កាលពីថ្ងៃពុធ សភាសហរដ្ឋអាមេរិកបានអនុម័តសេចក្ដីព្រាងថវិកា ដែលនឹងផ្អាកការផ្ដល់ជំនួយមូលនិធិមួយចំនួនដល់កម្ពុជា រហូតទាល់តែរដ្ឋាភិបាលកម្ពុជាធ្វើការស៊ើបអង្កេតឯករាជ្យលើការបោះឆ្នោតជាតិដ៏ចម្រូងចម្រាសកាលពីខែកក្កដាកន្លងមក ហើយធ្វើកំណែទម្រង់ប្រព័ន្ធបោះឆ្នោតរបស់ខ្លួន ឬរហូតទាល់តែគណបក្សប្រឆាំងបញ្ចប់ការធ្វើពហិការមិនចូលសភា។
សេចក្ដីព្រាងច្បាប់ថវិកានេះក៏ណែនាំធនាគារពិភពលោកកុំឲ្យ “សហការឡើងវិញ” ជាមួយកម្ពុជា រហូតទាល់តែវិវាទនៃការបោះឆ្នោតត្រូវបានដោះស្រាយ និងឲ្យរាយការណ៍ជាប្រចាំប្រាប់សមាជិកសភាសហរដ្ឋអាមេរិក ស្ដីពីអ្វីដែលធនាគារនេះកំពុងតែធ្វើ ដើម្បីជួយដល់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលត្រូវបានបណ្ដេញចេញពីតំបន់បឹងកក់ រាជធានីភ្នំពេញក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ប្រសិនបើត្រូវព្រឹទ្ធសភាសហរដ្ឋអាមេរិកអនុម័តនៅប៉ុន្មានថ្ងៃខាងមុខទៀតនោះ សេចក្ដីព្រាងច្បាប់នេះនឹងអនុវត្តតាមការគំរាមកំហែងរបស់សមាជិកសភាសហរដ្ឋអាមេរិកមួយចំនួន ដើម្បីកាត់ផ្ដាច់ជំនួយហិរញ្ញវត្ថុដោយសារតែការបោះឆ្នោតដ៏ចម្រូងចម្រាសនៅកម្ពុជា ដែលបានធ្វើឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្តឡើងកាន់អំណាច ប៉ុន្តែការឈ្នះរបស់គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចនៅតែមានផលប៉ះពាល់ ដោយសារតែមានភ័ស្ដុតាងបង្ហាញពីភាពមិនប្រក្រតីដែលកើតមានស្ទើរគ្រប់កន្លែង។
សហរដ្ឋអាមេរិកមិនបានច្រានចោលលទ្ធផលនៃការបោះឆ្នោតនេះទេ ប៉ុន្តែក៏បានចៀសវាងមិនគាំទ្រលទ្ធផលនេះដែរ។ តែទោះជាយ៉ាងណា សេចក្ដីព្រាងច្បាប់នេះប្រហែលជាមានប្រសិទ្ធភាពជាងបន្ទុកហិរញ្ញវត្ថុ។ សេចក្ដីព្រាងច្បាប់នេះមិនបញ្ជាក់ថាតើជំនួយសម្រាប់កម្ពុជា ប៉ុន្មានអាចនឹងបាត់បង់នោះទេ ហើយមានរាប់បញ្ចូលករណីលើកលែងមួយចំនួនដែលនឹងរារាំងមិនឲ្យដកជំនួយភាគច្រើនចេញ។
ក្នុងចំណោមជំនួយជាង១.០០០លានដុល្លារ ដែលម្ចាស់ជំនួយបរទេសជួយដល់កម្ពុជាក្នុងមួយឆ្នាំៗ ជំនួយតិចជាង៨០លានដុល្លារបានពីសហរដ្ឋអាមេរិក ហើយភាគច្រើននៃជំនួយនោះបានទៅលើបណ្ដាអង្គការក្រៅរដ្ឋាភិបាលនានាដោយផ្ទាល់។ សេចក្ដីព្រាងថវិកាចំណាយថ្មីនេះផ្ដោតតែទៅលើមូលនិធិដែលបានទៅលើរដ្ឋាភិបាលដោយផ្ទាល់សម្រាប់ធ្វើអ្វីផ្សេងក្រៅពីជំនួយមនុស្សធម៌តែប៉ុណ្ណោះ។ វាក៏ការពារមូលនិធិសម្រាប់ការបណ្ដុះបណ្ដាលពីសិទ្ធិមនុស្សដល់កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា ដែលអង្គភាពមួយចំនួនបានជាប់ពាក់ព័ន្ធនៅក្នុងការបង្ក្រាបដោយហិង្សាលើការតវ៉ាទាមទារដំឡើងប្រាក់ខែគោល។
តែទោះជាយ៉ាងណាមិនថា ជំនួយនៅសល់ប៉ុណ្ណាទេ សេចក្ដីព្រាងច្បាប់នេះនឹងត្រូវផ្អាករហូតដល់ “រដ្ឋាភិបាលមួយនេះធ្វើការស៊ើបអង្កេតឯករាជ្យនិងគួរឲ្យជឿទុកចិត្តបានលើភាពមិនប្រក្រតីនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ និងធ្វើកំណែទម្រង់ស៊ីជម្រៅលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ គ.ជ.ប. ដោយមានការព្រមព្រៀងពីគណបក្សប្រឆាំងនៅកម្ពុជា ឬភាគីទាំងអស់ដែលទទួលបានអាសនៈសភានៅក្នុងការបោះឆ្នោតនេះ បានយល់ព្រមចូលរួមជាមួយរដ្ឋសភា ហើយរដ្ឋសភាធ្វើកិច្ចការដោយអនុលោមតាមរដ្ឋធម្មនុញ្ញរបស់កម្ពុជា”។
គណបក្សសង្គ្រោះជាតិទទួលបានជិតពាក់កណ្ដាលនៃអាសនៈសភាទាំង១២៣អាសនៈនៅក្នុងការបោះឆ្នោតជាតិកាលពីខែកក្កដា ហើយអះអាងថា ខ្លួននឹងទទួលបានសំឡេងគាំទ្រភាគច្រើន ប្រសិនបើការបោះឆ្នោតមានលក្ខណៈសេរីនិងយុត្តិធម៌។ គណបក្សនេះបានបដិសេធមិនទទួលយកអាសនៈសភារបស់ខ្លួនឡើយ ចាប់តាំងពីរដ្ឋសភាបានកោះប្រជុំកាលពីខែកញ្ញាមក ហើយកំពុងតែអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យ និងធ្វើកំណែទម្រង់គ.ជ.ប.។
រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនព្រមធ្វើតាមសំណើទាំងនេះទេ។ ការចរចារវាងគណបក្សប្រឆាំងនិងគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចនោះនៅតែជាប់គាំងនៅឡើយ ខណៈពេលដែលមហាបាតុកម្មប្រឆាំងលោក ហ៊ុន សែន បានបញ្ចប់ភ្លាមៗមួយរំពេចកាលពីដើមខែនេះ បន្ទាប់ពី កម្លាំងរបស់រដ្ឋាភិបាលបានបោសសម្អាតជំរុំរបស់អ្នកគំាទ្រនៅលើទីលានប្រជាធិបតេយ្យកណ្ដាលរាជធានីភ្នំពេញ។
លោក ជាម យៀប សមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យគណបក្សនេះបានមានប្រសាសន៍ថា លោកមានការខកចិត្តយ៉ាងខ្លាំងចំពោះការអនុម័តសេចក្ដីព្រាងច្បាប់នេះ ហើយបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានជ្រើសយកកម្ពុជាដោយមិនយុត្តិធម៌។ លោកបានចោទសួរថា “ខ្ញុំមានការសោកស្ដាយយ៉ាងខ្លាំង ដែលអាមេរិកអនុម័តច្បាប់តែលើកម្ពុជា ចុះហេតុអ្វីបានជាអាមេរិកមិនអនុវត្តច្បាប់នេះលើប្រទេសផ្សេងៗទៀតផង? ខ្ញុំរៀនច្បាប់ច្រើនណាស់ ខ្ញុំចេះច្បាប់អន្តរជាតិនិងច្បាប់ខំមិនឡ (Common law)។ យោងតាមនីតិវិធីច្បាប់ បណ្ដាប្រទេសលោកខាងលិចមិនគួរធ្វើរឿងបែបនេះទេ”។
លោក ជាម យៀប បានសម្ដែងការខកចិត្តចំពោះអ្វីដែលលោកគិតថា សហរដ្ឋអាមេរិកលម្អៀងទៅខាងគណបក្សប្រឆាំង។ លោកបានមានប្រសាសន៍ទៀតថា “អាមេរិកមិនអាចគ្រប់គ្រងកម្ពុជាបានទេ” មុនពេលដាក់ទូរស័ព្ទចុះ។ និយាយពីតំបន់បឹងកក់ក្នុងរាជធានីភ្នំពេញ ដែលរដ្ឋាភិបាលបានបណ្ដេញប្រជាពលរដ្ឋប្រមាណ៣.០០០គ្រួសារចេញដោយខុសច្បាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីបើកផ្លូវសម្រាប់គម្រោងអចលនទ្រព្យរបស់សមាជិកព្រឹទ្ធសភាមួយរូបមកពីគណបក្សប្រជាជនកម្ពុជាវិញ សេចក្ដីព្រាងថវិកានេះអំពាវនាវឲ្យធនាគារពិភពលោកមានគណនេយ្យភាពជាងមុន។
កាលពីដើមឆ្នាំ២០១១ ការស៊ើបអង្កេតឯករាជ្យមួយបានសន្និដ្ឋានថា គម្រោងមួយរបស់ធនាគារពិភពលោកនៅក្នុងប្រទេសកម្ពុជា ដែលមានបំណងផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាពលរដ្ឋកម្ពុជានោះតាមពិតបានជួយធ្វើឲ្យប្រជាពលរដ្ឋនៅបឹងកក់បាត់បង់សិទ្ធិដីធ្លីរបស់ខ្លួនទៅវិញទេ។ ក្រោយមកនៅក្នុងឆ្នាំដដែលនោះធនាគារពិភពលោកបានបញ្ជាក់ថា ខ្លួននឹងផ្អាកការផ្ដល់ឥណទានថ្មីៗទាំងអស់ដល់កម្ពុជា រហូតទាល់តែរដ្ឋាភិបាលនិងប្រជាពលរដ្ឋបានឈានដល់ការព្រមព្រៀងផ្ដល់សំណងដល់ប្រជាពលរដ្ឋ ដែលត្រូវបណ្ដេញចេញ។
សេចក្ដីព្រាងថវិកាចំណាយនេះនឹងប្រគល់ភារកិច្ចនេះឲ្យរដ្ឋមន្ត្រីរតនាគារសហរដ្ឋអាមេរិកចង្អុលបង្ហាញឲ្យនាយកប្រតិបត្តិជនជាតិអាមេរិករបស់ធនាគារពិភពលោក ធ្វើរបាយការណ៍ជាប្រចាំប្រាប់គណៈកម្មាធិការទទួលបន្ទុកកំណត់ការចំណាយនៃសភាអាមេរិក (House Appropriations Committee) ថាគាត់កំណត់ធ្វើអ្វីខ្លះ ដើម្បី “ផ្អាកការសហការឡើងវិញ” ជាមួយកម្ពុជា រហូតទាល់តែវិវាទនៃការបោះឆ្នោតត្រូវបានដោះស្រាយ។
ប្រជាពលរដ្ឋដែលត្រូវបណ្ដេញចេញនិងបណ្ដាអង្គការសិទ្ធិមនុស្សបានចោទប្រកាន់ធនាគារពិភពលោកថា មិនបានធ្វើការឲ្យបានគ្រប់គ្រាន់ដើម្បីជួយដល់ប្រជាពលរដ្ឋដែលត្រូវបានបណ្ដេញចេញឡើយ។
អ្នកស្រី ទេព វន្នី ជាប្រជាពលរដ្ឋម្នាក់នៅបឹងកក់ ដែលបានប្រឆាំងតវ៉ានឹងការបណ្ដេញចេញអស់រយៈពេលជាច្រើនឆ្នាំមកនេះ ហើយបានមកវិញនូវការជាប់ពន្ធនាគារនោះ បានស្វាគមន៍បទប្បញ្ញត្តិនៅក្នុងសេចក្ដីព្រាងច្បាប់ថ្មីនេះធ្វើឡើងដោយសមាជិកសភាសហរដ្ឋអាមេរិក។ អ្នកស្រីបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដែលបណ្ដាអង្គការសិទ្ធិមនុស្សបានផ្សព្វផ្សាយថា “យើងរីករាយជាខ្លាំងចំពោះសាមគ្គីភាពរបស់ពលរដ្ឋអាមេរិក ហើយយើងសង្ឃឹមថា ធនាគារពិភពលោកនឹងចាប់អារម្មណ៍។ វាដល់ពេលដែលត្រូវដោះស្រាយករណីរបស់ពួកយើងនិងសម្រាប់អ្នកទាំងអស់គ្នាហើយ ពីព្រោះប្រជាពលរដ្ឋរបស់យើងបានរងទុក្ខយូរគ្រប់គ្រាន់ហើយ”។
សេចក្ដីព្រាងច្បាប់នេះ ក៏នឹងផ្អាកមូលនិធិរបស់សហរដ្ឋអាមេរិកទុកសម្រាប់សាលាក្ដីខ្មែរក្រហមផងដែរ រហូតទាល់តែរដ្ឋាភិបាលកម្ពុជាផ្ដល់ ឬធានាការផ្ដល់មូលនិធិសម្រាប់ភាគីជាតិនៃតុលាការកូនកាត់ ដែលគាំទ្រដោយអង្គការសហប្រជាជាតិមួយនេះ។ រដ្ឋាភិបាលត្រូវបានតម្រូវឲ្យឧបត្ថម្ភដល់ភាគីជាតិ ដែលតែងតែខ្វះមូលនិធិ នៃសាលាក្ដីខ្មែរក្រហមតាមការព្រមព្រៀងរបស់ខ្លួនជាមួយអង្គការសហប្រជាជាតិ ប៉ុន្តែភាគច្រើនមិនបានធ្វើដូច្នេះទេ។
សហរដ្ឋអាមេរិកគឺជាម្ចាស់ជំនួយធំបំផុតទី៣ របស់សាលាក្ដីខ្មែរក្រហម បន្ទាប់ពីប្រទេសជប៉ុន និងអូស្ត្រាលី។ ក្នុងចំណោមជំនួយ២០០លានដុល្លារ ដែលម្ចាស់ជំនួយនានាផ្ដល់ដល់តុលាការនេះរហូតមកទល់ខែកញ្ញា សហរដ្ឋអាមេរិកបានផ្ដល់ចំនួន១៦,១លានដុល្លារ ឬប្រហែល៨ភាគរយ។
លោក ស៊ាន ម៉ាកគីនតុស អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកបានបដិសេធមិនឆ្លើយបំភ្លឺថា តើជំនួយប៉ុន្មានដែលសេចក្ដីព្រាងច្បាប់នេះអាចនឹងធ្វើឲ្យកម្ពុជាខាតបង់នោះទេ។ លោកបានមានប្រសាសន៍ថា “ជាទូទៅយើងមិនធ្វើអត្ថាធិប្បាយអំពីច្បាប់ដែលមិនទាន់ចេញនោះទេ”៕
No comments:
Post a Comment
yes