រយៈពេលមួយសប្តាហ៍ហើយដែលលោក វន់ ពៅ បានជាប់ឃុំឃាំង ក្រោយពីត្រូវបង្ក្រាបដោយក្រុមយោធា និងត្រូវសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់។ ភរិយារបស់លោក វន់ ពៅបាននិយាយថា លោកស្រីមិនអាចរៀបចំខួបអាពាហ៍ពិពាហ៍ ដែលប្តីប្រពន្ធទាំងពីរនាក់បានគ្រោងធ្វើក្នុងខែកុម្ភៈនេះឡើយ ប្រសិនបើលោកវន់ ពៅមិនត្រូវបានដោះលែង។
ប្រសិនបើលោកវន់ ពៅ មិនត្រូវបានតុលាការចេញដីកាឃុំខ្លួនបណ្តោះអាសន្ននោះទេ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានមានតូចល្អិតនេះ ត្រូវប្រារព្ធខួបអាពាហ៍ពិពាហ៍១ឆ្នាំនៅថ្ងៃទី១៧កុម្ភៈ។ ប៉ុន្តែនៅពេលនេះ មួយសប្តាហ៍ហើយ ភរិយាលោកវន់ ពៅ គឺអ្នកស្រីប្រាក់ សុវណ្ណារី មិនទាំងដឹងថា ប្តីរបស់ខ្លួនត្រូវបានគេឃុំនៅទីណាពិតប្រាកដផង។
អស់សង្ឃឹមថាមិនអាចរៀបចំខួបអាពាហ៍ពិពាហ៍ហើយ ភាពស្ងាត់ស្ងៀមបានគ្របដណ្តប់បរិយាកាសនៅក្នុងគ្រួសារ ដែលធ្លាប់តែអ៊ូអរ ដោយសារតែភាពរួសរាយរបស់លោកវន់ ពៅ។
រៀបរាប់ក្នុងសំឡេងខ្សាវៗ ដោយសារតែព្រួយបារម្ភអំពីប្តី អ្នកស្រី សុវណ្ណារី បានពោលប្រាប់គេហទំព័រថ្មីៗថា៖«ខ្ញុំឈឺចាប់ខ្លាំងណាស់។ ហើយមិនដែលបែកគ្នាទេ។ យើងស្រលាញ់ គ្នា។ យើងតែងតែនៅជាមួយគ្នារហូត ទោះទៅតាមខេត្ត ទៅកន្លែងណាក៏ដោយ។ ទំហំនៃការឈឺចាប់បែបនេះ ប្រសិនជាពេលនេះ ខ្ញុំដឹងថាគាត់ត្រូវគេឃុំឃាំងនៅទីណានោះ ខ្ញុំអាចនឹងទម្លុះជញ្ជាំង ទៅជួបគាត់ឲ្យទាល់តែបាន»។
ដោយរម្លឹកពីមេធាវី និងសង្គមស៊ីវិលដែលកំពុងស្រាវជ្រាវពីកន្លែងឃុំខ្លួនលោក វន់ ពៅ នោះ អ្នកស្រី សុវណ្ណារី ថ្លែងដោយសំឡេងអួលដើមកថា៖« យើងមានគម្រោងធ្វើខួប អាពាហ៍ ពិពាហ៍នៅខែកុម្ភៈនេះ។ ប៉ុន្តែមកដល់ពេលនេះ យើងមិនទាន់ដឹងថាលោក វន់ ពៅ នៅទីណានោះទេ។ យើងសុំឲ្យតុលាការប្រាប់ពីទីកន្លែងឃុំខ្លួនគាត់ ងាយស្រួលក្រុមគ្រួសារទៅសួរ សុខទុក្ខគាត់»។
អង្គការជាតិ និងអន្តរជាតិ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការលាក់បាំងកន្លែងឃុំ ខ្លួនលោក វន់ ពៅ និងសកម្មជន២៣នាក់ទៀត ដោយភាពអាថ៌កំបាំង។ ពួកគេបានអំពាវនាវ ឲ្យមានការដោះលែង និងបង្ហាញពីកន្លែងឃុំខ្លួនសកម្មជនទាំងនោះ ខណៈដែលពួកគេកំពុងមានរបួស នៅពេលចាប់ខ្លួន៕
No comments:
Post a Comment
yes