សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 9, 2013

អង្គការ​សហប្រជាជាតិ​ពិនិត្យ​អំពើ​ទារុណកម្ម​នៅ​កម្ពុជា

អ្នក​ទោស​ កំពង់ឆ្នាំង ៣០៥
បន្ទប់​អ្នក​ទោស​បុរស​ក្នុង​ពន្ធនាគារ​ខេត្ត​កំពង់ឆ្នាំង

ប្រតិភូ​អង្គការ​សហប្រជាជាតិ​នៃ​អនុ​គណៈកម្មការ​ការពារ​និង​ទប់​ស្កាត់​អំពើ​ទារុណកម្ម បាន​មក​ពិនិត្យ​មើល​ស្ថានភាព​ការ​ធ្វើ​ទារុណកម្ម​អ្នក​ទោស​នៅ​តាម​ពន្ធនាគារ​នៅ​កម្ពុជា រយៈ​ពេល ៥​ថ្ងៃ គិត​តាំង​ពី​ថ្ងៃ​ទី​៩ ធ្នូ ដល់​ថ្ងៃ​ទី​១៣ ធ្នូ ឆ្នាំ​២០១៣។

ការពិនិត្យ​ស្ថានភាព​នៃ​អំពើ​ទារុណកម្ម​អ្នក​ទោស​ឡើង​វិញ​នេះ ធ្វើ​ឡើង​​ស្រប​ពេល​ដែល​​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ចេញ​របាយការណ៍​ថា រដ្ឋាភិបាល​កម្ពុជា បាន​ឃុំ​ខ្លួន​និង​ធ្វើ​ទារុណកម្ម​​អ្នក​ញៀន​គ្រឿង​ញៀន​រាប់​រយ​នាក់​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​​អ្នក​ញៀន​គ្រឿង​ញៀន។​
មន្ត្រី​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ផ្នែក​ព័ត៌មាន អ្នកនាង យូលៀ បាប៊ូហ្ស៊ីណា (Yulia Babuzhina) ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៩ ធ្នូ ថា ក្នុង​រយៈ​ពេល ៥​ថ្ងៃ​នេះ ប្រតិភូ​សហប្រជាជាតិ​នឹង​ជួប​មន្ត្រី​រដ្ឋាភិបាល​ពាក់ព័ន្ធ និង​តំណាង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ផ្នែក​សិទ្ធិ​មនុស្ស ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​នូវ​លទ្ធផល​របស់​រដ្ឋាភិបាល​ដែល​បាន​សន្យា​ថា ទប់​ស្កាត់​និង​ការពារ​កុំ​ឲ្យ​មាន​អំពើ​ទារុណកម្ម​លើ​អ្នក​ទោស​ក្នុង​គុក៖ «នេះ​ជា​​ទស្សនកិច្ច​លើក​ទី​២​របស់​យើង​ហើយ ក្នុង​ការ​ពិនិត្យ និង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​អ្នក​ទោស​នៅ​កម្ពុជា»

កម្ពុជា​ជា​ប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា​ស្ដីពី​ការ​ប្រឆាំង​អំពើ​ទារុណកម្ម​និង​អំពើ​ឃោរឃៅ​តាំង​ពី​ឆ្នាំ​១៩៩២ ហើយ​នៅ​ឆ្នាំ​២០០៧ រដ្ឋ​សភា​បាន​អនុមតិ​ផ្ដល់​ពិធីការ​បន្ថែម​លើ​អនុសញ្ញា​ស្ដីពី​ការ​ប្រឆាំង​អំពើ​ទារុណកម្ម​និង​អំពើ​ឃោរឃៅ​បន្ថែម​ទៀត។
ក៏​ប៉ុន្តែ កន្លង​មក​អង្គការ​សហ​ប្រជាជាតិ​នៃ​អនុ​គណៈកម្មការ​ការពារ​និង​ទប់ស្កាត់​អំពើ​ទារុណកម្ម និង​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក បាន​រក​ឃើញ​ថា អ្នក​ទោស​ខ្មែរ​ត្រូវ​គេ​វាយ​ធ្វើ​បាប ធ្វើ​ទារុណកម្ម​តាម​រួប​ភាព​ផ្សេងៗ ដូច​ជា​មាន​អំពើ​ទារុណកម្ម​អ្នក​ទោស​តាម​រយៈ​ប្រព័ន្ធ​គ្រប់​គ្រង​ហៅ​ថា «គណៈ​កម្មការ​ស្វ័យ​គ្រប់​គ្រង​អ្នក​ទោស» គឺ​ប៉ូលិស​ឲ្យ​អ្នក​ទោស​គ្រប់​គ្រង​អ្នកទោស​ដូច​គ្នា​នៅ​តាម​បន្ទប់​និង​តាម​អគារ​ពន្ធនាគារ។
របាយការណ៍​សិទ្ធិ​មនុស្ស​បង្ហាញ​ថា តាម​រយៈ​ការ​គ្រប់​គ្រង​ដូច្នេះ បាន​ធ្វើ​ឲ្យ​អ្នក​ទោស​ដែល​ឆ្នាំ​គុក​ប្រគល់​អំណាច​គ្រប់​គ្រង​ក្នុង​គុក ធ្វើ​ទារុណកម្ម​អ្នក​ទោស​គ្នា​ឯង​តាម​រូប​ភាព​ផ្សេងៗ​តាម​អំពើ​ចិត្ត។
ក្រុម​សិទ្ធិ​មនុស្ស​ក៏​បាន​រក​ឃើញ​ដែរ​ថា ឆ្នាំ​គុក​បាន​វាយ​ធ្វើ​បាប​អ្នក​ទោស​ដែរ រី​ឯ​ប៉ូលិស​ប៉ុស្តិ៍​នៅ​តាម​មូលដ្ឋាន ក៏​បាន​វាយ​ធ្វើ​ទារុណកម្ម​ជន​សង្ស័យ​ដែរ ដើម្បី​បង្ខំ​យក​ចម្លើយ​សារភាព​​មុន​បញ្ជូន​ទៅ​តុលាការ។
ក្រៅ​ពី​នេះ ក៏​មាន​អំពើ​ទារុណកម្ម​ផ្សេងៗ​ទៀត​ក្នុង​ពន្ធនាគារ ដូច​ជា​ឃុំ​អ្នក​ទោស​ក្នុង​គុក​ងងឹត ឃុំ​ឃាំង​អ្នក​ទោស​មាន​ចំនួន​ច្រើន​ក្នុង​បន្ទប់​ចង្អៀត គ្មាន​អនាម័យ ចាក់សោ​អ្នក​ទោស​មិន​ឲ្យ​ចេញ​ក្រៅ​ដើម្បី​សម្រួល​ឥរិយាបថ ក៏​ចាត់​ទុក​ថា ជា​ការ​ធ្វើ​ទារុណ​កម្ម​អ្នក​ទោស​ដែរ។
ដើម្បី​លុបបំបាត់​រាល់​ទារុណកម្ម​ទាំង​អស់​នេះ នៅ​ឆ្នាំ​២០០៩ អង្គការ​សហប្រជាជាតិ​បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ចាត់​វិធានការ​ការពារ​និង​ទប់ស្កាត់​ការ​ធ្វើ​ទារុណកម្ម​ដល់​អ្នក​ទោស​នេះ​ជា​បន្ទាន់ ហើយ​នៅ​ខែ​ធ្នូ ឆ្នាំ​២០១៣ នេះ ក្រុម​ប្រតិភូ​សហប្រជាជាតិ​បាន​ចុះ​មក​ពិនិត្យ​លទ្ធផល​របស់​​រដ្ឋាភិបាល​ដែល​បាន​សន្យា​ថា ធ្វើ​ឲ្យ​ប្រសើរ​ឡើង​អំពី​ស្ថានភាព​អ្នក​ទោស ដើម្បី​ឲ្យ​ចាក​ផុត​ពី​ការ​ធ្វើ​ទារុណកម្ម​​​ផ្សេងៗ​ដែល​រដ្ឋាភិបាល​បាន​សន្យា​កាល​ពី​៤ ឆ្នាំ​មុន។
អ្នកនាង យូលៀ បាប៊ូហ្ស៊ីណា បន្ត​ថា នៅ​ថ្ងៃ​ទី​៩ ធ្នូ នេះ ក្រុម​ប្រតិភូ​សហ​ប្រជាជាតិ ៤​រូប ដឹក​នាំ​ដោយ​ប្រធាន​នៃ​អនុ​គណៈកម្មការ​ការពារ​និង​ទប់​ស្កាត់​អំពើ​ទារុណកម្ម ម៉ាលខលម អ៊ីវេន្ស៍ (Malcolm Evans) បាន​ជួប​មន្ត្រី​ក្រសួង​មហាផ្ទៃ ដើម្បី​ពិភាក្សា​រឿង​នេះ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​មន្ត្រី​ក្រសួង​មហាផ្ទៃ​ទទួល​បន្ទុក​ពន្ធនាគារ​បាន​ទេ នៅ​ថ្ងៃ​ទី​៩ ធ្នូ ដើម្បី​សុំ​ការ​អះអាង​បន្ថែម​អំពី​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ស្ថាន​ភាព​អ្នក​ទោស​តាម​ពន្ធនាគារ។ តែ​មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត ឲ្យ​ដឹង​ថា វិធានការ​របស់​រដ្ឋាភិបាល​នៅ​មាន​កម្រិត​នៅ​ឡើយ។
លោក​ថា ការ​ទប់​ស្កាត់​ការ​អំពើ​ទារុណ​កម្ម​របស់​ប៉ូលិស​លើ​ជនសង្ស័យ​ពេល​ចាប់​ខ្លួន​ដើម្បី​ទាញ​យក​ចម្លើយ​សារភាព​នៅ​មាន​ខ្ពស់។ ចំណែក​ប្រព័ន្ធ​គ្រប់​គ្រង​អ្នក​ទោស​តាម​ប្រព័ន្ធ​អ្នក​ទោស​គ្រប់​គ្រង​អ្នក​ទោស ឬ​ហៅថា «គណៈកម្មការ​ស្វ័យ​គ្រប់​គ្រង​អ្នក​ទោស» នៅ​តែ​មាន​ដដែល។ លោក​ថា ការ​ឃុំ​ឃាំង​អ្នក​ទោស​ច្រើន​គ្នា​ក្នុង​បន្ទប់​តូច​ចង្អៀត ការ​ដាក់​អ្នក​ទោស​លាយឡំ​គ្នា អ្នក​ទោស​កុមារ និង​អ្នក​ទោស​មនុស្ស​ចាស់​នៅ​ជាមួយ​គ្នា នៅ​តែ​មាន​បន្ត​នា​សព្វថ្ងៃ​នេះ៕

No comments:

Post a Comment

yes