លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ក្នុងសន្និសីទ កាសែតនៅទីស្នាក់ការបក្សនាពេលកន្លងមក (រូបភាពដោយ តាំង វីដា)
មេដឹកនាំគណបក្សសង្គ្រោះជាតិ នៅថ្ងៃសុក្រនេះ អំពាវនាវឲ្យអ្នកគាំទ្រទាំងក្នុង និងក្រៅប្រទេស ចូលរួមធ្វើបាតុកម្មព្រមៗគ្នាជាថ្មីម្តងទៀត នូវអ្វីដែលមេដឹកនាំបក្សជំទាស់មួយនេះយល់ថា ដើម្បីជំរុញឲ្យគោរពសិទ្ធិមនុស្ស និងផ្តល់យុត្តិធម៌សម្រាប់ម្ចាស់ឆ្នោត។
តាមវីដេអូឃ្លីប បង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក អនុប្រធានគណបក្សសង្គ្រោះជាតិលោកកឹម សុខា បានថ្លែងអំណរគុណ ដល់ខ្មែរនៅក្រៅប្រទេស ដែលបានផ្ទុះបាតុកម្មជាបន្តបន្ទាប់ប្រឆាំងនឹងរាជរដ្ឋាភិបាល ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងព្រឹត្តិការណ៍បាញ់សម្លាប់កម្មករ និងរងរបួស ដោយគ្រាន់តែពួកគេទាមទារប្រាក់ឈ្នួល។
លោក កឹម សុខា អំពាវនាវឲ្យមានការតវ៉ាបន្តទៀត រួមទាំងពលរដ្ឋខ្មែរនៅក្នុងស្រុកផង ដើម្បីរកសម្ពាធពីបរទេស ជំរុញឲ្យរកយុត្តិធម៌ជូនអ្នកដែលរងគ្រោះក្នុងព្រឹត្តិការណ៍នោះ និងទាមទាររកយុត្តិធម៌ជូនម្ចាស់ឆ្តោត «ខ្ញុំ កឹម សុខា សូមអំពាវនាវ ឲ្យបងប្អូនជនរួមជាតិទាំងអស់ មេត្តាក្រោកឈរឡើង ធ្វើបាតុកម្មនៅទូទាំងប្រទេស ទូទាំងពិភពលោក ដើម្បីទាមទារឲ្យរកយុត្តិធម៌ដល់ប្រជាពលរដ្ឋខ្មែរ រកយុត្តិធម៌ជូនដល់ម្ចាស់ឆ្នោត ដើម្បីធ្វើយ៉ាងណាឲ្យពិភពលោកទាំងមូល គាបសង្កត់ដល់រាជរដ្ឋាភិបាយ របស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោកហ៊ុន សែន បញ្ឈប់ការកាប់សម្លាប់ប្រជាពលរដ្ឋឯង»។
ការអំពាវនាវរបស់ មេដឹកនាំគណបក្សសង្គ្រោះជាតិនេះ ធ្វើឡើងបន្ទាប់ខ្មែររស់នៅកូរ៉េខាងត្បូង អាមេរិក អង់គ្លេស បារាំង បានផ្ទុះបាតុកម្មបន្តបន្ទាប់ប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រីកម្ពុជា រឿងប្រើកម្លាំងប្រដាប់អាវុធបាញ់បង្ក្រាបកម្មករតវ៉ានេះ។
VODមិនអាចសុំប្រតិកម្មពីអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ខៀវ កាញារិទ្ធ ជុំវិញការលើកឡើងនេះបានទេ នៅថ្ងៃសុក្រនេះ ដោយគ្មានអ្នកទទួលទូរស័ព្ទ ខណៈអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីលោក ផៃ ស៊ីផាន មិនអាចទាក់ទងបាន។
អ្នកវិភាគនយោបាយ លោកបណ្ឌិត សុខ ទូច ពន្យល់ថា ការអំពាវនាវឲ្យធ្វើបាតុកម្មនៅពេលនេះ រិតតែធ្វើឲ្យស្ថានការណ៍នយោបាយកើនឡើងកម្តៅទៅវិញទេ។ លោកយល់ថា ជម្រើសល្អ មានតែអ្នកនយោបាយងាកមកកាន់តុចរចា ដោយយកប្រយោជន៍ជាតិជាធំ ទើបជាកាប្រសើរ «យើងដឹងហើយថា ប្រទេសកម្ពុជាអំណាចកើតចេញអីការបោះឆ្នោត ចឹងអ្នកណាឈ្នះក៏ដោយត្រូវការបោះឆ្នោតឡើងវិញ ដូចនេះទេគួណាស់តែអ្នកនយោបាយជជែកគ្នា ពីការបោះឆ្នោតមុនអាណត្ដិ ដើម្បីដោះស្រាយបញ្ហាហ្នឹងខ្ញុំជឿថា ប្រសើជាជាងបង្កើនកម្លាំងបាតុកម្ម»។
ក្នុងដំណើរបំពេញបេសកកម្ម របស់អ្នករាយការណ៍ពិសេស ទទួលបន្ទុកសិទ្ធិ នៃអង្គការសហប្រជាជាតិ លោក សុរិយា សូប៊ែឌី លើកទី១០ មកកាន់កម្ពុជា លោកបង្ហាញជំហរចង់ឃើញអ្នកនយោបាយបក្សជាប់ឆ្នោតទាំងពីរ រកដំណោះស្រាយដោយសន្តិវិធី ឲ្យបានឆាប់រហ័ស។ លោកបានបញ្ជាក់ថា បើកម្ពុជា ត្រូវការអង្គការសហប្រជាជាតិ ជាអាជ្ញាកណ្តាលដើម្បីសម្របសម្រួលនោះ លោកគាំទ្រផ្នែកបច្ចេកទេស៕
No comments:
Post a Comment
yes