សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, January 22, 2014

សង្គមស៊ីវិល១៨១អង្គភាពប្រកាសដាក់ញត្តិជូនទូតបរទេសបន្តទៀត

ក្រុមសកម្មជនអង្គការសង្គមស៊ីវិលពេល​ជួបជុំ​ដាក់​ញត្តិ​មុខទូតអាមេរិក​
ក្រុមសកម្មជនអង្គការសង្គមស៊ីវិលពេល​ជួបជុំ​ដាក់​ញត្តិ​មុខទូតអាមេរិក​

អង្គការ​សង្គមស៊ីវិល​ជាតិ​និង​អន្តរជាតិ​ចំនួន​ ១៨១​ អង្គភាព​បាន​ប្រកាស​ឲ្យ​ដឹង​ថា​ ពួកគេ​នឹង​បន្ត​យក​ញត្តិ​ទៅ​ដាក់​ជូន​ស្ថានទូត​បរទេស​មួយចំនួន​ទៀត​ដើម្បី​ទាមទារ​ឲ្យ​ពួកគេ​អន្តរាគមន៍​ឲ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ និង​សុំ​ឲ្យ​បញ្ឈប់​អំពើ​ហិង្សា។ ​ ការជួបជុំ​ដាក់ញត្តិ​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៣, ​២៤ ​, ២៧​ និង​ ២៨​ មករា​នេះ។​ កាលពី​ថ្ងៃ​ទីអង្គារ​ ក្រុង​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ​បាន​យក​ញត្តិ​ទៅដាក់​ជូនស្ថានទូត​បរទេស​ធំៗ​ជាច្រើន​រួច​ហើយ​ទោះ​ជា​ត្រូវ​អាជ្ញាធរ​រារាំង​ក៏ដោយ។

បើ​ទោះបី​ជា​អាជ្ញាធរ​ហាមប្រាម​ ក៏សកម្មជន​អង្គការ​សង្គមស៊ីវិល​នៅ​តែ​បន្ត​ដាក់​ញត្តិ​ជូនស្ថានទូត​បរទេស​នានា​ប្រចាំ​កម្ពុជា​ដោយ​ឥត​រាថយ។ ​តាមរយៈ​សេចក្តី​ប្រកាស​រួម​គ្នាមួ​យ​ដែល​ចេញ​ផ្សាយ​កាលពី​ល្ងាច​ថ្ងៃ​ទី ​២១​មករា​ អង្គការ​ជាតិ​និង​អន្តរជាតិ​ចំនួន​ ១៨១​ អង្គភាព​បាន​បញ្ជាក់​ថា​ ពួកគេ​នឹង​បន្ត​សកម្មភាព​ដាក់​ញត្តិ​ជូន​ទូត​បរទេស​មួយចំនួន​ទៀត​ចាប់ពី​ថ្ងៃ​ទី​ ២៣​ មករា​តទៅ។​ ស្ថានទូត​ទាំងនោះ​មាន​ដូច​ជា​ ទូត​អាល្លឺម៉ង់​ ទូរ អូស្ត្រាលី ​កូរ៉េ​ខាងត្បូង​ ថៃ​និង​ទូត​ភូមា​ជាដើម។



ញត្តិ​ទាមទារ​ដែល​ត្រូវ​ដាក់​ជូន​ស្ថានទូត​បរទេស​និង​អង្គការ​អន្តរជាតិ​នានា​ទាំង​នោះ​មាន​ខ្លឹមសារ​ថ្កោលទោស​ការប្រើ​កម្លាំង​ប្រដាប់​អាវុធ​និង​កំណើន​អំពើ​ហិង្សា​ប្រឆាំង​ប្រជាជន​កម្ពុជា។ ​ញត្តិ​ក៏បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​អ្នកដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ទាំង​ ២៣ ​នាក់​ ឲ្យ​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យ ​ ឲ្យ​បញ្ឈប់​ការប្រើ​អំពើ​ហិង្សា​ និង​ការ​ប្រើ​កម្លាំង​ហួសហេតុ​របស់​អាជ្ញាធរ​ទៅ​លើ​ក្រុម​អ្នកតវ៉ា។ ​អង្គការ​សង្គមស៊ីវិល​ទាំង​នោះ​ក៏បាន​អំពាវនាវ​ឲ្យ​សហគមន៍​អន្តរជាតិ​ចាត់វិធានការ​ជា​បន្ទាន់​ទៅ​លើ​ការប្រព្រឹត្ត​អំពើ​អមនុស្សធម៌​ទៅលើ​ប្រជាជន​កម្ពុជា។​




អង្គការ​ជាតិ​និង​អន្តរជាតិ​ទាំង​នោះ​បាន​ផ្តើម​ធ្វើ​សកម្មភាព​ដាក់​ញត្តិ​ជូន​ស្ថានទូត​និង​ស្ថាប័ន​អន្តរជាតិ​ធំៗ​ប្រចាំ​កម្ពុជា​តាំងពី​ថ្ងៃ​ទី២១​មករា​ ប៉ុន្តែ ​ពួកគេ​ត្រូវ​បាន​រារាំង​ដោយ​សមត្ថកិច្ច។ ​សកម្មជន​សហជីព​និង​សកម្មជន​ដីធ្លី​ ១១​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ទៅ​សាក​សួរ​និង​ធ្វើ​កិច្ច​សន្យា​មុន​នឹង​ដោះលែង​វិញ។ ​យ៉ាងណា​ក៏ដោយ ​អង្គការ​សង្គមស៊ីវិល​ទាំង​នោះ​អះអាង​ថា​ ពួកគេ​អាច​ដាក់​ញត្តិ​ទៅ​ជូន​ស្ថានទូត​អាមេរិក​ បារាំង ​អង់គ្លេស ​អង្គការ​យូនីសេហ្វ ​និង​អង្គការ​លើកលែង​ទោស​អន្តរជាតិ​ រួច​រាល់​ហើយ ។



គួរ​បញ្ជាក់​ថា​ អាជ្ញាធរ​រដ្ឋាភិបាល​បាន​ហាមប្រាម​មិន​ឲ្យ​មាន​ការ​ជួបជុំ​ធ្វើ​បាតុកម្ម​ឡើយ​ចាប់​តាំង​ពី​ផ្ទុះ​អំពើ​ហិង្សា​កាលពី​ថ្ងៃទី​ ២​និង​ទី៣​មករា​មក​ក្រោម​ហេតុផល​រក្សា​សន្តិសុខ​និង​សណ្តាប់ធ្នាប់​សង្គម​។  ប៉ុន្តែ ​សកម្មជន​សហជីព​ និង​សង្គម​ស៊ីវិល​នៅតែ​ជម្នះ​រៀបចំ​ការជួបជុំ​សម្តែង​មតិ​ជា​បន្តបន្ទាប់។ ​

ជាក់ស្តែង​ សហជីព​សេរី​កម្មករ​របស់​លោក ​ជា មុនី​ បាន​ដង្ហែ​កម្រង​ផ្កា​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក​ ជា វិជ្ជា​ នៅ​មុខ​វត្ត​លង្ការ​នៅ​ថ្ងៃ​ទី ​២២មករា​នេះ។ ​ចំណែក​សហជីព​មួយ​ក្រុមទៀត​ប្រកាស​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ស្រប​ពេល​ដែល​អង្គការ​សមាគម​ទាំង​ ១៨១​ ប្រកាស​ដាក់​ញត្តិ​ទៅ​ជូន​ស្ថានទូត​បរទេស​ជា​បន្ត​ទៀត​៕

No comments:

Post a Comment

yes