សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, January 18, 2014

នាយក​រដ្ឋមន្ត្រី​ព្រមាន​ចំពោះ​ការ​ប្រើ​រដ្ឋធម្មនុញ្ញ​ធ្វើ​ជា​ចំណាប់​ខ្មាំង​នយោបាយ

ហ៊ុន សែន ៦១០
អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​បេក្ខជន​នាយក
រដ្ឋមន្ត្រី​សម្រាប់​នីតិកាល​ទី​៥

លោក​នាយក​រដ្ឋមន្ត្រី​បាន​ព្រមាន​ដោយ​មិន​បញ្ចេញ​ឈ្មោះ ប្រឆាំង​អ្នក​ដែល​រិះគន់​លោក​ថា លោក​អាច​នឹង​អស់​ការ​អត់ធ្មត់​ត​ទៅ​ទៀត។ បើ​ទោះ​ជា លោក ហ៊ុន សែន មិន​បញ្ចេញ​ឈ្មោះ​ដោយ​ចំ អ្នក​ដែល​ប្រឆាំង​នេះ​ក្ដី ក៏​គេ​ដឹង​ថា នោះ​គឺ​ទំនង​សំដៅ​លើ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​នាយក​រដ្ឋមន្ត្រី ហៅ​ការ​ទាមទារ​មិន​ចេះ​ចប់ មិន​ចេះ​ហើយ​របស់​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​នេះ​ថា គឺ​ជា​ការ​អូស​ទាញ​ប្រទេស​កម្ពុជា ឲ្យ​ធ្លាក់​ក្នុង​ស្ថានភាព​មាន​វិបត្តិ និង​វឹកវរ។
មេ​ដឹក​នាំ​ដែល​កាន់​អំណាច​យូរ​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ី បាន​ព្រមាន​ទៅ​បក្ស​ប្រឆាំង និង​អ្នក​រិះគន់​ដែល​មិន​សំចៃ​មាត់​ថា កុំ​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ​ធ្វើ​ជា​ឧបករណ៍​នយោបាយ ដើម្បី​ទាមទារ​ឲ្យ​លោក​ចុះ​ចេញ​ពី​តំណែង​ឲ្យ​សោះ ដោយ​លោក​ចាត់​ទុក​ថា ស្ថានភាព​ប្រទេស​កម្ពុជា ពុំ​មែន​ដូច​ប្រទេស​ដែល​ធ្វើ​បដិវត្ត​ដោយ​យោធា ឬ​ថា​ដោយ​កម្លាំង​ប្រជាពលរដ្ឋ​នោះ​ឡើយ។
ការ​ថ្លែង​ដូច​នេះ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្វើ​ឡើង​ក្នុង​ពិធី​បើក​សម្ពោធ​ភូមិ​កុមារ អែស.អូ.អែស (SOS) ក្នុង​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​១៨ មករា។

លោក ហ៊ុន សែន បាន​ហៅ​ការ​ទាមទារ​ម្ដង​ជា​ពីរ​ដង​របស់​អ្នក​ប្រឆាំង ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា នោះ​គឺ​ជា​ការ​បង្ខំ​ឲ្យ​លោក​ដើរ​ផ្លូវ​ទាល់ច្រក។ លោក​បន្ត​ថា បើ​នៅ​តែ​បន្ត​ប្រើ​រដ្ឋធម្មនុញ្ញ​ដើម្បី​ចំណេញ​នយោបាយ​ខ្លួន​ទៀត និង​ប្រើប្រាស់​ទី​សាធារណៈ ដើម្បី​រំខាន​ដល់​ភាព​សុខសាន្ត​របស់​សង្គម លោក​អាច​នឹង​ចាត់​វិធាន​ការ​ប្រឆាំង​សកម្មភាព​ទាំង​នេះ​ដោយ​ចៀស​ពុំ​បាន។ លើស​ពី​នេះ ការ​ព្រមាន​ជា​ដាច់​ខាត​របស់ លោក ហ៊ុន សែន ត្រង់​ថា នឹង​មិន​ឲ្យ​ប្រើប្រាស់​រូប​លោក​ភ្ជាប់​ទៅ​នឹង​អប្បិយ​ជំនឿ ដូច​ជា​ធ្វើ​ទីងមោង រួច​ដុត​បំផ្លាញ​ចោល​ឡើយ។ បើ​ដូច្នេះ​មែន លោក​ព្រមាន​ថា អ្នក​ស្មោះស្ម័គ្រ​ចំពោះ​លោក នឹង​ពុំ​លើក​លែង​ទេ ជាពិសេស​គណបក្ស​សង្គ្រោះ​ជាតិ មិន​ដែល​និយាយ​ទៀងទាត់​ម្ដង​ណា​ឡើយ និង​ពុំ​ដែល​បង្ហាញ​ភាព​ស្មោះត្រង់​ក្នុង​ឆន្ទៈ​នយោបាយ សម្រាប់​ក្របខ័ណ្ឌ​នៃ​ការ​ចរចា​ថែម​ទៀត​ផង។
លោក ហ៊ុន សែន៖ «ការ​ទាមទារ​ណា​ក៏ដោយ​ខុស​រដ្ឋធម្មនុញ្ញ មិន​អាច​ទទួល​យក​បាន​ទេ។ បង​ប្អូន​ដែល​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ទាំង​ឡាយ ដើម្បី​ប្រឆាំង​តប​ជាមួយ​ទង្វើ​ទាំង​ឡាយ​ដែល​ខ្វះ​ការ​ទទួល​ខុស​ត្រូវ និង​មាន​ចរិត​ជា​រដ្ឋប្រហារ។ មិន​ថា​តែ​បង​ប្អូន​ដែល​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ទេ បង​ប្អូន​ទាំង​ឡាយ​ដែល​មើល​ឃើញ​ថា ផ្ទុយ​រដ្ឋធម្មនុញ្ញ ហើយ​មិន​អាច​ទុក​បាន​ទេ។ ចរិត​ផ្ដួល​រំលំ​មិន​អាច​ទទួល​យក​បាន​ទេ»។
ចំណែក លោក ញ៉ែម បុញ្ញឫទ្ធិ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ជាក់​ថា គណបក្ស​ប្រឆាំង​ពុំ​ដែល​ក្បត់​ការ​ចរចា​របស់​ខ្លួន​ម្ដង​ណា​ទេ។ លើស​ពី​នេះ ក៏​ពុំ​ដែល​ប្រើប្រាស់​រដ្ឋធម្មនុញ្ញ​ដើម្បី​ជា​ចំណាប់​ខ្មាំង​ម្ដង​ណា​ដែរ៖ «គោល​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ យើង​នៅ​តែ​យល់ ហើយ​និង​មាន​ជំនឿ​ថា ដំណោះស្រាយ​ភាព​ជាប់​គាំង​ផ្នែក​នយោបាយ​នេះ គឺ​ដោយ​សន្តិវិធី និង​អហិង្សា។ ហើយ​ចូល​សភា​ដូច​ឯកឧត្ដម​ប្រធាន និង​ឯកឧត្ដម​អនុប្រធាន លោក​មាន​ប្រសាសន៍​អ៊ីចឹង គឺ​យើង​នឹង​ចូល​សភា នៅ​ពេល​ដែល​យើង​ជជែក​ពិគ្រោះ​យោបល់​គ្នា មុន​នឹង​ធ្វើ​វិសោធនកម្ម​ច្បាប់»។
ក្រៅ​ពី​ការ​ព្រមាន​ដោយ​ត្រង់​ប្រឆាំង​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​មិន​បញ្ចេញ​ឈ្មោះ​នេះ លោក ហ៊ុន សែន ក៏​ព្រមាន​ដោយ​មិន​បញ្ចេញ​ឈ្មោះ​អ្នក​ហ៊ាន​រិះគន់​លោក ដែល​មាន​បំណង​ស្នើ​ឲ្យ​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី ថា​គឺ​ជា​យោបល់​ឡប់​លីលា។
បើ​ទោះ​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ដោយ​មិន​សំដៅ​ឈ្មោះ​ក៏ដោយ​ចុះ ក៏​គេ​ដឹង​ថា នោះ​គឺ​លោក ហ៊ុន សែន ព្រមាន លោក លឺ ឡាយស្រេង។
លោក លឺ ឡាយស្រេង ដែល​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន កូតា​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ស្នើ​ទៅ​ព្រះមហាក្សត្រ កាល​ពី​ថ្ងៃ​ទី​១២ មករា ថា សុំ​ឲ្យ​ព្រះអង្គ​ទ្រង់​មាន​ព្រះ​តម្រិះ​ធ្វើ​សេចក្ដី​សម្រេច​ឲ្យ​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​បណ្ដោះ​អាសន្ន។
លោក លឺ ឡាយស្រេង បញ្ជាក់​ថា លោក​ពុំ​មាន​ការ​ព្រួយ​បារម្ភ​ណា​មួយ​ពី​ការ​ព្រមាន​របស់ លោក ហ៊ុន សែន ឡើយ។ លោក​គិត​ថា អ្វី​ដែល​ស្នើ​ឡើង​នេះ គឺ​ស្រប​តាម​ច្បាប់៖ «មាន​អី​បារម្ភ​គ្រាន់​តែ​ស្នើសុំ​ដោះស្រាយ​បញ្ហា​ប្រទេស​ជាតិ មាន​ការ​ត្រូវ​ការ​បារម្ភ ព្រោះ​ព្រះមហាក្សត្រ​ពេល​ណា​ដែល​ប្រទេស​ជាតិ​កំពុង​តែ​ជាប់​គាំង​ហើយ​ហ្នឹង​ណា ព្រះមហាក្សត្រ ព្រះអង្គ​យាង​មក​ដោះស្រាយ មាន​អី​ខុស ខ្ញុំ​សួរ»។
ស្រប​គ្នា​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​រិះគន់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ជាពិសេស​សកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​មួយ ដែល​បាន​ផ្ញើ​លិខិត​ទៅ​លោក​ស្នើ​ពិចារណា​បង្កើត​រដ្ឋាភិបាល​បណ្ដោះ​អាសន្ន​បោះ​ឆ្នោត​ឡើង​វិញ និង​ធ្វើ​ប្រជា​មតិ។ លោក ហ៊ុន សែន បាន​ហៅ​ការ​ស្នើ​នោះ​ថា​ខុស​រដ្ឋធម្មនុញ្ញ។ យ៉ាង​ណា លោក​បញ្ជាក់​ថា បើ​ចង់​មាន​ការ​ផ្លាស់​ប្ដូរ​ច្បាប់​កំពូល​របស់​ជាតិ​នេះ គឺ​ត្រូវ​បេក្ខភាព​តំណាង​រាស្ត្រ​ប្រឆាំង​ទទួល​យក​តួនាទី​របស់​ខ្លួន និង​ចូល​ប្រជុំ​សភា៖ «ការ​ដោះស្រាយ​បញ្ហា​ត្រូវ​ធ្វើ​នៅ​លើ​តុ​ចរចា ការ​ដោះស្រាយ​បញ្ហា​ត្រូវ​ធ្វើ​នៅ​ក្នុង​សភា មិន​អាច​ធ្វើ​នៅ​តាម​ចិញ្ចើម​ថ្នល់​បាន​ទេ»។
លោក សុខ ទូច បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ បញ្ជាក់​ថា ស្ថានភាព​ប្រទេស​កម្ពុជា កំពុង​ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឲ្យ​ព្រួយ​បារម្ភ និង​គួរ​ឲ្យ​សោកស្ដាយ ដែល​អ្នក​នយោបាយ​របស់​បក្ស​ទាំង​ពីរ​ពុំ​ដែល​យក​គំនិត​ដែល​សង្គម​ស៊ីវិល និង​ដៃគូ​ពាក់ព័ន្ធ​ផ្ដល់​យោបល់។ លោក​គិត​ថា អ្នក​នយោបាយ​ពុំ​ដែល​គិត​ពី​ឆន្ទៈ​របស់​ម្ចាស់​ឆ្នោត​ម្ដង​ណា​ឡើយ៖ «ការ​ដែល​បារម្ភ​ហ្នឹង​ហើយ ដែល​យើង​បាន​រៀប​ចំ​នូវ​គំនិត​ជា​ច្រើន ដើម្បី​ផ្ដល់​ឲ្យ​អ្នក​នយោបាយ។ ក៏ប៉ុន្តែ អ្នក​នយោបាយ​ហាក់​ដូច​ជា​មិន​ចង់​បាន ពីព្រោះ​ចូល​លក្ខណៈ​ញៀន​រៀង​ខ្លួន​ហើយ។ លក្ខណៈ​ញៀន​នឹង​អំណាច​រៀង​ខ្លួន​ហើយ។ អ៊ីចឹង​ទេ វា​ធ្វើ​ឲ្យ​យើង​លំបាក​នឹង​រក​ដំណោះស្រាយ ព្រោះ​បើ​សិន​មនុស្ស​ចង់​ដោះស្រាយ យើង​ឲ្យ។ មិន​ខុស​អំពី​អ្នក​ឈឺ ចង់​ទទួល​ទាន​ថ្នាំ​ពេទ្យ​ទេ»។
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា បើ​បក្ស​ប្រឆាំង​ចង់​ទម្លាយ​ភាព​ជាប់​គាំង​ផ្នែក​នយោបាយ​នេះ គប្បី​ចូល​ប្រជុំ​សភា​ជា​មុន​សិន។ ហើយ​លោក​ចំអក​ថា ពុំ​ដែល​បក្ស​មាន​សំឡេង​ភាគ​តិច​មក​បង្គាប់​បញ្ជា​បក្ស​ដែល​មាន​សំឡេង​ភាគ​ច្រើន​ដូច​បក្ស​សង្គ្រោះ​ជាតិ ឡើយ។
យ៉ាង​ណា​ក៏ដោយ កាល​ពី​ថ្ងៃ​ទី​១៦ មករា សហរដ្ឋ​អាមេរិក ព្រមាន​កាត់​ជំនួយ​មក​ដល់​កម្ពុជា បើ​រដ្ឋាភិបាល លោក ហ៊ុន សែន មិន​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ការ​បោះ​ឆ្នោត​ទេ។ ការ​ព្រមាន​នេះ ស្រប​ពេល​ដែល​សភា​សហភាព​អឺរ៉ុប បាន​ចេញ​សេចក្ដី​សម្រេច​មួយ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ទទួល​យក​ការ​ស៊ើប​អង្កេត​លើ​ការ​បោះ​ឆ្នោត ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​សហគមន៍​អន្តរជាតិ៕

No comments:

Post a Comment

yes