សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 9, 2013

ក្បួន​ធម្មយាត្រា​ទាំង​៥​ទិស​ដៅ​ចូល​ដល់​ច្រក​ទ្វារ​​ភ្នំពេញ

ធម្មយាត្រា ៦១០
អ្នក​ចូល​រួម​ធម្មយាត្រា-​សិទ្ធិ​យាត្រា​ដង្ហែ​ក្បួន​តាម​ជាតិ​លេខ​១ 
នៅ​ម្ដុំ​ផ្សារ​ព្រែកឯង កាល​ពី​រសៀល​ថ្ងៃ​ទី​៨ ធ្នូ ឆ្នាំ​២០១៣

ក្បួន​ធម្មយាត្រា​ដោយ​សន្តិភាព ៥​ខ្សែ ដែល​បាន​ចេញ​ដំណើរ​ពី​ខេត្ត​ចំនួន​៥ បាន​ធ្វើ​ដំណើរ​ដល់​ច្រក​ទ្វារ​ចូល​រាជធានី​ភ្នំពេញ ហើយ​នៅ​ថ្ងៃ​ទី​៨ ធ្នូ នេះ ខណៈ​ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ ព្រមាន​មិន​ឲ្យ​ជួបជុំ​គ្នា​នៅ​មុខ​រដ្ឋ​សភា​តាម​ការ​គ្រោង​ទុក​របស់​ក្រុម​អ្នក​ធ្វើ​ធម្មយាត្រា។

គណៈកម្មការ​រៀបចំ​ក្បួន​ធម្មយាត្រា​តាម​ផ្លូវ​ជាតិ​លេខ ៦ ពី​​ខេត្ត​កំពង់ធំ លោក វន់ ពៅ បញ្ជាក់​នៅ​ថ្ងៃ​ទី​៨ ធ្នូ នេះ​ថា មក​ដល់​ថ្ងៃ​ទី​៨ ធ្នូ នេះ ក្បួន​ធម្មយាត្រា​ចេញ​ពី​ខេត្ត​កំពង់ធំ បាន​មក​ដល់​ស្រុក​មុខ​កំពូល ខេត្ត​កណ្ដាល​ហើយ។ រី​ឯ​ក្បួន​ចេញ​ពី​ខេត្ត​ពោធិ៍សាត់ តាម​ផ្លូវ​ជាតិ​លេខ​៥ មក​ដល់​ស្រុក​ពញាឮ ខេត្ត​កណ្ដាល។ ក្បួន​ធម្មយាត្រា​ចេញ​ពី​ខេត្ត​កំពត តាម​ផ្លូវ​ជាតិ​លេខ​៣ មក​ដល់​វត្ត​ស្លែង ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ និង​ក្បួន​ចេញ​ពី​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង តាម​ផ្លូវ​ជាតិ​លេខ​១ មក​ដល់​​កៀនស្វាយ ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ ចំណែក​ក្បួន​ចេញ​ពី​ខេត្ត​កំពង់ស្ពឺ តាម​ផ្លូវ​ជាតិ​លេខ​៤ បាន​មក​ដល់​វត្ត​ជំពូវ័ន្ត រាជធានី​ភ្នំពេញ។
មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល សង្គម​ស៊ីវិល រួម​ទាំង​ព្រះសង្ឃ​សរុប​ប្រហែល ៥០០​នាក់ បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ហែ​ក្បួន​ធម្មយាត្រា​ដើម្បី​អបអរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ក្រោម​ប្រធានបទ «មាន​យុត្តិធម៌​ ​មាន​សន្តិភាព»។

ក្បួន​ធម្មយាត្រា​បាន​កំណត់​រយៈ​ពេល ១០​ថ្ងៃ ដោយ​បាន​ចេញ​ដំណើរ​ពី​ខេត្ត​នានា កាល​ពី​ថ្ងៃ​ទី​១ ធ្នូ ឆ្នាំ​២០១៣ សំដៅ​រាជធានី​ភ្នំពេញ ហើយ​បាន​កំណត់​ជួបជុំ​គ្នា​នៅ​មុខ​រដ្ឋ​សភា នៅ​ព្រឹក​​ថ្ងៃ​ទី​១០ ធ្នូ ដែល​ជា​ថ្ងៃ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​តែម្ដង។ ក៏​ប៉ុន្តែ​នៅ​ពេល​ក្បួន​ធម្មយាត្រា​ទាំង​អស់​ខិត​ជិត​ដល់​រាជធានី​ភ្នំពេញ និង​ពេល​វេលា​ខិត​ចូល​ជិត​ថ្ងៃ​កំណត់ បែរ​ជា​អាជ្ញាធរ​រាជធានី​មិន​អនុញ្ញាត​ក្បួន​ធម្មយាត្រា​ជួបជុំ​គ្នា​តាម​ទី​កន្លែង​ដែល​បាន​គ្រោង​ទុក។
លោក វន់ ពៅ ដែល​ជា​ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដែរ​នោះ បន្ត​ថា ក្បួន​ធម្មយាត្រា​ទាំង ៥​ខ្សែ គ្រោង​ទៅ​ជួប​ជុំ​គ្នា​នៅ​មុខ​មុខ​រដ្ឋ​សភា​នៅ​ពេល​ព្រឹក​ថ្ងៃ​ទី​១០ ធ្នូ នេះ ក៏​ប៉ុន្តែ​អាជ្ញាធរ​រាជធានី​មិន​អនុញ្ញាត៖ «យើង​ជូន​ដំណឹង​ទៅ​សាលាក្រុង តែ​គេ​ឲ្យ​យើង​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ។ ក៏​ប៉ុន្តែ​ជំហរ​យើង​អត់​ព្រម​ទេ យើង​នឹង​ធ្វើ​នៅ​រដ្ឋ​សភា ព្រោះ​យើង​ចង់​ដាក់​ញត្តិ​ដែល​ប្រមូល​បាន​ពី​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ជូន​សភា ទោះ​សភា​នេះ​ឯកបក្ស​ក៏ដោយ។ យើង​ក៏​ដាក់​ញត្តិ​ទៅ​សភា​បក្ស​សង្គ្រោះ​ជាតិ​ដែរ»
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ នៅ​ថ្ងៃ​ទី​៨ ធ្នូ ដើម្បី​សុំ​ការ​បញ្ជាក់​ព័ត៌មាន​បន្ថែម ដោយ​លោក​មិន​លើក​ទូរស័ព្ទ។
ក៏​ប៉ុន្តែ​ក្រសួង​មហាផ្ទៃ ហាម​ថ្នាក់​ដឹក​នាំ​និង​អ្នក​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ រួម​ទាំង​មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល សហគមន៍ សមាគម និង​សង្គម​ស៊ីវិល​ទាំង​អស់​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​រដ្ឋ​សភា នៅ​ថ្ងៃ​ទី​១០ ធ្នូ ខាង​មុខ​នេះ ដែល​ជា​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ។
ក្នុង​លិខិត​បី​ច្បាប់​ផ្ញើ​ទៅ​លោក​អភិបាល​រាជធានី​ភ្នំពេញ ដែល​ចុះ​ហត្ថលេខា​ដោយ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ គឺ​លោក ស ខេង ​នៅ​ថ្ងៃ​ទី​៨ ធ្នូ បាន​កំណត់​ទីតាំង​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ និង​សង្គម​ស៊ីវិល​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថ្ងៃ​ទី​១០ នៅ​ទីលាន​ប្រជាធិបតេយ្យ ជំនួស​ការ​ដង្ហែ​ក្បួន​ទៅ​មន្ទីរ​រដ្ឋ​សភា​ដូច​ដែល​បាន​គ្រោង​ទុក​វិញ។
លិខិត​នោះ បាន​កំណត់​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ​ប្រមូល​ផ្ដុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ចំនួន​តែ ១​ម៉ឺន​នាក់ ហើយ​អនុញ្ញាត​ឲ្យ​តំណាង​បក្ស​សង្គ្រោះ​ជាតិ​តែ ១០​នាក់​ទេ ទៅ​ដាក់​ញត្តិ​នៅ​មន្ទីរ​រដ្ឋ​សភា។
ចំពោះ​អ្នក​ហែ​ក្បួន​ធម្មយាត្រា​ក៏​ដូច្នេះ​ដែរ លោក ស ខេង ក៏​បាន​ហាម​ទៅ​ប្រមូល​ផ្ដុំ​នៅ​មុខ​មន្ទីរ​រដ្ឋ​សភា​ដែរ ហើយ​បាន​កំណត់​ឲ្យ​ទៅ​ប្រមូល​ផ្ដុំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​​នៅ​សួន​ច្បារ​ទល់មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (វត្តភ្នំ) ជំនួស​វិញ ហើយ​អនុញ្ញាត​ឲ្យ​តំណាង ១០​នាក់​ទៅ​ដាក់​ញត្តិ​ជូន​រដ្ឋ​សភា​ដូចគ្នា។ លិខិត​នោះ​បញ្ជាក់​ពី​មូល​ហេតុ​ដែល​ហាម​ដូច្នេះ ​គឺ​ដើម្បី​រក្សា​សន្តិសុខ សណ្ដាប់​ធ្នាប់​សង្គម​ឲ្យបាន​រលូន។
យុទ្ធនាការ​នៃ​​ធម្មយាត្រា​តាម​ផ្លូវ​ជាតិ​ទាំង​៥​ខ្សែ​នេះ ត្រូវ​បាន​អាជ្ញាធរ​​មូលដ្ឋាន​តាម​ផ្លូវ ហាម​ស្នាក់​នៅ​តាម​វត្តអារាម​នានា ​នៅ​តាម​ដង​ផ្លូវ ហើយ​ក្រុម​ធម្មយាត្រា​ក៏​នាំ​គ្នា​ធ្វើ​បាតុកម្ម​​បិទ​ផ្លូវ​ជាតិ​វិញ ជា​កិច្ច​ឆ្លើយ​តប​ទៅ​នឹង​ការ​គាប​សង្កត់​​​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ពី​សំណាក់​អាជ្ញាធរ​នៅ​តាម​មូលដ្ឋាន​ទាំង​នោះ៕

No comments:

Post a Comment

yes