កាលពីម្សិលមិញ លោក សុរិយា ស៊ូបេឌី ប្រេសិតសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានថ្កោលទោសការប្រើវិធានការហិង្សាបណ្តាលឲ្យមានមនុស្សស្លាប់កាលពីពេលថ្មីនេះលើក្រុមអ្នកតវ៉ា ហើយបានអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យអំពីហេតុការណ៍ដែលបានកើតឡើងកាលពីដើមខែនេះ ពេលកងរាជអាវុធហត្ថបាញ់សម្លាប់កម្មកររោងចក្រកាត់ដេរធ្វើកូដកម្មប្រាំនាក់ និងធ្វើឲ្យកម្មករជាង៤០នាក់ទៀតរងរបួស។
ក្នុងសន្និសីទសារព័ត៌មានមួយនៅការិយាល័យឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជាដើម្បីបញ្ចប់បេសកកម្មលើកទី១០របស់លោកមកកាន់ប្រទេសកម្ពុជានោះ លោក ស៊ូបេឌី បានថ្លែងថា ដំបូងឡើយលោកបានស្វាគមន៍ការធ្វើបាតុកម្មទ្រង់ទ្រាយធំកាលពីចុងឆ្នាំ២០១៣ ថាជា “សញ្ញានៃលទ្ធិប្រជាធិបតេយ្យចាស់ទុំនៅក្នុងប្រទេសកម្ពុជា”។
លោកបានថ្លែងថា ទោះយ៉ាងណា ការឆ្លើយតបដ៏ហិង្សារបស់រដ្ឋាភិបាលចំពោះការធ្វើកូដកម្មរបស់កម្មកររោងចក្រកាត់ដេរនៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញកាលពីថ្ងៃទី៣ ខែមករា ពេលនោះកម្មករប្រាំនាក់ត្រូវបានបាញ់សម្លាប់នេះស្តែងឲ្យឃើញពី “ការផ្លាស់ប្ដូរដ៏គួរឲ្យព្រួយបារម្ភពីការឆ្លើយតបប្រកបដោយការយោគយល់ទៅជាការឆ្លើយតបដោយហិង្សាលើការតវ៉ាជាសាធារណៈ”។ លោក ស៊ូបេឌី បានមានប្រសាសន៍ថា “ខ្ញុំព្រួយបារម្ភយ៉ាងខ្លាំងចំពោះទង្វើរបស់អាជ្ញាធរពាក់ព័ន្ធនឹងហេតុការណ៍ដែលបានកើតឡើង នៅសប្ដាហ៍ទី១នៃខែមករា”។
លោក ស៊ូបេឌី បានលើកឡើងជាថ្មីពីការអំពាវនាវឲ្យមានការស៊ើបអង្កេតលើការបាញ់សម្លាប់នោះ ដើម្បីរកឲ្យឃើញ “អ្នកដែលបានចេញបញ្ជា និងអ្នកដែលបានអនុវត្តបទបញ្ជាឲ្យបាញ់សម្លាប់នោះ” ដោយបានបន្ថែមថា ចាំបាច់ត្រូវនាំអ្នកទទួលខុសត្រូវទាំងអស់មកផ្ដន្ទាទោស។ លោក ស៊ូបេឌី បានថ្លែងថា“ ខ្ញុំសូមអំពាវនាវឲ្យរដ្ឋាភិបាលប្រាប់ពីកន្លែងឃុំខ្លួនអ្នកដែលបានបាត់ខ្លួនតាំងពីមានហេតុការណ៍នោះមក” ដោយលោកបានបន្ថែមថា គួរមានការដោះលែងមនុស្ស ទាំង២៣នាក់ដែលត្រូវបានឃុំខ្លួនក្រោយការតវ៉ាឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។
អ្នកធ្វើរបាយការណ៍ពិសេសរូបនេះក៏បានថ្កោលទោសការបាញ់ស្លាប់អ្នកឈរមើលពីរនាក់ គឺលោក ម៉ៅ សុខចាន់ និងអ្នកស្រី អេង សុខុំ អំឡុងការប៉ះទង្គិចគ្នាពីរលើកដាច់ដោយឡែកពីគ្នារវាងនគរបាល និងអ្នកតវ៉ាកាលពីចុងឆ្នាំមុនផងដែរ។ លោក ស៊ូបេឌី បានលើកឡើងទៀតថា បម្រាមរបស់រដ្ឋាភិបាលមិនឲ្យមានការតវ៉ាជាសាធារណៈចាប់តាំងពីមានហេតុការណ៍ថ្ងៃទី៣ ខែមករាមកនោះ គួរដកចេញវិញ ពីព្រោះការចាត់វិធានការបែបនេះគួរតែធ្វើឡើងក្នុងករណីប្រទេសជាតិស្ថិតក្នុងស្ថានភាពគ្រាអាសន្នប៉ុណ្ណោះ។
លោកបានបន្ថែមថា “ខ្ញុំមិនទាន់ឃើញមានសេចក្ដីប្រកាសផ្លូវការពីស្ថានភាពអាសន្ន ដែលគំរាមកំហែងដល់ប្រទេសជាតិទេ។ បើគ្មានមូលដ្ឋានច្បាប់គ្រប់គ្រាន់ បម្រាមមិនឲ្យធ្វើបាតុកម្មនេះគួរដកចេញវិញ”។ ទាក់ទងនឹងការទាមទាររបស់កម្មកររោងចក្រកាត់ដេរឲ្យមានការដំឡើងប្រាក់ខែគោលឲ្យបានដល់១៦០ដុល្លារនោះ លោក ស៊ូបេឌី បានថ្លែងថា ការចរចារវាងរដ្ឋាភិបាលនិងកម្មករគឺជារឿងចាំបាច់។
លោកបានមានប្រសាសន៍ថា “រដ្ឋាភិបាល កម្ពុជាត្រូវធ្វើឲ្យប្រាកដថា មានការកំណត់ប្រាក់ឈ្នួលអប្បបរមាដែលគ្រប់គ្រាន់ល្មមនឹងឲ្យកម្មករនិងក្រុមគ្រួសាររបស់ខ្លួនរស់នៅក្នុងជីវភាពសមរម្យ”។ ដំណើរទស្សនកិច្ចបស់លោក ស៊ូបេឌី នៅសប្ដាហ៍នេះ គឺជាលើកទី១ហើយគិតចាប់ពីថ្ងៃបោះឆ្នោតជាតិខែកក្កដា ដែលបានញាំញីដោយការចោទប្រកាន់ថា មានការលួចបន្លំសន្លឹកឆ្នោត។
គឺលទ្ធផលបោះឆ្នោតដ៏ចម្រូងចម្រាសនោះហើយដែលបានបណ្ដោយឲ្យមានភាពទាល់ច្រកផ្នែកនយោបាយ ដោយគណបក្សសង្គ្រោះជាតិបានធ្វើពហិការមិនចូលប្រជុំសភា ហើយបានទាមទារឲ្យមាន ការបោះឆ្នោតឡើងវិញ និងបានទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះចេញពីតំណែង។
លោក ស៊ូបេឌី បានមានប្រសាសន៍ថា “ដូចខ្ញុំបានលើកឡើងក្នុងជំនួបរបស់ខ្ញុំកន្លងមកអ៊ីចឹងថា ការផ្សះផ្សារនយោបាយគឺជាមធ្យោបាយតែមួយគត់សម្រាប់ប្រទេសកម្ពុជានៅក្នុងការបោះជំហានឆ្ពោះទៅមុខ ហើយលោកបានជំរុញឲ្យរដ្ឋាភិបាលប្រើប្រាស់ភាពបត់បែនក្នុងការស្វែងរកដំណោះស្រាយដើម្បីបញ្ចប់ភាពទាល់ច្រកនេះ” ដោយបានបន្ថែមថា លោកក៏បានប្រាប់គណបក្សប្រឆាំងដូច្នេះដែរ។ តែទោះយ៉ាងណា ការបរាជ័យរបស់គណបក្ស ប្រឆាំងក៏គេចមិនផុតពីការរិះគន់ដែរ។
លោក ស៊ូបេឌី បានថ្លែងថា “ខ្ញុំមានការព្រួយបារម្ភចំពោះការប្រើភាសារើសអើងវៀតណាម ពីសំណាក់គណបក្សប្រឆាំងនៅតាមទីសាធារណៈ” ដោយបានបន្ថែមថា នៅក្នុងជំនួបរបស់លោកជាមួយគណបក្សសង្គ្រោះជាតិលោកបាន “គូសបញ្ជាក់ថា ការយោគយល់ និងការមិនរើសអើងជាតិសាសន៍គឺមានសារៈសំខាន់ណាស់សម្រាប់អនាគតនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា”។
ប្រេសិតរូបនេះបានសម្ដែងសុទិដ្ឋិនិយមពីជំនួបរបស់លោកជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់១០រូបទៀតកាលពីថ្ងៃពុធ ដោយបានលើកឡើងថា លោកជឿថា លោកនាយករដ្ឋមន្ត្រី “មានឆន្ទៈក្នុងការដោះស្រាយបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាដោយការយកចិត្តទុកដាក់”។
ត្រង់ថា តើការប្ដេជ្ញាចិត្តបែបនេះអាចប្រែក្លាយជាការអនុវត្តជាក់ស្តែង ឬអត់នោះគឺនៅមិនទាន់ច្បាស់ទេ។ ពេលត្រូវសួរថា តើលោកបានទទួល ការធានាអះអាងណាមួយដែលថា រដ្ឋាភិបាលនឹងបញ្ឈប់ការប្រើប្រាស់គ្រាប់កំាភ្លើងពិតលើជនស៊ីវិលនៅពេលអនាគតឬអត់នោះ លោក ស៊ូបេឌី បានឆ្លើយត្រឹមតែថា លោកសង្ឃឹមថា រដ្ឋាភិបាលនឹងពិចារណាពីភាពចាំបាច់ ពីមូលដ្ឋានច្បាប់និងពីភាពសមាមាត្រនៃការប្រើកម្លាំងមុនពេលសម្រេចចិត្តបាញ់គ្រាប់កាំភ្លើងពិត។
ក្នុងសុន្ទរកថាបញ្ចប់ លោក ស៊ូបេឌី បានថ្លែងថា លោកឃើញមានភាពសុទិដ្ឋិនិយមនិងបំណងប្រាថ្នាឲ្យមានការផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជា។
លោកបានលើកឡើងថា “ប្រទេសកម្ពុជា ដើរដល់ផ្លូវបំបែកហើយ។ ប្រទេសនេះមានការផ្លាស់ប្ដូរលឿនជាងការរំពឹងទុករបស់មជ្ឈដ្ឋានជាច្រើនទៅទៀត”៕
No comments:
Post a Comment
yes