លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី៧ ខែមករា
នៅមជ្ឈមណ្ឌលកោះពេជ្រ (រូបថត តាត ឧត្តម)
ប្រមុខរដ្ឋាភិបាលកម្ពុជា លោកហ៊ុន សែន នៅថ្ងៃសៅរ៍នេះ ព្រមានជាថ្មីទៀតចាត់វិធានការខ្លាំង ទៅលើរាល់បាតុកម្មទាំងឡាយណា ដែលមានលក្ខណៈប្រឆាំង ទៅនឹងរដ្ឋធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជា។
អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន បានថ្លែងនៅព្រឹកថ្ងៃទី១៨ ខែមករានេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ភូមិកុមារ អេស អូ អេស ខេត្តក្រចេះ ថាដល់ពេលដែលលោកត្រូវចាត់វិធានការក្តៅហើយ ទៅលើការធ្វើបាតុកម្មទាមទារឲ្យមានការបោះឆ្នោតឡើងវិញ ព្រោះទង្វើនេះជារឿងមួយដែលខុសទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ ៖ "កុំឃើញគេមិនមាត់មិនមាត់ថាគេមិនធ្វើ តាដល់ម៉ោងត្រូវធ្វើហើយ តាដល់ហួសកំរិតត្រូវធ្វើហើយ អាហ្នឹងនិយាយឲ្យច្បាស់ មិនមែនជាការគំរាមទេ តែនេះជាការអនុវត្តន៍ច្បាប់ ការអនុវត្តន៍ការពាររដ្ឋធម្មនុញ្ញ មិនមែនក្រុមអ្នកឯងប៉ុន្មាននាក់ដើរ ស្រែកតាមចិញ្ចើមថ្នល់នោះទេ បានបណ្តោយប៉ុន្មានខែហើយ យួរហើយ ល្មមហើយ បានហើយ"។
លោក ហ៊ុន សែន បញ្ជាក់ថា ប្រសិនបើចង់ឲ្យធ្វើប្រជាមតិ អំពីការបោះឆ្នោតមុនអាណត្តិ គឺបក្សប្រឆាំងត្រូវចូលសភា ហើយធ្វើវិសោធកម្មកែប្រែច្បាប់រដ្ឋធម្មនុញ្ញជាមុនសិន ។
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា ការធ្វើបាតុកម្មទាមទារឲ្យមានការបោះឆ្នោតឡើងវិញរបស់គណបក្សសង្គ្រោះជាតិ មិនខុសច្បាប់រដ្ឋធម្មនុញ្ញទេ ដោយសារសភាមិនទាន់បង្កើត ហើយរដ្ឋាភិបាលក៏មិនស្របច្បាប់ដែរ។
កាលពីថ្ងៃថ្ងៃសុក្រម្សិលមិញ លោក កឹម សុខា ក៏បានអំពាវនាវឲ្យអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស ចូលរួមធ្វើបាតុកម្មព្រមៗគ្នាជាថ្មីម្តងទៀត នូវអ្វីដែលមេដឹកនាំបក្សជំទាស់មួយនេះយល់ថា ដើម្បីជំរុញឲ្យគោរពសិទ្ធិមនុស្ស និងផ្តល់យុត្តិធម៌សម្រាប់ម្ចាស់ឆ្នោត៕
No comments:
Post a Comment
yes