សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, January 15, 2014

សហជីព​ចំនួន​៨​ស្នើ​សុំ​ចរចា​ដំឡើង​ប្រាក់​ខែ​គោល​កម្មករ​១៦០​ដុល្លារ

តំណាង​សហជីព​កម្មករ ៦១០
តំណាង​សម្ព័ន្ធ​សហជីព​កម្មករ​ធ្វើ​សន្និសីទ​កាសែត​ស្នើសុំ​ឲ្យ​មាន​ការ​
ចរចា​ប្រាក់​ខែ​សមរម្យ​ឲ្យ​កម្មករ នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៤

សម្ព័ន្ធ​សហជីព​ធំៗ​ចំនួន​៨ ស្នើសុំ​ឲ្យ​មាន​ការ​ចរចា​អំពី​ប្រាក់​ខែ​គោល​កម្មករ​ម្តង​ទៀត ដោយ​ប្រើ​យន្តការ​ត្រី​ភាគី ដោយ​មាន​តំណាង​កម្មករ តំណាង​ថៅកែ​រោងចក្រ និង​រដ្ឋាភិបាល ដើម្បី​បង្កើត​ប្រព័ន្ធ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​មួយ​ដែល​មាន​លក្ខណៈ​វិទ្យាសាស្ត្រ ស្រប​តាម​ការ​អនុវត្ត និង​បទដ្ឋាន​អន្តរជាតិ សម្រាប់​យក​មក​អនុវត្ត​នៅ​កម្ពុជា ក្នុង​ការ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​ដល់​កម្មករ​ឲ្យ​បាន​សមរម្យ។

សម្ព័ន្ធ​សហជីព​ដែល​តំណាង​ឲ្យ​កម្មករ​រោងចក្រ​កាត់​ដេរ បាន​ព្យួរ​ការ​ធ្វើ​បាតុកម្ម​បណ្ដោះអាសន្ន ប៉ុន្តែ​ងាក​មក​រក​កិច្ច​ចរចា​ជា​ថ្មី​ម្តង​ទៀត​ជាមួយ​រដ្ឋាភិបាល និង​តំណាង​ថៅកែ​រោងចក្រ ដើម្បី​កំណត់​ប្រាក់​ខែ​គោល​សមរម្យ​ឲ្យ​កម្មករ។
នេះ​ជា​ការ​សុំ​ចរចា​លើក​ដំបូង​របស់​ភាគី​តំណាង​ឲ្យ​កម្មករ ក្រោយ​ហេតុការណ៍​បង្ក្រាប​បាញ់​សម្លាប់​មនុស្ស ៤​នាក់ និង​ជិត ៤០​នាក់​រង​របួស ក្នុង​ការ​បង្ក្រាប​របស់​សមត្ថកិច្ច​ទៅ​លើ​អ្នក​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ កាល​ពី​ដើម​ខែ​មករា កន្លង​មក។
ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ស៊ីខាវឌូ (C.CAWDU) លោក អាត់ ធន់ មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ដោយ​ប្រកាន់​ជំហរ​ចរចា​ទាមទារ​ដំឡើង​ប្រាក់​ខែ ១៦០​ដុល្លារ និង​ស្នើសុំ​ឲ្យ​ដោះ​លែង​មនុស្ស ២៣​នាក់ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ៖ «យើង​ទទូច​ឲ្យ​ក្រុមហ៊ុន និង​រដ្ឋាភិបាល ត្រូវ​ចរចា​ប្រាក់​ឈ្នួល​ឡើង​វិញ​ឲ្យ​បាន​សមរម្យ ដើម្បី​ធានា​ឲ្យ​កម្មករ និង​សុខសាន្ត​ទាំងអស់​គ្នា។
របៀប​របប​នៃ​ការ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា បើ​យើង​គិត​ថា អ្វី​ដែល​ទិន្នន័យ​មិន​ទាន់​ច្បាស់​ទៀត យើង​អាច​អញ្ជើញ​អ្នក​ជំនាញ អាយឡូ (ILO) ដើម្បី​មក​ជួយ​រៀប​ចំ​ឲ្យ​ដំណើរ​ការ​ហ្នឹង​ចប់​សព្វគ្រប់​ទាំងអស់​គ្នា​ទៅ វា​លែង​មាន​បញ្ហា​ហើយ ហើយ​វា​មាន​និរន្តរភាព​ទៅ​ថ្ងៃ​អនាគត​ទៀត»។
ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​របស់​តំណាង​សហព័ន្ធ​សហជីព​ធំៗ​៨ រួម​មាន សហជីព លោកស្រី ម៉ម ញឹម លោក អាត់ ធន់ លោក រ៉ុង ឈុន លោក ម៉ាន់ សេងហាក់ លោក លីវ ថារីន លោក យិន សារឿន លោក សៀង សម្បត្តិ និង​លោក ប៉ាវ ស៊ីណា បញ្ជាក់​ថា ប្រាក់​ឈ្នួល ១០០​ដុល្លារ​ក្នុង​មួយ​ខែ នៅ​មិន​ទាន់​ធានា​ការ​រស់​នៅ​សមរម្យ​ដល់​កម្មករ​បាន​ទេ។ បើ​តាម​ការ​ស្រាវជ្រាវ​របស់​គណៈកម្មការ​ត្រី​ភាគី ដែល​មាន​ការ​ឯកភាព​រួម​នោះ រក​ឃើញ​ថា កម្មករ​ម្នាក់​ចំណាយ​ក្នុង​មួយ​ខែ​ចន្លោះ​ពី ១៥៧​ដុល្លារ ទៅ ១៧៧​ដុល្លារ​ក្នុង​មួយ​ខែ ហើយ​របាយការណ៍​របស់​ក្រសួង​ផែនការ រក​ឃើញ​ដែរ​ថា កម្មករ​ត្រូវ​ការ​ប្រាក់​ខែ ១៦៤​ដុល្លារ។
ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយនភ័ណ្ឌ​កាត់​ដេរ​កម្ពុជា លោកស្រី ម៉ម ញឹម មាន​ប្រសាសន៍​ថា ខាង​សម្ព័ន្ធ​សហជីព​ចង់​បង្កើត​ប្រព័ន្ធ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​មួយ ដែល​មាន​លក្ខណៈ​វិទ្យាសាស្ត្រ និង​បទដ្ឋាន​អន្តរជាតិ ដើម្បី​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ ដោយ​មាន​ការ​ជ្រោមជ្រែង និង​ជំនួយ​បច្ចេកទេស​ពី​អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO)។ អង្គការ អាយឡូ ក៏​អាច​ជា​អាជ្ញា​កណ្ដាល​មួយ​ដែល​ធ្វើ​ឲ្យ​ភាគី​ទាំងអស់​មាន​ការ​ចរចា​ដោយ​ភាព​ស្មោះ​ត្រង់៖ «ការ​ចរចា​ជា​លក្ខណៈ​ត្រី​ភាគី​ដូច​សព្វថ្ងៃ​នេះ យើង​គិត​ថា ការ​ចរចា​នោះ​មិន​មាន​ភាព​ស្មោះ​ត្រង់​ទេ»។
រដ្ឋលេខាធិការ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក អ៊ំ មាន មាន​ប្រសាសន៍​ថា ប្រសិន​បើ​ខាង​សហព័ន្ធ​សហជីព​មាន​បំណង​ចង់​ឲ្យ​មាន​ការ​ចរចា​រឿង​ប្រាក់​ខែ​ឲ្យ​កម្មករ​នោះ គប្បី​សរសេរ​លិខិត​ស្នើសុំ​ផ្លូវការ​ទៅ​ក្រសួង ដើម្បី​ឲ្យ​ថ្នាក់​ដឹក​នាំ​ក្រសួង​យក​ទៅ​ពិចារណា៖ «បើ​គាត់​ចង់​ឲ្យ​មាន​ការ​ចរចា​យ៉ាង​ណាៗ​នោះ គួរ​តែ​គាត់​ធ្វើ​លិខិត​ជូន​ក្រសួង​ការងារ។ បើ​គាត់​គ្រាន់​តែ​ចេញ​សេចក្តី​ថ្លែងការណ៍​អ៊ីចឹង វា​មិន​អាច​ជា​ឯកសារ​ផ្លូវ​ការ​យក​ទៅ​ប្រើប្រាស់​បាន​នោះ​ទេ»។
សហជីព​អន្តរជាតិ អង្គការ​ជាតិ អន្តរជាតិ អង្គការ​អាយឡូ និង​ស្ថានទូត​ប្រទេស​មួយ​ចំនួន បាន​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​បង្ក្រាប​ដោយ​អាវុធ​របស់​រដ្ឋាភិបាល​ទៅ​លើ​កម្មករ ដែល​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ខែ ១៦០​ដុល្លារ និង​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល ក្រុមហ៊ុន អ្នក​ផលិត និង​អ្នក​បញ្ជា​ទិញ ត្រូវ​ដោះស្រាយ​វិបត្តិ​ក្នុង​វិស័យ​កាត់​ដេរ​នេះ​ឲ្យ​បាន​ឆាប់ និង​ដោយ​ភាព​ស្មោះ​ត្រង់៕

No comments:

Post a Comment

yes