សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, January 12, 2014

ខ្មែរ​នៅ​កូរ៉េ​ធ្វើ​បាតុកម្ម​​ថ្កោល​ទោស​រដ្ឋាភិបាល​កម្ពុជា

ខ្មែរ បាតុកម្ម កូរ៉េ ៦១០
ពលរដ្ឋ​ខ្មែរ​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​កូរ៉េ នៅ​ថ្ងៃ​ទី​១២ មករា ឆ្នាំ​២០១៤

បាតុករ​ខ្មែរ​ប្រមាណ ២​ពាន់​នាក់ នៅ​ប្រទេស​កូរ៉េខាងត្បូង បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​សេអ៊ូល (Seoul) នៅ​ថ្ងៃ​ទី​១២ ខែ​មករា ថ្កោលទោស​ចំពោះ​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​បាញ់​បង្ក្រាប​ក្រុម​កម្មករ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ខែ ១៦០​ដុល្លារ នៅ​ផ្លូវ​វ៉េងស្រេង។

បណ្ដា​ប្រទេស​នៅ​ទ្វីប​អាស៊ី និង​ទ្វីប​អឺរ៉ុប​ខ្លះ ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់​នៅ ក៏​បាន​នាំ​គ្នា​ប្រឆាំង​ចំពោះ​ទង្វើ​របស់​រដ្ឋាភិបាល និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​មនុស្ស ២៣​នាក់​ដែល​ឃុំ​ខ្លួន​ឲ្យ​មាន​សេរីភាព​វិញ។
ពលករ​ខ្មែរ​ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង ក្រុម​និស្សិត និង​ស្ត្រី​ខ្មែរ​ដែល​រៀបការ​ទៅ​រស់​នៅ​ទី​នោះ​ប្រមាណ ២​ពាន់​នាក់ បាន​ហែ​ក្បួន​បាតុកម្ម​នៅ​ក្រោម​សីតុណ្ហភាព​ដ៏​ត្រជាក់ ក្រោម​ដក​៧​អង្សា នៅ​តាម​ផ្លូវ​ខ្លះ ក្នុង​ក្រុង​សេអ៊ូល ដើម្បី​ប្រឆាំង​ចំពោះ​ទង្វើ​ដែល​រដ្ឋាភិបាល​បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​បាញ់​សម្លាប់ បង្ក្រាប​កម្មករ​រោងចក្រ​កាត់​ដេរ​នៅ​ផ្លូវ​វ៉េងស្រេង។
តំណាង​ពលករ​ខ្មែរ​ដែល​ដឹកនាំ​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង លោក យឹម ស៊ីណន ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ពេល​កំពុង​ហែ​ក្បួន​បាតុកម្ម​នៅ​ថ្ងៃ​ទី​១២ ខែ​មករា ថា បាតុករ​ទាំង​អស់​បាន​ជួប​ជុំ​គ្នា​នា​ទីលាន​ប្រជាធិបតេយ្យ កណ្ដាល​ទីក្រុង​សេអ៊ូល ដោយ​លើក​បដា​ទាមទារ មាន​រូបថត​លោក ហ៊ុន សែន និង​ភរិយា រូប​លោក បាន គីមូន (Ban Ki-moon) អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ និង​រូបភាព​នៃ​ការ​បាញ់​បង្ក្រាប​កម្មករ​ស្លាប់​និង​របួស​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ថ្ងៃ​ទី​៣ មករា និង​ដើរ​ហែ​ឆ្ពោះ​ទី​សាលា​ក្រុង​សេអ៊ូល ដែល​មាន​ចម្ងាយ​ប្រមាណ ១​គីឡូម៉ែត្រ ដើម្បី​បង្ហាញ​ទៅ​អន្តរជាតិ​និង​មន្ត្រី​ទូត​នានា។

តំណាង​ពលករ​រូប​នោះ​បញ្ជាក់​ថា គោលបំណង​សំខាន់​នៃ​ការ​ទាមទារ​នោះ គឺ​ទី​១ ស្នើ​សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ចំពោះ​ការ​បាញ់​បង្ក្រាប​កម្មករ​ស្លាប់ និង​របួស​នៅ​ផ្លូវ​វ៉េងស្រេង។ ទី​២ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​មនុស្ស ២៣​នាក់ ដែល​បាន​ចាប់​និង​ឃុំ​ខ្លួន។ ទី​៣ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ប្រាក់ខែ​សមរម្យ​ដល់​មន្ត្រី​រាជការ​និង​កម្មករ កម្មការិនី និង​ទី​៤ ទាមទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ។
លោក យឹម ស៊ីណន បន្ត​ថា តាម​គម្រោង​បាតុករ​នឹង​យក​ញត្តិ​ទាមទារ​នោះ​ទៅ​ដាក់​ជូន​ការិយាល័យ​អង្គការ​សហប្រជាជាតិ ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង ក្រោយ​ការ​ប្រមូល​ស្នាម​មេដៃ​គាំទ្រ​រួច។
លោក​ព្រមាន​ថា ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា មិន​ផ្លាស់ប្ដូរ​ឥរិយាបថ​ទេ​នោះ ក្រុម​បាតុករ​នឹង​ធ្វើ​បាតុកម្ម​ទាមទារ​រៀងរាល់​សប្ដាហ៍​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង។
ពលករ​ខ្មែរ​ម្នាក់​ដែល​ចូល​រួម​ធ្វើ​បាតុកម្ម​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង លោក ឈឿន ឌី ឲ្យ​ដឹង​ថា ខាង​សហជីព​កម្មករ​ប្រចាំ​ប្រទេស​កូរ៉េ​ខាងត្បូង បាន​គាំទ្រ​ការ​ធ្វើ​បាតុកម្ម​របស់​ពលករ​និង​ពលរដ្ឋ​ខ្មែរ និង​បាន​ថ្កោល​ទោស​ចំពោះ​ក្រុមហ៊ុន​កូរ៉េ​ខ្លះ ដែល​ឃុបឃិត​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​រហូត​មាន​ការ​បាញ់​បង្ហូរ​ឈាម​កម្មករ​នៅ​ពេល​ដែល​ពួកគេ​ធ្វើ​បាតុកម្ម​ទាមទារ​ដំឡើង​ប្រាក់​ខែ។
នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ព័ត៌មាន​ដែល​ត្រូវ​គេ​ចាប់​អារម្មណ៍​នៅ​ចុង​សប្តាហ៍ ហើយ​ទាក់ទាញ​ខ្លាំង​នោះ គឺ​ការ​ធ្វើ​បាតុកម្ម​ថ្កោលទោស​ចំពោះ​ប្រមុខ​រដ្ឋាភិបាល​ពី​បណ្ដា​ប្រទេស​មួយ​ចំនួន ទាំង​នៅ​ទ្វីប​អាស៊ី និង​ទ្វីប​អឺរ៉ុប។
នៅ​ប្រទេស​បារាំង ចុង​សប្ដាហ៍​នេះ សមាគម​សាមគ្គី​កូន​ខ្មែរ​ច្រើន​រយ​នាក់ បាន​ធ្វើ​មហា​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ក្រុង​ប៉ារីស ទាមទារ​ឲ្យ​កម្ពុជា បោះ​ឆ្នោត​ឡើង​វិញ ទាមទារ​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញ​ពី​តំណែង ទាមទារ​ឲ្យ​ដោះលែង​មនុស្ស ២៣​នាក់ ដែល​ពួកគេ​យល់​ឃើញ​ថា គ្មាន​កំហុស ឲ្យ​មាន​សេរីភាព​វិញ។
នៅ​ឯ​ប្រទេស​អូទ្រីស​វិញ ពលរដ្ឋ​ខ្មែរ​នៅ​ទី​នោះ បាន​ចេញ​មក​ធ្វើ​បាតុកម្ម​ទាមទារ​រក​យុត្តិធម៌​ដល់​កម្មករ​ខ្មែរ ពិសេស​ស្នើ​សុំ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់ខែ​ឲ្យ​ពួក​កម្មករ​ដល់ ១៦០​ដុល្លារ។
ជនជាតិ​អង់គ្លេស​ក៏​បាន​ឈឺ​ឆ្អាល​ចំពោះ​ការ​បាញ់​សម្លាប់​កម្មករ​ខ្មែរ​ដែរ ដោយ​បាន​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​កម្ពុជា ប្រចាំ​នៅ​ចក្រភព​អង់គ្លេស ដោយ​លើក​បដា​ស្រែក​ទាមទារ​ឲ្យ​មាន​ការ​ដោះលែង​មនុស្ស ២៣​នាក់​ចេញ​ដោយ​គ្មាន​លក្ខខណ្ឌ បញ្ឈប់​ការ​ប្រើ​ហិង្សា​លើ​កម្មករ និង​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​រស់​នៅ​បាន​សមរម្យ។
ទីផ្សារ​សម្លៀក​បំពាក់​ដែល​កម្ពុជា ផលិត​បាន​មួយ​ផ្នែក​ធំ​យក​ទៅ​លក់​នៅ​ប្រទេស​អង់គ្លេស ហើយ​តាម​វីដេអូ គ្លីប ដែល​ផ្សាយ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ជនជាតិ​អង់គ្លេស​ទាំង​នោះ​ស្រែក​ទាមទារ​ថា «យើង​ស្រលាញ់​សម្លៀក​បំពាក់​របស់​យើង»។ នៅ​ឯ​ប្រទេស​ចិន ជន​ជាតិ​ចិន​ខ្លះ ក៏​បាន​តវ៉ា​នៅ​មុខ​ស្ថានទូត​ខ្មែរ​នៅ​ទី​នោះ និង​បាន​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​បង្ក្រាប​លើ​កម្មករ​ដោយ​អាវុធ។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ទិត សុធា អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស និង​លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ជុំវិញ​ប្រតិកម្ម​ដែល​ពលរដ្ឋ​និង​ពលករ​ខ្មែរ​នៅ​ក្រៅ​ស្រុក​ធ្វើ​បាតុកម្ម​ប្រឆាំង​ទង្វើ​របស់​រដ្ឋាភិបាល​បាន​ទេ នៅ​ថ្ងៃ​ទី​១២ មករា។
កាល​ពី​ថ្ងៃ​ទី​២ ទី​៣ មករា ទាហាន​ឆត្រយោង​លេខ​៩១១ និង​កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​វាយ​និង​បាញ់​បង្ក្រាប​កម្មករ​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ឈ្នួល ដែល​បណ្ដាល​ឲ្យ​កម្មករ ៤​នាក់​ស្លាប់ ជិត ៤០​នាក់ រង​របួស និង​ចាប់​ខ្លួន​មនុស្ស ២៣​នាក់។ ភ្លាមៗ​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ និង​បណ្ដា​ប្រទេស​ជា​មិត្ត​មួយ​ចំនួន បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ដោយ​សម្ដែង​ការ​ព្រួយ​បារម្ភ និង​ខ្លះ​ទៀត​ថ្កោលទោស​ចំពោះ​ហេតុការណ៍​ដែល​យោធា​បង្ក្រាប​លើ​បាតុករ​នោះ៕

No comments:

Post a Comment

yes