុក​ទូកង​ជាដើម។ បណ្ដាញ​ព័ត៌មាន​ដដែល​អោយ​ដឹង​បន្ថែម​ថា ការ​កសាង​វត្ត​ខ្មែរ​មួយ​នេះ គឺ​ដើម្បី​បង្ហាញ​អំពី​មោទនភាព​នៃ​វប្បធម៌​ខ្មែរ​នៅ​កម្ពុជា​ក្រោម ដើម្បី​បង្កើត​ជា​មជ្ឈមណ្ឌល​វប្បធម៌​ខ្មែរ​នៅ​ប៉ែក​ខាង​ជើង​ប្រទេស​វៀតណាម ជា​កន្លែង​ផ្សារភ្ជាប់​សហគមន៍​ខ្មែរ​ក្រោម និង​សហគមន៍​ជនជាតិ​ទាំង​៥៣ ផ្សេង​ទៀត​នៅ​វៀតណាម និង​ជា​ការ​លើក​តម្កើង​ស្មារតី​សាមគ្គី​សហគមន៍​ជនជាតិ និង​សម្រាប់​បម្រើ​ជា​កន្លែង​ទស្សនា​របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ។
ខុស​ពី​ការ​លើក​ឡើង​របស់​បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​វៀតណាម ខាង​លើ មតិ​ខ្លះ​យល់​ថា ការ​កសាង​វត្ត​ខ្មែរ​នេះ​មិន​មែន​មាន​ន័យ​ថា រដ្ឋាភិបាល​វៀតណាម កំពុង​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​សម្បត្តិ​វប្បធម៌​របស់​ខ្មែរ​កម្ពុជា​ក្រោម​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល​វៀតណាម កំពុង​តែ​ព្យាយាម​បំភ័ន្ត​ផ្នែក​ភ្ញៀវ​ទេសចរ និង​សហគមន៍​អន្តរជាតិ អំពី​ទង្វើ​មិន​ល្អ​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្ត​លើ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម។
ប្រធាន​សហគមន៍​ខ្មែរ​ក្រោម លោក ថាច់ សេដ្ឋា បាន​មាន​ប្រសាសន៍​ថា នេះ​គឺ​ជា​នយោបាយ​ថ្មី​របស់​រដ្ឋាភិបាល​វៀតណាម ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​បិទ​បាំង​ការ​រំលោភ​សិទ្ធិ​សេរីភាព​របស់​ពួក​គេ​លើ​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម និង​ដើម្បី​ធ្វើ​អោយ​មាន​ការ​យល់​ច្រលំ​របស់​សហគមន៍​អន្តរជាតិ ចំពោះ​ទង្វើ​របស់​រដ្ឋាភិបាល​វៀតណាម។ លោក​ថា ស្រប​ពេល​ដែល​វៀតណាម កំពុង​កសាង​វត្ត​នៅ​ប៉ែក​ខាង​ជើង​ប្រទេស​ដែល​គ្មាន​ខ្មែរ​រស់​នៅ​នោះ អាជ្ញាធរ​វៀតណាម បែរ​ជា​កំពុង​គាប​សង្កត់​សិទ្ធិ​សេរីភាព និង​ធ្វើ​បាប​ព្រះសង្ឃ និង​ពលរដ្ឋ​នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម​វិញ។
លោក ថាច់ សេដ្ឋា៖ «យើង​នឹង​គាំទ្រ បើ​ធ្វើ​អោយ​មាន​វប្បធម៌​ខ្មែរ​នៅ​ហ្នឹង។ របៀប​មួយ​ចង់​បង្ហាញ​តួនាទី​របស់​ខ្មែរ ប៉ុន្តែ​អ្វី​ដែល​គេ​ធ្វើ​ហ្នឹង យើង​ឃើញ​ថា របៀប​មួយ​ប្លែក ទន្ទឹម​នឹង​ការ​ធ្វើ​ហ្នឹង គឺ​គេ​ធ្វើ​បង្ហាញ​វប្បធម៌ ប៉ុន្តែ​គេ​មិន​បាន​គោរព​អ្វី​ដែល​ជា​ប្រពៃណី​ទំនៀមទម្លាប់​របស់​ខ្មែរ​អ៊ីចឹង ដូច​ជា​វត្ត​អារាម​អ៊ីចឹង ដូច​ជា​អក​អំបុក​កន្លង​ហើយ​អ៊ីចឹង ដូច​ជា​ពិធី​បង្ហោះ​គោម ក៏​គេ​រឹតត្បិត​មិន​អោយ​ធ្វើ​ដែរ ព្រះសង្ឃ​គ្រាន់​តែ​តវ៉ា​រៀន​សូត្រ​ធម៌​អារ្យ​វិន័យ ក៏​គេ​បំបិទ​ដែរ។ អ៊ីចឹង ការ​តាំង​ធ្វើ​នៅ​វប្បធម៌​នេះ គឺ​គ្រាន់​តែ​ជា​និមិត្តរូប​មួយ ប៉ុន្តែ​គេ​មិន​បាន​គោរព​ទេ គ្រាន់​តែ​ធ្វើ​បង្ហាញ​សហគមន៍​អន្តរជាតិ​តែ​ប៉ុណ្ណឹង ថា​គេ​មាន​វប្បធម៌ គេ​គោរព​សិទ្ធិ​គ្រប់​ជនជាតិ​នៅ​វៀតណាម តែ​យើង​មើល​ជនជាតិ​ផ្សេងៗ​មើល ដូច​ម៉ុង​ដូច​អី​មើល ធ្វើ​បាប​គេ​យ៉ាង​ម៉េច ហើយ​វា​បាន​ការ​អី វា​គ្រាន់​តែ​សាងសង់​ដើម្បី​បង្ហាញ​គេ ហើយ​ធ្វើ​បាប​គេ​ដដែល​ហ្នឹង»។
ការ​រៀប​ចំ​ពិធី​សម្ពោធ​ឆ្លង​វត្ត​ខ្មែរ​មួយ​នេះ កាល​ពី​ថ្ងៃ​ទី​២៣ វិច្ឆិកា ធ្វើ​ឡើង​ជួន​ចំ​ពេល​ដែល​បេសកជន​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​វប្បធម៌ អ្នកស្រី ហ្វារីដា សាហីដ (Farida Shaheed) ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម រយៈពេល ១២​ថ្ងៃ ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២៩ វិច្ឆិកា។ បណ្ដាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ខ្លះ​បាន​អោយ​ដឹង​ថា អ្នកស្រី សាហីដ ក៏​ត្រូវ​បាន​រដ្ឋាភិបាល​វៀតណាម អញ្ជើញ​អោយ​ទៅ​ទស្សនា​ភូមិ​វប្បធម៌​នោះ​ដែរ។
ប្រធាន​សហគមន៍​ខ្មែរ​ក្រោម លោក ថាច់ សេដ្ឋា បាន​ពោល​បន្ត​ថា រដ្ឋាភិបាល​វៀតណាម មិន​ដែល​បាន​អនុញ្ញាត​អោយ​តំណាង​សហគមន៍​អន្តរជាតិ ឬ​តំណាង​អង្គការ​សហប្រជាជាតិ ចុះ​ជួប​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម ឬ​ចុះ​ស៊ើប​អង្កេត​អំពី​ការ​រំលោភ​សិទ្ធិ​របស់​ខ្មែរ​ក្រោម​ឡើយ។ លោក​ថា ប្រសិន​បើ​រដ្ឋាភិបាល​វៀតណាម ពិត​ជា​ចង់​បង្ហាញ​ថា ខ្លួន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពលរដ្ឋ​ខ្មែរ​ក្រោម និង​លើក​កម្ពស់​វប្បធម៌​ខ្មែរ​មែន​នោះ វៀតណាម គួរ​តែ​អនុញ្ញាត​អោយ​បេសកជន​ពិសេស​អង្គការ​សហប្រជាជាតិ ចុះ​ទៅ​ជួប​ពលរដ្ឋ​ខ្មែរ​ក្រោម និង​ទៅ​ទស្សនា​តំបន់​ប្រវត្តិសាស្ត្រ និង​វត្ត​អារាម​នានា​នៅ​ឯ​ដែន​ដី​កម្ពុជា​ក្រោម។ លោក​បន្ថែម​ថា រដ្ឋាភិបាល​វៀតណាម គួរ​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​វប្បធម៌​ខ្មែរ​នៅ​ដែន​ដី​កម្ពុជា​ក្រោម​ឯណោះ​វិញ ជា​ជាង​ទៅ​កសាង​វត្ត​ខ្មែរ​នៅ​កន្លែង​ដែល​គ្មាន​ខ្មែរ​រស់​នៅ។
លោក ថាច់ សេដ្ឋា៖ «ដើម្បី​លើក​តម្កើង​ខ្មែរ​ក្រោម​ពិត​ប្រាកដ​ហ្នឹង តាម​ប្រពៃណី គឺ​បើក​សិទ្ធិ​សេរីភាព​អោយ​ខ្មែរ​លោក​គោរព រដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ដូច​ជា​នៅ​ក្រុង​ព្រៃ​នគរ វត្ត​ខ្មែរ​ជាង ១០ កម្ទេច​ចោល​អស់។ ឥឡូវ​សល់​មួយ​វត្ត​ពីរ​វត្ត គួរ​តែ​រដ្ឋាភិបាល​ហ្នឹង សើរើ​ឡើង​វិញ ហើយ​ធ្វើ​វត្ត​អារាម​នៅ​ទីក្រុង​ព្រៃ​នគរ​ហ្នឹង ដើម្បី​អោយ​ឃើញ​ជា​និមិត្តរូប ព្រោះ​ទីក្រុង​ព្រៃ​នគរ​ជា​ទីក្រុង​មួយ​សម្បូរ​ខ្មែរ​ដែរ ហើយ​មួយ​ទៀត វត្ត​ដែល​ត្រូវ​ខ្ទេចខ្ទាំ​សម័យ​សង្គ្រាម​នោះ ដែល​បំផ្លិចបំផ្លាញ​នោះ គឺ​ត្រូវ​ធ្វើ​ឡើង​វិញ​ទៅ​វត្ត​អារាម​ទាំងអស់​ហ្នឹង គឺ​ព្រះសង្ឃ ពុទ្ធបរិស័ទ​ហ្នឹង គឺ​ត្រូវ​អោយ​មាន​ការ​សិក្សា​រៀន​សូត្រ​គម្ពីរ​ដីកា​ព្រះពុទ្ធ​សាសនា ទ្រឹស្ដី​ព្រះពុទ្ធ​សាសនា​អោយ​បាន​ច្បាស់​លាស់ ហើយ​ជាពិសេស ការ​រៀន​សូត្រ​អក្សរសាស្ត្រ​ខ្មែរ វប្បធម៌​ខ្មែរ អា​ហ្នឹង​បាន​វា​ស្ដែង​ចេញ​ពី​វប្បធម៌​ខ្មែរ​ពិត​ប្រាកដ នៅ​ហាណូយ គ្មាន​ខ្មែរ​មួយ​គ្រាប់​ផង ដឹង​ស្អី​នោះ»។
មុន​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​វៀតណាម របស់​បេសកជន​ពិសេស​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​វប្បធម៌ អ្នកស្រី ហ្វារីដា សាហីដ ប្រធាន​សហព័ន្ធ​ខ្មែរ​ក្រោម​នៅ​សហរដ្ឋ​អាមេរិក លោក ថាច់ ង៉ុកថាច់ ក៏​បាន​ផ្ញើ​លិខិត​ស្នើ អ្នកស្រី សាហីដ សុំ​ទៅ​រដ្ឋាភិបាល​វៀតណាម អោយ​អ្នកស្រី​បាន​ចុះ​ទៅ​ជួប​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​ខេត្ត​ឃ្លាំង និង​ខេត្ត​ព្រះត្រពាំង ដែល​ត្រូវ​អាជ្ញាធរ​វៀតណាម ធ្វើ​បាប។ តែ​ក្នុង​ដំណើរ​ទស្សនកិច្ច​ចំនួន ១២​ថ្ងៃ របស់​អ្នកស្រី​នៅ​វៀតណាម អ្នកស្រី សាហីដ មិន​បាន​ទៅ​កាន់​ខេត្ត​ទាំង​ពីរ​ឡើយ គឺ​បាន​ទៅ​ក្រុង​ព្រៃ​នគរ ហាណូយ និង​ខេត្ត​មួយ​ចំនួន​ទៀត​នៅ​តំបន់​ភាគ​កណ្ដាល និង​ភាគ​ខាង​ជើង​ប្រទេស​វៀតណាម ដែល​គ្មាន​ខ្មែរ​រស់​នៅ។
នាយក​ប្រតិបត្តិ​អង្គការ​ការពារ​សិទ្ធិ​ជនជាតិ​ភាគ​តិច និង​ជា​អ្នក​ស្រាវជ្រាវ​បញ្ហា​ខ្មែរ​កម្ពុជា​ក្រោម​រងគ្រោះ​ក្នុង​របប​ខ្មែរ​ក្រហម លោក អាង ច័ន្ទឫទ្ធិ កត់​សម្គាល់​ថា ការ​ដែល​រដ្ឋាភិបាល​វៀតណាម កសាង​វត្ត​ខ្មែរ​នៅ​ព្រៃ​នគរ​នោះ ជា​ការ​ល្អ​មួយ​សម្រាប់​ខ្មែរ។ តែ​លោក​យល់​ថា អ្វី​ដែល​រដ្ឋាភិបាល​វៀតណាម កំពុង​ធ្វើ គឺ​មិន​មែន​ដើម្បី​បង្ហាញ​ថា វៀតណាម កសាង​ដើម្បី​បង្ហាញ​ការ​គោរព​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម​នោះ​ទេ។ លោក​ថា ការ​កសាង​វត្ត​នេះ គឺ​ដើម្បី​បង្ហាញ​អោយ​អន្តរជាតិ​ឃើញ​ថា រដ្ឋាភិបាល​វៀតណាម កំពុង​តែ​គោរព​នូវ​សិទ្ធិ​សេរីភាព​ខាង​សាសនា ឬ​ក៏​ប្រពៃណី​ជនជាតិ​ភាគ​តិច​នៅ​វៀតណាម។ លោក​បន្ត​ថា ភាព​ពិត​ជាក់​ស្ដែង អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​បន្ត​ទទួល​បាន​របាយការណ៍​ស្ដីពី​ការ​រំលោភ​ផ្សេងៗ​លើ​ជនជាតិ​ភាគ​តិច​ជា​បន្តបន្ទាប់។
លោក អាង ច័ន្ទឫទ្ធិ៖ «ខ្ញុំ​គិត​ថា ការ​ធ្វើ​ហ្នឹង​វា​មិន​ទាន់​បាន​ឆ្លុះ​បញ្ចាំង​អំពី​ជំហរ​ការ​ដោះស្រាយ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ​នៅ​ប្រទេស​វៀតណាម នៅ​ឡើយ​ទេ។ ហើយ​មួយ​ទៀត វៀតណាម ក៏​មាន​ប្រយោជន៍​ពី​ប្រពៃណី​នៃ​ជនជាតិ​ទាំង ៥៤ ដែរ ពី​ការ​ចូល​មើល​អី​ផ្សេងៗ។ អា​ហ្នឹង​ក៏​វៀតណាម មាន​បំណង​ធ្វើ​កន្លែង​ហ្នឹង ប៉ុន្តែ​អ្វី​ដែល​វៀតណាម ចង់​បង្ហាញ​អោយ​អន្តរជាតិ ឬ​ក៏​អោយ​ទេសចរ​មើល​ឃើញ​ជាក់​ស្ដែង​ហ្នឹង វៀតណាម ត្រូវ​តែ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​គោរព​នូវ​សិទ្ធិ​សេរីភាព​ខាង​សាសនា​ខាង​អក្សរសាស្ត្រ ជាពិសេស គឺ​រក្សា​វត្ត​អារាម ឬ​ក៏​ប្រពៃណី​ផ្សេងៗ​ដែល​ជនជាតិ​ភាគ​តិច​ទាំង ៥៤ ហ្នឹង​មាន​នៅ​កន្លែង​ដើម​របស់​ពួក​គាត់ ហើយ​ត្រូវ​បង្ហាញ​ថា ទី​កន្លែង​ដែល​ពួក​គាត់​មាន​ហ្នឹង គឺ​នៅ​ទីតាំង​នៅ​សហគមន៍​ដែល​គាត់​រស់​នៅ មិន​មែន​នៅ​ហាណូយ អ៊ីចឹង​ទេ»។
នៅ​ថ្ងៃ​ចុង​បញ្ចប់​នៃ​ដំណើរ​ទស្សនកិច្ច​របស់ អ្នកស្រី ហ្វារីដា សាហីដ នៅ​វៀតណាម កាល​ពី​ថ្ងៃ​ទី​២៩ វិច្ឆិកា អ្នកស្រី សាហីដ ក៏​បាន​អំពាវនាវ​អោយ​រដ្ឋាភិបាល​វៀតណាម យក​ចិត្ត​ទុក​ដាក់​អំពី​ផល​ប្រយោជន៍​របស់​ជនជាតិ​ភាគ​តិច នៅ​ពេល​ដែល​វប្បធម៌​របស់​ពួក​គេ​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់ ដើម្បី​បាន​ចំណូល​ពី​ភ្ញៀវ​ទេសចរ។ អ្នកស្រី​ថ្លែង​ថា បើ​ទោះ​ជា​វិស័យ​ទេសចរណ៍ គឺ​ជា​ប្រភព​ចំណូល​បន្ថែម​របស់​ជនជាតិ​ភាគ​តិច​ក៏ដោយ ប៉ុន្តែ​ពួក​គេ​មិន​បាន​ទទួល​ផល​ប្រយោជន៍​ច្រើន​ពី​ចំណូល​ទាំង​នោះ​ទេ។ ដោយសារ​កត្តា​នេះ​ហើយ អ្នកស្រី​បាន​ទទូច​អោយ​រដ្ឋាភិបាល​វៀតណាម ចាត់​វិធាន​ការ ដើម្បី​ធានា​ថា នៅ​ពេល​ដែល​វប្បធម៌​របស់​ជនជាតិ​ភាគ​តិច​ណា​មួយ​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់ ដើម្បី​បម្រើ​ក្នុង​វិស័យ​ទេសចរណ៍ ពួក​គេ​ក៏​គួរ​ទទួល​បាន​ផល​ប្រយោជន៍​ពី​វប្បធម៌​របស់​ពួក​គេ៕

No comments:

Post a Comment

yes